អឺរ៉ុប

អឺរ៉ុប គ្មានផែនការទទួលស្គាល់រដ្ឋាភិបាលរបស់ក្រុមតាលីបង់ឡើយ!


សហភាពអឺរ៉ុបអត់មានគម្រោងទទួលស្គាល់រដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលបង្កើតឡើងដោយក្រុមតាលីបង់ភ្លាមៗនោះទេ បន្ទាប់ពីពួកគេទទួលបានជ័យជម្នះ ប៉ុន្តែសហភាពអឺរ៉ុបមានគម្រោងនឹងផ្តើមនិយាយចរចាជាមួយក្រុមសកម្មប្រយុទ្ធនេះ ដើម្បីធានាថាពលរដ្ឋអឺរ៉ុប និងជនជាតិអាហ្វហ្គានីស្ថាន ដែលកន្លងមកបានបម្រើការឲ្យសហភាពអឺរ៉ុប អាចចាកចេញពីប្រទេសដោយសុវត្ថិភាព។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។
លោកចូសេប បូរ៉េល ប្រធានផ្នែកគោលនយោបាយការបរទេសរបស់អឺរ៉ុប (រូបភាព៖ Bangkok Post)
ដោយ

ថ្លែង​បន្ទាប់​ពី​បាន​ដឹកនាំ​កិច្ច​ពិភាក្សា​បន្ទាន់​ក្នុង​ចំណោម​រដ្ឋមន្ត្រី​ការ​បរទេស​សហភាព​អឺរ៉ុប ប្រធាន​ផ្នែក​គោលនយោបាយ​ការ​បរទេស​របស់​អឺរ៉ុប លោក​ចូ​សេ​ប បូ​រ៉េ​ល (Josep Borrell) បាន​គូសបញ្ជាក់ ពីសារ​សំខាន់​នៃ​ការ​បើក​កិច្ច​ពិភាក្សា​ជាមួយ​ក្រុម​តា​លី​បង់ ដើម្បី​ជួយ​ការពារ​សុវត្ថិភាព​ជនភៀសខ្លួន​ទាំងអស់ អំឡុង​ពេល​វិបត្តិ​មនុស្សធម៌​ដែល​បាន​និង​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។

ក្នុង​កិច្ចប្រជុំ​ដដែល​លោក ចូ​សេ​ប បូ​រ៉េ​ល​បន្ត​ថ្លែង​ចំ​ៗ​ថា អឺរ៉ុប​មិន​មាន​គម្រោង​ទទួលស្គាល់​ក្រុម​តា​លី​បង់​នោះ​ទេ តែ​អឺរ៉ុប​ត្រូវ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​មួយ​នេះ ដើម្បី​ធានា​បាន​ពី​សុវត្ថិភាព​របស់​ជនភៀសខ្លួន និង​ធានា​ឲ្យ​បាន​ថា អំពើ​ភេ​វរ​កម្ម​នានា​នឹង​មិន​ត្រឡប់​មក​វិញ​ឡើយ​។

គួរ​ជម្រាប​ថា រដ្ឋមន្ត្រី​ការ​បរទេស​សមាជិក​អឺរ៉ុប​ទាំងអស់​បាន​យល់​ស្រប​តាម​ការ​សម្រេច​ជា​រួម​របស់​សហភាព​អឺរ៉ុប ដោយ​នឹង​មិន​ទុក​ចោល ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ណា​ដែល​បម្រើ​ការ​ឲ្យ​ពួក​គេ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ​ឡើយ​។ ក្នុង​នោះ​ប្រទេស​អេ​ស្ប៉ា​ញ បាន​ចេញ​មុខ​មុនគេ​ក្នុង​ការ ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​ជនភៀសខ្លួន​ប្រមាណ ៤០០​នាក់​ដំបូង​ចូល​មក​ក្នុង​ប្រទេស​ខ្លួន​។

ដោយឡែក បើ​តាម​ផែនការ​ឆ្នាំ ២០២១​ដល់​២០២៤ អឺរ៉ុប​គ្រោង​នឹង​ផ្តល់​ថវិកា​ជំនួយ​អភិវឌ្ឍ​ចំនួន​ជាង ១​ពាន់​២​រយ​លាន​ដុល្លារ​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ​ក្រោយ​ពេល​ដែល​ក្រុម​តា​លី​បង់​ទទួល​បាន​ជ័យ​ជំនះ​លើ​រដ្ឋាភិបាល​មក អឺរ៉ុប​បាន​សម្រេច​បង្វែរ​ថវិកា​នេះ​មួយ​ផ្នែក ត្រៀម​ទុកជា​ជំនួយ​មនុស្សធម៌​សម្រាប់​ជនភៀសខ្លួន និង​ជន​រង​គ្រោះ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​វិញ​។

ជាមួយ​គ្នា​នេះ​ដែរ កាលពី​ថ្ងៃ​អង្គការ​ស​ប្ដា​ហ៍​នេះ លោក ចូ​បៃ​ឌិន ប្រធានាធិបតី​អា​មេ​រិ​ក និង​លោក បូ​រី​ស ច​ន​សុ​ន នាយក​រដ្ឋមន្ត្រី​អង់គ្លេស ក៏​បាន​និយាយ​គ្នា​ទាក់ទង​នឹង​ស្ថានភាព​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ផង​ដែរ ដោយ​មេដឹកនាំ​កំពូល​ទាំង​ពីរ​រូប​នេះ បាន​ព្រមព្រៀង​គ្នា នឹង​លើកយក​បញ្ហា​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​នេះ ទៅ​ជជែក​ជាមួយនឹង​ក្រុម​មេដឹកនាំ​ប្រទេស G7 នៅ​ក្នុង​ស​ប្ដា​ហ៍​ក្រោយ​ផង​ដែរ​។ នេះ​បើ​តាម​ប្រភព​ពី​សេត​វិមាន​អា​មេ​រិ​ក ដែល​បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

សូម​ជម្រាប​ថា បច្ចុប្បន្ន​គេ​មិន​ទាន់​អាច​ដឹង​ច្បាស់​ពី​ជោគវាសនា​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន និង​របៀប​នៃ​ការ​ដឹកនាំ​ប្រទេស​របស់​ក្រុម​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​បើ​តាម​មេដឹកនាំ​ក្រុម​តា​លី​បង់ ប្រាប់​ទៅ​កាន់​អ្នក​សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ពួក​គេ​សន្យា​គោរព​សេរីភាព​សារព័ត៌មាន សិទ្ធិ​នារី និង​ការ​ធានា​សន្តិសុខ​សណ្តាប់​នៅ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយទីផ្សារអង្ករធ្លាក់ចុះ វៀតណាមពិចារណាកាត់បន្ថយការដាំដុះដំណាំស្រូវ និងងាកទៅដាំដំណាំផ្សេងទៀតវិញ

ព័ត៌មាន
វៀតណាមពិចារណាកាត់បន្ថយការដាំដុះដំណាំស្រូវ និងងាកទៅដាំដំណាំផ្សេងទៀតដើម្បីបង្កើនប្រាក់ចំណេញច្រើនជាងនេះ ! រដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាម បា…

ចិនត្រៀមសាងសង់អាកាសយានដ្ឋានថ្មីនៅក្បែរកោះតៃវ៉ាន់ ចំពេលភាពតានតឹងកំពុងកើនឡើង

ព័ត៌មាន
ទោះបីកំពុងមានភាពតានតឹងផ្នែកនយោបាយនិងយោធា ជាមួយកោះតៃវ៉ាន់ ជាពិសេសភាពតានតឹងនៅក្បែរតំបន់ច្រកសមុទ្ររបស់កោះតៃវ៉ាន់ក្ដី ក៏រដ្ឋអំណាចក្រុងប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ