ស្ថានភាពនៅភូមា

អឺរ៉ុបរិះគន់ចំៗលើផែនការក្រុមយោធា ចង់រំលាយគណបក្សលោកស្រីស៊ូជី


សហភាពអឺរ៉ុបថ្មីៗនេះ បានចេញមកធ្វើការបរិហារដោយរិះគន់ចំៗ លើផែនការរបស់ក្រុមរបបសឹកយោធាភូមា ដែលមានបំណងចង់រំលាយគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី ចោលតែម្តង។ សហភាពអឺរ៉ុបបានរិះគន់ចំៗយ៉ាងដូច្នេះ ដោយសម្អាងថា គណបក្សរបស់លោកស្រីស៊ូជី គឺជាជ័យជំនះដ៏ពិតប្រាកដកើតចេញពីឆន្ទៈរបស់ពលរដ្ឋ និងបានឆ្លងកាត់ការសង្កេតការណ៍ និងទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិទៀតផង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អឺរ៉ុបរិះគន់ចំៗលើផែនការក្រុមយោធា ចង់រំលាយគណបក្សលោកស្រីស៊ូជី (រូបភាព៖https://www.europarl.europa.eu)
ដោយ

អ្នកនាំពាក្យនៃគណៈកម្មការប្រតិបត្តិរបស់សហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា៖ ប្រសិនបើរបបយោធាភូមា ពិតជាដំណើរការនីតិវិធីដើម្បីរំលាយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រីស៊ូជីពិតមែន វានឹងរឹតតែបង្ហាញឲ្យឃើញច្បាស់ទៀតថា យោធាមិនបានគោរពឆន្ទៈរបស់ប្រជាជនភូមា និងមិនបានគោរពច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនសោះឡើយ។

ការរិះគន់ចំៗ របស់សហគមន៍អឺរ៉ុបបែបនេះ ធ្វើឡើងនៅបន្ទាប់ពីមានការចុះផ្សាយរបស់កាសែតក្នុងស្រុកភូមាកាលពេលថ្មីៗនេះថា របបយោធាចង់រំលាយគណបក្សរបស់លោកស្រី ស៊ូជី ជុំវិញការចោទប្រកាន់រឿងក្លែងបន្លំសន្លឹកឆ្នោត។

ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលលើកបន្តុបដោយយោធា និងទើបត្រូវបានអាមេរិកដាក់ទណ្ឌកម្មនោះ គឺលោក ថេន សៃ បាននិយាយប្រាប់បន្ថែមព័ត៌មានក្នុងស្រុករបស់ភូមា ថា ដំណើរការស៊ើបអង្កេតទាក់ទងករណីលួចបន្លំ នៅក្នុងការបោះឆ្នោតជាតិកាលពីខែវិច្ឆិកាឆ្នាំ២០២០ ជិតរួចរាល់ជាស្ថាពរហើយ។

លោក ថេន សៃ បានលើកឡើងទៀតថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ភូមា នឹងវិភាគហើយពិចារណាចាត់វិធានការ ចំពោះគណបក្សរបស់លោកស្រី ស៊ូជី ដែលបានប្រព្រឹត្តសកម្មភាពខុសច្បាប់។

វាមានសេណារីយូចំនួនពីរ ដែលអាចកើតឡើងពាក់ព័ន្ធនឹងបញ្ហានេះ។ ទី១គឺរបបយោធា តាមរយៈគណៈកម្មាធិការរៀបចំការបោះឆ្នោត អាចនឹងរំលាយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រីស៊ូជីចោលតែម្តង។ សេណារីយ៉ូទី២គឺ របបយោធាអាចគ្រាន់តែចោទប្រកាន់អ្នកដែលបានប្រព្រឹត្តអំពើនេះ ថាជាជនក្បត់ជាតិ។

មែនទែនទៅ ការលួចបន្លំសន្លឹកឆ្នោតនេះហើយ ដែលមេដឹកនាំយោធាលោក មីនអ៊ុង ឡាំង ប្រើប្រាស់ជាហេតុផល ក្នុងការធ្វើរដ្ឋប្រហារយោធា ដណ្តើមអំណាចពីគណបក្សលោកស្រីស៊ូជី កាលពីដើមខែកុម្ភៈកន្លងទៅ។ 

យ៉ាងណាក៏ដោយ សហភាពអឺរ៉ុបបានអះអាងហើយថា ជ័យជំនះរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ជាជ័យជំនះដ៏ពិតប្រាកដកើតចេញពីឆន្ទៈរបស់ពលរដ្ឋ និងបានឆ្លងកាត់ការសង្កេតការណ៍ និងទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិទៀតផង។

ដោយឡែក នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ លោកស្រីអ៊ុងសាន ស៊ូជី បានបង្ហាញខ្លួនដោយផ្ទាល់ជាលើកដំបូងចាប់តាំងពីថ្ងៃរដ្ឋប្រហារមក នៅក្នុងសវនាការ ពាក់ព័ន្ធបណ្តឹងដែលចោទប្រកាន់ដោយក្រុមយោធា។

សូមបញ្ជាក់ថា ស្ថានការណ៍ក្នុងប្រទេសភូមា នៅតែបន្តស្ថិតក្នុងភាពវឹកវរ និងកំពុងតែឈានទៅរករបត់ថ្មីមួយទៀតហើយ នោះគឺជាការប៉ុនប៉ងរំលាយគណបក្សលោកស្រី អ៊ុងសានស៊ូ ជីនេះ បូករួមនឹង របបយោធាបានសម្រេចលុបចោលនូវអាយុចូលនិវត្តន៍សម្រាប់មេដឹកនាំយោធា ដែលប្រការនេះ អាចបើកផ្លូវដល់លោក មីន អ៊ុងឡាំង អាចនៅបន្តកាន់អំណាចកាន់តែយូរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សភាពាណិជ្ជកម្មអាមេរិកស្នើវៀតណាមឲ្យបន្ធូរបន្ថយការធ្វើចត្តាឡីស័ក ចំពោះអ្នកបានចាក់វ៉ាក់សាំង

ព័ត៌មាន
សភាពាណិជ្ជកម្មអាមេរិក (AmCham) នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានទទូចស្នើទៅកាន់វៀតណាម ឲ្យបន្ធូរបន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរដែ…

ការផ្ទុះរាលដាលកូវីដ-១៩នៅតៃវ៉ាន់ កំពុងធ្វើឲ្យការផ្គត់ផ្គង់បន្ទះឈីបរង្គោះរង្គើ

ព័ត៌មាន
កោះតៃវ៉ាន់ ត្រូវបានគេដឹងថា គឺជាអ្នកផលិតបន្ទះឈីបឈានមុខគេមួយនៅក្នុងតំបន់អាស៊ី។ គេនៅចាំបានថា កាលពីខែកុម្ភៈកន្លងទៅ ប្រទេសជាច្រើនបានសម្រុក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ