ប្រេងធ្លាក់ថ្លៃដោយសារអូមីក្រុង

តម្លៃប្រេងឆៅធ្លាក់ចុះវិញភ្លាមៗ ក្រោយកំណើនករណីឆ្លងកូវីដ១៩អូមីក្រុង នៅអឺរ៉ុប និងនៅអាមេរិកហក់ឡើងខ្លាំង


តម្លៃប្រេងឆៅពិភពលោក នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានរអិលធ្លាក់ចុះវិញភ្លាមៗ ដោយសារតែមើលឃើញពីកំណើនករណីឆ្លងកូវីដ១៩ ពិសេសកូវីដ១៩បំប្លែងខ្លួន អូមីក្រុង ដែលកំពុងលុកលុយក្នុងប្រទេសជាច្រើននៅតំបន់អឺរ៉ុប និងនៅសហរដ្ឋអាមេរិកផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ប្រេងធ្លាក់ថ្លៃដោយសារអូមីក្រុង
ដោយ

តម្លៃ​ប្រេង​ឆៅ​សកល បាន​ធ្លាក់​ចុះ​អស់ ២%​ទៀត នៅ​ថ្ងៃ​ច័ន្ទ​នេះ ក្រោយ​អ្នក​វិនិយោគ​បារម្ភ​ពី​ការ​រឹតត្បិត​ថ្មី​ៗ​លើ​សកម្មភាព​សេដ្ឋកិច្ច ធុរកិច្ច និង​ការ​ធ្វើ​ដំណើរ ដែល​បាន​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប ចំពោះ​មុខការ​រីក​រាលដាល​ឆ្លង​កូ​វី​ដ​១៩​អូ​មី​ក្រុង​។

ជាក់ស្តែង តម្លៃ​ប្រេង​អង់គ្លេស នៅ​ថ្ងៃ​ច័ន្ទ​នេះ មាន​តម្លៃ ៧២​ដុល្លារ​១៦​សេន ក្នុង​មួយ​ធុង​បារ៉ែល ធ្លាក់​ថ្លៃ​អស់​ជាង​១​ដុល្លារ​៣០​សេន ស្មើនឹង​ជិត​២%​។ រីឯ​ប្រេង​ឆៅ​របស់​អា​មេ​រិ​ក​វិញ មាន​តម្លៃ​ត្រឹម ៦៩​ដុល្លារ ៣៥​សេន​ប៉ុណ្ណោះ​ក្នុង​មួយ​ធុង​បារ៉ែល ធ្លាក់​ចុះ​ជាង ១​ដុល្លារ​៥០​សេន ស្មើនឹង ២,១%​។

លោក ខេ​វិ​ន វ៉ុ​ង (Keven Wong) អ្នកវិភាគ​ផ្នែក​ទីផ្សារ​មក​ពី​ចក្រភព​អង់គ្លេស បាន​ឲ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​ឆៅ​នៅ​ដើម​ស​ប្តា​ហ៍​នេះ ដោយសារ​តែ ក្តី​បារម្ភ​ពី​ការ​ដាក់​ចេញ​នូវ​វិធានការ​រឹតត្បិត​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម ដើម្បី​ទប់ទល់​នឹង​កំណើន​កូ​វី​ដ​១៩​អូ​មី​ក្រុង​។ ការ​កម្រិត​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម នឹង​ឈាន​ទៅ​ធ្វើ​ឲ្យ​តម្រូវការ​ប្រើប្រាស់​ប្រេង​ថយ​ចុះ​។ 

ជាក់ស្តែង ប្រទេស​ហូ​ឡង់​កាលពី​ស​ប្តា​ហ៍​មុន បាន​ប្រកាស​ពី​ការ​បិទ​ខ្ទប់​ប្រទេស​ចាប់ពី​ថ្ងៃអាទិត្យ​ទី​១៩ រហូត​ដល់​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០២២​។ ការ​សម្រេច​នេះ​ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​ហូ​ឡង់ ពន្យល់​ថា គឺ​ដើម្បី​បញ្ជៀ​សរលក​ឆ្លង​ទី​៥ ដោយ​អូ​មី​ក្រុង​ដែល​ឆ្លង​លឿន និង​ឆ្លង​ខ្លាំង​។

ដោយឡែក សហរដ្ឋអាមេរិក​មិន​បាន​បិទ​ខ្ទប់​ប្រទេស ឬ​ដាក់​ចេញ​វិធានការ​អ្វី​ឡើយ ទោះបី​ករណី​ឆ្លង​ថ្មី​កំពុង​កើនឡើង​ដល់​ទៅ ៥០%​ក្តី ដោយ​អ្នកជំនាញ​គ្រាន់តែ​ចេញ​មក​ក្រើនរំឭក​ឲ្យ​ពលរដ្ឋ ពាក់​ម៉ាស់​ក្នុង​ទី​សារ​ធារ​ណៈ និង​នៅ​ពេល​ធ្វើ​ដំណើរ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ខាង​មុខ ព្រមទាំង​បាន​ជំរុញ​ឲ្យ​គេ​ទៅ​ទទួលយក​ថ្នាំ​វ៉ាក់សាំង​ដូ​ស​ជំរុញ​តែ​ប៉ុណ្ណោះ ។

សូម​ជម្រាប​ថា តម្លៃ​ប្រេង​ឆៅ​សកល​ត្រូវ​បាន​អ្នកជំនាញ ប៉ាន់​ស្មានថា នឹង​បន្ត​ធ្លាក់​ថ្លៃ​បន្ថែម​ទៀត ប្រសិនបើ​ប្រទេស​កាន់តែ​ច្រើន ផ្តើម​ដាក់​ចេញ​វិធានការ​រឹតត្បិត ឬ​ឈាន​ដល់​ការ​បិទ​ខ្ទប់​ប្រទេស ដែល​ធ្វើ​ឲ្យ​តម្រូវការ​ប្រេង​មាន​តិច​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញថា ជំងឺកូវីដ១៩ អាចក្លាយជាជំងឺឆ្លងធម្មតានៅត្រឹមឆ្នាំ ២០២៤

ព័ត៌មាន
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pfizer របស់អាមេរិកបានប្រកាសក្តែងៗ ថា ជំងឺកូវីដ១៩ នឹងក្លាយជាជំងឺឆ្លងធម្មតា ដូចទៅនឹងជំងឺផ្ដាសាយដែរ នៅត្រឹមដើ…

ប្រទេសឡាវជួបគ្រោះរញ្ជួយដី ២ដងផ្ទួនៗគ្នា ក្នុងកម្រិត ៥,៨ រ៉ិចទ័រ

ព័ត៌មាន
មជ្ឈមណ្ឌលទិន្នន័យគ្រោះរញ្ជួយដីជាតិឡាវបានប្រកាសថាប្រទេសឡាវក្បែរខាងកម្ពុជាយើង បានជួបនឹងគ្រោះធម្មជាតិរញ្ជួយដីពីរលើកជាប់គ្នា នៅម៉ោង ៤ព្រឹក ថ្ងៃ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ