លោកខាងលិចដាក់ទណ្ឌកម្មមន្រ្តីចិន

លោកខាងលិចដាក់ទណ្ឌកម្មមន្រ្តីចិនជុំវិញសំណុំរឿងរំលោភសិទ្ធិមនុស្សជនជាតិអ៊ុយហ្គ័រ


ប្រទេសលោកខាងលិចជាច្រើន រួមមានទាំង សហភាពអឺរ៉ុប ចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក នៅដើមសប្ដាហ៍នេះដោយបានសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលទីក្រុងប៉េកាំង ជុំវិញសំណុំរឿងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរលើជនជាតិភាគតិចអ៊ុយហ្គ័រ (Uyghur) ដែលភាគច្រើនរស់នៅតំបន់ស៊ិនជាំង (Xinjiang) ប្រទេសចិន។ ចិនឯណោះវិញ ក៏មិននៅស្ងៀមដែរ ដោយបានចេញមកដាក់ទណ្ឌកម្មវាយបកលើមន្ត្រីអឺរ៉ុបមួយចំនួនដូចគ្នា។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។
រូបតំណាង៖ ទង់ជាតិសហភាពអឺរ៉ុប និងប្រទេសចិន រូបភាព៖​Reuters
ដោយ

នៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលនៅដើមសប្ដាហ៍នេះបានអនុម័តទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ទីក្រុងប៉េកាំងចំនួន៤រូប ព្រមទាំងអង្គភាពរដ្ឋរបស់ចិនមួយចំនួនទៀតចូលក្នុងបញ្ជីខ្មៅជុំវិញការបង្រ្កាបដែលអឺរ៉ុបហៅថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ របស់រដ្ឋាភិបាលចិនលើជនជាតិភាគតិចអ៊ុយហ្គ័រ ក្នុងតំបន់ស៊ិនជាំង ភាគពាយព្យប្រទេសចិន។

ការដាក់ទណ្ឌកម្មទាំងនោះ រាប់ចាប់តាំងពីការបង្កកទ្រព្យសម្បត្តិ និងការដាក់ការិយាល័យសន្តិសុខសាធារណៈតំបន់ស៊ិនជាំងចូលក្នុងបញ្ចីខ្មៅផងដែរ។ ការិយាល័យនេះ ត្រូវបានគេជឿថា ជាដៃជើងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ចាត់តាំងមកគ្រប់គ្រងសន្តិសុខយោធា និងសេដ្ឋកិច្ចក្នុងតំបន់ស៊ិនជាំង។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនិក រ៉ាប (Dominic Raab) បាននិយាយថា វិធានការក្នុងការដាក់ទណ្ឌកម្មនេះ គឺជាវិធានការណ៍ច្បាស់លាស់រួមគ្នាមួយ រវាងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុប ដើម្បីធ្វើការឆ្លើយតបនឹងការរំលោភសិទ្ធិមនុស្សជាសកល និងជាពិសេសលើ ប្រជាជនអ៊ុយហ្គ័រដែលកាន់សាសនាមូស្លីម។

លោកអេនតូនី ប្លីងគិន (Antony Binken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានទាមទារខ្លាំងៗឱ្យបញ្ឈប់ការបង្ក្រាបលើក្រុមអ្នកកាន់សាសនាមូស្លីម និងក្រុមជនជាតិភាគតិចអ៊ុយហ្គ័រ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា ភ្លាមៗក្រោយទណ្ឌកម្មលើប្រទេសចិន រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ទណ្ឌកម្មបកត្រឡប់ទៅវិញផងដែរ លើមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមួយចំនួន ដោយបានចោទប្រកាន់ថា អ្នកទាំងនោះបានធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពជាតិរបស់ចិន។

ក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការបរទេសចិនកាលពីថ្ងៃច័ន្ទបាន សរសេរចំៗ លើមន្ត្រីសភាពអឺរ៉ុប ១០រូប ក្នុងនោះមាន៥រូបជាសមាជិកសភាអឺរ៉ុប ៤រូបជាសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សអឺរ៉ុប និងមានមួយរូបជាសាស្រ្តាចារ្យដែលធ្លាប់បានធ្វើការសិក្សាស្រាវជ្រាវ និងចេញរបាយការណ៍ជុំវិញបញ្ហានៅស៊ិនជាំងផងដែរ។

សូមបញ្ជាក់ថា ទណ្ឌកម្មដែលចិនដាក់ត្រឡប់ទៅវិញនេះ បានហាមប្រាមអ្នកដែលមានឈ្មោះក្នុងបញ្ជីមិនឲ្យធ្វើដំណើរចេញចូលចិនដីគោក រួមទាំងតំបន់រដ្ឋបាលពិសេសរបស់ចិនផងដែរ រួមមាន ហុងកុង និងម៉ាកាវ។ បន្ថែមពីលើនេះ ចិនបានហាមឃាត់មិនឲ្យក្រុមហ៊ុនចិន ហុងកុង និងម៉ាកាវ មានទំនាក់ទំនងជាមួយអ្នកដែលខ្លួនបានដាក់ទណ្ឌកម្មជាដាច់ខាត៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការលើកលែងពិន័យអន្តរការណ៍អាចជួយអាជីវកម្មទេសចរណ៍បានកម្រិតណា?

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ បានអះអាងថា ការលើកលែងពិន័យអន្តរការណ៍ ដល់អាជីវកម្មទេសចរណ៍គ្រប់ប្រភេទដែលក្រសួងទេសចរណ៍បានប្រកាសឡើង គឺបានជួយ…

តម្លៃម្ទេសដាំក្បាលចុះជិត១០ដង ចំពេលមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ព័ត៌មាន
តម្លៃម្ទេសបច្ចុប្បន្ននេះ បានធ្លាក់ចុះខ្លាំងដល់ទៅជិត១០ដង បើធៀបនឹងតម្លៃកាលពីខែមករាកន្លងទៅ ពោលគឺ កាលពីខែមករាម្ទេសធ្លាប់លក់បានដល់ទៅជាង ២ម៉ឺ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ