ទំហំឥណទានវិស័យធនាគារហិរញ្ញវត្ថុ

ទំហំឥណទានក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុកើនដល់ជិត៤៥ពាន់លានដុល្លារ កើន២៣% នៅត្រីមាសទី៣ឆ្នាំ២០២១


ទំហំឥណទានដែលផ្តល់ដោយធនាគារ និងមីក្រូហិរញ្ញវត្ថុ នាពេលបច្ចុប្បន្ន គឺមានទំហំជិត២ដងនៃទំហំ GDP របស់កម្ពុជាឆ្នាំ២០២០ទៅហើយ។ តួយ៉ាង ទិន្នន័យពីធនាគារជាតិនៃកម្ពុជាបង្ហាញថា គិតត្រឹមត្រីមាសទី៣ឆ្នាំ២០២១ ទំហំឥណទានដែលផ្ដល់ដោយធនាគារ និងមីក្រូហិរញ្ញវត្ថុ សម្រេចបានជិត ៤៥ពាន់លានដុល្លារអាមេរិក កើនឡើង ២៣%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រូបក្រដាសប្រាក់រៀលខ្មែរ

ទោះ​យ៉ាងណា អ្នកជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ចាត់​ទុក​ការ​កើនឡើង​នេះ​ថា គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាពរឹងមាំ​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​កម្ពុជា ទោះបី​មានការ​រំខាន​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​ក៏​ដោយ​។ អ្នកជំនាញ​រំពឹង​ថា តាម​រយៈ​បទ​ពិសោធន៍ និង​ភាព​ធន់​ដែល​គ្រឹះស្ថាន​ធនាគារ និង​មីក្រូ​ហិរញ្ញ​ទទួល​បាន​ក្នុង​អំឡុង​នៃ​វិបត្តិ​កូ​វី​ដ​-១៩ វា​នឹង​ជួយ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​កាន់តែ​មាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​នេះ​។

លោក ផល វ៉ា​ន់​ឌី នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ចាត់​ទុក​ការ​កើនឡើង​ទំហំ​ឥណទាន ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូ​ហិរញ្ញ​វត្ថ​នៅ​កម្ពុជា ក្នុង​អំឡុង​វិបត្តិ​កូ​វី​ដ​-១៩ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​នៅ​តែ​មាន​ភាពរឹងមាំ ទោះបី​មានការ​រំខាន​ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ អ្នកជំនាញ​រូប​នេះ​កត់សម្គាល់​ឃើញ​ថា ភាពរឹងមាំ​នៃ​វិស័យ​ហិរញ្ញវត្ថុ​នេះ​គឺ​បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ជា​បន្តបន្ទាប់ ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​អនុវត្ត ដើម្បី​ជួយ​អតិថិជន ដែល​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩​។ ហើយ​វា​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ ដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​ដាក់​ចេញ​ផង​ដែរ​។

លោក ផល វ៉ា​ន់​ឌី រំពឹង​ថា តាម​រយៈ​បទ​ពិសោធន៍ ដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​ឆ្លងកាត់​ក្នុង​អំឡុង​នៃ​វិបត្តិ​កូ​វី​ដ​-១៩​កន្លង​មក វា​នឹង​ជួយ​ឲ្យ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​កាន់តែ​មាន​ភាព​ធន់ និង​រីក​ចម្រើន​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០២២ ខាង​មុខ​។ លោក​ជឿជាក់​ថា វិស័យ​ហិរញ្ញវត្ថុ​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ផ្សេង​ៗ ជា​ពិសេស​វិស័យសេដ្ឋកិច្ច​។

បើ​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា គិត​ត្រឹម​ត្រីមាស​ទី​៣​ក្នុង​ឆ្នាំ​២០២១ គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​បាន​ផ្តល់​ឥណទាន​សរុប​ប្រមាណ​ជិត ៤៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​២៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ឥណទាន​នេះ គ្របដណ្តប់​លើ​វិស័យ​សំណង់ កម្មន្តសាល កសិកម្ម សេវាកម្ម ការ​ជួញដូរ​ដុំ និង​រាយ និង​អង្គភាព​គ្រួសារ ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាចាប់ផ្ដើមអនុវត្តកូតាថ្មីនាំចេញអង្ករ ៤០ម៉ឺនតោនទៅប្រទេសចិន ក្នុងរយៈពេល១៧ខែ

ព័ត៌មាន
ក្នុងចំណោម ផលិតផលកសិកម្ម ដែលកម្ពុជានាំចេញទៅចិន គេសង្កេតឃើញថា អង្ករជាមុខទំនិញដ៏សំខាន់មួយ ដែលពឹងផ្អែកខ្លាំងលើទីផ្សារចិន ហើយកាលពីខែវិច្ឆ…

ក្រសួងសេដ្ឋកិច្ចផ្អាកជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី ដើម្បីសន្សំថវិកាបន្តប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចផ្អាកជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី និងការដំឡើងប្រាក់បៀវត្សតាមឋានន្តរស័ក្ដិ និងថ្នាក់របស់មន្ត្រីសម្រាប់ឆ្នាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ