-ចិនបញ្ចេញថវិកា១,៥ពាន់លានដុល្លារ ដើម្បីឧបត្ថម្ភធនដល់អ្នកដាំដុះធញ្ញជាតិ

ចិនបញ្ចេញថវិកា១,៥ពាន់លានដុល្លារ ដើម្បីឧបត្ថម្ភធនដល់អ្នកដាំដុះធញ្ញជាតិ ចំពេលពិភពលោកប្រឈមវិបត្តិស្បៀងអាហារ


ស្របពេលដែល ពិភពលោកកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារកាន់តែខ្លាំង ដោយសារតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែនោះ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបានអះអាងថា រដ្ឋាភិបាលកណ្តាលរបស់ខ្លួនបានផ្តល់ជំនួយជាទឹកប្រាក់ចំនួន ១០ ពាន់លានយន់ ឬស្មើនឹងប្រហែល១ពាន់៥រយលានដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភធន "មួយលើក" ក្នុងការគាំទ្រដល់ប្រជាកសិករ និងក្រុមហ៊ុននានាដែលពាក់ព័ន្ធនឹងវិស័យដាំដុះ និងផលិតគ្រាប់ធញ្ញជាតិនៅក្នុងប្រទេសដូចជាស្រូវគ្រប់ប្រភេទ និងពោតជាដើម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNA។
ចិនបញ្ចេញថវិកា១,៥ពាន់លានដុល្លារ ដើម្បីឧបត្ថម្ភធនដល់អ្នកដាំដុះធញ្ញជាតិ

ក្រសួងហិរញ្ញវត្ថុចិន​បានអះអាងទៀតថា ជំនួយឧបត្ថម្ភធននេះ មានគោលបំណងជួយដល់កសិករដែលដាំដុះគ្រាប់ធញ្ញជាតិក្នុងរដូវក្តៅ និងរដូវស្លឹកឈើជ្រុះ និងអំឡុងពេលនៃការសាបព្រួស ព្រមទាំងជួយកាត់បន្ថយផលប៉ះពាល់ នៃការកើនឡើងនៃថ្លៃដើម និងជួយជំរុញ​ការបង្កើន​ភោគផលស្រូវ ដែលនឹងទទួលបានពីការប្រមូលផលនាពេលខាងមុខផងដែរ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែលប្រជា​កសិករ​របស់​ប្រទេស​ចិន ​កំពុង​ជួប​ប្រទះ​នឹង​តម្លៃ​​ជីកសិកម្មកើនខ្ពស់​ ខណៈដែល​ជីកសិកម្មនេះ ក៏កំពុងបាន​កើន​ឡើង​នៅ​ទូទាំង​ពិភពលោក​ចាប់​តាំង​ពី​ឆ្នាំ​មុនមកម្ល៉េះ​ ស្របពេលដែលពិភពលោកកំពុងជួបប្រទះនឹងវិបត្តិស្បៀងអាហារផងនោះ។

ទីក្រុងប៉េកាំង បានផ្តោតការយកចិត្តទុកដាក់យ៉ាងជាប់លាប់លើសន្តិសុខនៃការដាំដុះដំណាំ​ធញ្ញជាតិ ដែលវាបានក្លាយជាអាទិភាព​ចម្បង​នៃគោលនយោបាយរបស់ចិន ចាប់តាំងពីការ​រាតត្បាតជំងឺ COVID-19 បានចាប់ផ្តើមនៅដើមឆ្នាំ ២០២០ និងតាំងពីទទួលរងនូវ​ឥទ្ធិពល​អវិជ្ជមានជាសកល​ នៃការឈ្លានពានរបស់ប្រទេសរុស្សីទៅលើអ៉ុយក្រែនមកម្ល៉េះ ខណៈដែល​អ៊ុយក្រែន​​ប្រទេសផលិតនិងផ្គត់ផ្គង់គ្រាប់ធញ្ញជាតិដ៏ធំមួយរបស់ពិភពលោក។

គួររំលឹកថា សង្រ្គាមរុស្សី-អ៊ុយក្រែនបាននឹងកំពុង គំរាមកំហែងដល់អាយុជីវិតមនុស្សរាប់សិបលាននាក់ឱ្យធ្លាក់ចូលទៅក្នុងវិបត្តិស្បៀងអាហារ។ នោះក៏ដោយសារតែប្រទេសរុស្ស៊ី និងអ៊ុយក្រែនតែឯង អាចផលិតបានដល់ទៅ ៣០% នៃការផ្គត់ផ្គង់ស្រូវសាលី​ពិភពលោកសរុបទៅហើយ។ ហើយការឈ្លានពានរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែននេះ បូករួមទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិជាពិសេស​ពីលោកខាងលិច លើប្រទេសរុស្ស៊ីបានរំខានការផ្គត់ផ្គង់ជីកសិកម្ម ស្រូវសាលី និងទំនិញផ្សេងទៀតពីប្រទេសទាំងពីរនេះ ដោយជំរុញឱ្យតម្លៃស្បៀងអាហារ និងប្រេងឥន្ធនៈឡើងថ្លៃ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

លើសពីនេះទៅទៀត​ ថ្មីៗនេះ ធនាគារពិភពលោកក៏បានបញ្ចេញ​ជំនួយ​ជាទឹកប្រាក់​ដល់ទៅ ៣០ ពាន់លានដុល្លារសម្រាប់គម្រោងក្នុងរយៈពេល ១៥ ខែខាងមុខ ដោយមូលនិធិជំនួយថ្មីនេះនឹងជួយជំរុញការផលិតស្បៀង និងជីធម្មជាតិ ជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មកាន់តែប្រសើរជាងមុន និងជួយដល់គ្រួសារដែលងាយរងគ្រោះ និងអ្នកផលិតផងដែរ។

គួររំលឹកត្រួសៗថា ប្រទេសឥណ្ឌាកាលពីសប្តាហ៍មុន បានបិទការនាំចេញស្រូវសាលីរបស់ខ្លួនផងដែរ ដែលបានធ្វើឱ្យតម្លៃស្រូវសាលីកើនឡើងទ្វេដងនៅក្នុងពិភពលោក។ បើងាកមកមើលវិធានការណ៍គ្មានជំងឺកូវីដឬហៅថា Zero-COVID ដ៏តឹងរ៉ឹងបំផុតរបស់ប្រទេសចិនឯនេះវិញ ជាពិសេសគឺការដាក់វិធានបិទខ្ទប់ដ៏ខ្លាំងបំផុតនៅក្នុងទីក្រុងស៊ាងហៃ កំពុងជំរុញឱ្យកម្រិតអតិផរណាកើនឡើងកាន់តែខ្លាំងនៅក្នុងប្រទេសចិនផងដែរ៕

អត្ថបទ: ហ៊ុន​​ គន្ធថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថ្មីអូស្ត្រាលីព្រលយសម្ដីថា «ទំនាក់ទំនងជាមួយចិនជារឿងលំបាក»

ព័ត៌មាន
ប្រទេសអូស្រ្តាលីរកបាននាយករដ្ឋមន្ត្រីថ្មីរបស់ខ្លួនហើយ ដែលជាមេដឹកនាំមកពីគណបក្សពលករ លោក អាន់តូនី អាលបាណេស(Anthony Albanese) ដោយលោកបានស្បថ…

បុរីលំនៅដ្ឋានធំមួយកំពុងពង្រីកការអភិវឌ្ឍកាន់តែខ្លាំង នៅតំបន់ដ៏មានសក្ដានុពល នៃសង្កាត់ព្រៃស ខណ្ឌដង្កោ

ព័ត៌មាន
ការអភិវឌ្ឍរាជធានីភ្នំពេញ បាននិងកំពុងបាញ់ឆ្ពោះទៅគ្រប់ទិស នៃរាធានីភ្នំពេញ។ ក្នុងនោះ ការអភិវឌ្ឍបុរីលំនៅឋាន គឺជាវិស័យដែលកំពុងមានការរីកដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ