អឺរ៉ុបថ្កោលទោសរុស្ស៊ី

អឺរ៉ុបថ្កោលទោសរុស្ស៊ី ពីការកាត់ផ្តាច់ឧស្ម័នពីប្រទេសប៉ូឡូញ និង ប៊ុលហ្គារី ថា ជាការគំរាមកំហែង


សហភាពអឺរ៉ុបថ្កោលទោសរុស្ស៊ី ពីការកាត់ផ្តាច់ឧស្ម័នពីប្រទេសប៉ូឡូញ និង ប៊ុលហ្គារី ថាជាការគំរាមកំហែង! ក្រុមហ៊ុន Gazprom របស់រុស្ស៊ីបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួនទៅឲ្យប្រទេសប៉ូឡូញ និងប៊ុលហ្គារី កាលពីថ្ងៃពុធ បន្ទាប់ពីប្រទេសទាំងពីនេះបានបដិសេធមិនព្រមបង់ប្រាក់ជាប្រាក់រូប្លរបស់ទីក្រុងម៉ូស្គួសម្រាប់ការទូទាត់ថ្លៃឧស្ម័ន ហើយរុស្ស៊ីក៏បានគំរាមធ្វើដូចគ្នាដែរចំពោះប្រទេសផ្សេងទៀតប្រសិនបើមិនធ្វើតាមការទាមទារនេះ ខណៈការធ្វើបែបនេះគឺជាផ្នែកមួយនៃការសងសឹកត្រឡប់ទៅវិញរបស់រុស្ស៊ី ចំពោះទណ្ឌកម្មរបស់លោកខាងលិច។
អឺរ៉ុបថ្កោលទោសរុស្ស៊ី

ក្រោយ​ពេល​រុ​ស្ស៊ី​ចាត់វិធានការ​ក្ដៅ​បែប​នេះ ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប ក៏​បាន​ចេញ​មុខ​ថ្កោលទោស​ទីក្រុង​ម៉ូ​ស្គូ​ផង​ដែរ ព្រមទាំង​បាន​ចាត់​ទុក​ថា វា​ជា​ទ​ង្វើ​គំរាមកំហែង​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន Reuters​។

ការ​ទាមទារ​របស់​ប្រធានាធិបតី​លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន សម្រាប់​ការ​ទូទាត់​ជា​ប្រាក់​រូ​ប្ល របស់​ខ្លួន​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​វាយបក​ទៅ​លើ​ឥទ្ធិពល​នៃ​ទណ្ឌកម្ម​របស់​លោក​ខាងលិច ខណៈ​សហភាព​អឺរ៉ុប​បាន​បង្កក​ទ្រព្យសម្បត្តិ​រាប់រយ​ពាន់​លាន​ដុល្លារ​របស់​ទីក្រុង​ម៉ូ​ស្គួ​។ យ៉ាងណាមិញ ប្រទេស​ប៉ូ​ឡូញ និង ប៊ុល​ហ្គា​រី បាន​បដិសេធ​មិន​បង់ប្រាក់​ទិញ​ឧស្ម័ន​ពី​រុ​ស្ស៊ី​ជា​ប្រាក់​រូ​ប្ល តាម​ការ​ចង់បាន​របស់​រុ​ស្ស៊ី​នោះ​ទេ ដែល​ជា​ផ្នែក​មួយ​នាំ​ឲ្យ​មានការ​ខឹងសម្បា​ជា​ខ្លាំង​ពីរ​ស្ស៊ី ហើយ​ឈាន​ដល់​ការ​សម្រេច​កាត់​ផ្តាច់​ការ​ផ្តល់​ឧស្ម័ន ទៅ​កាន់​ប្រទេស​ទាំង ២ នេះ​។ ក្នុង​នោះ សមាជិក​សភា​កំពូល​របស់​រុ​ស្ស៊ី​បាន​ព្រមាន​ថា ប្រទេស​ដែល​បាន​ប្រឆាំង​ជាមួយ​ទីក្រុង​ម៉ូ​ស្គួ ផ្សេង​ទៀត​ក៏​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ផង​ដែរ​។

ក្រោយ​ពី​រុ​ស្ស៊ី​លេង​ធម៌​ក្ដៅ​បែប​នេះ ទៅ​កាន់​ប្រទេស​សហភាព​អឺរ៉ុប លោក ហ្សេ​លេ​ន​ស្គី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ក៏​បាន​ចេញ​មក​និយាយ​ចំ​ៗ​ដែរ​ថា ឆាប់​ៗ​នេះ អ្នក​រាល់គ្នា​នៅ​អឺរ៉ុប​នឹង​បានដឹង​ថា ពួក​គេ​មិន​អាច​ពឹងផ្អែក​រុ​ស្ស៊ី​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ត​តទៅ​ទៀត​នោះ​ទេ ហើយ​ឆាប់​ៗ​នេះ វា​នឹង​អាច​មានការ​ធានា​ស្ថិរភាព​ទីផ្សារ​អឺរ៉ុប​។

ប្រទេស​បារាំង​នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយនឹង​រដ្ឋមន្ត្រី​ថាមពល​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី ២​ខែឧសភា​ខាង​មុខ​នេះ ដើម្បី​ពិភាក្សា​អំពី​របៀប​ដោះស្រាយ​ជាមួយនឹង​ចំណាត់ការ​របស់​រុ​ស្ស៊ី​មក​លើ​ប្រទេស​អឺរ៉ុប​។

គណៈកម្មការ​អឺរ៉ុប​បាន​ចោទប្រកាន់​ទីក្រុង​មូ​ស្គូ​ថា ទ​ង្វើ​បែប​នេះ​ជា​ការ​សម្លុត​គំរាមកំហែង ទៅ​លើ​សហភាព​អឺរ៉ុប ប៉ុន្តែ​សហភាព​អឺរ៉ុប ក៏​បាន​ចេញ​ឯកសារ​ផ្តល់​ការ​ប្រឹក្សា​ដល់​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​កាលពី​ស​ប្តា​ហ៍​មុន​ផង​ដែរ ដោយ​បង្ហាញ​អំពី​ជម្រើស​ដែល​អាច​អនុញ្ញាត​ឱ្យ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ដែល​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​បាន និង​បន្ត​បង់ប្រាក់​សម្រាប់​ឧស្ម័ន​រុ​ស្ស៊ី​ដោយ​មិន​ប៉ះពាល់​ដល់​ទណ្ឌកម្ម​ដែល​បាន​ដាក់​លើ​រុ​ស្ស៊ី​នោះ​ទេ​។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ផេស​ស្គូ​វ បាន​និយាយ​ថា រុ​ស្ស៊ី​នៅ​តែ​ជា​អ្នក​ផ្គត់ផ្គង់​ថាមពល​ដែល​អាច​ពឹងពាក់​បាន ហើយ​លោ​ក៏​បាន​បដិសេធ ចំពោះ​ការ​លើក​ឡើង​ថា រុ​ស្ស៊ី​កំពុង​សម្លុត​គំរាម​ប្រទេស​អឺរ៉ុប​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ​ចុះ តម្លៃ​ឧស្ម័ន​បាន​កើនឡើង​ដោយសារ​ការ​ភ័យ​ខ្លាច​ថា ប្រទេស​ជា​ច្រើន​ទៀត អាច​រង​ផល​ប៉ះពាល់​នៃ​ការ​កាត់​ផ្តាច់​របស់​រុ​ស្ស៊ី​ជា​បន្តបន្ទាប់​ទៀត ជា​ពិសេស​ប្រទេស​អា​ល្លឺ​ម៉​ង់ ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​មួយ​របស់​អឺរ៉ុប ដែល​កាលពី​ឆ្នាំ​មុន​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ទិញ​ឧស្ម័ន​ច្រើន​ជាង​ពាក់កណ្តាល​សម្រាប់​ការ​ប្រើប្រាស់​របស់​ខ្លួន​ពី​ប្រទេស​រុ​ស្ស៊ី​។

ក្រុមហ៊ុន Gazprom ដែល​ជា​ក្រុមហ៊ុន​ថាមពល​គ្រប់គ្រង​ដោយ​រដ្ឋ​រុ​ស្ស៊ី បាន​ផ្គត់ផ្គង់​ឧស្ម័ន​សម្រាប់​ទ្វីបអឺរ៉ុប​ជាមួយនឹង​តម្រូវការ​ឧស្ម័ន​ប្រហែល ៤០% ។ ក្រុមហ៊ុន​នេះ បាន​ព្រមាន​ថា ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​ប្រទេស​ប៉ូ​ឡូញ និង​ប៊ុល​ហ្គា​រី ដែល​បំពង់​បង្ហូរ​ប្រេង​របស់​ពួក​គេ​ផ្គត់ផ្គង់​ប្រទេស​អា​ល្លឺ​ម៉​ង់ ហុង​គ្រី និង ស៊ែ​ប៊ី នឹង​ត្រូវ​បាន​កាត់​បន្ថយ ប្រសិនបើ​ប្រេងឥន្ធនៈ​ត្រូវ​បាន​បង្ហូរ​ដោយ​ខុសច្បាប់​ចូល​ទៅ​កាន់​ប្រទេស​ប៉ូ​ឡូញ និង ប៉ុ​ល​ហ្គា​រី​។

ជាមួយនឹង​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ជា​សកលលោក​មាន​ភាព​តឹងតែង​ខ្លាំង អឺរ៉ុប​ទំនងជា​មិន​អាច​ជំនួស​ឧស្ម័ន​រុ​ស្ស៊ី​បាន​ពេញលេញ​ក្នុង​រយៈពេល​ខ្លី​នោះ​ទេ​។

គួរ​បញ្ចា​ក់ថា បន្ទាប់​ពី​រុ​ស្ស៊ី​ត្រូវ​បាន​ដក​ចេញពី​ប្រព័ន្ធ​ទូទាត់​រូបិយ​វត្ថុ​អន្តជាតិ Swift ធ្វើ​ឲ្យ​មានការ​រំខាន ដល់​ការ​ទូទាត់​ប្រាក់​ជាស​កល​នៃ​ការ​នាំ​ចេញ​ប្រេង និង ឧស្ម័ន​ជា​ខ្លាំង​សម្រាប់​ទីក្រុង​ម៉ូ​ស្គួ ខណៈ​នា​ពេល​ថ្មី​ៗ​នេះ​រុ​ស្ស៊ី​បាន​រៀបចំ​ប្រព័ន្ធ​ទូទាត់​ឧស្ម័ន ដែល​ពាក់ព័ន្ធ​នឹង​ការ​បើក​គណនី​នៅ Gazprombank ដើម្បី​ទូទាត់​ជា​ប្រាក់​រូ​ប្ល​របស់​រុ​ស្ស៊ី​វិញ ទើប​អាច​អនុញ្ញាត​ឱ្យ​មានការ​ទិញ​ឧស្ម័ន​បន្ត​បាន ខណៈ​កាលពី​ពេល​មុន ធ្លាប់តែ​មានការ​ទូទាត់​ជា​ប្រាក់​អឺ​រ៉ូ ឬ ប្រាក់​ដុល្លារ​តែ​ប៉ុណ្ណោះ​។

ក្នុង​នោះ ក្រុមហ៊ុន​អឺរ៉ុប​ចំនួន ១០ បាន​បើក​គណនី​រួច​ហើយ​នៅ Gazprombank ដើម្បី​បំពេញតម្រូវការ​ទូទាត់​របស់​រុ​ស្ស៊ី​។ នេះ​បើ​យោង​តាម Bloomberg៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រមុខUN ជំរុញរុស្ស៊ី និងអ៊ុយក្រែនសហការគ្នាបើកច្រកសុវត្ថិភាពសម្រាប់ជម្លៀសជនស៊ីវិលចេញពីសមរភូមិ

ព័ត៌មាន
លោក អង់តូនីញូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវធ្វើការរួមគ្នា ដើម្បីរៀបចំច្រករបៀងមនុស្…

លោកពូទីនចេញមុខដោយផ្ទាល់ព្រមានសងសឹកលឿនបំផុត លើលោកខាងលិចលូកដៃរឿងអ៊ុយក្រែន

ព័ត៌មាន
យើងមិនទាន់ចាកចេញទៅឆ្ងាយពីរឿងរ៉ាវរុស្ស៊ី និង អ៊ុយក្រែនទេ !! ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានពីការសងសឹកយ៉ាងឆាប់រហ័ស …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ