ចិន-រុស្ស៊ី

ចិនបន្តនាំចូលប្រេង និងធ្យូងថ្មពីរុស្ស៊ីហក់ឡើងខ្ពស់មិនធ្លាប់មាននៅខែកក្កដា


រុស្ស៊ីបានកាន់កាប់តំណែងជាអ្នកផ្គត់ផ្គង់ប្រេងកំពូលរបស់ចិនសម្រាប់រយៈពេលបីខែជាប់ៗគ្នាគិតត្រឹមខែកក្កដាកន្លងទៅនេះ ខណៈដែលក្រុមហ៊ុនចម្រាញ់ប្រេងឯកជនចិនកាន់តែច្រើនបានបង្កើនការទិញប្រេងបញ្ចុះតម្លៃពីរុស្ស៊ី ដោយងាកចេញពីអ្នកផ្គត់ផ្គង់មុនៗរបស់ខ្លួន។ ជាមួយគ្នានេះ ការនាំចូលធ្យូងថ្មរបស់ចិនពីរុស្ស៊ីក៏បានកើនឡើង ១៤%ផងដែរ នៅខែកក្កដាដូចគ្នា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចិនចំណេញពីការនាំចូលប្រេងធ្យូងថ្មតម្លៃថោករបស់រុស្ស៊ី!

កំណើននាំចូលធ្យូងថ្មពីរុស្ស៊ីនេះ គឺជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំចុងក្រោយរបស់ចិន ហើយធ្យូងថ្មដែលចិនទិញពីរុស្ស៊ី សុទ្ធសឹងតែជាការលក់បញ្ចុះតម្លៃដូចទៅនឹងប្រេងឆៅដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

ទិន្នន័យពីរដ្ឋបាលគយចិនបានបង្ហាញថា កាលពីខែកក្កដា ចិននាំចូលប្រេងរុស្ស៊ីមានចំនួនសរុបជាង ៧លានតោន កើនឡើង ៧,៦%ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែ ទោះបីចិនជាប្រទេសទិញប្រេងធំបំផុតរបស់រុស្ស៊ីក៏ដោយ ការផលិតប្រេងរបស់រុស្ស៊ីក្នុងខែកក្កដា គឺស្មើនឹងប្រហែលជិត១លាន៧សែនបារ៉ែលក្នុងមួយថ្ងៃ គឺទាបជាងកំណត់ត្រារបស់ខ្លួនកាលពីខែឧសភា ដែលមានជិតដល់ ២លានបារ៉ែលក្នុងមួយថ្ងៃ។

បើតាមរបាយការណ៍ដដែល ការនាំចូលប្រេងពីរុស្ស៊ីមកចិន រាប់ពីដើមឆ្នាំមកទល់នឹងពេលនេះ មានចំនួនសរុប ៤៨ លានតោន កើនឡើង ៤,៤% តាមពីក្រោយប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានផ្គត់ផ្គង់ ជិត៥០លានតោន។ ចិនបានងាកទៅបង្កើនការនាំចូលពីប្រទេសអ្នកផ្គត់ផ្គង់ទី២របស់ខ្លួនផងដែរ គឺអារ៉ាប៊ីសាអូឌីត ក្នុងចំនួនជាង ៦លាន៥សែនតោន ឬស្មើនឹងជាង ១លាន៥សែនបារ៉ែលកាលពីខែកក្កដា។

គួរជម្រាបថា ការបញ្ជាច្រើនជាងមុនពីប្រេងរុស្ស៊ី ធ្វើឱ្យចិនផ្អាកនិងខ្លះកាត់បន្ថយការនាំចូលមួយភាគធំ ពីប្រទេសដទៃដែលខ្លួនធ្លាប់នាំចូល។ ជាក់ស្តែង ការបញ្ជាទិញពីប្រទេសអង់ហ្គោឡា ធ្លាក់ចុះ ២៧% និងប្រេស៊ីលធ្លាក់ចុះ ៥៨%។ គយចិនបានរាយការណ៍ថា គ្មានការនាំចូលប្រេងទាល់តែសោះ ពីប្រទេស វ៉េណេស៊ុយអេឡា ឬអ៊ីរ៉ង់កាលពីខែមុន។

ដោយឡែក សម្រាប់ធ្យូងថ្មវិញ ចិនបាននាំយកធ្យូងថ្មចំនួនជិត ៧លាន៥សែនតោនពីប្រទេសរុស្ស៊ីកាលពីខែមុន។ នេះបើយោងតាមទិន្នន័យពីរដ្ឋបាលទូទៅគយចិនដដែល។ ចំនួននេះជាតួលេខប្រចាំខែខ្ពស់បំផុតរាប់គិតក្នុងស្ថិតិប្រៀបធៀបកាលពី៥ឆ្នាំមុន។

បណ្តាប្រទេសលោកខាងលិចកំពុងបញ្ចៀសការបញ្ជាទិញទំនិញពីប្រទេសរុស្ស៊ី ខណៈការរហាមឃាត់របស់សហភាពអឺរ៉ុបលើធ្យូងថ្មរុស្ស៊ី បានចូលជាធរមានហើយកាលពីថ្ងៃទី១១ខែសីហា ក្នុងគោលបំណងកាត់បន្ថយប្រាក់ចំណូលបានពីការលក់ថាមពលរបស់វិមានក្រឹមឡាំង។ការហាមប្រាមទាំងនេះបានបង្ខំឱ្យរុស្ស៊ីកំណត់គោលដៅអ្នកទិញថ្មី ដូចជាចិន និងឥណ្ឌាជាដើម ហើយព្រមទាំងលក់ឱ្យក្នុងតម្លៃថោកថែមទៀត។

សូមជម្រាបថា ធ្យូងថ្មរុស្ស៊ីកាន់តែច្រើននឹងហូរចូលទៅក្នុងប្រទេសចិនក្នុងត្រីមាសទី៤ នៅពេលដែលឧបករណ៍ប្រើប្រាស់នៅតាមផ្ទះ នៅភាគខាងជើងប្រទេសចិននឹងមានតម្រូវការថាមពលអគ្គិសនីច្រើនជាងមុនសម្រាប់រដូវរងា៕




អត្ថបទបន្ទាប់


ក្រុមកម្មករនៅកំពង់ផែដ៏ធំបំផុតមួយនៅចក្រភពអង់គ្លេសគ្រោងធ្វើកូដកម្ម៨ថ្ងៃ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួល

ព័ត៌មាន
កម្មករជិត២ពាន់នាក់នៅកំពង់ផែកុងតឺន័រដ៏ធំបំផុតឈ្មោះ ហ្វីលិចស្ទូវ (Felixstowe) នៅចក្រភពអង់គ្លេសបានអះអាងថា ពួកគេនឹងធ្វើកូដកម្ម៨ថ្ងៃ រាប់ច…

ចិននឹងបញ្ចេញលក់បណ្ណបំណុលចំនួនជិត ២៣០ ពាន់លានដុល្លារ ខណៈចំណូលសារពើពន្ធធ្លាក់ចុះ

ព័ត៌មាន
រដ្ឋាភិបាលមូលដ្ឋាននៅប្រទេសចិនត្រូវគេជឿថា ទំនងជានឹងបញ្ចេញលក់បណ្ណបំណុលបន្ថែមជិត២៣០ ពាន់លានដុល្លារអាមេរិកនៅក្នុងប៉ុន្មានខែខាងមុខនេះ ដើម្បី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ