ពាណិជ្ជកម្ម​អាមេរិក-ចិន

ចិនប្រកាសកាត់បន្ថយពន្ធគយលើទំនិញពីអាមេរិក ស្របពេលវីរុសកូរ៉ូណាកំពុងគំរាមកំហែងសេដ្ឋកិច្ច


ប្រទេសចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី០៦ កុម្ភៈនេះថា ខ្លួននឹងកាត់បន្ថយពន្ធគយពាក់កណ្ដាលលើទំនិញមួយចំនួនដែលបាននាំចូលពីអាមេរិក ក្នុងវិធានការមួយ ដែលរំពឹងថា នឹងជំរុញដល់សតិអារម្មណ៍ទីផ្សារ ដែលកំពុងតែត្រូវបានវាយប្រហារ ដោយសារការរីករាលដាលនៃវីរុសកូរ៉ូណា។ នេះបើតាមការរាយការណ៍មួយរបស់សារព័ត៌មានបរទេសដ៏ធំមួយ Financial Times។
ទីបំផុត សង្គ្រាមពាណិជ្ជកម្ម អាមេរិក និងចិន នឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅខែក្រោយនេះហើយ! (រូបភាព៖ SCMP)
ដោយ

ក្រសួង​ហិរញ្ញវត្ថុ​ចិន បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ០៦ កុម្ភៈ ថា ចិន​នឹង​បន្ថយ​ពន្ធគយ​លើ​មុខទំនិញ​មួយ​ចំនួន​របស់​អា​មេ​រិ​ក ពី ៥% មក​នៅ ២,៥%​វិញ  ហើយនឹង​មាន​កាត់​បន្ថយ​លើ​ទំនិញ​ផ្សេង​ទៀត ពី ១០% មក​នៅ ៥% នៅ​ថ្ងៃ​ទី ១៤ កុម្ភៈ​នា​ឆ្នាំ​នេះ​។ ការ​អនុវត្ត​ការ​កាត់​បន្ថយ​ពន្ធគយ​នេះ នឹង​ត្រូវធ្វើ​ឡើង​លើ​ទំនិញ​ប្រមាណ​ជាង ១៧០០ មុខ របស់​អា​មេ​រិ​ក ដែល​ត្រូវ​បាន​កំណត់​ដោយ​ប្រទេស​ចិន កាលពី​ខែកញ្ញា​ឆ្នាំ​មុន​។

ក្រោយ​ពី​មានការ​ប្រកាស​កាត់​បន្ថយ​ពន្ធគយ​លើ​ទំនិញ​អា​មេ​រិ​ក​នេះ គេ​សង្កេត​ឃើញ​ថា តម្លៃ​ភាគហ៊ុន​នៅ​ក្នុង​ផ្សារ​ហ៊ុន​សៀង​ហៃ និង​ស៊ិ​ន​ជិន បាន​កើនឡើង​ខ្ពស់​ជាង​មុន ១,៣% ខណៈ​ដែល​ផ្សារ​ហ៊ុន​ជប៉ុន Tokyo’s Topix ក៏​មានការ​កើនឡើង ២,៥%​ផង​ដែរ​។ 

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា  ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា បាន​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ថា វា​អាច​នឹង​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​ចិន ដែល​គេ​ស្គាល់​ថា ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ធំ​បំផុត​ទី​២​នោះ​។ ការ​ផ្ទុះ​រីក​រាលដាល​នៃ​វីរុស​នេះ វា​ក៏​បាន​ធ្វើ​ឲ្យ​មាន​រោងចក្រ​ជា​ច្រើន​បាន​បិទ ដែល​ធ្វើ​ឲ្យ​មានការ​រំខាន​ដល់​ខ្សែ​ច្រ​វ៉ា​ក់​ផ្គង់​ផ្គង់​សកល​។

នៅ​ពេល​ថ្មី​ៗ​នេះ​ដែរ ធនាគារកណ្ដាល​ចិន បាន​ចាក់​បញ្ចូល​សាច់ប្រាក់​រាប់រយ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន​។

ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង ក្នុង​ការ​កាត់​បន្ថយ​ពន្ធគយ​លើ​ទំនិញ​អា​មេ​រិ​ក​នេះ គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ដំបូង ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​វ៉ា​សិន​តោន ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​ការ​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។ 

កិច្ចព្រមព្រៀង​នេះ គឺ​បាន​រារាំង​មិន​ឲ្យ​មានការ​ដំឡើង​ពន្ធគយ​បន្ថែម​ទៀត​រវាង​ភាគី​ទាំង​ពីរ ប៉ុន្ដែ​វា​បាន​បន្សល់​ទុក​នូវ​ពន្ធគយ​អា​មេ​រិ​ក លើ​ទំនិញ​ចិន​ក្នុង​តម្លៃ​ប្រមាណ ៣៦០ ពាន់​លាន​ដុល្លារ​ដដែល​។

លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អា​មេ​រិ​ក បាន​និយាយ​កាលពី​ខែមករា​កន្លង​នេះ​ថា ពន្ធគយ​ដែល​នៅ​សល់ អាច​នឹង​នៅ​តែ​បន្ត​រហូត​ដល់​មានការ​ព្រមព្រៀង​គ្នា​លើ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដំណាក់កាល​ទី​២​។ ទោះ​យ៉ាងណា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី ២ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ដោះស្រាយ​បញ្ហា​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ដូច​ជា ការ​ផ្ទេរ​បច្ចេកវិទ្យា​បរទេស​ដោយ​បង្ខំ នៅ​ក្នុង​ប្រទេស​ចិន និង​ការ​លួច​កម្មសិទ្ធិបញ្ញា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេស៊ីលីដាទាន់ចិត្តបន្ថែមមុខងារថ្មី បង់ប្រាក់ថ្លៃសំរាម និងសំណល់រឹង ក្នុងរាជធានីភ្នំពេញ

ព័ត៌មាន
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារនៃធនាគារ​អេស៊ីលីដា បានប្រាប់អ្នកសារព័ត៌មាន​ឲ្យដឹងនាពេលថ្មីៗនេះថា អេស៊ីលីដាទាន់ចិត្ត មានមុខងារ…

វៀតណាមគ្រោងលុបចោលពន្ធនាំចូលម៉ាស់ ខណៈការផ្គត់ផ្គង់ម៉ាស់នៅក្នុងស្រុកកំពុងខ្វះខាត

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុ វៀតណាម បានដាក់សំណើដល់រដ្ឋាភិបាលឲ្យពិចារណាលុបចោលពន្ធនាំចូលលើទំនិញម៉ាស់ ដើម្បីបង្កើនការផ្គត់ផ្គង់ម៉ាស់ ដែលកំពុងមានការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ