នាយករដ្ឋមន្ត្រីថៃ រងការបាតុកម្មឲ្យចុះពីតំណែងជាថ្មី

នាយករដ្ឋមន្ត្រីថៃ រងការបាតុកម្មឲ្យចុះពីតំណែងជាថ្មី ចំពេលប្រទេសកំពុងផុងខ្លួនក្នុងវិបត្តិកូវីដ-១៩កាន់តែខ្លាំង


ពលរដ្ឋថៃចំនួនជាង១ពាន់នាក់កាលពីថ្ងៃអាទិត្យទី ១៨កក្កដា បានចេញមកតាមដងផ្លូវក្បែរវិមានរដ្ឋាភិបាលថៃ ដើម្បីធ្វើបាតុកម្មស្រែករិះគន់ការដឹកនាំមិនល្អ ជាពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងកូវីដ១៩ របស់នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ហើយក្រុមបាតុករក៏បានស្រែកទាមទារឲ្យលោកចុះចេញពីដំណែងផងដែរ។ ប៉ុន្តែ បាតុកម្មដែលភាគច្រើនជាក្រុមយុវជននេះ ត្រូវបានរារាំង និងបង្រ្កាបយ៉ាងចាស់ដៃពីកងកម្លាំងសន្តិសុខថៃ និងមានការចាប់ឃាត់ខ្លួនជាច្រើននាក់ផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
បាតុកម្មទាមទារឲ្យលោកប្រយុទ្ធ ចាន់អូចា ចុះចេញពីតំណែង
ដោយ

ការផ្ទុះបាតុកម្ម​ជាថ្មីទៀតនៅក្នុងប្រទេសថៃ គឺនៅចំពេលដែលប្រទេសនេះ កំពុង​មានករណីឆ្លង​កូវីដ-១៩​ហក់ឡើង​ខ្លាំងមែនទែន​ ដោយនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ថៃរកឃើញអ្នកឆ្លងថ្មី​ជាង​១ម៉ឺននាក់​ក្នុងមួយថ្ងៃ។ក្រោមការដឹកនាំដោយរដ្ឋាភិបាលលោកប្រាយុទ្ធ ចាន់អូចា ក្នុងការដោះស្រាយបញ្ហាកូវីដ-១៩នេះ ក៏បា​នខិតខំដាក់ចេញនូវវិធានការ និងទម្លាក់កញ្ចប់ថវិការាប់ពាន់លានដុល្លារណាស់ដែរ ក៏ប៉ុន្ដែ​វាហាក់​មិនបានជួយសម្រួលផលប៉ះពាល់បានច្រើននោះទេ ស្របពេលដែលវិធានការនានាហាក់មិនមានប្រសិទ្ធភាព ដោយជាលទ្ធផល កូវីដ១៩នៅប្រទេសថៃ នៅបន្តបង្ហាញពីឥទ្ធិពលដ៏ខ្លាំងក្លារបស់ខ្លួននៅឡើយ។ 

ជាមួយនឹងការទំលាក់កញ្ចប់ថវិកា​ម្តងហើយម្តងទៀត ក្នុងចំនួនរាប់រយពាន់លានបាត ដែលស្មើនឹងរាប់ពាន់លានដុល្លារ នៅតែមិនអាចជួយដល់ពលរដ្ឋ ដែលរកមួយថ្ងៃខ្វះមួយថ្ងៃ​អំឡុងពេលវិបត្តិកូវីដ១៩នេះបានដែរ។ លើសពីនេះ វារឹតតែមិនបានជួយស្តារ​ប្រជាប្រិយភាពរបស់លោកប្រាយុទ្ធ​ក្នុងចំណោមពលរដ្ឋ និងជាពិសេសក្នុង​ចំណោមយុវជនថៃបានឡើយ។

សម្រាប់ពលរដ្ឋថៃមួយចំនួន បានអះអាថា បើពួកគេបន្តនៅក្នុងផ្ទះ ពួកគេ​នឹងត្រូវរងគ្រោះ ឬស្លាប់ដោយសារកូវីដ១៩ដូចដែរគ្នា។ ហេតុនេះហើយ នៅរសៀលថ្ងៃអាទិត្យទី១៨ កក្កដា កន្លងទៅថ្មីៗនេះ មានបាតុករថៃ ដែលភាគច្រើនជាយុវជនប្រមាណ ១ពាន់នាក់ បានចេញផ្លូវធ្វើបាតុកម្មប្រឆាំង រិះគន់នឹងការដឹកនាំរបស់លោកប្រាយុទ្ធ ដែលពួកគេគិតថាជាការដឹកនាំមិនល្អ ជាពិសេសគឺមិនអាចដោះស្រាយវិបត្តិកូវីដ១៩បាន។

បាតុករថៃ បានមកប្រមូលផ្តុំគ្នានៅវិមានសន្តិភាព​នៅរសៀលថ្ងៃដដែល ដោយបានស្រែក​ទាមទារឲ្យ​លោកប្រាយុទ្ធ ចុះចេញពីដំណែង​ដោយ​គ្មាន​លក្ខខណ្ឌ។ លើសពីនេះ បាតុករចង់ឲ្យ​មានការកាត់បន្ថយការចំណាយ ដ៏ច្រើន​សម្បើម​​របស់រាជវាំងថៃ ដែលពួកគេគិតថា ជាការចំណាយមិនចាំបាច់ ដើម្បីអាចយកថវិកាទាំងនោះ ទៅទិញវ៉ាក់សាំងបង្ការកូវីដ១៩​យកមកប្រើប្រាស់​បន្ថែមវិញ ក្នុងពេលដែលថៃកំពុងខ្វះខាត​វ៉ាក់សាំង​ប្រើប្រាស់ ជាពិសេស​វ៉ាក់សាំង AstraZeneca ដែលត្រូវបានពន្យារពេលម្តងហើយម្តងទៀត។

នៅក្នុង​ការការចេញធ្វើបាតុកម្ម ក្រុមបាតុករមិន​បានដើរក្បួន​ទៅដល់វិមានរដ្ឋាភិបាល ជាកន្លែងដែលលោកប្រាយុទ្ធធ្វើការ​ដូចតាមការគ្រោងទុក​នោះទេ ដោយបាតុករ​ត្រូវបានស្ទាក់ រារាំង និងធ្វើការបង្រ្កាបពីកងកម្លាំងសន្តិសុខថៃ។ សារព័ត៌មាន Reuters បានរាយការណ៍ថា ប៉ូលីស​បានប្រើប្រាស់កាំភ្លើងជ័​រ និងរថយន្តបាញ់ទឹក បាញ់ទៅលើហ្វូងបាតុករដើម្បីបំបែកពួកគេពីការប្រមូលផ្តុំ។

ក៏មានដែរ ការប៉ះទង្គិចគ្នារវាងបាតុករ​នឹងប៉ូលីសដោយផ្ទាល់ អំឡុងពេលនៃការតវ៉ា ប៉ុន្តែយុវជនអ្នករៀបចំបាតុកម្មបាន​គ្រោង​នឹងបញ្ឈប់ការតវ៉ា​ត្រឹមម៉ោង​៦ល្ងាចថ្ងៃដដែល។ ប៉ុន្ដែ វាមិនបានបញ្ចប់តាមការគ្រោងទុកនោះទេ ដោយការប៉ះទង្គិចគ្នានៅបន្តរហូតដល់ម៉ោង​៩យប់ ជាពេលដែលបម្រាមគោចរនៅក្រុងបាងកក​ចាប់ផ្តើមអនុវត្ត​រហូតដល់ម៉ោង ៤ទៀភ្លឺ។

មិនមានអ្នករងរបួសធ្ងន់ធ្ងរណាម្នាក់​ត្រូវបានគេរាយការណ៍នោះទេ ប៉ុន្តែបើតាមការអះអាងពី​កម្លាំងសន្តិសុខថៃ យ៉ាងហោចណាស់បាតុករ១៣នាក់ត្រូវបានចាប់ខ្លួន និងមានអ្នកយកព័ត៌មានជនជាតិថៃម្នាក់រងរបួស។

សូមបញ្ជាក់ថា ប្រទេសថៃ​ក្រោមការដឹកនាំរបស់បុរសខ្លាំង ប្រាយុទ្ធ ចាន់អូចា ហាក់កំពុងធ្លាក់ផុងខ្លួនកាន់តែជ្រៅ​ក្នុងរលក​ឆ្លង​កូវីដ១៩ ដែលនៅប៉ុន្មានថ្ងៃចុងក្រោយនេះ តួលេខនៃអ្នកឆ្លងកូវីដ១៩ថ្មីៗបានហក់ឡើងដល់ជាង១ម៉ឺននាក់ ខណៈដែលអ្នកស្លាប់ប្រចាំថ្ងៃកើនឡើងដល់៣ខ្ទង់ដូចគ្នា ពោលគឺមានជាង ១០០នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមគ្រោងបើកកោះភូកុក ឬកោះត្រល់នៅខែតុលា ទទួលទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួច

ព័ត៌មាន
បើទោះបីជា ស្ថានភាពកូវីដ-១៩នៅក្នុងប្រទេសវៀតណាម កំពុងតែមានការឆ្លរាលដាលហក់ឡើងកាន់តែច្រើនក៏ដោយ ប៉ុន្ដែ រដ្ឋាភិបាលប្រទេសនេះ នៅតែមានក្ដីរំព…

បង់ក្លាដេសផ្អាកការបិទខ្ទប់ប្រទេសសិន ដើម្បីអនុញ្ញាតឲ្យពលរដ្ឋប្រារព្ធបុណ្យសាសនា

ព័ត៌មាន
រដ្ឋាភិបាលបង់ក្លាដេសបានសម្រេចផ្អាក វិធានការបិទខ្ទប់នៅទូទាំងប្រទេសសិន ក្នុងអំឡុងពេលនេះរហូតដល់ថ្ងៃទី២៣ខែកក្កដា ដើម្បីអនុញ្ញាតឲ្យពលរដ្ឋធ្វើដំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ