កូវីដ-១៩ បំប្លែងថ្មី «ឌែលតា»

អឺរ៉ុបកំពុងបារម្ភខ្លាំងចំពោះ កូវីដ-១៩បំប្លែងថ្មី «ឌែលតា» ខណៈបច្ចុប្បន្នកំពុងបន្ដវាយប្រហារពាសពេញពិភពលោក


មេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីដែលគេហៅថា ឌែលតា កំពុងរីកសាយភាយកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក ហើយថ្មីៗនេះ មេរោគនេះ កំពុងត្រូវបានរកឃើញថា បានរាតត្បាតកាន់តែខ្លាំងឡើងនៅអឺរ៉ុប ដោយមេរោគបំប្លែងថ្មីនេះអាចមានដល់៩០% នៃករណីឆ្លងថ្មីនៅតំបន់អឺរ៉ុប ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
កម្ពុជាបានរកឃើញមេរោគបំប្លែងខ្លួនថ្មី ឌែលតា សរុប៨៣៦ករណី
ដោយ

មេរោគកូវីដ-១៩ បំប្លែងថ្មីឈ្មោះ ឌែលតា នេះត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាហើយបច្ចុប្បន្ន វាកំពុងបន្ដរាតត្បាតកាន់តែខ្លាំងនៅពាសពេញពិភពលោក ដោយសារតែវាមានកម្រិតឆ្លងខ្ពស់ជាង​ប្រភេទមេរោគកូវីដ-១៩ មុនៗ។

ទីភ្នាក់ងារគ្រប់គ្រងជំងឺរាតត្បាតរបស់សហភាពអឺរ៉ុប បានបញ្ជាក់ថា កន្លងមកមានតែមេរោគកូវីដ១៩បំប្លែងខ្លួនដែលមានប្រភពមកពីអង់គ្លេស ឈ្មោះថា «អាល់ហ្វា» ប៉ុណ្ណោះ ដែលបានរាតត្បាត និងលុកលុយខ្លាំងក្នុងតំបន់អឺរ៉ុប។ ប៉ុន្តែពេលនេះ អឺរ៉ុបកំពុងប្រឈមនឹងការរាតត្បាតពីមេរោគបំប្លែងខ្លួនថ្មី «ឌែលតា» ដែលអាចឈានទៅគ្របដណ្តប់ជាង ៩០%នៃករណីឆ្លងថ្មីក្នុងពេលឆាប់ៗ យ៉ាងយូរបំផុតត្រឹមខែសីហាខាងមុខ។

ការព្រមានពីសហភាពអឺរ៉ុប ធ្វើឡើងនៅចំពេលដែល ប្រទេសរុស្សីថ្មីៗនេះ ក៏បានទាញសញ្ញាព្រមានពីការផ្ទុះរាលដាលខ្លាំង នៅរដ្ឋធានីម៉ូស្កូ និង នៅតំបន់ជាច្រើនទៀតនៅរុស្សី ខណៈដែល យុទ្ធនាការចាក់វ៉ាក់សាំងនៅប្រទេសរុស្សី មានល្បឿនយឺតយ៉ាវ។ 

ដោយឡែក សម្រាប់ចក្រភពអង់គ្លេស គេសង្កេតឃើញថាមេរោគ «ឌែលតា»បំប្លែងខ្លួនថ្មី ទំនងជាមិនអាចគម្រាមកំហែងដល់ពលរដ្ឋអង់គ្លេសបានទេ ដោយហេតុថា ពួកគេភាគច្រើនបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩រួចរាល់ ពោលគឺមានពលរដ្ឋពេញវ័យប្រមាណ ៨២% ដែល បានចាក់វ៉ាក់សាំងមួយដូស និង ជាង ៦០% ទៀត ទទួលបានទាំងពីរដូសរួចរាល់។   

ប្រការនេះត្រូវបានភ្នាក់ងារគ្រប់គ្រងជំងឺរាតត្បាតអឺរ៉ុប ទទូចឲ្យប្រទេសនៅតំបន់អឺរ៉ុបទាំងអស់ បន្ថែមល្បឿនលើយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋ ដើម្បីទប់ទល់ និង កាត់បន្ថយផលប៉ះពាល់មកលើសុខភាព ពីការឆ្លងរាលដាលរបស់មេរោគបំប្លែងខ្លួនថ្មី កាន់តែឆាប់តាមដែលអាចធ្វើទៅបាន។

ដោយឡែក នៅប្រទេសអ៊ីស្រាអែលឯណោះវិញ ដែលជាប្រទេសមួយក្នុងចំណោមប្រទេសមានការចាក់វ៉ាក់សាំងច្រើនជាងគេបំផុតក្នុងពិភពលោក ក៏កំពុងតែបារម្ភខ្លាំងពីការឆ្លងមេរោគបំប្លែងថ្មី ឌែលតា នេះដែរ។ ជាក់ស្ដែង បើតាមមន្ត្រីជាន់ខ្ពស់ នៃក្រសួងសុខាភិបាលអ៊ីស្រាអែលបាននិយាយថា មានករណីឆ្លងថ្មីប្រមាណ ៧០% ត្រូវបានរកឃើញថា ជាការឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ឌែលតា នេះ។ រដ្ឋាភិបាលអ៊ីស្រាអែលក៏អាចនឹងដាក់ឲ្យធ្វើចត្តាឡីស័កចំពោះអ្នកដែលជាប់ពាក់ព័ន្ធឆ្លងមេរោគ ឌែលតានេះផងដែរ បើទោះបីជាពួកគេបានចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ។ា

សូមបញ្ជាក់ថា កាលពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក ក៏ធ្លាប់បានលើកឡើងដែរថា មេរោគកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទ «ឌែលតា» កំពុងតែឆ្លងរាលដាលទៅពាសពេញពិភពលោកតែម្តង មិនមែនរាលដាលតែនៅតំបន់អឺរ៉ុបនោះទេ។

មេរោគបំប្លែងខ្លួននេះ ត្រូវបាន WHO ចាត់ថ្នាក់ថា ជាមេរោគ ដែលគួរឱ្យព្រួយបារម្ភជាសាកល កាលពីខែឧសភាកន្លងទៅ។ វីរុសបំប្លែងខ្លួនថ្មី ឌែលតា ត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌាកាលពីឆ្នាំ២០២០ ហើយវាជាវីរុសទីបួនហើយ ដែលត្រូវចាត់ទុកជាប្រភេទគួរឲ្យព្រួយបារម្ភ ក្នុងកម្រិតទូទាំងពិភពលោក  និង ទាមទារឱ្យមានការតាមដាន ប្រុងប្រយ័ត្ន និង យកចិត្តទុកដាក់ឲ្យបានខ្ពស់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោក អនុម័តកម្ចី២០០លានដុល្លារឲ្យកម្ពុជា សម្រាប់ដោះស្រាយបញ្ហាកូវីដ-១៩ និងជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញ

ព័ត៌មាន
ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោកនៅថ្ងៃទី ២៤ ខែមិថុនាឆ្នាំ២០២១ បានសម្រេចអនុម័តកញ្ចប់ថវិកាកម្ចីប្រមាណ២០០លានដុល្លារអាមេរិក របស់សម…

ការវិនិយោគវិស័យកសិកម្មអំឡុងពេលកូវីដ-១៩ មានឱកាស និងកត្តាប្រឈមអ្វីខ្លះ?

ព័ត៌មាន
វិស័យកសិកម្មជាវិស័យដែលមានសក្តានុពលមួយ នៅក្នុងចំណោមវិស័យធំៗសំខាន់ៗទាំង៤ ដែលបានចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសនៅក្នុងដំណាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ