របាយការណ៍សំណង់

តម្លៃទុនវិនិយោគវិស័យសំណង់កើនដល់ជិត ៤ពាន់លានដុល្លារ កើនជាង១៣% នៅពាក់កណ្ដាលឆ្នាំ២០២០


នៅរយៈពេល៦ខែដំបូង នៃឆ្នាំ២០២០នេះ តម្លៃទុនវិនិយោគក្នុងវិស័យសំណង់ បានកើនឡើងដល់ជិត ៤ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ក្នុងនោះ ចំនួនគម្រោងដែលត្រូវបានអនុញ្ញាតឲ្យសាងសង់សរុបមានចំនួនជាង ២.៥០០ គម្រោង។ នេះតាមរបាយការណ៍ប្រចាំឆមាសទី ១ នៃឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
អគារខ្ពស់​នៅក្នុង​រាជធានីភ្នំពេញ (រូបភាព៖ ហេង ភារម្យ)
ដោយ

របាយការណ៍​ដដែល បាន​ឲ្យដឹងថា នៅរយៈពេល ៦ខែមកនេះ សំណង់​នៅទូទាំងប្រទេស ដែលត្រូវបាន​អនុញ្ញាត​ឲ្យសាងសង់​​មានចំនួន ២.៥២២ គម្រោង មានផ្ទៃក្រឡាកម្រាល​សំណង់​សរុប​ចំនួន ជាង៨,៦ លាន​ម៉ែត្រ​ការ៉េ​ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគ​ប្រមាណ​ ជាង ៣,៨ ពាន់លាន​ដុល្លារអាមេរិក។ បើធៀបនឹង​ឆមាសទី ១​ឆ្នាំ ២០១៩ មាន​ចំនួន ២.០៤៧ គម្រោង មានផ្ទៃក្រឡា​កម្រាល​សំណង់​សរុប ជាង​៣៧ លាន​ម៉ែត្រ​ការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុន​វិនិយោគជិត ៣,៤ពាន់លាន​ដុល្លារអាមេរិក ពោលគឺកើន​ឡើង​ ១៣,២៦%។

របាយការណ៍ក្រសួងដែនដី បាន​បញ្ជាក់ទៀតថា ចំពោះសំណង់​លំនៅ​ដ្ឋាន​សរុប​​មានចំនួន ២.០៩៧ គម្រោង​​ មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប ចំនួន​ជាង ៤,៥លាន​ម៉ែត្រ​ការ៉េ មានទុនវិនិយោគ​សរុប​ប្រមាណ​ជិត ១,៨ ពាន់លាន​ដុល្លារអាមេរិក។ ក្នុងនោះ សំណង់​បុរីលំនៅដ្ឋាន​ និងបណ្ដុំ​លំនៅដ្ឋាន​លក្ខណៈបុរី​នៅ​ទូទាំងប្រទេស​ គឺមាន ៣៦គម្រោង ស្មើនឹង​ចំនួន​ផ្ទះ ៦.៥៦២​ខ្នង មានផ្ទៃក្រឡា​កម្រាល​សំណង់​សរុបជាង ១,៨​លាន​ម៉ែត្រ​ការ៉េ ដែលមានតម្លៃវិនិយោគប្រមាណជិត ​៦៥០ លាន​ដុល្លារអាមេរិក។

ក្នុងរយៈពេល ឆមាសទី ១ នៃឆ្នាំនេះដែរ គម្រោង​អគារខ្ពស់ៗ​ចាប់ពី៥ជាន់ឡើងទៅ មានចំនួន ២១៦គម្រោង ស្មើនឹង​២៣៤ អគារ។ ​  

ដោយឡែក​ ចំពោះ​ខេត្តព្រះសីហនុ មានគម្រោងខ្ពស់ៗ​ចាប់ពី ៥ជាន់ឡើងទៅ មានប្រមាណ ៦៧ គម្រោង ស្មើនឹង ៦៩អគារ។

តាមការបញ្ជាក់​នៅក្នុងរបាយការណ៍​ប្រចាំឆមាសទី១ នៃឆ្នាំ២០២០នេះ ក៏បាន​ឲ្យដឹងថា ក្រសួង​ដែនដី បាន​ទទួលពាក្យស្នើសុំ​លិខិត​អនុញ្ញាតបើក​ការដ្ឋាន​បាន​ចំនួន ៥៣គម្រោង និងបាន​ផ្ដល់​លិខិត​អនុញ្ញាត​ឲ្យ​បើក​ការដ្ឋាន​សំណង់​ចំនួន ៥៤គម្រោង (គិតចាប់ពីអនុវត្ត​មដល់ខែ​មិថុនា​ឆ្នាំ២០២០ បាន​ផ្ដល់​ចំនួន ១.៩៥៤គម្រោង)។ រីឯ ការទទួលបាន​ពាក្យ​ស្នើសុំ​លិខិត​អនុញ្ញាត​បិទ​ការដ្ឋាន​បាន​ចំនួន ៥៤គម្រោង និង​បានផ្ដល់​លិខិត​អនុញ្ញាត​បិទ​ការដ្ឋាន​សំណង់​បានចំនួន ៣៧គម្រោង (គិតចាប់តាំងពីអនុវត្ត​មកដល់​ខែមិថុនា​ឆ្នាំ២០២០ បានផ្ដល់ចំនួន ៧៦៧គម្រោង) និងបាន​ផ្ដល់​លិខិត​អនុញ្ញាតជួសជុល​ចំនួន ៨គម្រោង​ (គិតចាប់តាំងពីអនុវត្ត​មកដល់ខែ​មិថុនា​ឆ្នាំ២០២០ មានចំនួន ១៩៥ គម្រោង)។

បើតាមរបាយការណ៍ គិតចាប់ពី​ឆ្នាំ២០០០ រហូតដល់មកដល់ខែមិថុនា ឆ្នាំ២០២០នេះ សំណង់​នៅទូទាំង​ប្រទេស​​ដែល​ក្រសួងដែនដី បាន​ចេញលិខិត​អនុញ្ញាត​សាងសង់​មាន​ចំនួន ៥០.៩៦៨ គម្រោង ដែលមាន​ផ្ទៃក្រឡា​កម្រាលសំណង់​​សរុប​ ជាង​១៤៥ លាន​ម៉ែត្រ​ការ៉េ និងតម្លៃទុន​វិនិយោគ​សរុប​ប្រមាណ ៥៧​ពាន់លាន​ដុល្លារអាមេរិក ខណៈដែល​ អគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅវិញ មានដល់ទៅ១.៩៤៥ អគារ។ រីឯ បុរីលំនៅដ្ឋាន និងបណ្ដុំ​លំនៅដ្ឋាន មានលក្ខណៈបុរី​ចាប់ពីឆ្នាំ២០០៣ ដល់ខែមិថុនា​ឆ្នាំ២០២០នេះ គឺមានចំនួន ៣៤៨ គម្រោង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកអត់ការងារធ្វើនៅអាមេរិក កើនដល់ជិតពាក់កណ្ដាលនៃចំនួនប្រជាជនសរុបហើយ!

ព័ត៌មាន
បញ្ហាកូវីដ-១៩ បានកំពុងធ្វើការងារនៅទូទាំងសកលលោកកំពុងជួបនឹងវិបត្តិ ដោយសារតែអាជីវកម្ម ក៏ដូចជាក្រុមហ៊ុនជាច្រើនបានព្យួរប្រតិបត្តិការ ឬបិទទ្…

រដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន ២រូបបានឆ្លងកូវីដ-១៩!

ព័ត៌មាន
រដ្ឋមន្ត្រីរបស់ប្រទេសប៉ាគីស្ថាន ចំនួន ២រូប បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ខណៈប្រទេសក្នុងតំបន់អាស៊ីខាងត្បូងនេះ បានក្លាយជាតំបន់មួយដែលមា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ