ផ្សារមូលបត្រ​កម្ពុជា

ផ្សារមូលបត្រកម្ពុជា បន្ដជំរុញលើកទឹកចិត្តឲ្យសហគ្រាសខ្នាតតូច និងមធ្យមមានសក្ដានុពលចូលមកចុះបញ្ជី


ឯកឧត្តម ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា រំពឹងថា ក្រៅតែពីក្រុមហ៊ុនធំៗដែលមកចុះបញ្ជីផ្សារបោះផ្សាយលក់ភាគហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជា លោករំពឹងថា នឹងមានសហគ្រាសធុនតូច និងមធ្យមកាន់តែច្រើន នឹងមើលឃើញពីឱកាសស្វែងរកប្រភពទុនពីផ្សារមូលបត្រកម្ពុជា ពិសេសក្នុងអំឡុងពេលកូវីដ-១៩ ដ្បិតថាបើទោះបីជា ក្នុងកាលៈទេសៈមេរោគរាតត្បាតយ៉ាងនេះក្ដី ប៉ុន្ដែ សកម្មភាពជួញដូរនៅក្នុងផ្សារ​មូលបត្រកម្ពុជា​នៅតែមានសម្ទុះខ្លាំង។
ផ្សារមូលបត្រកម្ពុជា រូបភាព៖ ខេមបូណូមីស

ការអះអាង​របស់​ថ្នាក់ដឹកនាំ​ផ្សារមូលបត្រ​កម្ពុជា យ៉ាងដូច្នេះ គឺបន្ទាប់ពី​ថ្មីៗនេះ ទើបតែមានក្រុមហ៊ុន​ក្នុងវិស័យ​ SME ថ្មីមួយ​ទើបទទួលបាន​ភ្លើងខៀវ​ពី​និយ័តករមូលបត្រ​កម្ពុជា និងរំពឹងថា ក្រុមហ៊ុននេះ នឹងចូល​គោះជួង​បោះផ្សាយលក់ភាគហ៊ុន​របស់ខ្លួន​នៅខែក្រោយនេះ។

អគ្គនាយកក្រុមហ៊ុន​​ផ្សារមូលបត្រ​កម្ពុជា ឯកឧត្តម ហុង សុហួរ បាន​​លើកឡើងថា ផ្សារមូលបត្រ​កម្ពុជា មិនត្រឹមតែជាច្រក​សម្រាប់​ក្រុមហ៊ុនធំៗ​អាច​ប្រមូលប្រភព​ទុន​ពីទីផ្សារបាន​ប៉ុណ្ណោះទេ ប៉ុន្ដែ ក៏ជាកន្លែងមួយសម្រាប់​ក្រុមហ៊ុន​ខ្នាតតូច និងមធ្យម​ដែលមានសក្ដានុពល​គួរតែ​សម្លឹងមើល ដើម្បីធ្វើពិពិធកម្ម​ប្រភពទុន​របស់ខ្លួនបន្ថែម សម្រាប់ការ​ពង្រឹង និងពង្រីកអាជីវកម្ម​ស្របទៅតាម​បរិបទនាពេលបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា ថ្មីនេះ ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ដែលជាក្រុមហ៊ុន​ពហុមុខងារ​ក្នុងវិស័យ​វិស្វកម្ម និងសំណង់ ទើបតែបាន​ទទួលបានភ្លើងខៀវពី​និយ័តករ​មូលបត្រ​កម្ពុជា និងបាន​រៀបចំ​កម្មវិធីរ៉ូដសូរបស់ខ្លួនថ្មីៗនេះ មុនឈាន​ទៅគោះជួងបោះផ្សាយលក់ភាគហ៊ុន​​នៅក្នុង​ផ្សារមូលបត្រ​​កម្ពុជា​​នៅខែក្រោយ។ ក្រុមហ៊ុន​មួយនេះ ក៏ជា​ក្រុមហ៊ុន​មួយដំបូងគេ ក្នុងវិស័យសហគ្រាសខ្នាតតូច និងមធ្យម ដែល​នឹងបោះផ្សាយលក់ភាគហ៊ុន​​ក្នុងផ្សារមូលបត្រ​កម្ពុជាផងដែរ ដោយរំពឹងថា នឹង​ប្រមូលបាន​ដើមទុន​ជិត​៤លាន​ដុល្លារអាមេរិក​ពីទីផ្សារ។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រ​កម្ពុជា បានលើកឡើងថា វត្តមាន​របស់​ក្រុមហ៊ុន ឌីប៊ីឌី អ៊ិនជីនារីងនេះ នឹងក្លាយជាគំរូមួយ សម្រាប់​ក្រុមហ៊ុន​​ក្នុងវិស័យ​សហគ្រាសខ្នាតតូច និងមធ្យម​ដទៃទៀត អាចមើលឃើញពី​ឱកាស​ស្វែងរក​ប្រភពទុន​ពីផ្សារមូលបត្រ​កម្ពុជា។

សូមបញ្ជាក់ថា បច្ចុប្បន្ន ផ្សារមូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះបញ្ជី​សរុប​ចំនួន ១៣ ក្រុមហ៊ុន ក្នុងនោះ មាន​៧ក្រុមហ៊ុន​​​ចុះបញ្ជីលក់​ភាគហ៊ុន និង៦ក្រុមហ៊ុន​ទៀតចុះបញ្ជីលក់​សញ្ញាបណ្ណ ឬបណ្ណបំណុល។ ក្រុមហ៊ុន​ទាំងអស់នេះ ប្រមូលទុនពីទីផ្សារមូលបត្រ​សរុប​​ជាង ​២៥៣លាន​ដុល្លារអាមេរិក។

បើតាម​ការអះអាង​របស់​ឯកឧត្តម ហុង សុហួរ បើទោះបីជា​មួយរយៈមកនេះ មានការផ្ទុះរាលដាល​កូវីដ-១៩​ខ្លាំងយ៉ាងណាក្ដី ប៉ុន្ដែ សកម្មភាពជួញដូរលើ​ទីផ្សារភាគហ៊ុន​នៅតែកំណើន​​គួរឲ្យកត់សម្គាល់។ ជាក់ស្ដែង នៅត្រឹមឆមាសទី១ ឆ្នាំ២០២០១ បរិមាណជួញដូរជាមធ្យមបានកើនឡើងដល់ ១១ម៉ឺនភាគហ៊ុនក្នុងមួយថ្ងៃ កើនជាង ​១៣៥% ធៀបកាលពីឆ្នាំ២០២០។ ជាមួយគ្នានេះ ទំហំជួញដូរភាគហ៊ុន ជាមធ្យម​ កើនឡើងប្រមាណ៧០%។ តាមការរំពឹងទុក​របស់​ឯកឧត្តម ហុង សុហួរ នៅ​ឆ្នាំ​២០២១ ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​នឹងទទួលបាន​ក្រុមហ៊ុន​​ចុះបញ្ជីលក់​ភាគហ៊ុន​ចំនួន ៤ ទៅ៥ក្រុមហ៊ុន និងក្រុមហ៊ុន​ចុះបញ្ជីជាសញ្ញាបណ្ណ ប្រមាណ ២ ទៅ៣ក្រុមហ៊ុន​បន្ថែមទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញសេដ្ឋកិច្ច៖ គោលដៅកំណើន​សេដ្ឋកិច្ចកម្ពុជាកំពុងរង្គោះរង្គើ ក្រោយចំណូលពន្ធដារ និងពន្ធគយធ្លាក់ចុះ

ព័ត៌មាន
នៅឆមាសទី១ ឆ្នាំ២០២១ ការប្រមូលចំណូលរបស់ស្ថានប័នរដ្ឋសំខាន់ៗចំនួនពីរ គឺអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សុទ្ធតែបានបង្ហាញព…

វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនបារាំង«Sanofi» នឹងត្រូវភ្នាក់ងារឱសថអឺរ៉ុបចាប់ផ្តើមត្រួតពិនិត្យប្រសិទ្ធភាពលើទិន្នន័យជាក់ស្តែង

ព័ត៌មាន
ទីភ្នាក់ងារឱសថអឺរ៉ុបនៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសថា ខ្លួននឹងចាប់ផ្តើមនិតិវិធីក្នុងការត្រួតពិនិត្យលើទិន្នន័យជាក់ស្តែង នៃប្រសិទ្ធភាពរបស់វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ