ប្រទេសថៃ

ការចំណាយរបស់អ្នកប្រើប្រាស់ក្នុងប្រទេសថៃអំឡុងវើលខាប់ឆ្នាំនេះនឹងកើនឡើង ក្រោយទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់


ប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសថៃ នឹងជំរុញសកម្មភាពទីផ្សាររបស់ខ្លួនកាន់តែខ្លាំងក្នុងអំឡុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ដែលមានរយៈពេលមួយខែ ដើម្បីឱ្យអ្នកប្រើប្រាស់បង្កើនការចំណាយ បន្ទាប់ពីប្រទេសអាស៊ានមួយនេះ ទើបតែទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍ដ៏ធំបំផុតដែលមានរយៈពេល៤ឆ្នាំម្តង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។
ការចំណាយរបស់អ្នកប្រើប្រាស់នៅថៃនឹងកើនឡើងថែមទៀតក្នុងព្រឹត្តិការណ៍វើលខាប់២០២២

លោក Amnaj Singhachan នាយកទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន LG Electronics ប្រចាំប្រទេសថៃ បាននិយាយថា តម្រូវការទូរទស្សន៍ ក្នុងអំឡុងព្រឹត្តិការណ៍វើលខាប់នេះ គឺមិនមានសកម្មភាពផុសផុលដូចការព្យាករឡើយ ដោយសារតែភាពយឺតយ៉ាវ និងមិនទាន់ច្បាស់លាស់ពីកិច្ចព្រមព្រៀងសុំសិទ្ធិផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ក្នុងប្រទេសថៃនាពេលកន្លងមក។

អាជ្ញាធរកីឡារបស់ប្រទេសថៃ ទើបតែសម្រេចបានកិច្ចព្រមព្រៀងជាមួយសហព័ន្ធបាល់ទាត់ពិភពលោក FIFA ក្នុងទឹកប្រាក់ ៣៣លានដុល្លារ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា សម្រាប់សិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតវើលខាប់នេះ ដែលមានចំនួនសរុប ៦៤ប្រកួត។

វាយឺតពេលបន្តិចទៅហើយសម្រាប់អ្នកគាំទ្រក្នុងប្រទេសថៃ ដែលពួកគេទើបតែបានដឹងច្បាស់ថា ពួកគេអាចទស្សនារាល់ការប្រកួតទាំងអស់ដោយឥតគិតថ្លៃ បន្ទាប់ពីភាពមានស្រពិចស្រពិលជុំវិញកិច្ចព្រមព្រៀងខាងលើនេះ។

យ៉ាងណាមិញ លោក Amnaj បញ្ជាក់ថា បើទោះបីជាកិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់ហើយក៏ដោយ ប៉ុន្តែនៅតែមិនទាន់មានភាពប្រាកដថាតើ វានឹងជំរុញដល់ការលក់ទូរទស្សន៍ ឬយ៉ាងណាទេ ដោយសារតែខែវិច្ឆិកា ត្រូវបានចាត់ទុកថាជារដូវកាលទាបសម្រាប់ការលក់ទូរទស្សន៍ ខណៈរដូវកាលវើបខាប់មុនៗ គឺតម្រូវការទូរទស្សន៍បានកើនឡើងពី ៣០ ទៅ ៥០% ឯណោះ។

ចំណែកលោក Viseth Singhsachathet ប្រធានមន្រ្តីអាជីវកម្មរបស់ក្រុមហ៊ុនសម្លៀកបំពាក់ Jaspal Co បាននិយាយថា ក្រុមហ៊ុនបានឃើញនូវឱកាសដ៏ល្អបំផុតក្នុងការអភិវឌ្ឍ និងរីកលូតលាស់នូវវត្តមានអាជីវកម្មរបស់ខ្លួនក្នុងទីផ្សារអន្តរជាតិ នាអំឡុងពេលវើលខាប់នេះ។

គួរដឹងថា Jaspal គឺជាប្រេនតែមួយគត់ក្នុងប្រទេសថៃ ដែលទទួលបានអាជ្ញាបណ្ណក្នុងការរចនាផលិតផល ក្រោមកិច្ចសហការជាមួយ FIFA សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ។

អ្នកវិភាគជាន់ខ្ពស់ម្នាក់នៅក្រុមហ៊ុន Nielsen Thailand លោក Panuwat Kaen-ngern បានិយាយថា កម្មវិធីកីឡាគឺតែងតែមានអត្រាអ្នកទស្សនាខ្ពស់ក្នុងប្រទេសថៃ។

លោកបន្តថា បាល់ទាត់គឺជាកីឡានាំមុខគេក្នុងប្រទេសថៃ ដោយផ្អែកលើចំនួនអ្នកគាំទ្រ និងកម្រិតចាប់អារម្មណ៍។ ក្នុងនោះ ៦២% នៃអ្នកឆ្លើយតបក្នុងការស្ទង់មតិមួយ បានបញ្ជាក់ថា ពួកគេពេញចិត្តកម្មវិធីបាល់ទាត់ និង ៥៦% បាល់ទះ ឯប្រដាល់ មាន ៤១%។

យោងតាមរបាយការណ៍ Nielsen Sports Fan Insight 2022 បានរកឃើញថា ប្រជាជនថៃជិត ៣២លាននាក់ គឺជាអ្នកគាំទ្របាល់ទាត់នៅឆ្នាំនេះ កើនឡើង ៧% ពីឆ្នាំមុន។

វើលខាប់ ជាប់ចំណាត់ថ្នាក់ជាព្រឹត្តិការណ៍កីឡានាំមុខគេ ក្នុងការទស្សនានៅប្រទេសថៃ ដោយយោងតាមអ្នកឆ្លើយតប ៥៩% បន្ទាប់មគឺ e-sports ៥៤%, កីឡាអាស៊ី ៥៤% និងស៊ីហ្គេម ៥៣%។

ការចំណាយរបស់អ្នកប្រើប្រាស់នៅប្រទេសថៃ ក្នុងអំឡុងវើលខាប់២០២២នេះ ត្រូវបានរំពឹងថា នឹងកើនឡើងជាងលើកមុន ដោយសារតែកំណើនសកម្មភាពសេដ្ឋកិច្ច ពោលគឺជាង ៥០០លានដុល្លារឯណោះ កើនឡើង ៣,៧%។ នេះបើតាមការប៉ាន់ស្មានរបស់សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ កាលពីថ្ងៃទី៩វិច្ឆិកាកន្លងទៅ។

ស្ថាប័នមួយនេះ លើកឡើងថា ការផ្សាយបន្តផ្ទាល់វើលខាប់ក្នុងប្រទេសថៃ នឹងជំរុញដល់សេដ្ឋកិច្ច ដោយសារតែមនុស្សនឹងចេញទៅមើលបាល់តាមបណ្តាភោជនីយដ្ឋាន និងបារនានា៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


ក្នុងនាមប្រធានអាស៊ានកម្ពុជារៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកចុងក្រោយនៅសប្ដាហ៍នេះ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានឹងដឹកនាំកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២២។ ហើយនេះ គ…

អនុប្រធានាធិបតីអាមេរិកប្រាប់មេដឹកនាំហ្វីលីពីនថា «អាមេរិកមិនផ្លាស់ប្ដូរគោលជំហរ» ក្នុងការធានាសន្ដិសុខសម្រាប់ហ្វីលីពីនឡើយ

ព័ត៌មាន
អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នៅថ្ងៃចន្ទ ទី ២១ ខែវិច្ឆិកា បានជួបទល់មុខជាមួយប្រធានាធិបតីហ្វីលីពីនលោកម៉ាកូស នៅទីក្រុងម៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ