ការនាំចេញចន្ទី

អ្នកជំនាញ៖ បញ្ហាតួលេខនាំចេញខុសគ្នា ជាបញ្ហាស្មុគស្មាញសម្រាប់ការរៀបចំគោលនយោបាយជាតិស្ដីពីស្វាយចន្ទី


អនុប្រធានសមាគមស្វាយចន្ទីកម្ពុជាអះអាងថា ការរៀបចំគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ពិតជាមានសារៈសំខាន់ណាស់ ពិសេសសម្រាប់អ្នកដាំដុះ អ្នកវិនិយោគ ក៏ដូចជា សមាគមស្វាយចន្ទីនៅកម្ពុជាផងដែរ។ ក៏ប៉ុន្ដែ អ្វីដែលជាបញ្ហានៅក្នុងការរៀបចំគោលនយោបាយជាតិស្ដីពីស្វាយចន្ទីនេះ គឺការកំណត់ទិន្នន័យនៃការនាំចេញគ្រាប់ស្វាយចន្ទី ដោយតួលេខផ្ដល់ឲ្យកន្លងមក ពីខាងគយកម្ពុជា និងគយវៀតណាម គឺមានភាពខុសគ្នា ដែលវាពិបាកក្នុងការកំណត់ពីចំនួនជាក់លាក់ ដើម្បីចងក្រងជាគោលនយោបាយ។
ដំណាំស្វាយចន្ទី

ដើម្បី​អភិវឌ្ឍន៍​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ស្វាយចន្ទី​ឱ្យ​កាន់តែ​ប្រសើរ ក្រសួងពាណិជ្ជកម្ម​បាន​និង​កំពុង​រៀបចំ​នូវ​គោ​លន​យោ​យ​ជាតិ​ស្ដី​ពី​ស្វាយចន្ទី ហើយ​ថ្មី​ៗ​នេះ ក្រសួងពាណិជ្ជកម្ម​ទើបតែ​បើក​កិច្ចប្រជុំ​មួយ ជាមួយ​បណ្ដា​អ្នក​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ស្តី​ពី​ស្វាយចន្ទី និង​ត្រៀម​រៀបចំ​គោលនយោបាយ​ជាតិ​ស្ដី​ពី​ស្វាយចន្ទី​នេះ​ផង​ដែរ ដោយ​រំពឹង​ថា​នឹង​ដាក់​ជូន​ទៅ​កាន់​គណៈរដ្ឋមន្ត្រី​ពិនិត្យ​ពិភាក្សា​បន្ដ ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន ក្នុង​គោលបំណង​ទាក់ទាញ​អ្នក​វិនិយោគ និង​ជំរុញ​ការ​នាំ​ចេញ​ស្វាយចន្ទី​។

លោក ស៊ុ​យ កុក​ធាន អនុប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​អះអាង​ប្រាប់​សារព័ត៌មាន​ឌី​ជី​ថ​ល​ខេ​ម​បូ​ណូ​មី​ស​ដូច្នេះ​ថា កន្លង​មក ភាគី​ពាក់ព័ន្ធ​បាន​បើក​កិច្ចប្រជុំ​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ​ទាក់ទង​នឹង​គោលនយោបាយ​ជាតិ​ស្ដី​ពី​ស្វាយចន្ទី​នេះ ហើយ​បញ្ហា​នៅ​ត្រង់​ថា ការ​កំណត់​ទិន្នន័យ​នៃ​ការ​នាំ​ចេញ​ស្វាយចន្ទី មាន​ភាព​ខុស​គ្នា​រវាង​តួលេខ​ពី​អគ្គនាយកដ្ឋាន​គយ​កម្ពុជា និង​អគ្គនាយកដ្ឋាន​គយ​វៀតណាម​។ លោក​បន្ត​ថា កាលណា​ការ​កំណត់​ទិន្នន័យ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី មិន​បាន​ជាក់លាក់ សេចក្ដី​ព្រាង​នេះ​នឹង​មិន​អាច​ដាក់​ជូន​ថ្នាក់​គណៈរដ្ឋមន្ត្រី​ដើម្បី​សម្រេច​បាន​ឡើយ​។

ប្រទេស​វៀតណាម បាន​ក្លាយជា​ទីផ្សារ​ធំ​សម្រាប់​កម្ពុជា ក្នុង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម នា​រយៈពេល​ចុង​ក្រោយ​នេះ ក្នុង​នោះ​រួម​មាន​ទាំង​គ្រាប់ស្វាយចន្ទី ផង​ដែរ​។ បើ​តាម​លោក ស៊ុ​យ កុក​ធាន គ្រាប់ស្វាយចន្ទី​កម្ពុជា ស្ទើរតែ​៩០​ភាគរយ​ទៅ​ហើយ ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម តែ​ភាគច្រើន​នាំ​ចេញ​ទោ​តាម​ច្រករបៀង ដូច្នេះ ទើប​ធ្វើ​ឱ្យ​ការ​កត់ត្រា​ទិន្នន័យ​នាំ​ចេញ​-​ចូល ពី​កម្ពុជា និង​វៀតណាម មិន​ដូច​គ្នា​។ លោក​បន្ត​ថា សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ស្តី​ពី​ស្វាយចន្ទី ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​នេះ ពិសេស​ជា​ផ្នែក​មួយ​ជួយ​ទាក់ទាញ​អ្នក​និ​យោគ និង​ជំរុញ​ការ​នាំ​ចេញ​ស្វាយចន្ទី​កម្ពុជា​។

អនុប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា​រូប​នេះ បាន​សង្កត់ធ្ងន់​ទៀត​ថា ទោះបី បច្ចុប្បន្ន គ្រាប់ស្វាយចន្ទី​ភាគច្រើន​របស់​កម្ពុជា​មិន​ទាន់​កែ​ច្នៃ​ដើម្បី​នាំ​ចេញ​ផ្ទាល់​ក៏​ដោយ ប៉ុន្ដែ​គ្រាប់ស្វាយចន្ទី​ទាំងនោះ នៅ​តែ​មាន​ទីផ្សារ​ច្រើន​គួរសម ដូច​ជា ទីផ្សារ​ថៃ ឥណ្ឌា ចិន និង​វៀតណាម​ជាដើម ខណៈ​កម្ពុជា​ក៏​មាន​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​កែ​ច្នៃ​មួយ​ចំនួន​ទៅ​ប្រទេស​ជប៉ុន​ផង​ដែរ​។

លោក ស៊ីវ សុ​ផា ជា​កសិករ​ម្នាក់​ដាំ​ស្វាយចន្ទី នៅ​ខេត្តកំពង់ធំ បាន​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា ការ​ដាំ​ដុះ​ស្វាយចន្ទី​របស់​លោក​មិនសូវ​កាកកប នោះ​ទេ ព្រោះតែ​សព្វថ្ងៃ តម្លៃ​គ្រាប់ស្វាយចន្ទី​លក់​បាន​ទាប តែ​ថ្លៃ​ជី និង​ថ្នាំ​កសិកម្ម កាន់តែ​មាន​តម្លៃ​ខ្ពស់​។ បើ​តាម​កសិករ​រូប​នេះ បច្ចុប្បន្ន គ្រាប់ស្វាយចន្ទី អាច​លក់​បាន​ក្នុង​តម្លៃ​៥​ពាន់​រៀល ប៉ុណ្ណោះ ក្នុង​១​គីឡូក្រាម ខណៈ​កាលពីមុន​អាច​លក់​បាន ៧​ពាន់​រៀល ទៅ​៨​ពាន់​រៀល ក្នុង​១​គីឡូក្រាម​។ តម្លៃប្រែប្រួល​ទៅ​តាម ឈ្មួញកណ្ដាល ទោះ​ចង់ ឬ​មិន​ចង់​កសិករ​ក៏​ត្រូវ​តែ​លក់​ឱ្យ​ឈ្មួញ​ទាំងនោះ ព្រោះ​មាន​តែ​វៀតណាម​ទេ ដែល​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី ពី​កសិករ​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ស៊ីវ សុ​ផា ដោយ​លោក​ក៏​រំពឹង​ដែរ​ថា ក្រសួង​ពាក់ព័ន្ធ​នឹង​បន្ត​រក​ដំណោះស្រាយ​ជូន​កសិករ ពិសេស​ទាក់ទង​នឹង​ទីផ្សារ​គ្រាប់ស្វាយចន្ទី​តែ​ម្ដង​។

បើ​តាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ក្នុង​ឆ្នាំ​២០២១ កម្ពុជា បាន​នាំ​ចេញ​គ្រាប់ស្វាយចន្ទី សរុប​ជាង​៩៣​ម៉ឺន​តោន ទៅ​កាន់​ទីផ្សារ​សំខាន់​ៗ ដូច​ជា វៀតណាម ថៃ ជប៉ុន ចិន ឥណ្ឌា និង​ទីផ្សារ​ដទៃ​ទៀត​។ ក្នុង​នោះ គ្រាប់ស្វាយចន្ទី​ប្រមាណ ៩២​ម៉ឺន​តោន ទៅ​ហើយ​ត្រូវ​បាន​នាំ​ទៅ​ទីផ្សារ​វៀតណាម​។ បើ​តាម​ការ​អះអាង​របស់​លោក ស៊ុ​យ កុក​ធាន អនុប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា កន្លង​មក​តម្លៃ​គ្រាប់ស្វាយចន្ទី អាច​លក់​បាន​តម្លៃ ១ ៤០០​ដុល្លារ ទៅ​១ ៦០០​ដុល្លារ ក្នុង​១​តោន​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ចស្នើសុំសម្តេចតេជោ ហ៊ុន សែន ពន្យារពេលយកពន្ធលើចំណេញមូលធនពីរឆ្នាំទៀត

ព័ត៌មាន
តាមគម្រោង ពន្ធលើចំណេញមូលធន ត្រូវបានចាប់អនុវត្តចាប់ពីដើមឆ្នាំ២០២២នេះតទៅហើយក្រោយពីបានពន្យារពេលយកពន្ធអស់រយៈពេល១ឆ្នាំកន្លងមនេះ ក៏ប៉ុន្ដែ បើ…

អ្នកជំនាញអះអាងថា ឆ្នាំ២០២២ កម្ពុជាមានបរិយាកាសវិនិយោគអំណោយផលច្រើន

ព័ត៌មាន
អ្នកជំនាញ និងអ្នកជំនួញមានក្តីរំពឹងខ្ពស់ ចំពោះច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីក្នុងការធ្វើឲ្យប្រសើរឡើងនូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ