ព្យាករណ៍​កំណើន

២០១៦-២០១៧ សេដ្ឋកិច្ច​កើន​​និង​​បន្ត​​កើន ប៉ុន្តែ បំណុល​​បរទេស​​ក៏​កើន​ដែរ


នៅ​ក្នុង​រយៈពេល​ពេញ​១​ឆ្នាំ ២០១៦ ប្រទេស​កម្ពុជាទទួលបានការអភិវឌ្ឍ​ស្ទើរ​គ្រប់​វិស័យ និង​​កំណើន​សេដ្ឋកិច្ច​ល្អ​គួរឲ្យ​កត់​សម្គាល់។ កំណើន​នេះ​បាន​មក​ពី​ស្ថិរភាព​នយោបាយ សុវត្ថិភាព​សង្គម លំហូរ​វិនិយោគ​ទុន​ពី​បរទេស និង​ការ​នាំ​ចេញ។ ជាក់ស្តែង នៅ​ដំណាច់​ឆ្នាំ​២០១៦ កំណើន​សេដ្ឋកិច្ច​កម្ពុជា​តែ​រក្សា​បាន​កំណើន​ក្នុង​រង្វង់ ​៧​ភាគ​រយ​ដដែល។
តុល្យការ​បំណុល​បរទេស​របស់​កម្ពុជា គិត​ត្រឹម​ឆ្នាំ​២០១៧ គឺជាង​៩​ពាន់​៦៨៥​លាន​ដុល្លារ​អាមេរិក​។

យ៉ាង​ណាក៏​ដោយ​ក្រុម​អ្នក​តាមដាន​សង្គម​សេដ្ឋកិច្ច បាន​អះអាង​ថា កំណើន​សេដ្ឋកិច្ច​កម្រិត​ប៉ុណ្ណេះ​មិន​ទាន់​ធ្វើ​ឲ្យ​កម្រិត​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ធូរធារ​នៅ​ឡើយ​ទេ ពិសេស ពលរដ្ឋ​រស់​នៅ​ជន​បទ​ដាច់​ស្រយាល។ ដូច្នេះ កម្ពុជា​ចាំបាច់​ណាស់​ត្រូវ​តែ​បន្ត​ត្រួសត្រាយ​ផ្លូវ​ដើម្បី​ពង្រឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។ 

វិស័យ​អ្វី​ខ្លះ​រុញ​ច្រាន​កំណើន​សេដ្ឋកិច្ច​ជាតិ? 

វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ស្ពាន ផ្លូវ​ថ្នល់ វិស័យ​ឧស្សាហកម្ម និង​កសិកម្ម ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ជា​វិស័យ​អាទិភាព​ចម្បង ដែល​បាន​ត្រួសត្រាយ​ជំរុញ​ប្រទេស​កម្ពុជា​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ និង​ជំរុញ​កំណើន​ប្រាក់​ចំណូល​ប្រជា​ពលរដ្ឋ​កម្ពុជា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពោល ហេដ្ឋា​រចនា​សម្ព័ន្ធ  ផ្លូវថ្នល់ គឺ​ជា​សរសៃ​ឈាម​នៃ​សេដ្ឋកិច្ច​ជាតិ។

ទន្ទឹម​នឹង​នេះ វិស័យ​សំណង់ ទេសចរណ៍ វិស័យ​កាត់​ដេរ ធនាគារ និង​ហិរញ្ញវត្ថុ វិស័យ​ទាំង​អស់​នេះ​សុទ្ធ​សឹង​តែ​ជា​វិស័យ​ឆ្អឹង​កង​សម្រាប់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ និង​ជម្រុញ​ឲ្យ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​កាន់​តែ​ប្រសើរ​ក្នុង​ឆ្នាំ​២០១៦។

ជុំវិញ​ការ​អភិវឌ្ឍ​និង​កំណើន​សេដ្ឋកិច្ច​ជាតិ​ឆ្នាំ​២០១៦ ក្រុម​អ្នក​តាមដាន​សង្គម​សេដ្ឋកិច្ច បាន​អះអាង​ថា កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ នៅ​តែ​រក្សា​បាន​ផលវិជ្ជមាន​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុនៗ។

យ៉ាង​ណា​ក៏​ដោយ អ្នក​ជំនាញ​ថា សកម្មភាព​អភិវឌ្ឍន៍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា កម្រិត​ប៉ុណ្ណឹង​នៅ​មិន​ទាន់​ស័ក្ដិ​សម​នៅ​ឡើយ​នោះ​ទេ ទាមទារ​ឲ្យ​មាន​ការ​ពង្រីក​និង​ជំរុញ​បន្ថែម។ 

កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំ​២០១៦ ត្រូវ​បាន​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) អះអាង​ថា បន្ត​កើន​ឡើង​ក្នុង​រង្វង់ ៧​ភាគរយ ឆ្នាំ​២០១៧ នៅ​តែ​រក្សា​បាន​៧​ភាគរយ​ដដែល។ ដោយឡែក ធនាគារ​ពិភព​លោក​បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៦ សេដ្ឋ​កិច្ច​កម្ពុជា​កើន​ឡើង​៧​ភាគរយ ២០១៧ និង ២០១៨ កើន​ឡើង ៦.៩​ភាគរយ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ៧ភាគរយ និង ២០១៧ កើន ៧.១​ភាគរយ។

ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ស្ពាន ជា​កត្តា​សំខាន់​ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា។ (គេហ​ទំព័រ​ នាយករដ្ឋមន្ត្រី)

សេដ្ឋកិច្ច​លូត​លាស់​មែន តែក៏​មិន​ភ្លេច​ខ្ចី​បុល​បរទេស​ដដែល!

ទោះ​បី​ជា​កម្ពុជា​ទទួល​បាន​ការ​រីក​លូត​លាស់​សេដ្ឋកិច្ច​ល្អ​យ៉ាង​ណា​ក៏​ដោយ ក៏​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះនៅ​តែ​ត្រូវការ​ជំនួយ​និង​ប្រាក់​កម្ចី​ពី​បណ្តា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច យក​មក​អភិវឌ្ឍ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ដើម្បី​ឲ្យ​​សេដ្ឋកិច្ច​កាន់​តែ​រឹងមាំ​យូរ​អង្វែង មាន​ឈ្មោះបោះ​សំឡេង​នៅ​ក្នុង​តំបន់ និង​ពិភព​លោក​ផង​ដែរ។

គិត​មក​ដល់​ពាក់​កណ្តាល​ឆ្នាំ​២០១៦  កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​សរុប​កើន​ដល់​ប្រមាណ​ជាង ៨ពាន់ ១២៦​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​កាល​ពី​ឆ្នាំ​២០១៥ កម្ពុជា​ជាប់​ជំពាក់​បំណុល​បរទេស​ប្រមាណ ៦​ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​ព្រឹត្តបត្រ​ស្ថិតិ​បំណុល​សាធារណៈ ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញ​ផ្សាយ​លើក​ទី២ ខែ​តុលា ឆ្នាំ​២០១៦។

ហេតុ​អ្វី​បាន​ជា​ប្រទេស​កម្ពុជា​យើង​ជំពាក់​បំណុល​គេ​ច្រើន​បែប​នេះ? ចំពោះ​សំណួរ​នេះ ត្រូវបាន​លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បាន​អះអាង​ថា បំណុល​ទំាង​អស់​នេះ​ភាគ​ច្រើន​រដ្ឋាភិបាល​បាន​យក​ទៅ​អភិវឌ្ឍ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវ​ស្ពាន ផ្លូវ​ដែក កំពង់ផែ អគ្គិសនី ប្រព័ន្ធ​ធារា​សាស្ត្រ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត ចម្រាញ់​ទឹកកខ្វក់ និង​ប្រើប្រាស់​នៅ​ក្នុង​ការអភិវឌ្ឍ​សង្គម។

លោក​បាន​បន្ថែម​ថា បច្ចុប្បន្ន បំណុល​របស់​ប្រទេស​កម្ពុជា​កម្រិត​ប៉ុណ្ណឹង​គឺ​មិន​ទាន់​ស្ថិត​ក្នុង​ហានិភ័យ​នៅ​ឡើយ​ទេ ដោយសារ​តែ​បំណុល​ទាំង​នេះ​គឺ​ស្ថិត​នៅ​ក្នុង​រង្វង់ ៤០​ភាគរយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប (GDP)។

តាម​របាយការណ៍​ពី​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​បង្ហាញ​ថា ការ​ប្រើប្រាស់​ជំនួយ​បរទេស​ឲ្យ​ចំ​គោលដៅ ជា​ពិសេស ការ​សាងសង់​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ គឺ​ជា​កត្តា​ចាំបាច់​បំផុត ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ​បរទេស ឲ្យ​មក​បង្កើត​ការងារ និង​បង្កើត​តម្លៃ​​បន្ថែម​សម្រាប់​ជំ​រុញ​កំណើន​សេដ្ឋកិច្ច​ពិត​ប្រាកដ។ ប៉ុន្តែ បើសិន​ជា​មិន​ចំ​គោលដៅ​ទេ ប្រជា​ពលរដ្ឋ​កម្ពុជា​នឹង​ទទួល​រង​គ្រោះ​កាន់​តែ​ខ្លាំង​ជាង​មុន។

ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ​២០១៦-២០១៧។

ត្រូវ​ធ្វើ​យ៉ាង​ណា​ខ្លះ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ?

ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​និង​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​នោះ អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​អះអាង​ថា ការកៀងគរ​ប្រមូល​ចំណូល​ពន្ធ គឺ​ជា​ប្រភព​ចំណូល​ជាតិ​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន​ឯង​ផ្ទាល់។ ហើយ​ដើម្បី​ឈាន​ទៅ​រក​ការ​កាត់​បន្ថយ​ការ​ខ្ចី​បុល​ពី​បរទេស ឬ​ក៏​ឈប់​ជំពាក់​បំណុល​គេ​នោះ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​បង្កើត​យន្តការ​ឲ្យ​បាន​រឹងមាំ​គ្រប់​ជ្រុង​ជ្រោយ​ទៅ​លើ​ការ​រឹតបន្តឹង​ការ​បង់​ពន្ធ​ឲ្យ​មាន​តម្លា​ភាព។

សូម​បញ្ជាក់​ថា នៅ​ក្នុង​​ឆ្នាំ​២០១៦​ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​ចូល​ក្នុង​ថវិកា​ជាតិ​ចំនួន​ជាង ១ពាន់ ៤០៨ លាន​ដុល្លារ កើន​លើស​ពី​ឆ្នាំ​២០១៥ ចំនួន ២២៥​លាន​ដុល្លារ​អាមេរិក​ ពោល​គឺ​ឡើង​ជិត ២០​ភាគ​រយ។

សូម​ពិនិត្យ​ឡើង​វិញ​បន្តិច វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ និង​វិស័យ​សេវាកម្ម មាន​កំណើន​ល្អ​គួរសម​នៅ​ក្នុង​ឆ្នាំ​២០១៦។ វិស័យ​សំណង់​និង​អចលន​ទ្រព្យ​មាន​កំណើន​ថេរ ២០​ភាគរយ។ 

សម្រាប់​វិស័យ​ទេសចរណ៍​ក៏​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​៥​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២០១៦។ ប៉ុន្តែ ការ​កើន​ឡើង​នេះ​ហាក់​បី​ដូច​ជា​យឺត​បន្តិច បើធៀប​នឹង​ឆ្នាំ​មុន។

ដោយ​ឡែក ការ​នាំ​ចេញ​នាំ​ចូល ឆ្នាំ​២០១៦ មាន​ការ​កើន​យឺត​ស្ទើរ​តែ​មើល​មិន​ឃើញ ដែល​បាន​ជំរុញ​ឲ្យ​ទំហំ​ទឹក​ប្រាក់​នៃ​ការ​នាំ​ចេញ​នាំចូល​នៅ​ក្នុង​ឆ្នាំ​២០១៦ ក៍​បាន​កើន​ឡើង​តិច​តួច​ដែរ ពោល​គឺ​កើន​តែ​ជាង ៤​ភាគ​រយ​ប៉ុណ្ណោះ។

រីឯ​វិស័យ​កសិកម្ម​វិញ​ក្នុង​ឆ្នាំ​២០១៦ បាន​បន្សល់​នូវ​បញ្ហា​ស្មុគ​ស្មាញ​ជា​ច្រើន​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា។ មាន​បញ្ហា​ចម្បងៗ​មួយ​ចំនួន ដែល​កើត​ឡើង ដូចជា គ្រោះ​ធម្មជាតិ​រាំង​ស្ងួត​បាន​អូស​បន្លាយ​រយៈ​ពេល​វែង បណ្តាល​មក​ពី​បាតុភូត អែល​នីញ៉ូ បាន​វាយ​ប្រហារ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​នោះ​មាន​ប្រទេស​កសិកម្ម​កម្ពុជា វៀតណាម និង​ថៃ។ 

អ្នក​សេដ្ឋកិច្ច​ដាស់តឿន​ឲ្យ​រដ្ឋាភិបាល​ធានា​ការ​ប្រមូល​ពន្ធ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​និង​តម្លា​ភាព។ (គេហ​ទំព័រ អគ្គនាយកដ្ឋានពន្ធដារ)

យើង​រង់​ចំា​មើល​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០១៧​នេះ​បន្ត​ទៀត

សរុប​ជា​រួម កំណើន​សេដ្ឋ​កិច្ច​នៅ​ក្នុង​ឆ្នាំ​២០១៦ នៅ​តែ​រក្សា​បាន​កំណើន​ល្អ​ដដែល​បើ​ធៀប​នឹង​ឆ្នាំ​មុនៗ បើ​ទោះ​បី​ជា​វិស័យ​សំខាន់ៗ​មួយ​ចំនួន ហាក់​បី​ដូច​ជា​មាន​ការ​កើន​ឡើង​យឺត​យ៉ាង​ណាក្តី។ ដូច្នេះ យើង​រង់​ចាំ​មើល​ឆ្នាំ២០១៧ នេះ​បន្ត​ទៀត​មើល៍ ថា​តើ​ស្ថានភាព​សេដ្ឋ​កិច្ច​ឆ្នាំ​នេះ​មាន​ភាព​ល្អ​ប្រសើរ​កើន​ឡើង​ជុំវិញ ៧​ភាគ​រយ ដូច​ការ​អះអាង​ពី​ស្ថាប័ន​អន្តរជាតិ​និង​ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច​មែន​ ឬ​យ៉ាង​ណា? 

ម្យ៉ាង​វិញ​ទៀត យើង​រង់​ចំា​មើល​ថា តើ​នៅ​ក្នុង​ឆ្នាំ​នេះ នឹង​មាន​វិបត្តិ​អ្វី​ខ្លះ​ដែល​អាច​នឹង​រាំង​​ស្ទះ​ដល់​ដំណើរការ​លូត​លាស់​សេដ្ឋកិច្ច​របស់​កម្ពុជា? ប៉ុន្តែ យ៉ាង​ណា​ក៏​ដោយ អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​ធ្វើការ​ដាស់​តឿន​ឲ្យ​រដ្ឋាភិបាល​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ និង​យក​ចិត្ត​​ទុក​ដាក់​បន្ថែម​ទៀត​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​ក្រោយៗ ឲ្យ​កាន់​តែ​ល្អ​ប្រសើរ៕ 




អត្ថបទបន្ទាប់


ម្ចាស់ថ្លៃ! មួយឆ្នាំ Disney រកលុយបាន៧ពាន់លានដុល្លារ

ព័ត៌មាន
ផលិតកម្មភាពយន្ត Disney ទើបបានប្រកាសនៅដើមសប្ដាហ៍នេះថា ខ្លួនរកចំណូល​បាន ៧ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦​នេះ ពី​ការ​លក់​សំបុត្រ​ទូទាំ…

ប្រទេស​ធំ​បីដែល​វិនិយោគ​ច្រើន​ជាង​នៅ​កម្ពុជា​ជា​អ្នក​ណា?

ព័ត៌មាន
លំហូរ​ទឹក​ប្រាក់​ដែល​បាន​មក​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស​មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​តែ​ការ​កើន​ឡើង​នៃ​ចំនួន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ