ពាណិជ្ជកម្មចិន

ការនាំចេញរបស់ចិនកើនឡើងលើសការរំពឹងទុក ប៉ុន្ដែការនាំចូលបន្តទន់ខ្សោយ បង្ហាញពីតម្រូវក្នុងស្រុកធ្លាក់ចុះ


ទិន្នន័យផ្លូវការចុងក្រោយពីរដ្ឋាភិបាលចិនបានបង្ហាញថា កំណើននៃការនាំចេញរបស់ប្រទេសចិ ដែលជាយក្សសេដ្ឋកិច្ចធំបំផុតទី២ក្នុងពិភពលោកនោះ បន្តកើនឡើងស្រឺតៗតែម្តងខែកក្កដាឆ្នាំនេះ ពោលគឺឡើងលើសពីការរំពឹងទុកថែមទៀត។ យ៉ាងណាក៏ដោយការនាំចូលនៅតែមានភាពទន់ខ្សោយ ដែលវាបានធ្វើឱ្យអតិរេកពាណិជ្ជកម្មសរុបកើនដល់កម្រិតខ្ពស់បំផុតដូចគ្នា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិជាច្រើន។
រូបតំណាង៖ ពាណិជ្ជកម្មចិន​

ការនាំចេញរបស់ចិនបានកើនឡើង១៨%ក្នុងខែកក្កដាឆ្នាំនេះ បើនឹងខែកក្កដាឆ្នាំ២០២២ ក្នុងតម្លៃទឹកប្រាក់ដល់ទៅជាង ៣០០ពាន់លានដុល្លារអាមេរិក។ បើគេធៀបនឹងខែមិថុនាឆ្នាំ២០២២ កំណើនមានដល់ជិត ១៨%។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយគយចិនកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន។

តួលេខសម្រាប់ខែកក្កដាគឺបានកើនលើសពីការរំពឹងទុក ដែលធ្លាប់ប៉ាន់ស្មានថា អាចមានត្រឹម១៦%នៃកំណើន។ នេះបើយោងតាមក្រុមហ៊ុន Wind ដែលជាក្រុមហ៊ុនផ្តល់សេវាព័ត៌មានហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសចិន។

ក៏ប៉ុន្ដែ បើមើលទៅលើការនាំចូលវិញ គឺមានកំណើនត្រឹម ២,៣% ក្នុងខែកក្កដាឆ្នាំ២០២២ បើធៀបទៅ ខែកក្កដាឆ្នាំមុន មានតម្លៃសរុបជាង ២៣០ពាន់លានដុល្លា ហើយបើគេធៀបនឹងខែមិថុនាឆ្នាំនេះ ការនាំចូលបានកើនឡើងត្រឹមតែ១%ប៉ុណ្ណោះ។ អត្រាកំណើននៃការនាំចូលនៅខែកក្កដា គឺមានទាបជាងអ្វីដែលគេបានរំពឹងរំពឹងទុក ពោលគឺគេធ្លាប់ប៉ាន់ស្មានថា អាចនឹងមានដល់ ៤,៥%។

ការនាំចេញកើនខ្លាំង ខណៈការនាំចូលទន់ខ្សោយបែបនេះ បានធ្វើឲ្យអតិរេកពាណិជ្ជកម្មសរុបរបស់ប្រទេសចិនបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងតម្លៃ ជាង ១០០ពាន់លានដុល្លារក្នុងខែកក្កដា បើធៀបនឹងអតិរេកតម្លៃជិត១០០ពាន់លានដុល្លារកាលពីខែមិថុនា។

អ្នកជំនាញបន្តកត់សម្គាល់ថា កំណើនការនាំចេញរបស់ប្រទេសចិនដ៏ភ្ញាក់ផ្អើលនឹងបន្តជួយសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងឆ្នាំដ៏លំបាកមួយនេះ ប៉ុន្តែគេមិនត្រូវភ្លេចទេថា តម្រូវការក្នុងស្រុកនៅតែធ្លាក់ចុះ។ ធ្លាក់ចុះដោយសារតែពលរដ្ឋ ចាយវាយក្បិតក្បៀតជាងមុន ជាហេតុការនាំចូលក៏ធ្លាក់ចុះទៅតាមនោះដែរ។

យ៉ាងណាក៏ដោយ កំណើននៃការនាំចេញរបស់ចិន មិនបានធ្វើឱ្យស្ថាប័នអន្តរជាតិធំៗ ផ្លាស់ប្តូរការព្យាករណ៍សម្រាប់សេដ្ឋកិច្ចចិនទាំងមូលឡើយ។ មូលនិធិរូបិយវត្ថុអន្តរជាតិនៅចុងខែកក្កដាបានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចចិនឆ្នាំ២០២២ ពីអត្រា ៤,៤% ដែលធ្លាប់បានប៉ាន់ស្មាននៅក្នុងខែមេសា មកនៅត្រឹម៣,៣%វិញ។ ប៉ុន្តែប្រទេសចិនបានកំណត់គោលដៅ កំណើនដោយខ្លួនឯង មានប្រហែល ៥,៥% នៅឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា ដៃគូពាណិជ្ជកម្មធំជាងគេទាំងបីរបស់ប្រទេសចិននៅក្នុងខែកក្កដានៅតែជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដូចខែមុនៗដដែល។ ក្រៅពីនោះ ការនាំចូល និងនាំចេញរបស់ចិនទៅកាន់បណ្តាប្រទេសសមាជិក ក្របខណ្ឌភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP បានកើនឡើងដល់ ១៧៣ ពាន់លានដុល្លារ នៅក្នុងខែកក្កដា។ បើគេគិត ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយប្រទេសសមាជិកទាំង១៤ របស់ RCEP បានកើនឡើង ៧,៥% ធៀប៧ខែឆ្នាំមុន៕




អត្ថបទបន្ទាប់


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី៖ កូរ៉េខាងជើងគ្រោងផ្តល់ទ័ព១០ម៉ឺននាក់ ជួយម៉ូស្គូធ្វើសង្គ្រាមយកឈ្នះអ៊ុយក្រែន

ព័ត៌មាន
សារព័ត៌មាន Insider របស់អង់គ្លេស បានចុះផ្សាយដោយយោងប្រភព ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងត្រៀមនឹងផ្តល់កងទ័ព…

ប្រធានUN អំពាវនាវឱ្យអត់ធ្មត់ ជុំវិញរឿងកោះតៃវ៉ាន់ និងព្រមានថា ពិភពលោកកំពុងវិលទៅរកការប្រឈមមុខនុយក្លេអ៊ែរដាក់គ្នាឡើងវិញ

ព័ត៌មាន
ស្របពេលជាមួយនឹងការថ្លែងអំពាវនាវឲ្យភាគីពាក់ព័ន្ធមានការអត់ធ្មត់នៅក្នុងជម្លោះដ៏សែនតានតឹងនៅច្រកសមុទ្រកោះតៃវ៉ាន់ អគ្គលេខាធិការអង្គការសហប្រជាជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ