ការអភិវឌ្ឍ​​ទីក្រុងរណប​

ជីប ម៉ុង អះអាងថានឹងមិនប្ដូរឈ្មោះ «ទីក្រុងរណបហ្គ្រេនភ្នំពេញ» ទេ!


ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនទើបតែបានទិញយកទ្រព្យសកម្ម និងប្រតិបត្តិការអាជីវកម្មទាំងស្រុងរបស់គម្រោងទីក្រុងរណបហ្គ្រេនភ្នំពេញកាលពីចុងឆ្នាំ២០១៩នោះ បានអះអាងថា ក្រុមហ៊ុនលោក មិនមានគម្រោងនឹងប្ដូរឈ្មោះទីក្រុងរណបមួយនេះឡើយ។ បន្ថែមពីនេះ ក្រុមហ៊ុនរឹតខិតខំ អភិវឌ្ឍធ្វើយ៉ាងណាឲ្យគម្រោងនេះ កាន់តែមានលទ្ធផលផ្លែផ្កាដ៏អស្ចារ្យ ជាមួយនឹងគម្រោងធំៗជាច្រើននៅពេលខាងមុខនេះ។
ជីប ម៉ុង អះអាងថានឹងមិនប្ដូរឈ្មោះ «ទីក្រុងរណបហ្គ្រេនភ្នំពេញ» ទេ! (រូបភាព៖ ខេមបូណូមីស)

ការអះអាង​របស់​ថ្នាក់នាំជាន់ខ្ពស់​របស់ក្រុមហ៊ុន​ ជីប ម៉ុង ​នាពេលនេះ គឺបាន​ស្រាយចម្ងល់ និងពាក្យ​ចចាមអារ៉ាម​​មួយចំនួន ដែលថា​ក្រុមហ៊ុន​ ជីប ម៉ុង អាច​នឹង​ប្ដូរ​ឈ្មោះ គម្រោង​ទីក្រុងរណប​​ហ្គ្រេនភ្នំពេញនេះ ទៅជាឈ្មោះអ្វីផ្សេងទៀត ក្រោយពីបាន​ទិញ​យក​គម្រោងនេះ​ទៅអភិវឌ្ឍ​បន្ត។

លោក ឧកញ៉ា លាង ហេនរី អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លែន បាន​បញ្ជាក់អះអាង​នាពេល​ថ្មីៗនេះថា ក្រុមហ៊ុន​ជីប ម៉ុង នឹង​មិនប្ដូរឈ្មោះ​គម្រោង​ទីក្រុងរណប​ហ្គ្រេនភ្នំពេញនោះទេ ពោល​គឺនៅ​រក្សាឈ្មោះ​ដើមនៅដដែល គ្រាន់តែ​កាត់ពាក្យ​ International មួយចេញ ប៉ុណ្ណោះ ដើម្បី​ឲ្យខ្លីងាយ​ហៅ គឺគម្រោង Grand Phnom Penh City ខណៈដែល​ពីមុនគម្រោងនេះ ឈ្មោះពេញ​គឺ​ Grand Phnom Penh International City។

លោកឧកញ៉ា ហេនរី មានប្រសាសន៍​យ៉ាងដូច្នេះថា «យើង​នឹង​អត់​កែ​ឈ្មោះហ្នឹងទេ! គឺយើង​នៅ Keep (រក្សាទុក) ឈ្មោះហ្នឹងដដែល គឺឈ្មោះ Grand Phnom Penh International City គ្រាន់តែយើង​ដក​ International ចេញ គឺយើង​ឲ្យវា​ Simple (សាមញ្ញ) គឺ Grand Phnom Penh City។ អញ្ចឹង​យើង ធ្វើឲ្យស័ក្ដិសម​នឹងឈ្មោះ​របស់វា​ ជាទីក្រុងរណប​នៃទីក្រុងភ្នំពេញ​យើង។»

ទោះយ៉ាងណា លោកឧកញ៉ា ហេនរី មិនអាច​បញ្ជាក់បានទេ​អំពីចំនួន​ទឹកប្រាក់វិនិយោគ​បន្ត និងទឹកប្រាក់​ទិញ​យក​ផ្ដាច់​គម្រោងទីក្រុងរណបមួយនេះ ដោយលោកគ្រាន់តែបញ្ជាក់ថា វាគឺជា​វិនិយោគ​មួយដ៏ធំ​របស់ក្រុមហ៊ុន​ជីប ម៉ុង។

បើតាមការបញ្ជាក់​របស់​អគ្គនាយក​ក្រុមហ៊ុន​ជីប ម៉ុង​ លែនរូបនេះ គម្រោងក្រុងរណប​ហ្គ្រេន​ភ្នំពេញ គឺមាន​ផ្ទៃដីសរុប​ជាង ២៦០ ហិកតា ហើយបច្ចុប្បន្ន​​​ទីក្រុង​រណបនេះ នៅមាន​ផ្ទៃដី​សល់ទំនេរ​ជាច្រើន​ដើម្បីអភិវឌ្ឍគម្រោង​ធំៗ​នានា ដែលបាន​រៀបចំ​ទៅតាម​ប្លង់មេ។ លោកបន្ថែមថា ក្រុមហ៊ុន​បាន​ចំណាយពេលវេលា​​ជាច្រើនខែ និងវិស្វករជំនាញ​ពីបរទេស​ ដើម្បីរៀបចំប្លង់​មេ​​សម្រាប់​​ការអភិវឌ្ឍ​ទីក្រុងរណប​មួយនេះ ខណៈបច្ចុប្បន្ន ក្រុមហ៊ុន​បាន​និងកំពុង​អភិវឌ្ឍ​នូវ​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ​មួយចំនួនផងដែរ។

លោកឧកញ៉ា លាង ហេនរី អះអាងយ៉ាងដូច្នេះថា «ដូចខ្ញុំបាន​បញ្ជាក់​មុន​មិញហ្នឹង គឺក្រុមហ៊ុន​ចំណាយពេល​រាប់សិបខែ​ធ្វើការជាមួយ​ខាង​​ស្ថាបត្យកម្មជាតិ និងអន្តរជាតិ​ ដើម្បីប្រែក្លាយមុខមាត់​ទីក្រុង​រណប​​ហ្គ្រេនភ្នំពេញហ្នឹង ឲ្យទៅជា​ក្រុង​មហាអស្ចារ្យមួយ​ គឺនៅក្នុងហ្នឹង​ គឺយើង​មានលំនៅដ្ឋាន មាន​ពាណិជ្ជកម្ម មានខុនដូរ​ ហើយ​យើងចង់​ឲ្យទីក្រុងហ្នឹង​ឲ្យទៅ​ជា​ទីក្រុង​បៃតង​។ អញ្ចឹង​យើង​មាន​ចក្ខុវិស័យ​វែងឆ្ងាយ»។

បើតាមផែនការ គម្រោងធំៗ ដែលក្រុមហ៊ុន​ជីប ម៉ុង លែន នឹង​អភិវឌ្ឍ​នៅ​ក្នុង​ទីក្រុងរណប​ហ្គ្រេនភ្នំពេញនេះ រួមមាន ​មាន​​សាងសង់​​នូវ​​សួនច្បារ​​ដ៏ធំ Central Park ដំបូង​បំផុត​​នៅកម្ពុជា រួមជាមួយ​នឹង​​មជ្ឈមណ្ឌល​​ពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល​កីឡា​ដ៏ធំ​សម្បើម​​ក៏នឹង​មាន​វត្តមាន​នៅក្នុង​ទីក្រុងរណប​ហ្គ្រេនភ្នំពេញ​នេះផងដែរ។

បន្ទាប់ពីបាន​ទិញយក​គម្រោងទីក្រុងរណប​ហ្គ្រេនភ្នំពេញ​អស់រយៈពេល​ជិត១ឆ្នាំមកនេះ ក្រុមហ៊ុន​ជីប ម៉ុង លែន ថ្មីៗនេះ ទើបតែបាន​សម្រេច​បុកគ្រឹះ​សាងសង់​គម្រោង​លំនៅដ្ឋាន​លើកដំបូង​របស់ខ្លួន​នៅក្នុង​ទីតាំងគម្រោងទីក្រុងរណប​នេះដែរ ដោយសាងសង់​លើ​ផ្ទៃដី​ជាង ៥០ហិកតា ជាមួយនឹង​ទុនវិនិយោគ​រាប់រយ​លាន​ដុល្លារអាមេរិក។

គម្រោងទីក្រុងរណប​ហ្គ្រេនភ្នំពេញនេះ ត្រូវបានក្រុមហ៊ុន ជីប ម៉ុង លែន ទិញយក​ទ្រព្យសម្បត្តិ​សកម្ម និងអាជីវកម្ម​ទាំងស្រុង កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ២០១៩។

ដើមឡើយ គម្រោងទីក្រុងរណប​នេះ ស្ថិតក្រោម​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ YLP Group Co., Ltd ជាមួយនឹង​ក្រុមហ៊ុន Indonesia’s Ciputra Group ខណៈដែល​តម្លៃ​ទុន​វិនិយោគ​ចុះ​​​បញ្ជី​​​ដំបូងចំនួន ៦០០​លាន​ដុល្លារ​អាមេរិក ដែល​មាន​​ផ្ទៃ​ក្រឡា​សាងសង់​ចំនួន ២៦០​ហិកតា ស្ថិត​នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​ឫស្សីកែវ ខាង​ជើង​រាជ​ធានី​ភ្នំពេញ។

បច្ចុប្បន្ន ក្រៅពី​គម្រោង​លំនៅដ្ឋានលំនៅដ្ឋាន និង​ទីលាន​វាយកូនហ្គោល និងសួនកម្សាន្ដ ទីក្រុងរណបមួយនេះ ហាក់មិនឃើញមានការ​អភិវឌ្ឍន៍​អ្វីជាដុំកំភួននោះទេ។ ប៉ុន្ដែ គេសង្ឃឹមថា ក្រោយពីប្ដូរ​ម្ចាស់​ថ្មី គម្រោងនេះ នឹង​ផ្លាស់ប្ដូរមុខមាត់​កាន់តែអស្ចារ្យជាងមុន និងក្លាយជា​តំបន់អភិវឌ្ឍ​ដ៏ខ្លាំងក្លា​​មួយ​ទៅថ្ងៃអនាគត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភ្ញៀវទេសចរ ២៥ ម៉ឺននាក់បានចេញដើរកម្សាន្ដ ចំពេលស្ថានភាពរីករាលដាលកូវីដ-១៩ ស្ងប់ស្ងាត់

ព័ត៌មាន
នៅរយៈពេល ២សប្ដាហ៍ដើមខែឧសភានេះ មានភ្ញៀវទេសចរក្នុងស្រុក២៥ម៉ឺននាក់ បានចេញដើរលេងកម្សាន្ដនៅតាមតំបន់ទេសចរណ៍នៅទូទាំងប្រទេស ដែលចំនួននេះ គឺម…

ស្ងាត់កូវីដ-១៩បានជាង១ខែ វៀតណាមកំពុងរៀបចំផែនការថ្មី ដើម្បីស្រូបទាញភ្ញៀវទេសចរបរទេស

ព័ត៌មាន
ការឆ្លងរីករាលកដាលកូវីដ-១៩ នៅប្រទេសវៀតណាម ហាក់មានសភាពស្ងប់ស្ងាត់ជាង ១ខែមកហើយ។ ក្នុងស្ថានភាពធូរស្បើយពីកូវីដ-១៩នេះដែរ ឧស្សាហកម្មទេសចរណ៍វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ