ក្រុមហ៊ុនអចលនទ្រព្យ

ក្រុមហ៊ុនអចលនទ្រព្យយក្សចិន «Evergrande» ប្រឈមការក្ស័យធន ក្រោយជំពាក់បំណុលជាង៣០០ពាន់លានដុល្លារ


ក្រុមហ៊ុនអចលនទ្រព្យអេវឺហ្គ្រាន (Evergrande) ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនអចលនទ្រព្យធំលំដាប់ទី២នៅប្រទេសចិន និងជាក្រុមហ៊ុនរកស៊ីលើប្រតិបត្តិការអាជីវកម្មជាច្រើនមុខផ្សេងទៀត កាលពីពេលថ្មីៗនេះ បានធ្លាក់ខ្លួនមួយរំពេចទៅជាក្រុមហ៊ុនដែលមានជាប់ជំពាក់បំណុលច្រើនជាងគេបំផុតលើពិភពលោក ហើយកំពុងប្រឈមនឹងការដួលរលំក្ស័យធនផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រុមហ៊ុនអចលនទ្រព្យអេវឺហ្គ្រាន (Evergrande) ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនអចលនទ្រព្យធំលំដាប់ទី២នៅប្រទេសចិន
ដោយ

គិត​ត្រឹម​ពាក់កណ្តាល​ខែកញ្ញា ឆ្នាំ​២០២១ ក្រុមហ៊ុន Evergrande ជំពាក់​លុយ​ម្ចាស់បំណុល​ដល់​ទៅ​ជាង​៣០០​លាន​ដុល្លារ ឬ​ស្មើនឹង​ទំហំ​ប្រមាណ ២% នៃ GDP របស់​ប្រទេស​ចិន​ទៅ​ហើយ ដែល​វា​ជា​ចំនួន​បំណុល​ដ៏​ច្រើន​បំផុត​មួយ​មិន​ធ្លាប់​មាន​។

នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន Evergrande បាន​រង​នឹង​ការ​ពាក្យបណ្តឹង​ជា​ច្រើន​ពី​អតិថិជន ដែល​នៅ​រង់ចាំ​ក្រុមហ៊ុន​បញ្ចប់​ការ​សាងសង់​អាគារ​អា​ផាត​មិន​(apartment) ដែល​ពួក​គេ​បាន​ទិញ និង​ខ្លះ​ទៀត​បាន​កក់​ប្រាក់​មួយ​ចំនួន​រួច​ហើយ ប៉ុន្ដែ ការ​សាងសង់​មិន​បញ្ចប់​តាម​កិច្ចព្រមព្រៀង​។ ដោយឡែក សម្រាប់​ក្រុម​អ្នក​ផ្គត់ផ្គង់ ម៉ៅ​ការ​សំណង់ និង​ម្ចាស់បំណុល​វិញ បាន​ព្យាយាម​ទារប្រាក់​រាប់រយ​ពាន់​លាន​ដុល្លារ​ពី​ក្រុមហ៊ុន ហើយ​អ្នកខ្លះ​ទៀត​ថែម​ទាំង​បាន​សម្រេច​ផ្អាក​ដំណើរការ​សាងសង់​លើ​គម្រោង​របស់ Evergrande តែ​ម្តង​។

ក្រោយ​ប្រឈម​មុខ​នឹង​ពាក្យបណ្តឹង ព្រមទាំង​លុយ​ជំពាក់​ម្ចាស់បំណុល​ដ៏​ក្រាស់ក្រែល ក្រុមហ៊ុន Evergrande កាលពី​ពេល​ថ្មី​នេះ បាន​ចេញ​មុខ​មក​ទទួលស្គាល់​ថា ខ្លួន​កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង​។ បន្ទាប់​ពី​ក្រុមហ៊ុន​ប្រកាស​យ៉ាង​ដូច្នេះ ហើយ​ត្រូវ​បាន​គេ​មើលឃើញ​ថា ទំនងជា​មិន​អាច​សង​ប្រាក់​ដែល​បាន​ខ្ចី​ពី​ម្ចាស់បំណុល​បាន​ផង​នោះ វិនិយោគិន​ដែល​មានការ​ព្រួយបារម្ភ​ជា​ច្រើន​នាក់ ជា​រឿយ​ៗ​បាន​ទៅ​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ខាងក្រៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​យក្ស​ចិន Evergrande​ដើម្បី​ទាមទារ​ដំណោះស្រាយ ពោល​គឺ​ទារ​ឲ្យ​ក្រុមហ៊ុន​សង់​ប្រាក់​មក​ឲ្យ​ពួក​គេ​វិញ​តែ​ម្ដង​។

អ្វី​ជា​មូលហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​យក្ស​ចិន Evergrande ដើរមក​ដល់​ចំណុច​នេះ?

បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ធំ​ៗ​ចំនួន​២ របស់​អា​មេ​រិ​ក​រួម​មាន​កាសែត The New York Times និង សារព័ត៌មាន CNBC បាន​ចុះ​ផ្សាយ​ស្រ​ដៀង​គ្នា​ថា មាន​កត្តា​ធំ​ៗ​ចំនួន​២ ដែល​ដែល​រុញច្រាន​ឲ្យ​ក្រុមហ៊ុន Evergrande ជួប​វិបត្តិ​បំណុល​វណ្ឌ​ក កើនឡើង​ដល់​ជាង ៣០០ ពាន់​លាន​ដុល្លារ​ដូច​ពេល​នេះ​។

កត្តា​ទី​១ ក្រុមហ៊ុន​ចិន​មួយ​នេះ មាន​ទម្លាប់​ខ្ចីប្រាក់​ច្រើន​សន្ធឹកសន្ធាប់​ពី​ម្ចាស់បំណុល អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​ផ្តល់​មូលនិធិ​ជំរុញ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ក្រុមហ៊ុន​។ ម្យ៉ាង ក៏​ដោយសារ​តែ​អាជ្ញាធរ​ចិន​កំពុង​បង្ក្រាប​ទម្លាប់​ខ្ចីប្រាក់​ដោយ​គ្មាន​ភាព​ប្រុង​ប្រយ័ត្ន​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​នានា ផង​ដែរ​។ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ ក្រុមហ៊ុន Evergrande បាន​ខិតខំ​ប្រឹងប្រែង​លក់​អាជីវកម្ម​របស់​ខ្លួន​ក្នុង​តម្លៃ​សមរម្យ ប៉ុន្តែ​មិន​ទទួល​បាន​ផល​ល្អ​នោះ​ទេ​។ គម្រោងការ​លក់​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន ក៏​នៅ​ជាប់​គាំង​មិន​ទាន់​អាច​ដំណើរការ​លក់​បាន​ទាល់តែ​សោះ​។

កត្តា​ទី​២ គឺ​ដោយសារ​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​មានការ​ធ្លាក់​ចុះ ហើយ​មិនសូវ​មាន​តម្រូវការ​ផ្ទះ ឬ​អា​ផាត​មិន​ថ្មី​ៗ​ច្រើន​នោះ​ទេ​។ ដើម្បី​ទាក់ទាញ​អតិថិជន ក្រុមហ៊ុន Evergrande បាន​លក់​ផ្ទះ​ដោយ​បញ្ចុះតម្លៃ​ទាប​ជាង​មុន ក៏​ប៉ុន្តែ​នៅ​តែ​មិន​អាច​ទាក់ទាញ​អតិថិជន​ថ្មី​បាន​ដដែល​។ អត្រា​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​បាន​ធ្លាក់​ចុះ ២៩% សម្រាប់​ឆមាស​ទី​មួយ​ក្នុង​ឆ្នាំ​២០២១​នេះ​។

សូម​ជម្រាប​ថា ក្រុមហ៊ុន Evergrande រីក​លូតលាស់​ខ្លាំង​ណាស់​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។ ដោយ​មាន​វត្ត​មាននៅ​ក្នុង​ទីក្រុង​ជាង ២៨០ ក្រុមហ៊ុន Evergrande បាន​ក្លាយជា​ក្រុមហ៊ុន​ឯកជន​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ចិន និង​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ឈានមុខ​គេ​មួយ​ដែរ នៅ​ចិន ដោយ​ការ​លក់​មាន​ចំនួន​រហូត​ដល់ ១១០​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​។

ដោយសារ​កំណើន​នៃ​ការ​លក់​មានការ​ធ្លាក់​ចុះ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ Evergrande បាន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ដែល​មិន​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ​ដូច​ជា​រថយន្ត​អគ្គិសនី ក្លឹ​ប​បាល់ទាត់ និង​សេវា​ធានា​រ៉ាប់រង​ជាដើម​។ Evergrande ផ្តល់​ការងារ​ដល់​មនុស្ស ២​សែន​នាក់ និង​បង្កើត​ការងារ​ដោយ​ប្រយោល​ចំនួន ៣​លាន ៨​សែន​នៅ​ក្នុង​ប្រទេស​ចិន​។ ប្រសិនបើ​ក្រុមហ៊ុន ជួប​វិបត្តិ​ក្ស័យធន​មែន​នោះ វា​ក៏​អាច​នឹង​មាន​ផល​ប៉ះពាល់​ធំធេង ចំពោះ​សេដ្ឋកិច្ច​ចិន​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនស្នើចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ CPTPP ប៉ុន្ដែអាចជួបការលំបាកពីសមាជិកដទៃ

ព័ត៌មាន
នៅទីបំផុត ប្រទេសចិន បានសម្រេចស្នើសុំជាផ្លូវការហើយ ដើម្បីចូលរួមកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហ…

ហុងកុង មានកំពូលមហាសេដ្ឋីច្រើនជាងគេលំដាប់ទី២ក្នុងពិភពលោក

ព័ត៌មាន
ហុងកុងបានក្លាយជាទីក្រុងដែលមានមហាសេដ្ឋីប្រាក់ពាន់លានដុល្លារច្រើនជាងគេលំដាប់ទី ២ របស់ពិភពលោក បន្ទាប់ពីទីក្រុង ញូវយ៉ក របស់សហរដ្ឋអាមេរិក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ