ប្រទេសចិនថា អាមេរិកសមនឹងត្រូវគេស្ដីបន្ទោស

ប្រទេសចិនថា អាមេរិកសមនឹងត្រូវគេស្ដីបន្ទោស ចំពោះការធ្វើឱ្យខូចកិច្ចសហប្រតិបត្តិការអាកាសធាតុ


ក្រសួងការបរទេសចិនបាននិយាយថា ទំនាក់ទំនងការទូតស្តីពីការប្រែប្រួលអាកាសធាតុរវាងចិន និងសហរដ្ឋអាមេរិក គឺមិនអាចផ្ដាច់ចេញពីភាពតានតឹងផ្នែកនយោបាយកាន់តែទូលំទូលាយរវាងភាគីទាំងពីរបាននោះទេ ហើយថាទីក្រុងវ៉ាស៊ីនតោនត្រូវតែទទួលខុសត្រូវចំពោះការធ្វើឱ្យបរាជ័យចំពោះកិច្ចចរចានេះ។ នេះបើតាមការចេញផ្សាយរបស់កាសែត Nikkei។
ប្រទេសចិនថា អាមេរិកសមនឹងត្រូវគេស្ដីបន្ទោស

ប្រទេសជិត ២០០ គ្រោង​​នឹងជួប​ប្រជុំ​គ្នា​នៅទីក្រុង សាម អែល​ស៊ែក (Sharm El-Sheikh) នៅ​ប្រទេស​អេហ្ស៊ីប​​សម្រាប់​កិច្ច​ចរចា​​ស្ដីពី​​អាកាសធាតុ​ពិភពលោក​​មួយផ្សេងទៀត​ ​ក៏​ប៉ុន្តែ​ភាពតាន​​តឹង​​​ផ្នែកការទូត​រវាងប្រភព​​ដ៏​ធំបំផុត​ទាំង​២ ​នៃឧស្ម័នផ្ទះកញ្ចក់​​ដែលឡើងកម្ដៅ​កាន់​តែ​ខ្លាំង​​ឡើង​​នោះ​ ​បាន​គំរាម​កំហែង​ដល់​កិច្ចប្រជុំ ដែលត្រូវបានគេ​ស្គាល់ថា​ COP27 មួយ​នេះ​។

កិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមគ្នា​រវាង​ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន​​នេះ​​បានជួយជំរុញឱ្យមានកិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នៅឆ្នាំ​២០១៥។ ប៉ុន្តែប្រទេសចិន​បានផ្អាកការពិភាក្សាទ្វេភាគី​ទាំងអស់​​នៅក្នុងខែសីហា បន្ទាប់ពីដំណើរទស្សនកិច្ច​របស់​ប្រធាន​សភា​តំណាង​រាស្រ្តរបស់​​អាមេរិក ​គឺ​លោកស្រី ណានស៊ី ផេឡូស៊ី ​ទៅកាន់កោះតៃវ៉ាន់ ​ដែល​គ្រប់គ្រង​ដោយខ្លួនឯង និងដែលចិន​​អះអាងថា ជាផ្នែក​មួយ​​នៃទឹកដី​របស់ខ្លួន។

អ្នកនាំពាក្យ​ក្រសួងការបរទេសចិន​​បាននិយាយនៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពីល្ងាចថ្ងៃព្រហស្បតិ៍​ថា ប្រទេសចិន និងសហរដ្ឋអាមេរិកកាល​ពី​មុ​ន​​​បានបង្កើតកិច្ចសហប្រតិបត្តិការល្អ​ៗ​​​នៅក្នុងវិស័យ​​នៃ​​ការប្រែប្រួលអាកាសធាតុ​​ដោយធ្វើការរួមគ្នា ​ដើម្បីធ្វើឱ្យកិច្ចព្រម​ព្រៀង​ទីក្រុងប៉ារីស​សម្រេចបាន​និងចូលជាធរមាន​ផង​ដែរ​។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បន្ថែម​ថា ក្នុងពេលជាមួយគ្នានេះ​ កិច្ចសហប្រតិបត្តិការអាកាសធាតុ ចិន-អាមេរិក​មិនអាចញែក​ដាច់​ចេញពីបរិយាកាសដ៏​ទូលំទូលាយនៃទំនាក់ទំនងទ្វេភាគី​បានទេ ដោយកត់សម្គាល់ថា ការបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ចិនពាក់​ព័ន្ធ​នឹង​ដំណើរ​ទស្សន​កិច្ច​របស់លោក ផេឡូស៊ី ​ទៅ​កោះ​តៃវ៉ាន់​នោះ​​បានធ្វើឱ្យប្រទេសចិនគ្មានជម្រើសអ្វី​ក្រៅតែ​ពីការផ្អាកកិច្ចពិភាក្សានោះ​តែ​ប៉ុណ្ណោះ​ដូច្នេះ​ហើយ​ភាគីសហរដ្ឋអាមេរិកត្រូវតែ​ទទួលខុសត្រូវ​ចំពោះរឿងនេះ។

ប្រទេស​ចិនមិនបានផ្អាកកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងទៀតនោះ​ទេ​ ហើយនឹង​បន្តគាំទ្រដំណើរការចរចាអាកាសធាតុពហុភាគី​ដោយបន្ថែមថា ចិនមានឆន្ទៈក្នុង​ការ​ទាក់​ទង​ និង​​សម្របសម្រួលជាមួយគ្រប់ភាគី​ដើម្បីធានាថា កិច្ច​ពិភាក្សា​អាកាស​ធាតុ​ COP27 នេះ​នឹង​ទទួលបានជោគជ័យ។​

មន្ត្រី​ជំនាញការ​បាននិយាយថា ក្ដី​រំពឹងទុក​នៅ​មុន​ពេល​កិច្ច​ចរ​ចា​អាកាស​ធាតុ​ COP27 នេះ​ហាក់​មានកម្រិតទាបរួចទៅហើយ​ចំពេលមានការព្រួយបារម្ភជាសកលអំពីការផ្គត់ផ្គង់ថាមពល​ ដែល​បណ្តាលមកពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន​​ ហើយ​ទំនាក់ទំនងចិន-អាមេរិក​ដែល​ចេះ​តែអាក្រក់​ទៅ​ៗនោះ​ក៏​​បានជំរុញឱ្យការរំពឹងទុកទាំងនោះ​កាន់តែធ្លាក់ចុះ​ថែម​ទៀត​ផង​ដែរ​។

លោក ហ្វ្រាង ចូតហ្សូ (Frank Jotzo)​ នាយកមជ្ឈមណ្ឌលគោលនយោបាយអាកាសធាតុ និង​ថាមពលនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីបាននិយាយថា កិច្ចសហការរវាងអាមេរិក និងចិនក្នុង​ការ​ប្តេជ្ញាចិត្តចំពោះ​អាកាសធាតុ​នេះ​គឺជាអ្វី​មួយ​ពិតជាបាន​​ជួយដល់​អាកាស​ធាតុ​បាន​ច្រើន​​នាពេលកន្លង​មក​។

លោក ចូតហ្សូ ​​បាននិយាយ​​​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ វា​លែង​មាន​​ទៀត​ហើយ ​ហើយ​ពិត​ជា​មិន​មាន​ការ​រំពឹង​ទុក​ច្រើនថា​​វា​នឹង​បង្ហាញ​ខ្លួន​ឡើង​វិញទៀតឡើយ​៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


មេដឹកនាំជប៉ុន និងចិនកំពុងសម្លឹងរកឱកាសជួបពិភាក្សាគ្នាទល់មុខនៅពាក់កណ្ដាលខែវិច្ឆិកានេះ

ព័ត៌មាន
រដ្ឋាភិបាលរបស់ប្រទេសជប៉ុន និងប្រទេសចិនបានចាប់ផ្តើមរៀបចំផែនការសម្រាប់កិច្ចប្រជុំកំពូលមួយរវាងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (Fu…

ធនាគារអន្តរជាតិធំៗប្រឈមនឹងការត្រួតពិនិត្យ ក្រោយមានជាប់ទាក់ទងនឹងធនាគារ និងក្រុមហ៊ុនមីយ៉ាន់ម៉ាដែលរងទណ្ឌកម្ម

ព័ត៌មាន
មានឯកសារដែលបែកធ្លាយពីក្រុមសកម្មជន និងអ្នកតស៊ូមតិនៅមីយ៉ាន់ម៉ាឱ្យដឹងថា ធនាគារអន្តរជាតិធំៗ រួមទាំងធនាគារ ANZ របស់អូស្ត្រាលី បានបន្តមានទំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ