ទីផ្សារមូលបត្រ​កម្ពុជា

ភ្នាក់ងារទូទាត់សាច់ប្រាក់ក្នុងផ្សារមូលបត្រកើនឡើងដល់ ៤ ក្រុមហ៊ុន


ស្របពេលដែលវិស័យមូលបត្រកម្ពុជាបង្ហាញពីសន្ទុះកើនឡើង ដោយមានក្រុមហ៊ុនចុះបញ្ជីបោះផ្សាយមូលបត្រកាន់តែច្រើន និងសកម្មភាពជួញដូរកាន់តែមមាញឹកនោះ គេសង្កេតឃើញថា ក្រុមហ៊ុនភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ សម្រាប់បំរើដល់វិស័យនេះ ក៏មានការកើនឡើងដែរ ពោលគឺបានកើនឡើងដល់ ៤ក្រុមហ៊ុនហើយ។ នេះបើតាមការអះអាងរបស់ មន្ត្រីជាន់ខ្ពស់នៃគណៈកម្មការមូលបត្រកម្ពុជា។
ទីផ្សារភាគហ៊ុនកម្ពុជា រំពឹងថា នឹងរក្សាសញ្ញាវិជ្ជមានក្នុងឆ្នាំ ២០២០

ឯកឧត្តម ស៊ូ សុ​ជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​លើក​ឡើង​ថា ភ្នាក់ងារ​ដែល​អាច​ផ្ដល់​សេវា​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូល​ប​ត្រ​នេះ​បាន ត្រូវ​តែ​ជា​ធនាគារ ហើយ​បច្ចុប្បន្ន​នេះ មាន​ធនាគារ​ចំនួន ៤​ហើយ ទទួល​បានការ​អនុញ្ញាត​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ដើម្បី​ធ្វើការ​ទូទាត់​សាច់ប្រាក់​ក្នុង​ការ​ជួញដូរ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។

ធនាគារ​ទាំង​៤ ដែល​បាន​បង្កើត​ក្រុមហ៊ុន​ជា​បុត្រ​សម្ព័ន្ធ ជា​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​នេះ រួម​មាន ធនាគារ​កា​ណា​ឌី​យ៉ា​, អេ​ស៊ី​លី​ដា​, BIDC និង​ធនាគារ​កម្ពុជា​សាធារណៈ​។

បើ​តាម​ការ​គូសបញ្ជាក់ របស់​ឯកឧត្តម ស៊ូ សុ​ជាតិ ក្រៅពី​ធនាគារ​ទាំង​៤​ខាងលើ​នេះ ក៏​មាន​ធនាគារ​មួយ​ចំនួន​ទៀត កំពុង​ចាប់អារម្មណ៍​ក្នុង​ការ​ចុះ​ឈ្មោះ​ធ្វើ​ជា​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​នេះ​ផង​ដែរ​។ តួយ៉ាង ធនាគារ ABA នា​ពេល​ថ្មី​ៗ​នេះ ក៏​បាន​ទាក់ទង​មក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ធ្វើ​ជា​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ក្នុង​ផ្សា​រមូល​ប​ត្រ​នេះ​ផង​ដែរ​។

ឯកឧត្តម ស៊ូ សុ​ជាតិ បាន​គូសបញ្ជាក់​ទៀត​ថា វិស័យ​មូល​ប​ត្រ​កម្ពុជា​មានការ​រីក​ចម្រើន​មក​ទល់​សព្វ​ថ្ងៃនេះ គឺ​មានការ​ចូលរួម​គាំទ្រ​យ៉ាង​សំខាន់​នៃ​វិស័យ​ធនាគារ ពោល​គឺ ពេល​ណា​វិស័យ​ធនាគារ​រឹង​មាំ នោះ​វិស័យ​មូល​ប​ត្រ​ក៏​រឹង​មាំ​ដែរ​។

លោក ដា​តុ ផា​ន យិ​ង​ថុ​ង ប្រធាន​ធនាគារ​ប្រចាំ​តំបន់​ប្រតិបត្តិការ​ឥណ្ឌូចិន នៃ​ធនាគារ​កម្ពុជា​សាធារណៈ ដែល​ទើបតែ​ទទួល​បានការ​ទទួលស្គាល់​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ជា​ធនាគារ​ទី​៤ ក្នុង​នាម​ជា​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​លើក​ឡើង​ដែរ​ថា ការ​ចូលរួម​ក្នុង​សេវា​ទូទាត់​សាច់ប្រាក់​ក្នុង​ផ្សា​រមូល​ប​ត្រ​នេះ គឺជា​ការ​រួមចំណែក​វិជ្ជមាន ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​ឱកាស​ដល់​អ្នក​វិនិយោគ អាច​ទិញ​លក់​ភាគហ៊ុន ឬ​សញ្ញា​បណ្ណ ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​។

លោក ដា​តុ ផា​ន យិ​ង​ថុ​ង មាន​ប្រសាសន៍​ថា «​ខ្ញុំ​គិត​ថា យើង​អាច​ចូលរួម​ចំណែក​ជា​វិជ្ជមាន នៅ​ក្នុង​ទីផ្សារ​! ធនាគារ​កម្ពុ មាន​វត្ត​មាននៅ​កម្ពុជា​មក​ទល់​ពេល​នេះ អស់​រយៈពេល ២៨ ឆ្នាំ​ហើយ ហើយ​យើង​ក៏​មាន​អតិថិជន​ច្រើន​ណាស់​ដែរ ប្រហែល​ជាង ១​សែន​នាក់​។ អតិថិជន​របស់​យើង​ភាគច្រើន គឺជា​អ្នកមាន​បណ្ដាញ​ទំនាក់ទំនង​ច្រើន​។ ដូច្នេះ ខ្ញុំ​យល់​ថា វា​ជា​ឱកាសល្អ​សម្រាប់​យើង ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​ពួក​គាត់ ជាមួយនឹង​ផ្សា​រមូល​ប​ត្រ​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គាត់​អាច​វិនិយោគ មិនមែន​សម្រាប់​តែ​ដាក់​លុយ​នៅ​ជាមួយ​ធនាគារ ដើម្បី​បានការ​ប្រាក់​នោះ​ទេ តែ​ពួក​គាត់​ក៏​មានឱកាស​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​មានការ​កើនឡើង តាម​រយៈ​ការ​ទិញ​ភាគហ៊ុន ឬ​សញ្ញា​បណ្ណ ពី​ក្រុមហ៊ុន​ក្នុងស្រុក​។ »

សូម​បញ្ជាក់​ថា ទិន្នន័យ​ដែល​បាន​បង្ហាញ​ដោយ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ ២០១៩ ផ្សា​រមូល​ប​ត្រ​កម្ពុជា សម្រេច​បាន​នូវ ភាព​រីក​ចម្រើន​ខ្លាំង គួរ​ឲ្យ​កត់សម្គាល់ ទាំង​សកម្មភាព​ជួញដូរ​មាន​កាន់តែ​ច្រើន ចំនួន​វិនិយោគិន ក៏​បន្ត​កើនឡើង​ដល់​ជាង ២​ម៉ឺន ២​ពាន់​នាក់ ជា​ពិសេស​គឺ បាន​បំបែក​កំណត់​ត្រា​ធំ​ៗ​ជាង​ច្រើន ដូច​ជា ទំហំ​មូលធន​ទីផ្សារ ឬ​ហៅ​ថា មូលធនូបនីយកម្ម​ទីផ្សារ កើនឡើង​ជាង ៥៨​ភាគរយ ពី​ប្រមាណ ៤៤០​លាន​ដុល្លារ ដល់​ជាង ៧០០​លាន​ដុល្លារ​អា​មេ​រិ​ក​។ បន្ថែម​ពី​នេះ ទំហំ​នៃ​ការ​ជួញដូរ​គិត​ជា​មធ្យម​ក្នុង​ឆ្នាំ ២០១៩ មាន​តម្លៃ​ទឹកប្រាក់​រហូត ១៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ថ្ងៃ ធៀប​នឹង​ឆ្នាំ​២០១៨ ទំហំ​ទឹកប្រាក់​នៃ​ការ​ជួញដូរ​ក្នុង​មួយ​ថ្ងៃ​បាន​ត្រឹម​ប្រមាណ ២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិនិយោគិនជប៉ុន នឹងបន្តពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាម

ព័ត៌មាន
បើទោះបីជា ការស្វែងរកប្រាក់ចំណេញពីការវិនិយោគនៅក្នុងប្រទេសវៀតណាម មានសភាពតានតឹងយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនវិនិយោគិនជប៉ុនប្រមាណ ៦៤% នៅតែបន្…

វៀតណាមជិតសម្រេចមហិច្ឆតា FTA ជាមួយអឺរ៉ុប ខណៈកម្ពុជាកំពុងស្រពិចស្រពិលនឹង​រឿង ព្យួរ ឬមិនព្យួរ EBA ?

ព័ត៌មាន
ស្របពេលដែលប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់នៃការព្យួរ ឬមិនព្យួរ EBA ដោយសហភាពអឺរ៉ុបនោះ ប្រទេសវៀតណាមឯណោះវិញ កំពុងតែរី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ