អេស៊ីលីដា គ្រោងបង្កើតប្រតិបត្តិការសេវាទូទាត់ឆ្លងដែនជាមួយ ឡាវ និង វៀតណាម!

អេស៊ីលីដា បន្ដជំរុញប្រតិបត្តិការសេវាទូទាត់ឆ្លងដែន ជាមួយបណ្ដាប្រទេសនៅអាស៊ានកាន់តែច្រើន


ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា ធនាគារអេស៊ីលីដា បានក្លាយជាធនាគារពាណិជ្ជកម្មខ្មែរដំបូងគេមួយ ដែលបានផ្ដល់សេវាទូទាត់ឆ្លងដែនជាមួយនឹងប្រទេសថៃ ហើយបន្ទាប់ពីជោគជ័យសម្រាប់កិច្ចសហប្រតិបត្តិការនេះ ឥឡូវនេះ ធនាគារអេស៊ីលីដា ក៏បាននិងកំពុងបន្ដជំរុញមានការទូទាត់ឆ្លងដែនជាមួយប្រទេសវៀតណាម និងឡាវនាពេលឆាប់ខាងមុខផងដែរ។ នេះបើតាមការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារអេស៊ីលីដា។
អេស៊ីលីដា បន្ដជំរុញប្រតិបត្តិការសេវាទូទាត់ឆ្លងដែន ជាមួយបណ្ដាប្រទេសនៅអាស៊ានកាន់តែច្រើន

លោកស្រី ម៉ា អមរ៉ា អនុប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានគូសបញ្ជាក់ថា ចាប់តាំងពីដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាមរយៈប្រព័ន្ធឃ្យូអរកូត (QR Code) ឆ្លងដែន ជាមួយប្រទេសថៃនាដើម ឆ្នាំ២០២០រួចមក គេសង្កេតឃើញមានការប្រើប្រាស់សេវាទូទាត់នេះកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ពីសំណាក់អតិថិជនកម្ពុជា ដែលបានទៅលេង ឬស្នាក់នៅក្នុងប្រទេសថៃ ដែលការទូទាត់នេះ គឺអាចធ្វើឡើងជាប្រាក់រៀលផងដែរ។

លោកស្រី បានសង្កត់ធ្ងន់ថា ចំពោះចំនួនធ្វើប្រតិបត្តិការទូទាត់នៅក្នុងប្រទេសថៃពីសំណាក់អតិថិជនកម្ពុជា គឺទទួលបានលទ្ធផលល្អមែនទែន ជាក់ស្តែងក្នុងឆ្នាំ២០២២កន្លងទៅ ដែលនៅក្នុងបរិបទនៃការរឹតបន្តឹងការទទួលភ្ញៀវពីក្រៅប្រទេសដោយសារវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ក៏ការធ្វើប្រតិបត្តិការទូទាត់មានចំនួនរាប់ពាន់ប្រតិបត្តិការ ហើយធនាគារ អេស៊ីលីដាសង្ឃឹមថា ចំនួននេះនឹងកើនឡើងច្រើនដងថែមទៀត នាឆ្នាំ២០២៣នេះ និងឆ្នាំខាងមុខ ដោយសារការបើកទូលាយនៃការធ្វើដំណើរទៅ-មករបស់ប្រជាជន និងអតិថិជននៃប្រទេសទាំងពីរ។

លោកស្រី ម៉ា អមរ៉ា ក៏បានគូសបញ្ជាក់ឱ្យដឹងដែរថា ក្រៅពីប្រទេសថៃ ធនាគារអេស៊ីលីដា គ្រោងនឹងបង្កើតប្រតិបត្តិការសេវាទូទាត់នេះជាមួយបណ្តាប្រទេសជិតខាងក្នុងតំបន់អាស៊ាន រួមមាន៖ សាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ថែមលើការទូទាត់ប្រាក់រៀលឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) ជាមួយព្រះរាជាណាចក្រថៃ ដែលបានដាក់ឲ្យដំណើរការនៅខែកុម្ភៈ ឆ្នាំ២០២០។ កិច្ចសហប្រតិបត្តិការទាំងនេះ ជួយជំរុញការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយ និងបង្កភាពងាយស្រួលក្នុងការទូទាត់ នៅតាមបណ្តាប្រទេសជាសមាជិកអាស៊ាន និងដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុអាស៊ាន ស្របតាមទិសដៅសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។ លើសពីនេះ ជំហានបន្ទាប់ ធនាគារ អេស៊ីលីដា គ្រោងនឹងសហការជាមួយបណ្តាប្រទេសដទៃទៀត ដែលជាសមាជិកអាស៊ាន ដើម្បីបន្តពង្រីកការទូទាត់ប្រាក់រៀល នៅតំបន់អាស៊ានឲ្យកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ។

សូមជម្រាបថា នៅឆ្នាំដំបូង ២០២០ អតិថិជនកម្ពុជាអាចធ្វើការទូទាត់តាមរយៈប្រព័ន្ធ QR Code ឆ្លងដែននៅក្នុងប្រទេសថៃបានតែជាមួយ QR Code ធនាគារ Siam Commercial Bank មួយប៉ុណ្ណោះ ប៉ុន្តែ នៅដើមឆ្នាំ២០២៣នេះ អតិថិជនកម្ពុជាអាចធ្វើការទូទាត់តាមរយៈប្រព័ន្ធ QR Code ឆ្លងដែននៅក្នុងប្រទេសថៃបានជាមួយធនាគារ Siam Commercial Bank, Bangkok Bank, Bank of Ayudhya និង Kasikorn Bank។ ចំណែក ការទូទាត់តាមរយៈប្រព័ន្ធ QR Code ឆ្លងដែននៅក្នុងប្រទេសកម្ពុជាវិញ ទើបតែអាចធ្វើបាននៅដើមឆ្នាំ២០២៣នេះប៉ុណ្ណោះ ជាមួយ QR Code ធនាគារ អេស៊ីលីដា ប៉ុន្តែអាចធ្វើបានតែសម្រាប់អតិថិជនថៃ ឬអតិថិជនរបស់ធនាគារទាំងបី គឺធនាគារ Siam Commercial Bank, Bank of Ayudhya និង Krong Thai Bank៕




អត្ថបទបន្ទាប់


កម្ពុជាដាក់គោលដៅកែច្នៃទិន្នផលគ្រាប់ស្វាយចន្ទីឲ្យបាន២៥% សម្រាប់នាំចេញត្រឹមឆ្នាំ២០២៧

ព័ត៌មាន
កម្ពុជាជាប្រទេសដែលមានការដាំដុះ និងផលិតគ្រាប់ស្វាយចន្ទីធំជាងគេមួយនៅលើពិភពលោកដោយក្នុង១ឆ្នាំៗអាចផលិតគ្រាប់ស្វាយចន្ទីបានប្រមាណជាង១លានតោនសម្រ…

ក្រុមហ៊ុនអ្នកឧកញ៉ា គួច ម៉េងលី គ្រោងកៀរគរទុនឲ្យបាន១០លានដុល្លារ ពីការរបោះផ្សាយមូលបត្រលើកដំបូងនៅខែមេសាខាងមុខ

ព័ត៌មាន
ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលី នឹងចាប់ផ្ដើមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុនលើកដំបូងរបស់ខ្លួន នៅខែម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ