អឺរ៉ុបដក​ផ្នែកខ្លះនៃ EBA ពីកម្ពុជា​ជាផ្លូវការ

អឺរ៉ុប «សម្រេចដកផ្នែកខ្លះនៃ EBA ពីកម្ពុជាជាផ្លូវការហើយ» ខណៈទំនិញកម្ពុជា ២០% នាំទៅអឺរ៉ុបត្រូវចាប់ផ្ដើមបង់ពន្ធពីពេលនេះតទៅ


ដូចទៅនឹងការគ្រោងទុករបស់សហភាពអឺរ៉ុប នៅថ្ងៃទី ១២ ខែសីហានេះ សហភាពអឺរ៉ុបបានសម្រេចកាត់ផ្ដាច់ជាបណ្ដោះអាសន្ននូវផ្នែកខ្លះនៃភាពអនុគ្រោះពន្ធ EBA ពីកម្ពុជាហើយ ដោយក្នុងនោះតាមការវាយតម្លៃអាចនឹងប៉ះពាល់ដល់មុខទំនិញកម្ពុជាប្រមាណ ២០% ដែលនាំទៅអឺរ៉ុបរួមមាន ផលិតផលកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសម្រាប់ការធ្វើដំណើរជាដើម។ ទោះយ៉ាងណា មុខទំនិញទាំងនេះ នៅតែអាចនាំទៅអឺរ៉ុបបានតែត្រូវបង់ពន្ធ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបនៅថ្ងៃទី ១២ ខែសីហានេះ។
អឺរ៉ុប សម្រេចដកផ្នែកខ្លះនៃ EBA ពីកម្ពុជាជាផ្លូវការហើយ ខណៈទំនិញកម្ពុជា ២០% នាំទៅអឺរ៉ុបត្រូវចាប់ផ្ដើមបង់ពន្ធពីពេលនេះតទៅ
ដោយ

តាមការ​ប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​ដដែលនេះ បាន​ឲ្យដឹងថា ភាពអនុគ្រោះពន្ធ បាន​ផ្ដល់​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​កម្ពុជា​ក្រោម​ប្រព័ន្ធ​អនុគ្រោះពន្ធ អ្វីៗគ្រប់យ៉ាង​លើកលែង​តែ​អាវុធ (EBA) ដែល​ប្រព័ន្ធអនុគ្រោះពន្ធនេះ អឺរ៉ុប​បាន​ផ្ដល់ជូន​សម្រាប់​ប្រទេស​មានការអភិវឌ្ឍ​តិចតួច។

សហភាព អឺរ៉ុប​បានបញ្ជាក់ទៀតថា ការដក​ផ្នែកខ្លះ​នៃ EBA ពីកម្ពុជានេះ គឺ​ដោយសារតែ​មានការ​ព្រួយបារម្ភ​យ៉ាងធ្ងន់ធ្ងរ​ និងមាន​លក្ខណៈ​ជាប្រព័ន្ធ ទាក់ទង​នឹង​បញ្ហាសិទ្ធិមនុស្ស​ដែលបាន​កើតឡើង​នៅកម្ពុជា។ សហភាព​អឺរ៉ុប​បាន​បញ្ជាក់ទៀតថា អឺរ៉ុប​នៅតែ​បើកចំហរ ដើម្បី​ចូលរួម​​ជាមួយកម្ពុជា​លើការធ្វើ​កំណែទម្រង​ចាំបាច់។

លោក Phil Hogan ស្នងការ​ពាណិជ្ជកម្មអឺរ៉ុប​បាន​និយាយថា «យើង​បាន​ផ្ដល់ឲ្យ​​កម្ពុជា​នូវ​ឱកាស​ពាណិជ្ជកម្ម ដែល​អនុញ្ញាត​ឲ្យប្រទេសនេះ អភិវឌ្ឍ​ឧស្សាហកម្ម​ផ្ដោត​លើការ​នាំចេញ និងបាន​ផ្ដល់នូវ​ការងារ​រាប់ពាន់​កន្លែង​សម្រាប់​ប្រជាជន​កម្ពុជា។ ឥឡូវនេះ យើងក៏​នៅតែ​មានគោលជំហរ​នៅ​ជាមួយ​ពួកគេដែរ នៅក្នុង​ស្ថានភាព​ដ៏លំបាក​នាពេល​ឥឡូវនេះ ព្រោះតែ​មេរោគ​រាតត្បាត»។

លោក Hogan គូសបញ្ជាក់ទៀតថា «ទោះជាយ៉ាងណា ការបន្ត​ការគាំទ្រ​របស់យើង មិនបាន​បន្ថយ​នូវ​តម្រូវការ​បន្ទាន់​សម្រាប់​ឲ្យ​កម្ពុជា​គោរពសិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​នោះទេ។ ខ្ញុំ​ត្រៀមខ្លួន​រួចស្រេចហើយ​ ដើម្បី​បន្ត​ការចូលរួមរបស់យើង​ និង​ដើម្បី​ស្ដារឡើងវិញ​សម្រាប់​ផលិតផល​កម្ពុជា​អាច​ចូល​ក្នុងទីផ្សារ​អឺរ៉ុប​ដោយសេរី​ពេញលេញ ដោយការ​ផ្ដល់​ឲ្យយើង​មើលឃើញ​នូវភាព​​ប្រសើរឡើង​ប្រកបដោយ​និរន្ដរភាព​នៅក្នុង​ការគោរព​សិទ្ធិមនុស្ស និងសិទ្ធិការងារនេះ»។

លោក គេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​អះអាង​កាលពីថ្ងៃទី ០៧ ខែសីហាថា កន្លងមក​ខាង​ភាគីកម្ពុជា​បាន​ខិតខំ តវ៉ា និងស្នើ​ទៅកាន់​សភាព​អឺរ៉ុប​អស់លទ្ធភាពហើយ។

ទោះយ៉ាងណា អគ្គលេខា​ធិការ​សមាគម​រោងចក្រ​កាត់ដេរ​រូបនេះ បាន​គូសបញ្ជាក់ទៀតថា បញ្ហា​ធំរបស់​វិស័យ​កាត់ដេរ​កម្ពុជា​នាពេលនេះ មិនមែន​រឿង EBA ទៀតទេ គឺរឿង​កូវីដ-១៩ ដោយ​បញ្ហាមេរោគរាតត្បាត​មួយនេះ បាន​ធ្វើឲ្យប៉ះពាល់​ដល់វិស័យ​កាត់ដេរយ៉ាងខ្លាំង ខណៈដែលរោងចក្រ​បិទទ្វារ​ និងផ្អាក​ដំណើរការ​បាន​កើនឡើង​កាន់តែច្រើន។

សហភាពអឺរ៉ុប​បាន​ឲ្យដឹងទៀតថា ការដក​យកវិញ នូវ​ផ្នែកខ្លះនៃភាព​អនុគ្រោះពន្ធ EBAនេះ គឺមានប្រហែល​២០% នៃផលិតផល​សរុប​របស់​កម្ពុជា​ដែលនាំទៅអឺរ៉ុប ហើយកម្ពុជា​នៅតែ​អាច​នាំចេញ​ផលិតផល​ទាំងនោះ ទៅអឺរ៉ុប​ ប៉ុន្ដែ ត្រូវបង់ពន្ធ​ទូទៅ​ដូច​ដែលមាន​អនុវត្ត​ចំពោះ​សមាជិក​ផ្សេងទៀត​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោកដែរ។ នៅសល់ទំនិញ​កម្ពុជា​នាំចេញទៅ​អឺរ៉ុប​៨០%ទៀត នឹងបន្ដ​ទទួលបាន​ការអនុគ្រោះ​ (ដោយមិនគិតពន្ធ មិនគិតកូតា) សម្រាប់​នាំចេញ​ទៅអឺរ៉ុប​ដដែល។ 

បើតាមសហភាព​អឺរ៉ុប បានឲ្យ​ដឹងថា ផលិតផល​របស់កម្ពុជា​ដែលនឹងត្រូវអឺរ៉ុប ដកភាពអនុគ្រោះពន្ធនោះ មានដូចជា ផលិផលសម្លៀក​បំពាក់​មួយ​ចំនួន ស្បែកជើង ផលិតផលសម្រាប់ការធ្វើដំណើរ និងស្ករសជាដើម។

តាមការ​លើកឡើង​របស់​ឯកឧត្តម ហេង សួរ​អ្នកនាំពាក្យ​ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជា​ជីវៈកាលពី​ដើមខែ​កក្កដា​កន្លងទៅនេះ​បាន​ឲ្យដឹងថា​មានរោងចក្រ​កាត់ដេរ​ប្រមាណ​ជាង៤៥០ រោងចក្រហើយ បានព្យួរការងារ និងមានកម្មករ​កម្មការិនី​ប្រមាណជាង​១៣ម៉ឺននាក់​បាន​ប៉ះពាល់ការការ។ កត្តានេះ បានធ្វើឲ្យ​​ការនាំចេញ​នៃវិស័យកាត់ដេរ​ បាន​ធ្លាក់ចុះពី​ចំនួនជាង ៤ពាន់លាន​ដុល្លារ កាលពីឆមាសទី១​ឆ្នាំ២០១៩ មកនៅ​ត្រឹមតែជិត​៣ពាន់​៨​រយ​លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ នៅឆមាស​ទី១​ឆ្នាំ២០២០នេះ ពៅលគឺ​ធ្លាក់ចុះប្រមាណ​៥,៤%។ 

តាមតួលេខ​ពី​សហភាពអឺរ៉ុប​បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគី​រវាង​អឺរ៉ុប​និងកម្ពុជា​សម្រេចបាន​ដល់ទៅ ជាង​៦ពាន់លាន​ដុល្លារអាមេរិក ក្នុងនោះ កម្ពុជា​នាំចេញទៅអឺរ៉ុប​ប្រមាណ​ជាង​៥ពាន់លាន​ដុល្លារ ខណៈដែលអឺរ៉ុប​នាំ​ចូលមកកម្ពុជា​វិញ​ប្រមាណ១ពាន់លាន​ដុល្លារអាមេរិក។ ក្នុងចំណោម​ការនាំចេញ​សរុប​របស់​កម្ពុជាទៅកាន់​សហភាព​អឺរ៉ុប​នៅឆ្នាំ២០១៩ គឺរហូតដល់​ទៅ ៩៨% ទទួលបាន​ការអនុគ្រោះពន្ធ EBA។ អឺរ៉ុប ក៏ជាដៃគូ​ពាណិជ្ជកម្ម​ធំបំផុតទី​២​របស់​កម្ពុជា​ផងដែរ បន្ទាប់ពី​ប្រទេសចិនផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Thai Airways ត្រូវចំណាយជាង១៧០លានដុល្លារ បង់សោធននិវត្តន៍ជូនបុគ្គលិក នៅពេលប្រកាសក្ស័យធន

ព័ត៌មាន
នៅពេលប្រកាសក្ស័យធននៅតុលា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International ដែលកំពុងជំពាក់បំណុលវ័ណ្ដកនោះ នឹងត្រូវមានកាត្វកិច្ចបង់ប្រាក់សោ…

ផ្សារមូលបត្រកម្ពុជាស្វាគមន៍ក្រុមហ៊ុនចុះបញ្ជីថ្មីទី ១៣ និងរំពឹងទទួលបានក្រុមហ៊ុន២ទៀតនៅចុងឆ្នាំនេះ

ព័ត៌មាន
ថ្ងៃនេះ ផ្សារមូលបត្រកម្ពុជា ទទួលបានសមាជិកថ្មីមួយទៀតហើយ គឺក្រុមហ៊ុន PESTECH Cambodia ដែលបានក្លាយជាក្រុមហ៊ុនចុះបញ្ជីថ្មីទី ១៣ នៅលើទីផ្សារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ