ឱកាសវិនិយោគលើការដាំកាហ្វេនៅកម្ពុជា

វិនិយោគិនចិនមួយក្រុមមកស្វែងរកឱកាសវិនិយោគលើការដាំកាហ្វេនៅកម្ពុជា ដើម្បីកែច្នៃ និងនាំចេញ


វិនិយោគិនចិនមួយក្រុមកំពុងស្វែងរកឱកាសវិនិយោគលើការដាំដំណាំកាហ្វេនៅកម្ពុជា ដើម្បីកែច្នៃនាំចេញនិងផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក។ ការបង្ហាញគោលបំណងចង់វិនិយោគលើដំណាំកាហ្វេរបស់ក្រុមវិនិយោគិនចិនទាំងនេះ ធ្វើឡើងនាជំនួបជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី១០ ឧសភា នៅទីស្តីការក្រសួងកសិកម្ម។
រូបភាព៖ ចំការកាហ្វេមណ្ឌលគីរី

ក្នុងជំនួបពិភាក្សានោះ ថ្នាក់ដឹកនាំក្រសួងកសិកម្មបានណែនាំឲ្យក្រុមវិនិយោគិនចិនទៅស្វែងរកឱកាសវិនិយោគនៅខេត្តមណ្ឌលគិរី ដែលជាខេត្តសក្តានុពលមួយលើវិស័យដំណាំកាហ្វេ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឲ្យវិនិយោគិនចិនទាំងនោះសិក្សាសក្តានុពលក្នុងការវិនិយោគលើវិស័យវារីវប្បកម្មទាំងទឹកសាប និងទឹកប្រៃនៅកម្ពុជាផងដែរ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី១០ ឧសភា បានជួបពិភាក្សាជាមួយក្រុមវិនិយោគិនមកពីប្រទេសចិន លើបញ្ហាការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងកសិកម្ម ក្រុមវិនិយោគិនចិនបានបង្ហាញពីបំណងចង់វិនិយោគលើដំណាំកាហ្វេនៅកម្ពុជាទាំងការដាំ និងកែច្នៃសម្រាប់នាំចេញ និងផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក។ ទន្ទឹមនឹងផ្តល់គំនិតយោបល់ក្នុងការវិនិយោគលើដំណាំកាហ្វេ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យក្រុមវិនិយោគិនទាំងនោះទៅសម្លឹងឱកាសវិនិយោគលើដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី ដែលជាខេត្តសក្តានុពលមួយលើវិស័យនេះ។

បន្ថែមលើនេះឯកឧត្តម វេង សាខុន បានជំរុញឲ្យក្រុមអ្នកវិនិយោគទាំងនោះ គួរទៅសិក្សាពីលក្ខខណ្ឌអំណោយផលនៃផលិតកម្មនេះ និងជួបពិភាក្សាជាមួយសហគមន៍កាហ្វេ ដើម្បីពិភាក្សាអំពីកិច្ចសហការរវាងក្រុមហ៊ុន និងសហគមន៍ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។

លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះការណែនាំរបស់ឯករដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលជំរុញឲ្យក្រុមអ្នកវិនិយោគមកពីប្រទេសចិនមកសិក្សា និងសម្លឹងមើលឱកាសវិនិយោគលើវិស័យដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី។ លោកបានគូសបញ្ជាក់ថា ប្រសិនបើអ្នកវិនិយោគទាំងនោះ ពិតជាមកបោះទុនរកស៊ីលើវិស័យដំណាំកាហ្វេនៅខេត្តនេះមែននោះ វានឹងរួមចំណែកជួយធ្វើឲ្យវិស័យដាំកាហ្វេនៅមណ្ឌលគិរីកាន់តែល្អប្រសើរបន្ថែមទៀត។ ជាពិសេសជួយបង្កើនប្រាក់ចំណូលជូនកសិករក្នុងវិស័យនេះតែម្តង។

ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីរូបនេះបានគូសបញ្ជាក់ថា បច្ចុប្បន្នខេត្តមណ្ឌលគិរីមានផ្ទៃដីដាំដុះដំណាំកាហ្វេសរុប ៣៦៤ហិកតា តែផ្ទៃដីដែលអាចប្រមូលផលបានមានប្រមាណ ៣៣០ហិកតា ហើយអាចទទួលបានទិន្នផលប្រមាណ៦០០តោនក្នុង១ឆ្នាំ។ បើតាមការបញ្ជាក់របស់លោក សុខ ឃាង កាហ្វេមណ្ឌលគិរីលក់ចេញក្នុងតម្លៃពី៨ពាន់ ទៅ១ម៉ឺនរៀលក្នុង១គីឡូក្រាម ហើយទិន្នផលកាហ្វេមណ្ឌលគិរីភាគច្រើនផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុកតែប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រមុខចារកម្មអាមេរិកថា លោកពូទីនអាចប្រើនុយក្លេអ៊ែរ ប្រសិនគាត់ដឹងថា នឹងត្រូវចាញ់សង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
ប្រមុខចារកម្មអាមេរិកកាលពីថ្ងៃអង្គារទី១០ឧសភា បានព្រមានទៅកាន់ព្រឹទ្ធសភាអាមេរិកថា លោកពូទីនអាចប្រើសន្លឹកបៀរចុងក្រោយរបស់លោក គឺអាវុធនុយក្លេអ៊…

ចារកម្មអាមេរិកថា ចិនកំពុងពង្រឹងកងទ័ពត្រៀមវាយតៃវ៉ាន់ហើយ

ព័ត៌មាន
ស្របពេលដែលច្រកសមុទ្រតៃវ៉ាន់នៅតែជាតំបន់ដ៏តានតឹង និងប្រទាញប្រទង់រវាងចិន កោះតៃវ៉ាន់ និងអាមេរិក ប្រមុខផ្នែកស៊ើបការណ៍សម្ងាត់អាមេរិកជឿជាក់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ