ប្រទេសចិន

ក្រុមហ៊ុនរដ្ឋចិន CCCG តួអង្គដ៏សំខាន់នៃគម្រោងផ្លូវមួយខ្សែក្រវាត់មួយ កំពុងប្រឈមនឹងហានិភ័យខ្ពស់ និងបំណុលកើនឡើង


តួអង្គដ៏សំខាន់មួយ នៅក្នុងគំនិតផ្ដួចផ្ដើមគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន គឺក្រុមហ៊ុន China Communications Construction Group (CCCG) កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើងៗ ក្នុងការបន្ដប្រសិទ្ធភាពប្រតិបត្តិការរបស់ខ្លួន នៅចំពេលដែលបំណុលចេះតែកើនឡើង ហើយហានិភ័យសេដ្ឋកិច្ចក៏បាននិងកំពុងគំរាមកំហែងដល់គម្រោងសាងសង់នៅក្រៅប្រទេសរបស់ក្រុមហ៊ុនរដ្ឋចិនមួយនេះផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei។
ក្រុមហ៊ុនរដ្ឋចិន CCCG តួអង្គដ៏សំខាន់នៃគម្រោងផ្លូវមួយខ្សែក្រវាត់មួយ កំពុងប្រឈមនឹងហានិភ័យខ្ពស់ និងបំណុលកើនឡើង

ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិន China Communications Construction Group ឬហៅកាត់ថា CCCG ត្រូវបានគេស្គាល់ថា គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំមួយ ដែលមានតួនាទីដ៏សំខាន់ក្នុងការងារសាងសង់សម្រាប់គម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់រដ្ឋអំណាចក្រុងប៉េកាំង ខណៈដែលគម្រោងដ៏ពោរពេញដោយមហិច្ឆតាមួយនេះ បានពង្រីកវិសាលភាពទៅកាន់ប្រទេសជាច្រើននៅទូទាំងពិភពលោក ពិសេសប្រទេសកំពុងអភិវឌ្ឍតែម្ដង។

ក្រុមហ៊ុន CCCG ជាក្រុមហ៊ុនទទួលខុសត្រូវលើការងារអភិវឌ្ឍលើកំពង់ផែ ផ្លូវថ្នល់ ផ្លូវរថភ្លើងល្បឿនលឿន និងគម្រោងអចលនទ្រព្យធំៗជាច្រើនទៀត។ បន្ថែមពីលើកិច្ចសន្យាខាងក្រៅ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងមួយនេះ ក៏បាននិងកំពុងវិនិយោគ និងមានប្រតិបត្តិការជាច្រើនទៀតនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្ទាល់ខ្លួននៅប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោមយុទ្ធនាការនៃគម្រោងខ្សែក្រវាត់ និងផ្លូវ ក្នុងក្របខណ្ឌអន្តរជាតិរបស់ប្រទេសចិន។

ក្រុមហ៊ុន CCCG មានប្រាក់ចំណេញសុទ្ធប្រមាណ ជាង៤ពាន់លានដុល្លារ កាលពីឆ្នាំ២០២១ ដែលបានកើនឡើង៧០% បើគិតតាំងពីឆ្នាំ២០១៦មក។ បើតាមក្រុមហ៊ុនចាត់ចំណាត់ថ្នាក់ឥណទានអន្តរជាតិ China Chengxin បានឲ្យដឹងថា តម្លៃសរុបនៃកិច្ចសន្យារបស់ក្រុមហ៊ុន CCCG កំពុងកើនឡើង ហើយក្រុមហ៊ុននេះ មានសមត្ថភាពធានាបាននូវកិច្ចព្រមព្រៀងថ្មីៗផងដែរ។

ប៉ុន្ដែ ក្រុមហ៊ុនយក្សរបស់រដ្ឋចិនមួយនេះ ក៏បានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិឥណទានក្នុងវិស័យអចលនទ្រព្យរបស់ចិន ដែលត្រូវបានបង្កឡើងដោយវិបត្តិបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំរបស់ចិនមួយទៀត គឺ China Evergrande Group រួមទាំងបញ្ហាការចំណាយធ្លាក់ចុះសម្រាប់គម្រោងដែលបរាជ័យនៅក្នុងទីផ្សារប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនជាដើម។

ក្រុមហ៊ុនចាត់ចំណាត់ថ្នាក់ឥណទានអន្តរជាតិ China Chengxin បានគូសបញ្ជាក់ថា បញ្ហាសេដ្ឋកិច្ចសាកលមានការផ្លាស់ប្ដូរ និងការឆ្លងរាលដាលកូវីដ១៩ បានបង្កើននូវហានិភ័យលើផ្នែកប្រតិបត្តិការនៅក្រៅប្រទេស សម្រាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CCCG។ បន្ថែមពីនេះ ការវិនិយោគច្រើនហួសហេតុ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលចិន ក៏បានបង្កើនបំណុលរបស់ក្រុមហ៊ុននេះ កាន់តែច្រើនដែរ។ ជាក់ស្ដែង បំណុលសរុបរបស់ក្រុមហ៊ុននេះ បានកើនឡើងទ្វេរដងនៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ មកដល់ប្រមាណ ២៦០ពាន់លានដុល្លារ បើគិតត្រឹមដំណាច់ខែមិថុនាកន្លងទៅនេះ ខណៈដែលក្រុមហ៊ុនយក្ស Evergrande ដែលកំពុងមានបំណុលវណ្ឌកនោះ មានទំហំបំណុលសរុបជាង២៨០ពាន់លានដុល្លារ គិតត្រឹមខែមិថុនា ឆ្នាំ២០២២១៕




អត្ថបទបន្ទាប់


កត្តាអ្វីខ្លះនឹងរុញឲ្យវិស័យថាមពលអឺរ៉ុបនឹងកាន់តែយ៉ាប់យ៉ឺននៅឆ្នាំក្រោយ?

ព័ត៌មាន
ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិហៅកាត់ថា IEA បានអះអាងកាលពីថ្ងៃទី៥តុលាថា តំបន់អឺរ៉ុបអាចប្រឈមមុខនឹងវិបត្តិថាមពលកាន់តែធ្ងន់ធ្ងរថែមទៀតនៅឆ្…

តើឥណ្ឌាអាចនឹងជំនួសតំណែងចិន ក្នុងនាមជារោងចក្រផលិតរបស់ពិភពលោកបានដែរទេ?

ព័ត៌មាន
ចំពេលដែល ប្រទេសចិនកំពុងជាប់ដៃជាមួយវិធានការកូវីដ១៩ដ៏តឹងរ៉ឹង កំណើនសេដ្ឋកិច្ចអន់ថយ និងបញ្ហាជម្លោះពាណិជ្ជកម្មរ៉ាំរ៉ៃជាមួយសហរដ្ឋអាមេរិកផង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ