EU-Vietnam FTA

ទីបំផុត! កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប វៀតណាម នឹងចុះហត្ថលេខានៅចុងខែ មិថុនានេះ!


នៅទីបំផុត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប និងវៀតណាម នឹងត្រូវចុះហត្ថលេខារួមគ្នានៅចុងខែមិថុនានេះហើយ បន្ទាប់ពីប្រទេសវៀតណាមបានចរចា និងបានទន្ទឹងរង់ចាំលទ្ធផលយ៉ាងអន្ទះសាអស់រយៈពេលជាច្រើនឆ្នាំ។ អន្ទះសា ព្រោះថាវៀតណាមនឹងទាញបានប្រយោជន៍យ៉ាងសន្ធឹកពីកិច្ចព្រមព្រៀងនេះ តាមរយៈការនាំទំនិញដោយមានការអនុគ្រោះពន្ធស្មើសូន្យស្ទើរតែទាំងអស់ទៅកាន់ទីផ្សារអឺរ៉ុប។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប វៀតណាម នឹងចុះហត្ថលេខានៅចុងខែ មិថុនានេះ

នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សៀនហ្វុក បាន​និយាយ​កាលពីថ្ងៃអង្គារ​ម្សិលមិញនេះថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អឺរ៉ុប វៀតណាម​នឹងត្រូវបាន​ចុះហត្ថលេខា​នៅ​រដ្ឋធានី ហានូយ នៅ​ថ្ងៃទី ៣០ ខែមិថុនា​នេះហើយ។ កិច្ចព្រមពៀងនេះ ត្រូវបាន​គេមើលឃើញថា នឹងជំរុញដល់​កំណើន​សេដ្ឋកិច្ច​វៀតណាម​កាន់តែខ្លាំងក្លា​ថែមទៀត។ នេះបើតាម​ការចុះផ្សាយ​ដោយសារព័ត៌មាន​Vietnam Express។

លោក ង្វៀន សៀនហ្វុក បាន​និយាយប្រាប់​អ្នកសារព័ត៌មានថា ការរៀបចំ​គឺបាន​មកដល់​ដំណាក់កាល​ចុងក្រោយហើយ ហើយភាគីទាំងពីរ វៀតណាម និងសហភាពអឺរ៉ុប គឺបាន​យល់ព្រម​ថា​នឹង​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីនេះ។

នាយករដ្ឋមន្ត្រីវៀតណាម​បញ្ជាក់ថា ប្រទេសវៀតណាម​បាន​ចូល​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីជាច្រើន​ ហើយ​សេដ្ឋកិច្ច​ប្រទេសនេះ ក៏ទទួលបាន​ប្រយោជន៍​យ៉ាងសម្បើម​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាំងនោះផងដែរ។ 

តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​ជាមួយ​នឹង​អឺរ៉ុបនេះ វៀតណាម​នឹង​មានឱកាស​ទាញ​ប្រយោជន៍​បាន​ច្រើន​ពីទីផ្សារ​នៃប្រទេស​ជាសមាជិក​ទាំង២៨ ប្រទេស​របស់សហភាពអឺរុប។ ហើយ​កិច្ចព្រមព្រៀងនេះទៀតសោត នឹង​មានការ​ដកចេញ​នូវរបាំងពន្ធគយ​ស្ទើរតែទាំងអស់ ពោលគឺ​វា​នឹងលុបបំបាត់​ពន្ធគយ​ជាង ៩៩% លើការនាំចេញដោយផ្ទាល់​របស់​ភាគទាំងពីរ នៅពេល​ដែល​វា​នឹងត្រូវចូលជាធរមាន​នៅពេល​ខ្លីខាងមុខនេះ។

រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្មវៀតណាម បាន​ប្រាប់​អ្នកសារព័ត៌មានថា ទំនិញវៀតណាម ៧០% នាំចេញទៅអឺរ៉ុប​នឹង​ត្រូវ​លើកលែងពន្ធ ភ្លាមៗក្នុងដំណាក់កាលដំបូង ខណៈបច្ចុប្បន្ន មាន​ទំនិញតែ ៤២% ប៉ុណ្ណោះ ត្រូវបាន​លើកលែងពន្ធ​ស្មើសូន្យ។ 

ជាមួយគ្នានេះ វៀតណាម​ក៏ត្រូវ​លុបបំបាត់​ពន្ធគយ ប្រមាណ ជាង ៦៤ ភាគយ​សម្រាប់​ទំនិញ​នាំចូល​ពីអឺរ៉ុបផងដែរ នឹងបន្ដ​កើនឡើង​ដល់ ៩៧% នៅក្នុងរយៈពេល ៧ឆ្នាំ។

ប្រទេសវៀតណាម នឹង​អាច​បង្កើន​ការនាំចេញទំនិញ​ដូចជា​វាយនភណ្ឌ ស្បែកជើង ផលិតផលកសិកម្ម និងអាហារ​សមុទ្រ ហើយបើតាម​ក្រសួងផែនការ​ និងការវិនិយោគ​វៀតណាម​បាន​ប៉ាន់ប្រមាណថា ការនាំចេញ​ទៅអឺរ៉ុប​នឹង​កើនឡើង​២០ % នៅឆ្នាំក្រោយ និងកើនឡើង​ដល់ជាង ៤៤% នៅឆ្នាំ២០៣០។

ការនាំចូល​ពីអឺរ៉ុប​មកវិញ ក៏នឹង​មានកំណើនដែរ តែជាកំណើន​យឺត ដែលមានប្រមាណ ជាង ១៥% នៅឆ្នាំក្រោយ និង​ជិត​៣៧% នៅឆ្នាំ២០៣០។  

កាលពីឆ្នាំមុន វៀតណាម​នាំចេញទំនិញ ទៅអឺរ៉ុប​សម្រេចបានជិត ៤២ ពាន់​លាន​ដុល្លារអាមេរិក កើនឡើង​ជាង៩% ធៀបនឹង​ឆ្នាំ២០១៧ ខណៈដែលការនាំចូល​ពីអឺរ៉ុបមកវិញ​មានជិត១៤ពាន់លាន​ដុល្លារ កើនឡើង​ជិត​១៤%។

មន្ត្រីរដ្ឋាភិបាល​វៀតណាម​បញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹង​ត្រូវដាក់​ជូន​ទៅកាន់​សភាអឺរ៉ុប សម្រាប់​ការ​យល់ព្រម នៅចុងឆ្នាំនេះ ហើយវាទំនង​នឹងត្រូវបាន​អនុម័ត​ដោយរដ្ឋសភា​វៀតណាម នៅដំណាច់​ឆ្នាំនេះ ឬដើមឆ្នាំ​ក្រោយ។

សហភាពអឺរ៉ុប គឺជាទីផ្សារ​នាំចេញ​ទំនិញ​របស់វៀតណាម​ធំបំផុតទី២ បន្ទាប់ពីអាមេរិក ដែល​មាន​ទំនិញ​នាំចេញ​សំខាន់ដូចជា​សម្លៀកបំពាក់​និង​អាហារ។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី វៀតណាម អឺរ៉ុបនេះ គឺជាកិច្ចព្រមព្រៀង​បើកចំហរ​ទីផ្សារ​គ្រប់ជ្រុយជ្រោយ​ជាលើកដំបូងមួយ​របស់អឺរ៉ុប​ដែលធ្វើ​ជាមួយនឹង​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅតំបន់​អាស៊ី៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តុលាការចោទមនុស្ស៧នាក់ ពាក់ព័ន្ធករណីអគារបាក់ស្លាប់មនុស្ស ២៨នាក់នៅខេត្តព្រះសីហនុ

ព័ត៌មាន
តុលាការខេត្តព្រះសីហនុបានចោទប្រកាន់អ្នកពាក់ព័ន្ធទាំងអស់ចំនួន ៧នាក់ រួមទាំងជនជាតិចិន ៥នាក់ផងដែរ ចំពោះករណីបាក់អាគារ ៧ជាន់ដែលបានបណ្តាល…

ការស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធអនឡាញ កើនឡើង ៤ដង នៅ៥ខែ ឆ្នាំ២០១៩

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា គិតត្រឹម ៥ខែ ដំបូង ឆ្នាំ២០១៩ ចំនួនអាជីវកម្មដែលបានស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធអនឡាញ មាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ