របរចិញ្ចឹមក្រពើ

ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ លោក កាំង សារិន ៖ ក្រពើគ្មានហាងឆេង ៤ឆ្នាំជាប់ៗគ្នា ខ្ញុំខាតជាង១០ម៉ឺនដុល្លារហើយ!


តម្លៃកូនក្រពើចុះថោកខ្លាំងនៅឆ្នាំនេះ ដែលបណ្តាលម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើខ្នាតតូចមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាបបានបិទទ្វារជាបន្តបន្ទាប់។ នៅពេលដែលតម្លៃកូនក្រពើមួយក្បាលថ្លៃនៅសល់តែ ២,៥ដុល្លារ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើចាស់វស្សាម្នាក់បានអះអាងថា ជាតម្លៃទាបបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ដែលគាត់បានចិញ្ចឹមជាង៣ទស្សវត្សមកនេះ ហើយ៤ឆ្នាំមកនេះ គាត់ក៏បានរងការខាតបង់អស់ប្រមាណ១០ម៉ឺនដុល្លារហើយដែរ។
អ្នក​ចិញ្ចឹម​ក្រពើ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​សម្រាប់​ការ​លក់កូន​ក្រពើ។
ដោយ

បើគិតមកទល់នឹងពេល គឺមានរយៈពេលជិត​១ឆ្នាំ ដែលក្រុមការងារ​ខេមបូណូមីស ធ្លាប់បាន​ចុះទៅ​កសិដ្ឋាន​ចិញ្ចឹមក្រពើ Cambo Crocodile Farm ដែល​​ជា​​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​​ដ៏​ធំ​និង​មាន​អាយុ​កាល​យូរ​ជាង​គេ​បង្អស់ នៅ​សង្កាត់​ព្រែក​កំពឹស ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ។ មកដល់ពេលនេះ កសិដ្ឋាន​មាន​ចិញ្ចឹមក្រពើ ប្រមាណជា ៥ពាន់ក្បាល រាប់ចាប់តាំង​ពីក្រពើ​ទើបញាស់ រហូតដល់​ក្រពើធំ។

កាលពីឆ្នាំមុន លោក កាំង សារិន ម្ចាស់​កសិដ្ឋាន Cambo Crocodile Farm បានត្អូញត្អែរ​ពីការចុះថ្លៃ​នៃតម្លៃ​កូនក្រពើ និងបានលើក​ឡើងថា លោកបានលក់​ដីជាបណ្តើរៗ ហើយដើម្បី​ទិញចំណី​ឲ្យក្រពើ​ស៊ីវិញ។ នៅឆ្នាំនេះ ស្ថានភាព​តម្លៃកូនក្រពើ កាន់តែ​យ៉ាប់យឺន​ខ្លាំងជាង​ឆ្នាំមុនទៀត ព្រោះថា ឆ្នាំនេះតម្លៃ​កូនចុះ​នៅសល់តែ ២,៥ដុល្លារ ទៅ៣ដុល្លារ​តែប៉ុណ្ណោះ ខណៈដែលឆ្នាំ​មុន​តម្លៃកូន​ក្រពើ​មួយក្បាល​តម្លៃ ៥ដុល្លារ។

ស្ថានភាពទីផ្សារនេះ ត្រូវបានលោក កាំង សារិន អះអាងថា លោកមិន​ទាន់លក់ចេញ​ទេនៅអំឡុង​ពេលនេះ ព្រោះ បានតម្លៃ​ទាបពេក។ លោកបន្ថែមថា «ឆ្នាំនេះថៃអត់ទិញ​កូនក្រពើ វៀតណាម​សង្កត់​តម្លៃជាប់ នាំឲ្យ​កូនក្រពើ​តម្លៃទាប​បំផុត​មិនធ្លាប់​មាន​ក្នុងប្រវត្តិសាស្រ្ត»។ លោកបាន​បន្តថា «នៅខេត្តសៀមរាប មានកសិដ្ឋាន​ខ្លះបាន​បិទទ្វារទៅហើយ ដោយសារតែ​មានមុខរបរ​ចិញ្ចឹម​ក្រពើ​តែមួយមុខ ហើយខ្លះទៀត​ទើបតែ​ចិញ្ចឹមថ្មីថ្មោង បានប្រមែប្រមូល​ក្រពើលក់​អស់ហើយ លក់ក៏​លក់ដែរ ព្រោះទ្រាំទ្រ​ទៀត​លែងបាន»។

លោកបានបន្ថែមថា« ដោយសារតែ​ក្រពើ​គ្មានហាង​ឆេងសោះ នៅក្នុងរយៈពេល​៤ឆ្នាំជាប់គ្នានេះ បានធ្វើឲ្យ​លោកខាត​អស់ជាង១០ម៉ឺនដុល្លារហើយ តែមួយរយៈនេះ ខ្ញុំឈរបាន​ដោយសារ​មានដី​លក់ខ្លះមក​ឲ្យក្រពើស៊ី ព្រោះដីនេះ​ខ្ញុំទិញ​បានដោយ​សារលក់​ក្រពើ ឥឡូវលក់ដី​ឲ្យក្រពើ​ស៊ីវិញហើយ»។

លោក កាំង សារិន ម្ចាស់កសិដ្ឋាន​ចិញ្ចឹម​ក្រពើ Cambo Crocodile Farm ដែលបាន​ចិញ្ចឹមក្រពើ​​តាំង​ពី​ឆ្នាំ​១៩៨៩​មក​ម្ល៉េះ។ រូបភាព៖ ហេង ភារម្យ

បើទោះជា មុខរបរ​ចិញ្ចឹមក្រពើ ធ្វើឲ្យខាតថវិកា​ច្រើន​ក្នុង​រយៈពេល៤ឆ្នាំ ជាប់ៗគ្នានេះមែន តែម្ចាស់ Cambo Crocodile Farm វ័យ៦០ឆ្នាំ​ផ្លាយរូបនេះ មិនធ្លាប់​គិតចង់​បោះបង់​របរនេះ​ចោលនោះទេ គឺនៅតែតស៊ូ ក្រាញននៀល​បន្តទៀត ព្រោះលោកយល់ថា គាត់មាន​បានដល់​សព្វថ្ងៃនេះ​ក៏ដោយសារ​ការចិញ្ចឹម​ក្រពើនេះដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន NPC ដែលលក់នំភីហ្សា Pizza Hut និងប៊ើហ្គ័រ Wendy's ដ៏ល្បីនៅអាមេរិក ប្រកាសក្ស័យធនមួយទៀតហើយ

ព័ត៌មាន
ក្រុមហ៊ុនដ៏ធំមួយរបស់អាមេរិក ដែល​ជាប្រតិបត្តិករ​នៃ​​ភោជនីយដ្ឋានលក់ប៊ើហ្គ័រ ប្រ៊ែន Wendy ជិត ៤០០កន្លែង និងនំ​ភីហ្សា ប្រ៊ែន Pizza Hut ១២…

ទឹកប្រាក់ ៣៦​លាន​រៀល ត្រូវ​បាន​ផ្តល់​ជូន​អតិថិជន​របស់​ធនាគារ ស្ថាបនា និង វីង

ព័ត៌មាន
ត្រឹមតែ៧សប្តាហ៏សោះធនាគារ ស្ថាបនា និងធនាគារឯកទេសវីងបានផ្តល់ទឹកប្រាក់ចំនួន៣៦លានរៀលដល់អតិថិជនមានសំណាងដែលបានបង់ប្រាក់កម្ចីធនាគារ ស្ថាបនា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ