ពាណិជ្ជកម្ម​ថៃ-ចិន

ថៃ និងចិន នៅតែប្តេជ្ញាសម្រេចគោលដៅពាណិជ្ជកម្មទ្វេភាគី ១៤០ ពាន់លានដុល្លារឲ្យបាន នៅឆ្នាំ២០២១


បើទោះបីជានៅឆ្នាំ២០២០នេះ ការធ្វើពាណិជ្ជកម្មរបស់ថៃ ហាក់មានភាពល្អក់កករ ព្រោះតែបញ្ហាមេរោគកូវីដ-១៩ យ៉ាងក្ដី ប៉ុន្ដែនៅឆ្នាំ២០២១ ខាងមុខនេះ ថៃ នៅតែមានការប្តេជ្ញាចិត្តថា អាចនឹងសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាមួយចិន ឲ្យបានដល់១៤០ពាន់លានដុល្លារអាមេរិក ខណៈដែលកាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនេះ សម្រេចបានក្នុងរង្វង់៨០ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការរាយការណ៍មួយដោយភ្នាក់ងារព័ត៌មានថៃ (TNA)។
ថៃ និងចិន នៅតែប្តេជ្ញាសម្រេចគោលដៅពាណិជ្ជកម្មទ្វេភាគី ១៤០ ពាន់លានដុល្លារឲ្យបាន នៅឆ្នាំ២០២១
ដោយ

នៅក្នុង​ជំនួប​រវាង​​មន្ត្រីជាន់ខ្ពស់​នៃ​នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម នៃក្រសួង​ពាណិជ្ជកម្មថៃ និង​មន្ត្រីជាន់ខ្ពស់​នៃក្រសួង​ពាណិជ្ជកម្ម​ចិន បាន​អះអាង​រួមគ្នា​ ដោយបាន​ប្តេជ្ញា​នឹង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យបាន​ដល់​ ១៤០ ពាន់លាន​ដុល្លារអាមេរិក​នៅឆ្នាំក្រោយនេះ។

ក្នុងនោះដែរ តំណាង​ភាគីថៃ ក៏បាន​លើកឡើង​ពីទំនាក់​ទំនង​រវាង​គម្រោង​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាង​កើត​របស់ថៃ និង​គំនិតផ្ដួចផ្ដើម​ខ្សែក្រវាត់​និងផ្លូវ​ និង​គម្រោង​មហា​តំបន់ឆ្នេសមុទ្រ របស់ចិន​ផងដែរ។

ជាមួយគ្នានេះ ថៃ​ក៏បាន​ស្នើ​ឲ្យចិន​ឆាប់​អនុវត្ត​អនុស្សរណៈ​នៃការយោគយល់​គ្នា​រវាង​ចិន​និងថៃ ទៅលើ​ពាណិជ្ជកម្ម​កសិកម្ម ពិសេស​កិច្ចព្រមព្រៀង​រវាង​ថ្នាក់​រដ្ឋាភិបាល​និងរដ្ឋាភិបាល ក្នុងការ​នាំចូល​អង្ករ​ពីប្រទេស​ថៃ ទៅកាន់​ទីផ្សារចិន​ឲ្យបាន​ដល់ ១លាន​តោន។

ភាគី​ថៃ ក៏បាន​ទទួលស្គាល់​ផងដែរ អំពី​រយៈពេល​កន្លងមកនេះ គឺ​ចិន​បាន​នាំចូល​ផលិតផល​កសិកម្ម​ពី​ថៃ ច្រើន​គួរឲ្យកត់សម្គាល់ ពិសេស​ផ្លែឈើតែម្ដង ពោលគឺ​ប្រទេស​ចិន ជា​អ្នកនាំចូល​ផ្លែឈើ​ពីប្រទេស​ថៃ ច្រើនជាង​គេ​បំផុត។

បន្ថែមពីនេះទៀត ភាគីថៃ និងចិន​ក៏បាន​ឯកភាពគ្នា​ក្នុងការជំរុញ​លើកកម្ពស់​ពាណិជ្ជកម្ម​ទ្វេភាគី ទាំងតាមរយៈ​Online និង Offline បើទោះបីជា​ជា​មាន​បញ្ហា​មេរោគ​រាតត្បាត​កូវីដ-១៩ មកតាម​រំខាន​យ៉ាងណា​ក្ដី។

សូមបញ្ជាក់ថា ប្រទេសចិន គឺជា​ទីផ្សារ​នាំចូល​ធំជាងគេ​បំផុត និង​ជា​ទីផ្សារ​នាំចេញធំបំផុត​ទី២ របស់​ថៃ។ តួយ៉ាង កាលពីឆ្នាំ​២០១៩ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពី ត្រូវបាន​ប៉ាន់ប្រមាណ​ថា សម្រេចបាន​ក្នុង​រង្វង់ ៨០ពាន់លាន​ដុល្លារអាមេរិក ហើយសម្រាប់​រយៈពេល​ពាក់កណ្ដាល​ឆ្នាំ២០២០នេះដែរ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ថៃ និងចិន សម្រេចបាន​ជាង​៣៨ ពាន់លាន​ដុល្លារ​អាមេរិក។

យ៉ាងណាក៏ដោយចុះ សម្រាប់​ឆ្នាំ២០២០នេះ ពាណិជ្ជកម្ម​របស់​ថៃ ហាក់ធ្វើ​មិនសូវ​បាន​ល្អនោះទេ ដោយសារតែ​ឥទ្ធិពល​នៃមេរោគ​កូវីដ-១៩។ ក្នុងនោះ ការនាំចេញ​សរុប​របស់ថៃ នៅឆ្នាំ២០២០នេះ ត្រូវបាន​ស្ថាប័ន​ជំនាញ​ព្យាករ​ថា​អាចនឹងដាំក្បាលចុះ​ដល់ទៅជាង​១០%ឯណោះ ខណៈដែល​ផលិតផល​ក្នុងស្រុក​សរុប​វិញក៏ត្រូវបាន​ព្យាករ​ដែរ​ថា​អាច​នឹង​ធ្លាក់ចុះ​ដល់​ទៅជាង១០%ដូចគ្នាដែរ។

ទោះបីជា​បែបនេះក្ដី លោក​ប្រយុទ្ធ​ ចាន់​ អូចារ្យ​នាពេល​ថ្មីៗនេះ បាន​ចេញមុខ​អះអាងរួចហើយ ដោយបានព្យាករថា សេដ្ឋកិច្ចថៃ នៅឆ្នាំនេះ អាចនឹង​ធ្លាក់ចុះ ត្រឹមក្រោម​១០%​ប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


ថៃកំពុងចាប់ផ្ដើមកាត់បន្ថយការចិញ្ចឹមមាន់ ដោយសារតម្រូវការទីផ្សារសកលថមថយចុះ

ព័ត៌មាន
សមាគមអ្នកកែច្នៃ និងនាំចេញសត្វមាន់ថៃ បានអះអាងថា ការនាំចេញសត្វមាន់នៅពាក់កណ្តាលឆ្នាំនេះ មានកើនឡើងតិចតួចបំផុតត្រឹមតែ ២% ខុសពីការរំពឹងទុ…

TikTok នឹងប្ដឹងតបតរដ្ឋបាលលោកត្រាំវិញ ជុំវិញករណីបញ្ជាឲ្យបិទកម្មវិធីTikTok នៅអាមេរិក

ព័ត៌មាន
ក្រោយពីលោកដូណាល់ត្រាំបានប្រកាស នាពេលថ្មីៗនេះ ដោយបានគំរាមបិទកម្មវិធី TikTok នៅអាមេរិកចោល បើមិនលក់ទៅឲ្យក្រុមហ៊ុន Microsoft នៅក្នុងរយៈព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ