ប្រទេស​លោក​ខាង​លិច​បង្កើន​សម្ពាធ​លើ​ប្រទេសចិន​

សហភាពអឺរ៉ុប, អាមេរិក, អង់គ្លេស និងកាណាដា ដាក់ទណ្ឌកម្ម​លើ​មន្ត្រីរដ្ឋាភិបាលចិន​; ក្រុងប៉េកាំង​​សងសឹកវិញដោយទណ្ឌកម្មដែរ


សារព័ត៌មានធំៗ​នៅ​លើ​ពិភពលោក បានផ្សាយ​ថា សហភាព​អឺរ៉ុប ចក្រភពអង់គ្លេស និង​សហរដ្ឋ​អាមេរិក នៅថ្ងៃចន្ទ ទី២២ មីនា បាន​បើក​យុទ្ធនាការ​រួមគ្នា​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​មន្ត្រី​រដ្ឋាភិបាល​ចិន​ ជុំវិញ​ការចោទប្រកាន់ថាបាន​រំលោភសិទ្ធិ​មនុស្ស​នៅ​តំបន់​ស៊ិនជាំង (Xinjiang) ដែល​នាំឲ្យ​មាន​ការ​សងសឹក​វិញ​យ៉ាង​រហ័ស​ពីរដ្ឋាភិបាលក្រុង​ប៉េកាំង ។
ទង់ជាតិ​ចិន​នៅ​លើ​ជញ្ជាំង​លួស​បន្លា​នៅតំបន់​ស៊ិនជាំង ប្រទេសចិន ។ រូបភាព​ឯកសារ Shutterstock
ដោយ

សហភាពអឺរ៉ុប​បានដាក់ទណ្ឌកម្មប្រឆាំងនឹង​មន្ត្រីជាន់ខ្ពស់ចិន ៤រូប នៅតំបន់​ស៊ិនជាំង ។ ទណ្ឌកម្មទាំងនោះរួមមាន​ការបង្កក​ទ្រព្យ​សម្បត្តិរបស់មន្ត្រីទាំងនោះ និងការដាក់​បម្រាម​លើ​ការធ្វើ​ដំណើរ​ចូល​សហភាពអឺរ៉ុប ។ ពលរដ្ឋ​និងក្រុមហ៊ុន​អឺរ៉ុប​មិនត្រូវបានអនុញ្ញាត​ឲ្យ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​មន្ត្រីដែល​ត្រូវរងទណ្ឌកម្មទាំងនេះឡើយ ។ 

សហភាពអឺរ៉ុបដែលមាន​រដ្ឋសមាជិក ២៧ប្រទេស ក៏បានបង្កក​ទ្រព្យ​សម្បត្តិ​របស់ការិយាល័យសន្តិសុខ​សាធារណៈ​សាជីវកម្ម​ផលិតកម្ម​និង​សំណង់​ស៊ិនជាំង ដែលខ្លួន​បានពណ៌នា​ថា​ជា​«អង្គការ​សេដ្ឋកិច្ច​និង​យោធា​ដែលកាន់កាប់ដោយរដ្ឋចិន» ដែល​គ្រប់គ្រង​ស៊ិនជាំង និង​ត្រួតត្រា​សេដ្ឋកិច្ច​តំបន់​នេះ ។ 

រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក ដូមីនិក រ៉ាអាប (Dominic Raab) បាន​និយាយថា វិធានការទាំងនេះគឺជាផ្នែក​នៃ​«យុទ្ធនាការការទូត​ដ៏ចាស់ដៃ»ពីសំណាក់​ចក្រភពអង់គ្លេស សហរដ្ឋ​អាមេរិក កាណាដា និង​សហភាពអឺរ៉ុប​ដែលមាន ២៧ប្រទេស ដើម្បី​បង្ខំ​ឲ្យ​មានការចាត់វិធានការនៅចំពេល​ដែលមាន​ភ័ស្តុតាងកាន់តែច្រើនឡើង​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ប្រឆាំងនឹង​ប្រជាជន​អ៊ុយហ្គ័រដែលកាន់​សាសនា​មូស្លីម ។ 

រដ្ឋមន្ត្រីការបរទេស​អាមេរិក អ៊ែនថូនី ប្ល៊ិងខិន (Anthony Blinken) បាន​និយាយនៅក្នុង​សេចក្ដីថ្លែងការណ៍ថា «ការឆ្លើយតបរួមគ្នា​នេះ​បញ្ជូន​សារ​ដ៏​ខ្លាំងក្លា​មួយ​ទៅ​កាន់អ្នកទាំងឡាយដែល​រំលោភ​សិទ្ធិ​មនុស្ស​អន្តរជាតិ ហើយ​យើង​នឹង​ចាត់​វិធានការច្រើនជាងនេះថែមទៀត​ ដោយសហការជាមួយ​ដៃគូរបស់​យើងដែលមានចិត្តគំនិត​ដូចគ្នា ។»

ប្រទេស​ចិន​បាន​ឆ្លើយតប​វិញ​ភ្លាមៗទៅនឹងចំណាត់ការរបស់សហភាពអឺរ៉ុប ដោយ​ដាក់​ទណ្ឌកម្ម​តបតវិញទៅលើ​បុគ្គល​អឺរ៉ុប​ ១០រូប និងស្ថាប័ន​អឺរ៉ុប​ចំនួន ៤ ដែល​ខ្លួន​បាន​និយាយថា បាន​ធ្វើ​ឲ្យ​ខូច​ដល់​ផល​ប្រយោជន៍​របស់​ចិន និង​បាន​ផ្សព្វផ្សាយ​ការភូតកុហក​និង​ព័ត៌មាន​មិន​ពិត​ក្នុង​ចេទនា​ទុច្ចរិត ។

ដំបូងឡើយ ចិន​បាន​បដិសេធថា ពុំមាន​ជំរំ​ឃុំឃាំង​ជនជាតិអ៊ុយហ្គ័រនៅក្នុងតំបន់​ស៊ិនជាំងទេ ប៉ុន្តែ ក្រោយមក បាន​ពណ៌នាថា​ជំរំទាំងនោះ​គឺជា​មជ្ឈមណ្ឌល​ផ្ដល់​ការបណ្ដុះបណ្ដាល​ការងារ​និង​ការអប់រំ​ឡើង​វិញ ដល់ជនទាំងឡាយដែលមានគំនិត​ជ្រុលនិយម ។ មន្ត្រីចិន​តែងតែច្រានចោល​នូវរាល់ការចោទប្រកាន់ពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​តំបន់​ស៊ិនជាំង ។ 

ស៊ិនជាំង​ធ្លាប់ជាទីកន្លែងដ៏ក្ដៅគគុក​នៃ​សកម្មភាពហិង្សា​ប្រឆាំងរដ្ឋាភិបាល ប៉ុន្តែ រដ្ឋាភិបាលក្រុងប៉េកាំង​អះអាងថា ការបង្ក្រាប​ទ្រង់ទ្រាយធំរបស់ខ្លួន​បាន​នាំ​ឲ្យ​មាន​សន្តិភាព​នៅក្នុង​តំបន់នេះ ។ 

ក្រសួងការបរទេស​ចិន​បានថ្កោលទោស​ចំពោះ​ទណ្ឌកម្ម​របស់​សហភាពអឺរ៉ុប ថា«ផ្អែក​មូលដ្ឋាន​លើ​ការកុហក​និង​ព័ត៌មាន​មិនពិត» ខណៈ​ដែល​ខ្លួន​បាន​ដាក់​ចេញ​នូវវិធានការសងសឹកវិញ ។ 

ក្រសួងការបរទេស​ចិន​បានប្រកាស​ទណ្ឌកម្ម​ប្រឆាំង​បុគ្គល ១០រូប និងស្ថាប័នចំនួន ៤ របស់សហភាពអឺរ៉ុប ដោយនិយាយថា ពួកគេ​និង​សមាជិកគ្រួសារ​នឹងត្រូវ​ហាមឃាត់​មិន​ឲ្យ​ចូល​ទឹកដី​ចិនដីគោក ហុងកុង ឬម៉ាកាវឡើយ និង​កាត់ផ្ដាច់​នូវ​រាល់​ទំនាក់ទំនង​ហិរញ្ញវត្ថុ​ជាមួយតំបន់ទាំងនោះ ៕




អត្ថបទបន្ទាប់


ក្រុងរណបកោះនរាបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធបាន៥០%ហើយដោយគ្មានការរំខានពីជំងឺកូវីដ-១៩

ព័ត៌មាន
ទីក្រុងរណបកោះនរា ដែលជាការវិនិយោគរបស់អ្នកឧកញ៉ា ពុង ឃាវសែ កំពូលមហាសេដ្ឋីដ៏មានឥទ្ធិពលបំផុតនៅកម្ពុជានោះបច្ចុប្បន្ននេះ នៅតែបន្តសាងសង់ជាធម្ម…

គម្រោងសាជីវកម្មធានាឥណទាន ទុន២០០លានដុល្លារ នឹងដាក់ឲ្យអនុវត្តនៅចុងខែមីនាឆ្នាំនេះ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឲ្យអនុវត្តនូវកម្មវិធីសាជីវកម្មធានាឥណទាន (Credit Guarantee Scheme) ដែលមានដើមទុនដំបូងប្រមាណ​២០០លានដុល្លារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ