ធនាគារកណ្ដាលអឺរ៉ុប

ធនាគារកណ្ដាលអឺរ៉ុប បានបន្តដំឡើងអត្រាការប្រាក់គោលបន្ថែម ០,៥០% ទៀត ទោះស្ថិតក្នុងភាពចលាចលហិរញ្ញវត្ថុក៏ដោយ


ធនាគារកណ្តាលអឺរ៉ុបបានដំឡើងអត្រាការប្រាក់គោលបន្ថែម ០,៥០% ទៀត កាលពីសប្ដាហ៍មុននេះ ស្របតាមការគ្រោងទុករបស់ខ្លួន ដើម្បីទប់ស្កាត់អតិផរណាដោយមិនអើពើនឹងភាពវឹកវរនៃទីផ្សារហិរញ្ញវត្ថុដែលកំពុងកើតមានដោយសារការដួលរលំនៃធនាគារនៅអាមេរិក និងមានការអំពាវនាវពីក្រុមអ្នកវិនិយោគដែលសុំឱ្យពន្យារពេលនៃការរឹតបន្តឹងគោលនយោបាយនេះយ៉ាងណាក្ដី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ធនាគារកណ្ដាលអឺរ៉ុប បានបន្តដំឡើងអត្រាការប្រាក់គោលបន្ថែមទៀត រូបភាព រ៉យទ័រ

ធនាគារកណ្ដាលអឺរ៉ុប ECB បាននិងកំពុងដំឡើងអត្រាការប្រាក់គោលក្នុងល្បឿនមួយដ៏លឿនបំផុតរបស់ខ្លួនគួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែ ការរង្គោះរង្គើនៅក្នុងទីផ្សារពិភពលោកចាប់តាំងពីការដួលរលំធនាគារ Silicon Valley (SVB) នៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនមកវាបានគំរាមកំហែងដល់ការបញ្ចប់ផែនការទាំងនោះនៅពេលចុងក្រោយនេះ។

ស្របតាមការណែនាំជាញឹកញាប់របស់ខ្លួននោះ ធនាគារកណ្តាល ECB សម្រាប់ប្រទេសចំនួន២០ ដែលបានចាយប្រាក់អឺរ៉ូនោះបានដំឡើងអត្រាប្រាក់បញ្ញើរបស់ខ្លួនដល់ ៣% ដែលជាកម្រិតខ្ពស់បំផុតបើគិតចាប់តាំងពីចុងឆ្នាំ២០០៨មក ដោយសារធនាគារនេះមើលឃើញថា អតិផរណានឹងបន្តកើនឡើងលើសទិសដៅកំណត់ ២% របស់ខ្លួនរហូតដល់ឆ្នាំ២០២៥។

លោកស្រី គ្រីស្ទីន ឡាហ្កាដ (Christine Lagarde) ប្រធានធនាគារកណ្ដាល ECB បានប្រាប់សន្និសីទសារព័ត៌មានដោយអានសេចក្តីថ្លែងការណ៍ដែលយល់ព្រមដោយអ្នកបង្កើតគោលនយោបាយរបស់ធនាគារនេះថា អតិផរណាត្រូវបានព្យាករថា នឹងនៅតែស្ថិតកម្រិតខ្ពស់ហួសហេតុ នៅក្នុងរយៈពេលយូរអង្វែង។

លោកស្រីបានបន្ថែមថា ក្រុមប្រឹក្សាភិបាលធនាគារនេះកំពុងតាមដានភាពតានតឹងទីផ្សារបច្ចុប្បន្នយ៉ាងជិតស្និទ្ធ ហើយត្រៀមខ្លួនឆ្លើយតបតាមការចាំបាច់រួចជាស្រេច ដើម្បីការពារស្ថិរភាពតម្លៃ និងស្ថិរភាពហិរញ្ញវត្ថុនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ហើយលោកស្រីបានបន្ថែមទៀតថា ធនាគារក្នុងតំបន់នេះ មានជំហរមូលធន ឬដើមទុន និងសាច់ប្រាក់យ៉ាងរឹងមាំ។

ប៉ុន្តែសេចក្ដីថ្លែងការណ៍នេះមិនបានផ្តល់ការប្តេជ្ញាចិត្តសម្រាប់អ្វីដែលអាចកើតឡើងនាអនាគតនោះទេ ទោះជាមានការអំពាវនាវពីមុនមករបស់ក្រុមអ្នកបង្កើតគោលនយោបាយជាច្រើនដែលសុំឱ្យផ្លាស់ប្តូរវិធានការបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណាយ៉ាងក៏ដោយ។

ទិន្នផលប្រាក់អឺរ៉ូ និងប័ណ្ណបំណុលបានកើនឡើងបន្ទាប់ពីការផ្លាស់ប្តូរអត្រាការប្រាក់គោលនេះ។ នៅមុននេះ ពោលគឺក្រោយពេលប៉ុន្មានថ្ងៃបន្ទាប់ពីមានភាពចលាចលនៅក្នុងទីផ្សារហិរញ្ញវត្ថុហើយនោះ វិនិយោគិនហិរញ្ញវត្ថុបានមើលឃើញឱកាស ៥០% នៃការដំឡើងអត្រាការប្រាក់គោល ០,២៥% របស់ធនាគារ ECB ហើយវិនិយោគិនទាំងនេះបានបន្ថយការរំពឹងទុកថា ធនាគារនេះនឹងមិនដំឡើងអត្រាការប្រាក់គោលទៀតនោះទេ។ ប៉ុន្តែមិនដូច្នោះឡើយ កាលពីសប្ដាហ៍មុន ធនាគារនេះក៏បានសម្រេចដំឡើងអត្រាការប្រាក់ដល់ទៅ ០,៥០% ថែមទៀតដោយមិនខ្វល់ពីភាពចលាចលហិរញ្ញវត្ថុដែលកំពុងតែកើនមាននាពេលឥឡូវនេះទាល់តែសោះ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


អាល្លឺម៉ង់ និងជប៉ុនចាប់ដៃគ្នាកាន់តែជិតស្និទ្ធិផ្ដោតទៅលើសន្តិសុខ និងសេដ្ឋកិច្ច

ព័ត៌មាន
ប្រទេសយក្សសេដ្ឋកិច្ចនៅអឺរ៉ុប គឺអាល្លឺម៉ង់ និងប្រទេសសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ី គឺជប៉ុន កាលពីចុងសប្ដាហ៍មុននេះ បានព្រមព្រៀងសហការគ្នាយ៉ាងជិ…

កូរ៉េខាងជើងថា ប្រជាជនរបស់ខ្លួន ៨០ម៉ឺននាក់ បានចុះឈ្មោះធ្វើជាទាហាន ដើម្បីត្រៀមប្រយុទ្ធជាមួយនឹង«ចក្រពត្តិអាមេរិក»

ព័ត៌មាន
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានឱ្យដឹងកាលពីថ្ងៃសៅរិ៍ ទី ១៨ មីនា ថា មានមនុស្សជាង ៨ សែននាក់ដែលជាយុវជននៃប្រទេសនេះបានស្ម័គ្រចិត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ