ជំនួបអឺរ៉ុប-អាហ្វ្រិក

អឺរ៉ុបបើកជំនួបកំពូលរឹតចំណងទាក់ទងជាមួយអាហ្វ្រិក ដើម្បីប្រជែងនឹងឥទ្ធិពលចិន និងរុស្សី


ដើម្បីបន្តមានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អឡើងវិញរវាងគ្នាជាមួយនឹងអាហ្វ្រិក សហភាពអឺរ៉ុបនៅថ្ងៃទី ១៧-១៨ ខែកុម្ភៈនេះ បានបើកជំនួបកំពូលរយៈពេល២ថ្ងៃ ស្វាគមន៍មេដឹកនាំអាហ្វ្រិក៤០ប្រទេស នាទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ ជំនួបកំពូលនេះ ធ្វើឡើងដើម្បីប្រាប់ទៅមេដឹកនាំអាហ្វ្រិកថា អឺរ៉ុបនៅតែយកចិត្តទុកដាក់នឹងទ្វីបមួយនេះ ស្របពេលដែលអឺរ៉ុបក៏ចង់ធានាឲ្យបានដែរថា ឥទ្ធិពលរបស់ខ្លួនមិនត្រូវធ្លាក់ចុះក្រោមឥទ្ធិពលរបស់ចិន និងរុស្សីនៅក្នុងតំបន់ឡើយ។
អឺរ៉ុបបើកជំនួបកំពូលរឹតចំណងទាក់ទងជាមួយអាហ្វ្រិក ដើម្បីប្រជែងនឹងឥទ្ធិពលចិន និងរុស្សី (រូបភាព៖ www.euobserver.com)
ដោយ

ទ្វីបអាហ្វ្រិក​ជាតំបន់ដែលចិននិងរុស្ស៊ីកំពុង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​យ៉ាងលឿនរហ័ស និងមានប្រសិទ្ធិភាព តាមរយៈការបង្ហូរ​ចូល​នូវគម្រោងវិនិយោគយ៉ាងច្រើន​សន្ធឹកសន្ធាប់។ លើសពីនេះឥទ្ធិពល​អឺរ៉ុបក្នុងតំបន់នៅមួយរយៈចុងក្រោយ​​ហាក់រអិលចុះបន្តិច។ រអិលចុះក៏ដោយសារតែអាហ្វ្រិកធ្លាប់អន់ចិត្ត​នឹងអឺរ៉ុប ដែលមានការចែករំលែក​វ៉ាក់សាំងកូវីដ១៩​ស្តួចស្តើងមកកាន់ពួកគេ បើធៀបនឹងអ្វី​ដែលចិនបានធ្វើ។

ដើម្បីប៉ះប៉ូវបញ្ហានេះ សហភាពអឺរ៉ុបនៅ​ក្នុងកិច្ចប្រជុំកំពូល​កាលពីថ្ងៃព្រហស្បតិ៍បានសន្យា ផ្តល់កញ្ចប់ជំនួយ​ជាច្រើន ដើម្បីទំនុកបម្រុង​វិស័យ​សុខាភិបាល អប់រំ និងស្ថិរភាព​សន្តិសុខ​នៅក្នុងទ្វីបអាហ្រ្វិក។ ទន្ទឹមនឹងនេះ ដើម្បីប្រជែងជាមួយគំនិតផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេស​ចិន​នៅក្នុងតំបន់ អឺរ៉ុបសន្យាបន្ថែមទំហំវិនិយោគនៅអាហ្វ្រិកជិត ៣៥០ពាន់លានដុល្លារទៀត។ 

គួរជម្រាបថា ភាពជាដៃគូ​រវាងអាហ្វ្រិក-អឺរ៉ុប ហាក់មិនសូវល្អូកល្អិននឹងគ្នាប៉ុន្មានទេ​នៅមួយរយៈចុងក្រោយ ពិសេសអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩។ បណ្តាប្រទេសនៅអឺរ៉ុប និងប្រទេសអ្នកមាន​ផ្សេងទៀត ត្រូវបានគេរិះគន់យ៉ាងខ្លាំង នៅអំឡុងពេល​កូវីដ១៩​ផ្ទុះរាលដា​ដំបូង ដោយ​ប្រទេស​តំបន់នេះ មានស្តុកទុកឧបករណ៍ការពារនានា និងក្រោយៗមកទៀតស្តុកទុកវ៉ាក់សាំងប្រឆាំងកូវីដ១៩ មិនព្រមបែងចែកច្រើន​ទៅប្រទេសក្រីក្រ​ដែលកំពុងខ្វះខាត។ មេដឹកនាំមកពីប្រទេសនៃ​ទ្វីបអាហ្រ្វិក​មួយចំនួន បានរអ៊ូរទាំ​ពីការបែងចែកវ៉ាក់សាំងយឺតយ៉ាវដល់ពួកគេ ដែលគេចាត់ទុក​ជាសញ្ញារើសអើងមួយ ដូចកាលពីជំនាន់​ជនជាតិអាហ្រ្វិក ត្រូវបានគេរើសអើងថាជាទាសករជាដើម។

ជាក់ស្តែង គិតត្រឹមដើមខែកុម្ភៈនេះ មានតែជនជាតិ​អាហ្រ្វិក ១១% ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងការពារ​មេរោគកូវីដ១៩​ទាំងពីរដូស ដែលនេះ​ជាចំនួនមួយ​តិចតួចបំផុត​បើធៀបនឹងប្រទេសផ្សេងទៀតជុំវិញពិភពលោក។

សូមបញ្ជាក់ថា ដោយសារតែ​ភូមិសាស្រ្ត​នយោបាយ និង​ភាពសំបូរធនធាន​រ៉ែវត្ថុធាតុដើម ធ្វើឲ្យ​អាហ្វ្រិក ក្លាយជា​គោលដៅចង់បាន​ពីគ្រប់ទិសទី។ ក្នុងនោះ ប្រទេស​អឺរ៉ុប​ត្រូវ​​ប្រឈមធំជាងគេ ជាមួយ​​មហាអំណាច​ចិន ដែល​កំពុង​ចាក់គ្រឹះ​​ឥទ្ធិពល ដើម្បីប្រយោជន៍​​សេដ្ឋកិច្ចខ្លួន ខណៈរុស្សី ដែលមានក្រុម​ទាហានស៊ីឈ្នូល នៅតាម​បណ្តាប្រទេស​​នៅអាហ្វ្រិក​មួយចំនួន​សម្រាប់​ការពារ​ប្រយោជន៍​ក្រុមហ៊ុន​​ឯកជនរបស់ខ្លួន កំពុង​បង្ក​អស្ថិរភាព នៅ​ក្នុងតំបន់​ខ្លះ ដែលមានសារៈសំខាន់​ផងដែរសម្រាប់អឺរ៉ុប៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាបន្ដរង់ចាំកូរ៉េខាងត្បូងផ្ដល់សច្ចាប័នដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

ព័ត៌មាន
ប្រទេសកម្ពុជាកំពុងទន្ទឹងរង់ចាំការផ្ដល់សច្ចាប័នពីសភានៃប្រទេសកូរ៉េខាងត្បូងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង ដើម្បីអាចឲ្យកិច្ចព្រម…

កោះតៃវ៉ាន់ស្នើបង្កើតច្បាប់ថ្មី ដើម្បីការពារការសម្ងាត់នៃឧស្សាហកម្មបន្ទះឈីប ពីការលួចចម្លងររបស់ចិន

ព័ត៌មាន
កោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍នេះ បានស្នើច្បាប់ថ្មីមួយ ដើម្បីទប់ស្កាត់ប្រទេសចិនពីការលួចចម្លងបច្ចេកវិទ្យាផលិតបន្ទះឈីបរបស់ខ្លួន ចំពេលមានមានក្ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ