តំបន់អឺរ៉ុបនាំចូលអាវុធកើនឡើងកាន់តែច្រើន

តំបន់អឺរ៉ុបនាំចូលអាវុធកើនឡើងកាន់តែច្រើន ខណៈអាមេរិកជាអ្នកនាំចេញអាវុធដ៏ធំជាងគេក្នុងពិភពលោកកំពុងត្រូវប៉ាន់


បណ្ដារដ្ឋមួយចំនួននៅតំបន់អឺរ៉ុបបានបង្កើនការនាំចូលអាវុធសំខាន់ៗរបស់ពួកគេចំនួន ៤៧% ក្នុងរយៈពេល ៥ ឆ្នាំគិតមកដល់ត្រឹមឆ្នាំ២០២២ ស្របពេលដែលចំណែកឥទ្ធិពលនៃការនាំចេញអាវុធជាសកលរបស់សហរដ្ឋអាមេរិកបានកើនឡើងពី៣៣% ទៅដល់ ៤០%។ នេះបើតាមក្រុមអ្នកវិភាគស្ដីពីជម្លោះក្នុងតំបន់ ដែលបានបង្ហាញនៅថ្ងៃទី ១៣ ខែមីនា និងត្រូវបានចុះផ្សាយបន្ដដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អាមេរិកជាអ្នកនាំចេញអាវុធដ៏ធំជាងគេក្នុងពិភពលោក រូបភាព US news

ការឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន ក្រោយពីមានភាពតានតឹងកើនឡើងជាច្រើនឆ្នាំហើយនោះ វាបានជំរុញឱ្យបណ្តាប្រទេសអឺរ៉ុបមួយចំនួនប្រញាប់ប្រញាល់ពង្រឹងការការពាររបស់ពួកគេ។

លោក ភីធឺ ឌី វ៉េហ្សេម៉េន (Pieter D. Wezeman) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តូកហូម ហៅកាត់ថាស៊ីព្រី (SIPRI) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា តាមពិតទៅ ការនាំចូលអាវុធជាសាកលបានធ្លាក់ចុះរួចទៅហើយ។ ប៉ុន្តែបើមើលដោយឡែក ការនាំចូលអាវុធទៅកាន់តំបន់អឺរ៉ុបបានកើនឡើងយ៉ាងខ្លាំងទៅវិញដោយសារតែភាពតានតឹងរវាងប្រទេសរុស្ស៊ី និងបណ្ដារដ្ឋអឺរ៉ុបដទៃទៀត។

វិទ្យាស្ថានស្រាវជ្រាវ SIPRI បានកំណត់ពីអាវុធសំខាន់ៗមួយចំនួនដែលមានកំណើននាំចូលច្រើន រួមមាន យន្តហោះចម្បាំង នាវាចម្បាំង រថក្រោះ កាំភ្លើងធំ កាំជ្រួចមីស៊ីល និងប្រព័ន្ធការពារធុនធ្ងន់ផ្សេងៗទៀតផងដែរ។

បណ្ដារដ្ឋនៅអឺរ៉ុបដែលមានសម្ព័ន្ធភាពជាមួយអង្គការណាតូដឹកនាំដោយសហរដ្ឋអាមេរិកបានបង្កើនការនាំចូលអាវុធរបស់ពួកគេចំនួន ៦៥% បើធៀបនឹងរយៈពេល៥ឆ្នាំមុន។ ប៉ុន្តែនៅទូទាំងពិភពលោក ការដឹកជញ្ជូនអាវុធជាអន្តរជាតិបានធ្លាក់ចុះជាង ៥ %។ នេះបើយោងតាមវិទ្យាសា្ថនស្រាវជ្រាវ SIPRI ។

សហរដ្ឋអាមេរិក គឺជាប្រទេសនាំចេញអាវុធច្រើនធំបំផុតលំដាប់ទី១ក្នុងពិភពលោក ចំណែកឯប្រទេសរុស្ស៊ីគឺស្ថិតនៅក្នុងលំដាប់ទី២ នៅក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ។

ការនាំចេញអាវុធរបស់សហរដ្ឋអាមេរិកបានកើនឡើង ១៤% ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៧ ហើយសហរដ្ឋអាមេរិកមានចំនួន ៤០% នៃការនាំចេញអាវុធជាសកលខណៈដែលចំណែកទីផ្សារនាំចេញអាវុធរបស់រុស្ស៊ីវិញ បានធ្លាក់ចុះពី ២២% មកនៅត្រឹម ១៦% ប៉ុណ្ណោះ។

លោក ស៊ីម៉ុន ធី វ៉េហ្សេម៉េន (Siemon T. Wezeman) អ្នកវិភាគនៅវិទ្យាស្ថាន SIPRI បាននិយាយថា ការឈ្លានពានទៅលើអ៊ុយក្រែនទំនងជាមូលហេតុចម្បងមួយដែលបានធ្វើឱ្យការនាំចេញអាវុធរបស់រុស្ស៊ីធ្លាក់បែបនេះ ដោយហេតុតែរុស្ស៊ីពេលនេះកំពុងផ្តល់អាទិភាពដល់ការផ្គត់ផ្គង់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ ចំណែកតម្រូវការពីរដ្ឋផ្សេងទៀតក៏នៅតែមានកម្រិតទាបនៅឡើយដែរដោយសារតែការដាក់ទណ្ឌកម្មពាណិជ្ជកម្មទៅលើប្រទេសរុស្ស៊ី។

នៅក្នុងឆ្នាំ២០២២ វិទ្យាស្ថាន SIPRI បានព្រមានថា ឃ្លាំងអាវុធនុយក្លេអ៊ែរជាសកលទំនងជានឹងកើនឡើងនៅក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


អ្នកជំនាញថា កម្ពុជានឹងទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិ ២ពាន់លានដុល្លារនៅឆ្នាំនេះ ទោះការចាយវាយរបស់ភ្ញៀវថយចុះក្ដី

ព័ត៌មាន
បើទោះបីជា និន្នាការចាយវាយរបស់ភ្ញៀវទេសចរអន្តរជាតិហាក់មានការក្បិតត្បៀតជាងមុនក្ដី ប៉ុន្ដែ អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ បានបង្ហាញពីក្ដីរំពឹ…

វិស័យអចលនទ្រព្យថៃមានសេចក្តីសង្ឃឹមឡើងវិញ ខណៈភ្ញៀវទេសចរចិនកំពុងកើនឡើងខ្ពស់

ព័ត៌មាន
វិស័យអចលនទ្រព្យ និង សកម្មភាពផ្សេងៗទាក់ទងនឹងសេវាកម្មទេសចរណ៍នៅក្នុងប្រទេសថៃបានកំពុងតែមានសេចក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមឡើងវិញហើយ ខណៈភ្ញៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ