គំនិត​ពិចារណា!

សង្គ្រាម​នៃ​សេវា​ដឹកជញ្ជូន​អ្នក​ដំណើរ​នៅ​កម្ពុជា​កំពុង​ចាប់​ផ្ដើម​ហើយ!


ការវិវត្ត​មក​ដល់​សម័យ​កាល​ព័ត៌មានវិទ្យា បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​បរិយាកាស​អាជីវកម្ម​កាន់តែ​មាន​កម្ដៅ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្នុង​នោះ អ្នក​ដែល​មិន​មាន​ការ​ផ្លាស់ប្តូរ ឬ​វិវឌ្ឍ​ខ្លួន​ឲ្យ​ស្រប​ទៅ​តាម​សម័យ​កាល ឬ​ហៅ​ថា ការ​ធ្វើ​អាជីវកម្ម​តាម​បែប​ប្រពៃណី ហាក់​បី​ងាយ​នឹង​ប្រឈម​ការ​ដួល​រលំ​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។
ឯកឧត្តម ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​ឱកាស​ចូលរួម​ធ្វើ​ជា​សាក្សី​នៃ​ការ​សម្ពោធ​បើក​ក្រុមហ៊ុន​ Grab នៅ​កម្ពុជា។ រូបភាព៖ ហេង ភារម្យ
ដោយ

ជាក់ស្ដែង គិត​មក​ទល់​បច្ចុប្បន្ន​នេះ អាជីវកម្ម​ភាគច្រើន​ទាមទារ​ឲ្យ​មាន​ការ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា និង​ព័ត៌មានវិទ្យា ទើប​អាច​មាន​ប្រៀប​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង។ វា​ដូច​ទៅ​នឹង​ការ​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ គឺ​ជា​សម័យ​បដិវត្តន៍​ឧស្សហកម្ម​ទី៤ ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ដែល​អាច​ទទួល​បាន​ព័ត៌មាន​មុន​គេ អាច​ដឹង​ពី​តម្រូវការ​មនុស្ស​មុន​គេ អាច​យក​ចិត្ត​មនុស្ស​បាន​ខ្លាំង​ជាង​គេ​ នោះ​នឹង​អាច​មាន​ប្រៀប​ខ្លាំង​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ប្រកប​ទៅ​ដោយ​ជោគជ័យ។ 

ខេមបូណូមីស សូម​លើក​យក​ពី​ករណី​មួយ​មក​ពិភាក្សា គឺ​ទីផ្សារ​សេវា​ដឹក​ជញ្ជូន​អ្នក​ដំណើរ ដែល​កំពុងតែ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​នៅ​កម្ពុជា។ 

បើ​យើង​ពិនិត្យ​ទៅ​មើល​អតីតកាល អាជីវកម្ម​ផ្ដល់​សេវា​ដឹក​អ្នក​ដំណើរ​នៅ​កម្ពុជា ភាគច្រើនបំផុត​មាន​តែ​ការ​ដឹក​ជញ្ជូន​តាម​ស៊ីក្លូ ម៉ូតូឌុប ម៉ូតូកង់បី និង​រថយន្ដ​តាក់ស៊ី ដែល​ជា​ការ​ប្រតិបត្តិ​ឡើង​តាម​បែប​ប្រពៃណី ពោល​គឺ​ចេញ​ស្វែងរក​អតិថិជន។ ប៉ុន្ដែ មក​ទល់​ពេល​នេះ សេវាកម្ម​នេះ ត្រូវ​បាន​ធ្វើ​ពិពិធកម្ម​ខុស​ពី​មុន ពោល​គឺ​អតិថិជន​ជា​អ្នក​ស្វែងរក​សេវា​កម្ម​វិញ ដោយសារ​តែ​មាន​ការ​សម្រួល និង​ជំនួយ​បន្ថែម​តាមរយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ព័ត៌មានវិទ្យា សម្រាប់​ការ​ទំនាក់​ទំនង​គ្នា ដែល​នេះ​ហើយ គេ​ហៅ​ថា ជា​សេវា​មួយ​ដែល​ដឹង​ពី​តម្រូវការ​មនុស្ស​មុន​គេ។

ជា​ឧទាហរណ៍​ជាក់​ស្ដែង វត្តមាន​របស់​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​កក់​សេវា​ធ្វើ​ដំណើរ​តាម​ទូរស័ព្ទ​ស្មាតហ្វូន​ជាច្រើន បាន​និង​កំពុង​ធ្វើ​ឲ្យ​អ្នក​រត់​ម៉ូតូ​កង់បី និង​ម៉ូតូឌុប​តាម​បែប​ប្រពៃណី​ កំពុង​បាត់បង់​ចំណែក​ទីផ្សារ​របស់​ខ្លួន​ជា​បណ្ដើរៗ​ហើយ។ តួយ៉ាង ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​កក់​សេវា​ធ្វើ​ដំណើរ​តាម​ទូរស័ព្ទ​ស្មាតហ្វូន​អន្តរជាតិ​ធំៗ​ចំនួន​២​ហើយ បាន​ហក់​ចូល​ក្នុង​ទីផ្សារ​កម្ពុជា ខណៈ​ដែល​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​ផ្ដល់​សេវាកម្ម​នេះ ក៏​មាន​មិន​តិច​ដែរ។ 

Grab ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​កក់​សេវា​ធ្វើ​ដំណើរ​តាម​ទូរស័ព្ទ​ស្មាតហ្វូន​ធំ​មួយ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី បាន​សម្រេច​បើក​ដំណើរការ​ផ្លូវការ​នៅ​កម្ពុជា​ហើយ ខណៈ​ដែល​គូប្រជែង​ដ៏​ធំ​មួយ​ទៀត គឺ UBER ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ក៏​ទើបតែ​បើក​ដំណើរការ​នៅ​កម្ពុជា​កាល​ពី​ប្រមាណ​ជាង ៣​ខែ​មុន​នេះ។

បើគិត​ក្រៅ​ពី​​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ទាំង​ពីរ​ខាង​លើ​នេះ បច្ចុប្បន្ន ក៏​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​មិន​តិច​នោះ​ដែរ ដែល​បាន​និង​កំពុង​មាន​ប្រតិបត្តិការ​ផ្ដល់​សេវា​កក់​សេវា​ធ្វើ​ដំណើរ​តាម​ទូរស័ព្ទ​ស្មាតហ្វូន​នេះ រួមមាន PassApp, Exnet Taxi, iTsumo, Ez Go, 711GO TAXI, Go-X Cambodia, និង We Go ជាដើម ។ល។

ដ្បិត​ថា បច្ចុប្បន្ន​នៅ​កម្ពុជា មិន​ទាន់​មាន​ភាព​ចម្រូង​ចម្រាស​នៃ​ការ​ប្រកួត​ប្រជែង​រវាង​ក្រុមហ៊ុន​ទាំង​អស់​ក្នុង​វិស័យ​នេះ​ក៏​ដោយ​ចុះ ប៉ុន្ដែ បើ​យើង​ពិនិត្យ​ទៅ​មើល​បទពិសោធន៍​នៅ​ប្រទេស​វៀតណាម ឃើញថា បញ្ហា​ចម្រូង​ចម្រាស​រវាង​ក្រុមហ៊ុន​ផ្ដល់​សេវា​ធ្វើ​ដំណើរ​ក្នុង​ស្រុក និង​ក្រុមហ៊ុន UBER បាន​កើត​ឡើង​ជាច្រើន​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក​បាន​ចោទ​ថា មាន​ការ​ប្រកួត​ប្រជែង​មិន​ស្មើ​ភាព​គ្នា​ជាមួយ​ក្រុមហ៊ុន UBER។ 

មិន​តែ​ប៉ុណ្ណោះ ក៏​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ផង​ដែរ អំពី​អ្នក​រត់ម៉ូតូឌុប​នៅ​វៀតណាម បាន​បន្លំ​ខ្លួន​ធ្វើ​ជា​សមាជិក​របស់ Grab ដើម្បី​ទាក់ទាញ​អតិថិជន​ធ្វើ​ដំណើរ​ជាមួយ ដោយសារ​តែ​ប្រជាពលរដ្ឋ​វៀតណាម​ហាក់​និយម​ប្រើ​សេវាកម្ម​របស់ Grab ច្រើន​ជាង អ្នក​ផ្ដល់​សេវា​តាម​បែប​ប្រពៃណី។  មិន​មែន​តែ​វៀតណាម​ទេ នៅ​បណ្ដា​ប្រទេស​ផ្សេង​ទៀត ក៏​ធ្លាប់​មាន​បញ្ហា​ស្រដៀងៗ​គ្នា​នេះ​ដែរ។ 

យ៉ាង​ណាក៏​ដោយ​ចុះ បើតាម​ការ​លើក​ឡើង​ពី​អ្នកស្រី Tan Hooi Ling សហស្ថាបនិក​ក្រុមហ៊ុន Grab បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​៥​​ឆ្នាំ​កន្លង​មក​នេះ អ្នក​ប្រើប្រាស់​របស់ Grab ក៏​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​រហូត​ដល់ ៧២​លាន​នាក់ ក្នុង​ការ​ទាញ​យក​កម្មវិធី​ទូរស័ព្ទ​ដៃ និង ៣​លាន​៥​សែន​ដង នៃ​អ្នក​ជិះ​ក្នុង​មួយ​ថ្ងៃ។ ជា​មួយ​គ្នា​នេះ កម្ពុជា​ជា​ប្រទេស​ទី​៨ នៃ​ការ​ចាប់​ផ្តើម​អាជីវកម្ម បន្ទាប់​ពី​ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ប្រទេសថៃ វៀតណាម ឥណ្ឌូនេស៊ី និង​ប្រទេស​មីយ៉ាន់ម៉ា។  

ទោះ​បី​ជា​ការ​កើន​ឡើង​នៃ​ក្រុមហ៊ុន​ផ្ដល់​សេវា​សម្រាប់​ការ​ធ្វើ​ដំណើរ​កំពុង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក៏​ដោយ ប៉ុន្ដែ បើ​គិត​ក្នុង​ន័យ​វិជ្ជមាន ប្រជាជន​នឹង​មាន​ជម្រើស​កាន់​តែ​ច្រើន​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម ព្រមជាមួយ​នឹង​ការ​បង្កើត​ការងារ​ក្នុង​ស្រុក​ផងដែរ។ 

ប៉ុន្ដែ​បើ​និយាយ​មួយ​បែប​ទៀត អ្នក​ដែល​កំពុង​ផ្ដល់​សេវាកម្ម​តាម​បែប​ប្រពៃណី ដូចជា ម៉ូតូឌុប និង ម៉ូតូកក់បី អាច​នឹង​ត្រូវ​ប្រឈម​នឹង​ការ​បាត់​បង់​ចំណែក​ទីផ្សារ​របស់​ខ្លួន​បន្តិច​ម្ដងៗ ប៉ុន្ដែ បើ​ពួកគាត់​អាច​ធ្វើ​ពិពិធកម្ម​អាជីវកម្ម​របស់​ខ្លួន ដោយ​ងាក​ទៅ​រក​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ព័ត៌មាន​វិទ្យា ឬ​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្ដល់​សេវា​កក់​សេវា​ធ្វើ​ដំណើរ​ដោយ​បច្ចេកវិទ្យា ព័ត៌មាន​វិទ្យានេះ នោះ​ពួកគាត់​នឹង​អាច​រក្សា​បាន​នូវ​មុខ​របរ​នេះ​បាន​នា​ពេល​អនាគត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារ​ទំនើប​សូរិយា ដូរ​ឈ្មោះ​ថ្មី​ជា​ផ្លូវការ​! ក្រោយ​ពី​ចំណាយ​ទុន​៥​លាន​ដុល្លារ​លើ​ការ​ជួសជុល

ព័ត៌មាន
ផ្សារ​ទំនើប​ចាស់​វស្សា​ជាង​គេ​បំផុត​មួយ​នៅ​កម្ពុជា គឺ​ផ្សារ​ទំនើប​សូរិយា បាន​សម្រេច​បើក​សម្ពោធ​និង​ដូរ​ឈ្មោះ​ថ្មី​របស់​ខ្លួន​ជា​ផ្លូវក…

ឧកញ៉ា ហៃ លីអ៊ាង៖ បើ​យើង​មិន​ធ្វើ យើង​ក៏​មិន​ដឹង​ថា​ខ្លួន​ឯង​អាច​នឹង​ទៅ​ដល់​ទីណា​ដែរ!

ព័ត៌មាន
ភាព​ជោគជ័យ គឺ​ជា​អ្វី​ដែល​មនុស្ស​រាល់​គ្នា​តែង​ប្រាថ្នា​ចង់​បាន ប៉ុន្ដែ ការ​ដើរ​ទៅ​រក​គោលដៅ​ដែល​ខ្លួន​យល់​ថា​ជា​ភាព​ជោគជ័យ​នេះ គឺ​ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ