កូរ៉េខាងត្បូង និងជប៉ុន

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ជួយឲ្យកូរ៉េខាងត្បូង និងជប៉ុនមានការដោះដូរពាណិជ្ជកម្មសេរីរវាងគ្នាជាលើកដំបូង


តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ហៅកាត់ថា RCEP នឹងជួយឲ្យប្រទេសកូរ៉េខាងត្បូងនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកដំបូងជាមួយជប៉ុន ដែលជាប្រទេសក្បែរខាងរបស់ខ្លួន។ ថ្វីត្បិតថា ជាប្រទេសភូមិផងរបងជាមួយគ្នាពិតមែន ប៉ុន្តែតូក្យូ និងសេអ៊ូលមិនធ្លាប់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នានោះទេ។
រូបតំណាងៈ ពាណិជ្ជកម្មជប៉ុននិងកូរ៉េខាងត្បូងក្រោយមានRCEP

ក្រោម​កិច្ចព្រមព្រៀង RCEP ដែល​កូរ៉េ​ខាងត្បូង​នឹង​ដាក់​ឲ្យ​ចូល​ជា​ធរមាន​នៅ​ដើមខែ​កុម្ភៈ​ឆ្នាំ​ក្រោយ ប្រទេស​ទាំង​ពីរ​នឹង​អាច​ផ្តើម​ដោះ​ដូរ​ពាណិជ្ជកម្ម​រវាង​គ្នា ដោយ​លើកលែង​រនាំង​ពន្ធគយ​លើ​ទំនិញ​ជា​ច្រើន ដោយ​ការ​រំពឹង​ទុក​ថា វា​នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ខ្លាំងក្លា​ឡើង​ថែម​មួយ​កម្រិត​ទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ជប៉ុន Nikkei​។

រដ្ឋសភា​កូរ៉េ​ខាងត្បូង បាន​ផ្តល់​សច្ចាប័ន​ដល់ កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ RCEP តាំង​តែ​ពី​ស​ប្តា​ហ៍​មុន​មក​ម្ល៉េះ ហើយ​គ្រោង​នឹង​ដាក់​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១​ខែកុម្ភៈ​ឆ្នាំ​២០២២​។ ដោយឡែក សម្រាប់​សមាជិក​ចំនួន​១០​ប្រទេស​ដែល​បាន ផ្តល់​សច្ចាប័ន​រួច​គិត​ត្រឹម​ខែវិច្ឆិកា រួម​មាន​ប្រទេស​ចិន ជប៉ុន អូស្ត្រាលី ញូ​ហ្សេ​លែ​ន សិង្ហ​បុរី ថៃ វៀតណាម ប្រ៊ុ​យ​ណេ ឡាវ និង កម្ពុជា នឹង​ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀង​នេះ ចាប់ពី​ថ្ងៃ​ចូល​ជា​ធរមាន នា​ថ្ងៃ​ទី​០១​ខែមករា​ឆ្នាំ​២០២២​តទៅ​។

សម្រាប់​កូរ៉េ​ខាងត្បូង ទោះ​យឺត​ជាង​សមាជិក​ដទៃ​រយៈពេល​មួយ​ខែ ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​នឹង​ឈាន​ទៅ​លុប​ចោល​ភ្លាម​ៗ នូវ​ការ​យកពន្ធ​លើ​ផលិតផល​ជា​ច្រើន​។ ក្នុង​នោះ​ផង​ដែរ អត្រាពន្ធ​នឹង​ត្រូវ​បាន​លុប​ចោល​លើ​ទំនិញ​ប្រហែល​៩០% នៅ​ទូ​ទាំង​តំបន់​ពាណិជ្ជកម្ម​សេរី ដែល​គ្របដណ្តប់​ប្រហែល ៣០%​នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​ចំនួន​ប្រជាជន​សរុប​របស់​ពិភពលោក​។

គួរ​ជម្រាប​ថា នេះ​គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទី​មួយ​ហើយ ដែល​នាំ​យក​ជប៉ុន និង​កូរ៉េ​ខាងត្បូង ឲ្យ​ខិត​មក​ជិត​គ្នា​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ដូចនេះ​។ បើ​តាម​ការ​អះអាង​ពី​ភាគី​រាជរដ្ឋាភិបាល​ជប៉ុន កិច្ចព្រមព្រៀង RCEP នឹង​បង្កើន​ការ​កាត់​បន្ថយពន្ធ​ក្នុង​ការ​ដោះ​ដូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ ពី​ជិត ២០% កើន​ដល់​ជាង​៩០%​ឯណោះ​។ 

ជប៉ុន​រំពឹង​ផង​ដែរ​ថា នឹង​មានការ​ជំរុញ​ដល់​ការ​នាំ​ចេញ​រថយន្ត និង​ផលិតផល​គីមី​របស់​ខ្លួន​ទៅ​កាន់​កូរ៉េ​ខាងត្បូង​។

ជាក់ស្តែង កិច្ចព្រមព្រៀង​នេះ​នឹង​លុប​ចោល​ពន្ធ​លើ​គ្រឿងបន្លាស់​រថយន្ត​ប្រហែល​៧៨% សម្រាប់​ប្រទេស​កូរ៉េ​ខាងត្បូង​។ ផ្ទុយ​ទៅ​វិញ ជប៉ុន​អាច​ទទួល​បានការ​កាត់​បន្ថយពន្ធ​លើ ស្រា និង​គ្រឿង​ស្រវឹង​ផ្សេង​ៗ ពី​កូរ៉េ​ខាងត្បូង ដែល​គេ​រំពឹង​ថា វា​នឹង​អាច​ធ្វើ​ឲ្យ​តម្លៃ​ផលិតផល​ទាំងនេះ នឹង​មាន​កាន់តែ​សមរម្យ​ជាង​តម្លៃ​សព្វ​ថ្ងៃនេះ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក ណែនាំពលរដ្ឋខ្លួនចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសបារាំង និងប្រទេសមួយចំនួនទៀត

ព័ត៌មាន
ក្រោយផ្ទុះជាថ្មីនូវជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាមេរោគបំប្លែងថ្មី អូមីក្រុង ថ្មីនេះៗមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CD…

រាជរដ្ឋាភិបាលថៃ រំពឹងខ្ពស់ថា កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២១នឹងសម្រេចបាន ១,២% ហើយបន្ដកើនដល់ ៤% នៅឆ្នាំ២០២២

ព័ត៌មាន
ប្រទេសថៃ កំពុងមានដំណើរការសេដ្ឋកិច្ចឆ្ពោះទៅរកការសម្រេចបាននូវកំណើន ១,២% នៅឆ្នាំ២០២១នេះ និងទំនងជាអាចនឹងកើនឡើងដល់ ៣,៥% ទៅ៤% នៅឆ្នាំ២០២២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ