វិស័យទេសចរណ៍កម្ពុជា

តើវិស័យទេសចរណ៍កម្ពុជា អាចទាញយកឱកាសពីកិច្ចប្រជុំកំពូលអាស៊ាននៅខែក្រោយនេះ ដើម្បីស្ដារ និងជំរុញកំណើនដែរឬទេ?


កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ចាប់ពីថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលអាស៊ាននេះដែរ ត្រូវបានមន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍អះអាងថា វាគឺជាឱកាសដ៏កម្រសម្រាប់កម្ពុជាក្នុងការទាញយកផលប្រយោជន៍ជាច្រើនក្នុងការលើកកម្ពស់កិត្យានុភាពជាតិឲ្យកាន់តែមានភាពល្បីល្បាញថែមទៀតនៅលើឆាកអន្តរជាតិ និងក៏ដូចជាចូលរួមចំណែកជួយផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍របស់កម្ពុជា សម្រាប់ទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាផងដែរ។
តើវិស័យទេសចរណ៍កម្ពុជា អាចទាញយកឱកាសពីកិច្ចប្រជុំកំពូលអាស៊ាននៅខែក្រោយនេះ ដើម្បីស្ដារ និងជំរុញកំណើនដែរឬទេ?
ដោយ

ទោះយ៉ាងណា បើតាមអ្នកជំនាញក្នុងវិស័យទេសចរណ៍វិញ ហាក់មិនសូវរំពឹងខ្ពស់ ពីឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន ក្នុងការជំរុញលើកកម្ពស់វិស័យទេសចរណ៍កម្ពុជានោះទេ ប៉ុន្តែប្រសិនជាកម្ពុជាមានការតភ្ជាប់ជើងហោះហើរត្រង់ផ្ទាល់ជាមួយបណ្តាប្រទេសក្នុងអាស៊ានកាន់តែច្រើននោះ ទើបជាក្តីសង្ឃឹមខ្ពស់ក្នុងការជំរុញកំណើនភ្ញៀវទេសចរមកកម្ពុជា។

ឯកឧត្ត តុប សុភ័ក្រ អ្នកនាំពាក្យនៃក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា តាមរយៈកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆកាខាងមុខនេះ ប្រាកដណាស់ គឺពិតជាបានផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ជាពិសេសគឺបានជួយលើកកម្ពស់ដល់កិត្យានុភាពជាតិឲ្យកាន់តែមានភាពល្បីល្បាញបន្ថែមទៀតនៅលើឆាកអន្តរជាតិ។ លើសពីនេះ ឯកឧត្ត តុប សុភ័ក្រ ក៏បានបញ្ជាក់ដែរថា កិច្ចប្រជុំកំពូលអាស៊ាននេះ វាក៏ជាឱកាសមួយរបស់កម្ពុជាក្នុងការជួយជំរុញដល់វិស័យទេសចរណ៍ តាមរយៈការចូលរួមចំណែកជួយផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍នានារបស់កម្ពុជា ។ បើតាមអ្នកនាំពាក្យរូបនេះ អះអាងថា កម្ពុជាគឺជាគោលដៅទេសចរណ៍មានសុវត្ថិភាពមួយ ដែលអាចផ្តល់នូវភាពងាយស្រួល ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើនទៀតបានផងដែរ។ ដូចនេះហើយ តាមរយៈព្រឹត្តិការណ៍ទាំងនោះ វានឹងអាចបង្ហាញឲ្យឃើញកាន់តែច្បាស់ថែមទៀតថា ប្រទេសកម្ពុជា ជាប្រទេសដែរមានសុខសន្តិភាពពេញលេញ និងជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបានផងដែរ។

ដោយឡែក បើតាម លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិក យល់ឃើញថាតាមរយៈកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ ដែលកម្ពុជាធ្វើជាកម្ចាស់ផ្ទះនេះដែរ សម្រាប់រូបលោក វាហាក់មិនមានអ្វីថ្មីនោះទេ ហើយក៏មិនមានអ្វីដែលអាចជួយជំរុញទាក់ទាញភ្ញៀវទេសចរបាននោះដែរ។ ប៉ុន្តែ លោក ធួន ស៊ីណាន បញ្ជាក់ថាបើសិនជាប្រទេសកម្ពុជាមានការតភ្ជាប់ជើងហោះហើរត្រង់ផ្ទាល់ទៅបណ្តាប្រទេសក្នុងអាស៊ានវិញនោះ ទើបជាកត្តាជំរុញកំណើនទេសចរមកកម្ពុជាបានកាន់តែច្រើន។

លោក ធួន ស៊ីណាន បានបញ្ជាក់បន្ថែមថា ក្នុងកិច្ចសហប្រតិបត្តិការក្របខណ្ឌប្រទេសក្នុងអាស៊ានទាំង១០ នៅតែមានភាពអវិជ្ជមាន បើទោះបីជា ប្រទេសអាស៊ានមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាច្រើនជាមួយគ្នាក្ដី ប៉ុន្តែ កិច្ចសហប្រតិបត្តិការនោះមានចំនួនតិចតួចប៉ុណ្ណោះ ដែលត្រូវបានយកមកអនុវត្តន៍។ ហើយបើសិនជាអាស៊ានចេះសាមគ្គីគ្នា ចេះចែករំលែកគ្នា គោរពគ្នាដោយភាពស្មោះត្រង់ទៅវិញទៅមកនោះ លោកជឿជាក់ថា នៅក្នុងតំបន់អាស៊ានទាំងមូលនឹងមានការរីកចម្រើនខ្លាំងឡើង។ លោក ធួន ស៊ីណានបន្ថែមថា ចំពោះវិស័យទេសចរណ៍ទៀតសោត ក៏មិនចាំបាច់មានប្រទេសមហាអំណាយធំៗណាមកជួយចូលរួមនោះទេ គឺមានតែការចូលរួមពីប្រជាជននៅក្នុងតំបន់អាស៊ានខ្លួនឯងផ្ទាល់ ក៏អាចធ្វើឲ្យវិស័យទេសចរណ៍កម្ពុជាមានការរីកចម្រើនបានដែរ។

សូមបញ្ជាក់ថា តាមការវាយតម្លៃរបស់ក្រសួងទេសចរណ៍កម្ពុជា ចរន្តភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តនៅកម្ពុជា នឹងអាចវិលមករកភាពល្អប្រសើរឡើងវិញនៅត្រឹមឆ្នាំ២០២៥ និងរំពឹងថា កម្ពុជានឹងអាចស្រូបទាញភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជាបានប្រមាណ៧លាន៧សែននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងបានប្រមាណ១៦លាននាក់នៅត្រឹមឆ្នាំ២០២៨។ ការវាយតម្លៃនេះ ដោយផ្អែកលើកំណើនចរន្តភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជា និងការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរផ្ទៃក្នុងមានការកើនឡើងនៅប៉ុន្មានខែកន្លងមកនេះ ជាក់ស្តែងនៅរយៈពេល៩ខែឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១លាន២សែននាក់ និងរំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី១លាន៥សែននាក់ ទៅ២លាននាក់នៅពេញមួយឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងទេសចរណ៍៕




អត្ថបទបន្ទាប់


ចំណូលគយឆ្នាំនេះ រំពឹងនឹងកើនលើសផែនការតិចតួច ខណៈ៩ខែឆ្នាំនេះ ប្រមូលបានជាង ២ពាន់លានដុល្លារ

ព័ត៌មាន
នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបានចំណូលពន្ធអាករសរុប ជាង២ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងជាង ៧៨ភាគរ…

តើសហគមន៍អន្តរជាតិធ្វើការថ្កោលទោសខ្លាំងក្លាកម្រិតណា ក្រោយកូរ៉េខាងជើងបាញ់មីស៊ីលពីលើប្រទេសជប៉ុន?

ព័ត៌មាន
ក្រោយពីកូរ៉េខាងជើងបានបាញ់មីស៊ីលហោះពីលើប្រទេសជប៉ុនជាលើកដំបូងនាដើមសប្ដាហ៍នេះ ប្រទេសកូរ៉េខាងត្បូង និងយោធាអាមេរិកបានធ្វើសមយុទ្ធបាញ់គ្រាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ