វៀតណាម-សហភាពអឺរ៉ុប

តើវៀតណាមទទួលបានផ្លែផ្កាអ្វីខ្លះ ក្រោយចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម-អឺរ៉ុប បានជាង៣ឆ្នាំ?


កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង សហភាពអឺរ៉ុប និងវៀតណាម (EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគ អឺរ៉ុប-វៀតណាម (EVIPA) បានជួយឱ្យប្រទេសសមាជិកអាស៊ានមួយនេះ ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីប្រទេសក្នុងសហភាពអឺរ៉ុបកាន់តែច្រើន ប៉ុន្តែនៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលវៀតណាមត្រូវដោះស្រាយ ដូចជាបញ្ហាសេដ្ឋកិច្ចសាកល និងធនធានមនុស្សជាដើម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។
កិច្ចព្រមព្រៀងរវាង EU និង វៀតណាម ទាក់ទាញអ្នកវិនិយោគខ្លាំង តែក៏នៅមានបញ្ហាប្រឈមច្រើនដែរ

យោងតាម​របាយការណ៍​មួយ ​ដែល​ចេញ​ផ្សាយ​ក្នុងសិក្ខាសាលាស្តីពី​ លំហូរ​​វិនិយោគ​ផ្ទាល់​​ពីបរទេស​​មក​ពីសហភាពអឺរ៉ុប ក្នុងបរិបទ​​នៃ​កិច្ចព្រមព្រៀង EVFTA និង EVIPA បាន​ឱ្យដឹងថា កិច្ចព្រមព្រៀង​ទាំងពីរនេះ បាន​បង្កើន​​ទំហំ​ការវិនិយោគផ្ទាល់​​ពី​ប្រទេសក្នុងតំបន់​​អឺរ៉ុបមកកាន់ប្រទេសវៀតណាម ដោយ​សារតែ​ការប្តេជ្ញាចិត្ត​ចំពោះ​ការ​កាត់បន្ថយ​ពន្ធនាំចូល និងការបង្កើត​ភាព​ឈានមុខ​​នៃការប្រកួត​ប្រជែង​​សម្រាប់​ប្រទេសទាំង​នោះ​ផងដែរ។

ទោះយ៉ាងណាក៏ដោយ​ កិច្ចព្រមព្រៀងទាំងពីរ​​នេះ ក៏ធ្វើឱ្យមានបញ្ហា​ប្រឈម​ជាច្រើនផងដែរ​នៅក្នុងការប្រមូលទុន​​ពី​ក្រុមហ៊ុនអឺរ៉ុប ជាពិសេស​​ដោយសារតែ​ភាព​មិនប្រាកដ​ប្រជានៃជំងឺ​រាតត្បាត​កូវីដ១៩ ព្រមទាំងអស្ថិរភាព​​ភូមិសាស្រ្តនយោបាយ និង​សេដ្ឋកិច្ច ក្នុងនោះ​សេដ្ឋកិច្ចអឺរ៉ុប​កំពុង​ជួបវិបត្តិដោយសារតែអតិផរណា និងថាមពលជាដើម​។

របាយការណ៍ខាងលើ​បង្ហាញឱ្យដឹងថា ចំនួន​ក្រុមហ៊ុន​អឺរ៉ុប​ចូលវិនិយោគ​នៅវៀតណាម កាន់តែកើនឡើង​​ពី​មួយឆ្នាំ​​ទៅ​មួយឆ្នាំ។ ជាពិសេស​ក្នុង​ឆ្នាំ​២០២០ ប្រទេស​​ចំនួន២៦ ក្នុងចំណោម ២៧ប្រទេស​ ដែល​ស្ថិតក្នុងតំបន់​អឺរ៉ុប បាន​ចុះបញ្ជីវិនិយោគ​ក្នុងប្រទេស​វៀតណាម។ គិតត្រឹម​ខែសីហា ឆ្នាំ​២០២២​កន្លងទៅ EU មាន​គម្រោង​​វិនិយោគដែល​មានសុពលភាព​សរុប ជាង២ពាន់​៣រយគម្រោង នៅ​ក្នុងប្រទេស​​មួយនេះ ដែលមាន​ទំហំទឹកប្រាក់​ជាង ២៧ពាន់លាន​ដុល្លារ។

ថ្មីៗនេះ ក្រុមហ៊ុន​អឺរ៉ុប បាន​ចាប់អារម្មណ៍​វិនិយោគ​​នៅវៀតណាម ក្នុងវិស័យ​ឧស្សាហកម្ម​សេវា ថាមពលស្អាត ឧស្សាហកម្មគាំទ្រ កែច្នៃអាហារ កសិកម្ម​បច្ចេកវិទ្យា​ខ្ពស់ និង​ឱសថ។

បើតាម​ការគូសបញ្ជាក់នៅក្នុង​របាយការណ៍ដដែលនេះ បានឲ្យដឹងថា ការ​អនុវត្តកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងការពារការវិនិយោគ​រវាងវៀតណាម និងអឺរ៉ុប នឹង​ជំរុញឱ្យ​ប្រទេស​​វៀតណាម កែទម្រង់​ស្ថាប័ន​របស់​ខ្លួន និងការបង្កើត​​ក្របខណ្ឌគតិយុត្ត បង្កើន​បរិយាកាស​អាជីវកម្ម និង​ផ្តល់​ឱ្យ​បន្ថែម​ទៀត​ នូវ​លក្ខខណ្ឌ​ដ៏ពេញចិត្ត និងកាន់តែសុវត្ថិភាព​សម្រាប់​វិនិយោគិន។ ក្នុងនោះ ​តម្លៃពលកម្មទាប និង​ធនធាន​ធម្មជាតិ​របស់​វៀតណាម គឺសុទ្ធសឹង​​​ជា​គោលដៅរបស់​អ្នក​វិនិយោគ​បរទេសផងដែរ។ ទោះយ៉ាងណា ​សម្រាប់​យុគសម័យ ឧស្សាហកម្ម 4.0 នេះ គឺអ្នកវិនិយោគ​​មានគោលដៅ​ស្វែង​រកចំណេះដឹង និងបច្ចេកវិទ្យា​ទៅវិញទេ ហើយ​ត្រង់​ចំណុច​នេះ វៀតណាម​មិនមានភាព​ទាក់ទាញអ្វីឡើយ។

សូមជម្រាប​ថា វៀតណាម និង​សហភាព​អឺរ៉ុប បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (EVFTA) និង​កិច្ចព្រមព្រៀង​ការ​ការពារ​វិនិយោគ អឺរ៉ុប-វៀតណាម (EVIPA) កាលពីថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៩ នៅក្រុង​ហាណូយ។

កិច្ចព្រមព្រៀពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម នឹង​ធានា​ដល់​តុល្យភាព​នៃ​ផលប្រយោជន៍​រវាង​វៀតណាម និង​អឺរ៉ុប។ កិច្ច​ព្រមព្រៀង​នេះ នឹង​ជំរុញដល់​ការនាំចេញ​របស់​វៀតណាម ជាពិសេស​ផលិត​ផល​កសិកម្ម គ្រឿងសមុទ្រ និង​ផលិតផល​ដទៃទៀត ដែល​វៀតណាម​មាន​ឧត្តមភាព។ ពន្ធ​នាំចូល​លើ​ការ​ដោះដូរ​ទំនិញ​រវាងភាគី​ទាំង២ ​ត្រូវកាត់​បន្ថយ ៩៩%។

ក្រោម​កិច្ចព្រមព្រៀងនេះទៀតសោត ការ​នាំចេញ​របស់​វៀតណាម ទៅកាន់​ទីផ្សារអឺរ៉ុប ដែលមាន​ប្រជាជន ៥០៨លាននាក់ ត្រូវបាន​ព្យាករថា នឹង​កើនឡើង​ពី ៤ ទៅ ៦​ភាគរយ ស្មើនឹង​ប្រមាណ ១៩ពាន់​លាន​ដុល្លារ ហើយ​អាច​ឈាន​ដល់ ៧៥ពាន់​លាន​ដុល្លារ នៅ​ក្នុងឆ្នាំ​២០២៨៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


កម្ពុជារៀបចំវេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀង RCEP នៅដើមខែក្រោយ

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មកម្ពុជា វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន (ERIA) និងលេខាធិការដ្ឋានអាស៊ាន (ASEAN Secretari…

តើលោក Sunak បានសច្ចាដោះស្រាយបញ្ហាអ្វីខ្លះ ក្រោយក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសជាផ្លូវការ?

ព័ត៌មាន
ក្នុងវ័យត្រឹម៤២ឆ្នាំ នៅទីបំផុតទៅលោក Rishi Sunak ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីទី៥៧ជាផ្លូវការរបស់ចក្រភពអង់គ្លេសហើយ ក្រោយលោកបានចូលគាល់ស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ