អត្ថបទក្រុមហ៊ុន

ការបង្ហាញ​ពីភាព​ជោគជ័យ​មួយ​ទៀត​នៃ​កម្មវិធី​បណ្តុះបណ្តាល​របស់​សហគ្រិន​ខ្មែរ តាមរយៈ​ធុរកិច្ច​ថ្មី ឌីឡៃថ៏ថេក សហគ្រិន​ដែល​បញ្ចប់​ការសិក្សា​ពីកម្មវិធី​ អង្គរ500 ទទួល​បាន​ការវិនិយោគពី​ក្រុមហ៊ុន អាយជីគ្រុប


សហគ្រិនដែលបានបញ្ចប់វគ្គសិក្សាក្នុងកម្មវិធី សហគ្រិនខ្មែរ, លោក ឡាយ វីឡា នាយកប្រតិបត្តិក្រុមហ៊ុន ឌីឡៃថ៏ថេក ទទួលបានការវិនិយោគពីក្រុមហ៊ុន អាយជីគ្រុប។ ពិធីចុះហត្ថលេខាវិនិយោគវាងក្រុមហ៊ុន អាយជីគ្រុប និង ឌីឡៃថ៏ថេក ធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំសហគ្រិនខ្មែរ ក្នុងឱកាសអបអរសាទរការចុះហត្ថលេខាលើភាពជាដៃគូរវាង អាយជីគ្រុប និង ឌីឡៃថ៏ថេក។ ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធឡើងដោយមានវត្តមានភ្ញៀវកិត្តិយសតំណាងវិស័យសាធារណៈ និង ឯកជនដែលក្នុងនោះមានតំណាងពី DQD ផងដែរ។
ការបង្ហាញពីភាពជោគជ័យមួយទៀតនៃកម្មវិធីបណ្តុះបណ្តាលរបស់សហគ្រិនខ្មែរ

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរបានមានប្រសាសន៍ថា៖ “សហគ្រិនខ្មែរ មានសេចក្តីសោមនស្សរីករាយដែលមានសហគ្រិនបញ្ចប់វគ្គសិក្សាពីកម្មវិធី ដែលបានរៀបចំដោយ សហគ្រិនខ្មែរទទួលបានការវិនិយោគ ហើយនេះជាការវិនិយោគលើកទីពីរក្នុងដើមឆ្នាំ 2022។  សហគ្រិនខ្មែរ ក៏សង្ឃឹមថាសហគ្រិនរបស់យើងជាច្រើនទៀតនឹងមានលទ្ធភាពចាប់យកឱកាសវិនិយោគ មកអភិវឌ្ឍគំរូអាជីវកម្ម បង្កើតជាផលិតផល ឬ សេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ភាព ប្រកួតប្រជែងក្នុងប្រទេស ដើម្បីទាញយកការវិនិយោគក្នុងស្រុក និង ក្រៅស្រុកបន្ថែម។”​

លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាយជីគ្រុប បានមានប្រសាសន៍ថា៖ “ការវិនិយោគរបស់ អាយជីគ្រុប ទៅក្នុងការអភិវឌ្ឍសហគមន៍បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុគឺជាឆ្អឹងខ្នងរបស់ក្រុមហ៊ុនទាំងមូល។ អស់រយៈពេលមួយទសវត្សមកទល់នឹងពេលនេះ​ អាយជី​គ្រុប បាននិង​កំពុងគាំទ្រដល់វិស័យធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ​ជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅទូទាំងតំបន់មេគង្គតាមរយៈការផ្គត់ផ្គង់ និងអភិវឌ្ឍដំណោះ​ស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុទាំងផ្នែកសម្ភារៈបរិក្ខា និងសូហ្វវែរ។​ ការវិនិយោគរបស់យើងទៅក្នុងដំណោះស្រាយឆ្លាតវៃផ្តល់ប្រាក់កម្ចីរហ័ស គឺជាភស្តុតាងដែលបង្ហាញថាវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាកំពុងតាមទាន់ពិភពលោកតាមរយៈការអភិវឌ្ឍ និងប្រតិបត្តិការដំណោះស្រាយ​សេវាធនាគារ​​​ឌីជីថលបែបថ្មីសម្រាប់ការប្រើប្រាស់ជាសាធារណៈ​យ៉ាងទូលំទូលាយ ដោយការផ្តល់បច្ចេកវិទ្យា​ទំនើប ដែលត្រូវបានធ្វើមូលដ្ឋានីយកម្មសម្រាប់ការប្រើប្រាស់នៅទូទាំងប្រទេស ទាំងតាមតំបន់ជនបទ និងទីក្រុង”។

លោក ឈ សុផាណាក់ អគ្គនាយករងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍នៃក្រុមហ៊ុន អាយជីគ្រុប បានធ្វើការកត់សម្គាល់ថា៖ “ជាមួយនឹ​ង​​ការគាំទ្រពី អាយជីគ្រុប ឌីឡៃថ៍ថេក​ មិនត្រឹមតែអាចពង្រីកដំណោះស្រាយប្រាក់កម្ចីភា្លមៗ ប៉ុណ្ណោះ​ទេ ថែមទាំងអាចពង្រីកបន្ថែមនូវប្រព័ន្ធវាយតម្លៃឥណទាន​គ្រប់ជ្រុងជ្រោយ​​ និងប្រកបដោយបរិយាបន្នសម្រាប់អតិថិជនរបស់ខ្លួន ក៏ដូចជាអតិថិជននៃស្ថាប័នដទៃទៀត ក្នុងពេលដំណាលគ្នានោះក៏អាចពង្រីកដែនសហប្រតិបត្តិការក្នុងភាពជាដៃគូក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុនានានៅក្នុងប្រទេសផងដែរ”។

អាយជីគ្រុប បានកំពុងពង្រីកគម្រោងវិនិយោគរបស់ខ្លួន ដោយបន្តប្រើប្រាស់យុទ្ធសាស្រ្ត គាំទ្រដល់ធុរកិច្ចថ្មីដែលក្នុងនោះមាន ក្រុមហ៊ុន ឌីឡៃថ៏ថេក ទទួលបានមូលនិធិពេញលេញ រួមទាំងការជ្រោមជ្រែងលើការអភិវឌ្ឍន៍បច្ចេកទេស និងបច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍយុទ្ធសាស្រ្តអាជីវកម្ម ដើម្បីបន្តការលូតលាស់ រួមបញ្ចូលជាមួយដំណោះស្រាយផ្សេងៗទៀតក្នុងការពង្រីកអាជីវកម្ម។

កិច្ចព្រមព្រៀងវិនិយោគនេះត្រូវបានចុះហត្ថលេខាដោយលោក ឈ សុផាណាក់ អគ្គនាយករងផ្នែក បច្ចេកវិទ្យា និងនវានុវត្តន៍របស់ អាយជីគ្រុប ជាមួយនឹង សហស្ថាបនិក ឌីឡៃថ៏ថេក លោក សៅ សារ៉ន និង លោក ឡាយ វីឡា ដោយមាន លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាល អាយជីគ្រុប ជាសក្សី។

លោក ឡាយ វីឡា សហស្ថាបនិក ឌីឡៃថ៏ថេក ​បានមានប្រសាសន៍ថា៖ “យើងបានចាប់ផ្តើមពីតូច ដោយមិនមានការគាំទ្រពីក្រុមហ៊ុនធំៗ ឬសេដ្ឋីណាមួយទេ គឺយើងបានមកដល់ពេលនេះតាមរយៈដំណើរធុរកិច្ចថ្មីសុទ្ធសាធ ដោយប្រើប្រាស់ធនធានដែលយើងមាន​ ទទួលការណែនាំពីសហគ្រិនខ្មែរ អង្គរ500 មិត្តភក្តិ និងក្រុមគ្រួសារ​ និងការប្រឹប្រែងរៀនសូត្រ​ និងរីកលូតលាស់ជាបណ្តើរៗ។ ជាមួយនឹងបទពិសោធន៍ការងារផ្ទាល់​ និងការគ្រប់គ្រងមាគ៌ានៃធុរកិច្ចថ្មីរបស់យើងតាំងពីដំបូង​ ក្រុមការងារយើងឈ្វេងយល់គ្រប់យ៉ាងពីអ្វីដែលយើងត្រូវការដើម្បីបន្តវឌ្ឍនភាពរបស់យើង ហើយ អាយជីគ្រុប ក៏ដូចជាដៃគូរ និងអ្នកដែលបានគាំទ្រយើងរហូតមកដល់ពេលនេះ កំពុងជួយឱ្យយើងមានភាពប្រាកដថា ឌីឡៃថ៍ថេក ត្រូវបានបង្កើតឡើងដើម្បីបម្រើទីផ្សារទូទៅជាមួយនឹងមធ្យោបាយ​នានាដែលនាំទៅដល់បរិយាបន្នផ្នែកហិរញ្ញវត្ថុតាមរយៈការផ្តល់ឱ្យប្រជាជននូវភាពងាយស្រួលក្នុងការឈ្វេងយល់និងប្រើប្រាស់ប្រកបដោយសុវត្ថិភាព ព្រមទាំងរហ័សក្នុងការខ្ចី សង និងត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ពួកគេទាំងមូល នាពេលអនាគតដ៏ខ្លីខាងមុខ”។

លោក Tomas Pokorny សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការ CAFT ទីប្រឹក្សាក្រុមហ៊ុន អាយជីគ្រុប នាយកប្រតិបត្តិក្រុមហ៊ុន ផាយ ផេ ស្ថាបនិកក្រុមហ៊ុន D.Q.D ខនសាល់ធីង និងជាសមាជិកឯករាជ្យនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន FWD អ៊ិនស៊ូរិន (ខេមបូឌា) បានចូលរួមអបអរសាទរផងដែរដល់​ ឌីឡៃថ៍ថេក ដោយមានប្រសាសន៍ថា៖ “នៅពេលដែលអ្នកបានចូលរួមក្នុងកម្មវិធីពន្លឿនអាជីវកម្មរបស់ អង្គរ500 អ្នកមានអាជីវកម្មរួចទៅហើយ​ និងថែមទាំងមានមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាផងដែរ។ មិនដល់មួយឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សាពីកម្មវិធី វាពិតជាអស្ចារ្យណាស់ដែលបានឃើញអ្នកពេលនេះមិនមានត្រឹមតែអាជីវកម្មនោះទេ ប៉ុន្តែជាអាជីវកម្មដែលមានមហិច្ឆតារីកលូតលាស់ពេញប្រទេស ក៏ដូចជាការពង្រីកដល់អន្តរជាតិផងដែរ។ សូមបន្តប្រឹងប្រែងតទៅទៀត​ និងសូមចងចាំជានិច្ចពីរបៀបដែលអ្នកបានចាប់ផ្តើម វានឹងជួយអ្នកឱ្យបន្តសម្រេចបាននូវអ្វីដែលអ្នកបានកំណត់ធ្វើ​ តាមគោលបំណងដែលអ្នកបានកំណត់ពីដំបូងគឺ ដើម្បីបរិយាបន្នហិរញ្ញវត្ថុសម្រាប់គ្រប់គ្នា។ សូមឱ្យសំណាងល្អ ហើយបន្តទៅមុខទៀត”។

សហគ្រិនខ្មែរ៖ (https://www.facebook.com/ke.khmerenterprise/)

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនឹងក្លាយជាទីផ្សារដ៏មានសក្ដានុពលសម្រាប់ផលិតផលម៉ាកយីហោប្រណីតៗ

ព័ត៌មាន
ប្រទេសវៀតណាម បើប្រៀបធៀបជាមួយប្រទេសជប៉ុន និងចិន នាពេលបច្ចុប្បន្ន ហាក់មិនសូវជាទីចាប់អារម្មណ៍ទាក់ទងនឹងទំហំនៃទីផ្សារប្រណីតនោះទេ ប៉ុន្តែប្រទ…

យុទ្ធនាការផ្សព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ស្តីអំពីព័ត៌មានមណ្ឌលសុខភាព និងសាលារៀន

ព័ត៌មាន
អង្គការក្រៅរដ្ឋាភិបាលសរុបចំនួន៧ ក្នុងរាជធានីភ្នំពេញនិងតាមណ្តាខេត្តមួយចំនួន ដែលជាដៃគូអនុវត្ត គម្រោងការច្នៃប្រតិដ្ឋថ្មីសម្រាប់គណនេយ្យភាពសង្គមន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ