EU

EU កំពុងខិតខំជំរុញបង្កើនទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខនៅតំបន់ប៉ាស៊ីហ្វិកកាន់តែខ្លាំង


ឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុបប្រចាំប្រទេសនៅប្រជុំកោះប៉ាស៊ីហ្វិក បាននិយាយនៅថ្ងៃទី ១៦ សីហាថា សហភាពអឺរ៉ុបកំពុងតែធ្វើការងារ ដើម្បីបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិកឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត តាមរយៈការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងការប្តេជ្ញាចិត្តផ្នែកសន្តិសុខជាថ្មី ខណៈដែលការប្រកួតប្រជែងភូមិសាស្ត្រក្នុងតំបន់កាន់តែមានភាពស្រួលស្រាល់ឡើងកាន់តែខ្លាំង ហើយនៅតំបន់អឺរ៉ុបក៏កំពុងជួបបញ្ហារង្គោះរង្គើផ្នែកសន្ដិសុខរបស់ខ្លួនផងដែរ ចាប់តាំងពីមានការផ្ទុះសង្គ្រាមនៅអ៊ុយក្រែនមក។
EU កំពុងខិតខំជំរុញបង្កើនទំនាក់ទំនងសេដ្ឋកិច្ច
ដោយ

នេះបើតាមការផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសនៅប្រជុំកោះប៉ាស៊ីហ្វិក លោក Sujiro Seam បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានរ៉យទ័រថា សហភាពអឺរ៉ុបត្រូវគេចាត់ទុកថាជាដៃគូអភិវឌ្ឍន៍នៅតំបន់ប៉ាស៊ីហ្វិកជាយូរមកហើយ ហើយសហភាពអឺរ៉ុបក៏ចង់ឱ្យគេយល់កាន់តែច្បាស់ថា ខ្លួនគឺជាដៃគូសេដ្ឋកិច្ច និងយុទ្ធសាស្ត្ររបស់តំបន់នេះផងដែរ។

ការជំរុញរបស់សហភាពអឺរ៉ុបនេះបានកើតឡើងនៅពេលដែលមហាអំណាចធំៗកំពុងប្រជែងដណ្តើមឥទ្ធិពលគ្នានៅក្នុងតំបន់នេះកាន់តែខ្លាំងក្លា ដោយសហរដ្ឋអាមេរិក និងអូស្ត្រាលីបានបង្កើនការចូលរួមនៅក្នុងតំបន់ប៉ាស៊ីហ្វិកផងដែរ បន្ទាប់ពីប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសកោះសូឡូម៉ុន (Solomon) ក្នុងឆ្នាំនេះ។

មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបដដែលនេះ បាននិយាយថា ភូមិសាស្ត្រនៅមហាសមុទ្រប៉ាស៊ីហ្វិកនេះ ត្រូវបានទទួលស្គាល់ដោយប្រទេសជាច្រើនរួមទាំងសហភាពអឺរ៉ុបផងដែរថា ពិតជាមានសារៈសំខាន់សម្រាប់ពួកគេ ហើយសហភាពអឺរ៉ុបបានមានបង្ហាញវត្តមាននៅតំបន់នេះជាយូរមកហើយភាគច្រើនតាមរយៈទំនាក់ទំនងរបស់ប្រទេសបារាំងភ្ជាប់ទៅនឹងលក្ខណៈភូមិសាស្ត្រនយោបាយរបស់ប្រទេសបារាំងតែម្ដង។

នៅឆ្នាំ២០២១សហភាពអឺរ៉ុបបានដាក់ចេញនូវយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកជាផ្លូវការ ហើយបានប្រកាសអំពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធសកលចំនួន ជាង៣០០ពាន់លានដុល្លារ ដែលគេរំពឹងថានឹងជួយជំរុញទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកកាន់តែខ្លាំងថែមទៀត។

លោក Seam ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសនៅប្រជុំកោះប៉ាស៊ីហ្វិក បានបន្ថែមថា សហភាពអឺរ៉ុបមានគម្រោងអភិវឌ្ឍន៍ជាច្រើនដែលកំពុងដំណើរការនៅក្នុងតំបន់នេះ ហើយកំពុងសម្លឹងមើលពង្រីកទំនាក់ទំនងបន្ថែមទៀតដោយកត់សម្គាល់ថា សហភាពអឺរ៉ុបកំពុងពិភាក្សាបញ្ចប់លើគម្រោងចំណាយប្រាក់ ជាង ៥ លានដុល្លារ សម្រាប់ការសិក្សាពីលទ្ធភាពសម្រាប់បង្កើតកំពង់ផែមួយនៅលើកោះគីរីទីម៉ាទី (Kiritimati) នៅប្រទេសកោះ គីរីបាទី (Kiribati)។

លោក Seam បានបន្ថែមថា វត្តមានអឺរ៉ុបនៅក្នុងតំបន់ប៉ាស៊ីហ្វិក គឺមិនចង់ប្រឆាំងនឹងនរណាម្នាក់នោះទេ ហើយក៏មិនមែនមក ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ប្រទេសចិននោះដែរ។

លោកគូសបញ្ជាក់ទៀតថា ផ្នែកមួយនៃយុទ្ធសាស្រ្តក្នុងការជំរុញវត្តមានរបស់ EU នៅក្នុងតំបន់ប៉ាស៊ីហ្វិកគឺផ្តល់ឱកាសសេដ្ឋកិច្ច ហើយអឺរ៉ុបបានចុះហត្ថលេខាលើភាពជាដៃគូពាណិជ្ជកម្មមួយចំនួនជាមួយរដ្ឋាភិបាលប៉ាស៊ីហ្វិក និងកំពុងចរចាកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយប្រទេសតុងហ្កា ដើម្បីអនុញ្ញាតឱ្យប្រទេសនេះចូលទៅកាន់ទីផ្សារអឺរ៉ុបកាន់តែប្រសើរជាងមុន។ បន្ថែមពីនេះទៀត សហភាពអឺរ៉ុបក៏មានគម្រោងបង្កើតផែនការតាមដានដែនសមុទ្រក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ ហើយកន្លងមកយោធាបារាំង ដែលមានបទពិសោធន៍ច្រើននៅក្នុងតំបន់នេះបានជួយគាំទ្រសហភាពអឺរ៉ុប ដើម្បីបង្កើនទំនាក់ទំនងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះបានយ៉ាងល្អ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


កម្ពុជាដាក់ឲ្យដំណើរការប្រព័ន្ធស្នើសុំបែបបទចេញចូលកំពងផែតាមអនឡាញ ដើម្បីកាត់បន្ថយការកកស្ទះកប៉ាល់

ព័ត៌មាន
កម្ពុជាបានដាក់ឲ្យប្រើប្រាស់សាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ(Port EDI) ដែលជាការសហការរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ជា…

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបង្ហាញក្ដីកង្វល់ខ្លាំងលើបញ្ហាការឡើងថ្លៃប្រេងឥន្ធនៈ ជាងបញ្ហាថ្លៃទំនិញកើនខ្ពស់

ព័ត៌មាន
ការកើនឡើងតម្លៃប្រេងឥន្ធនៈសកលយ៉ាងគំហុកបាននិងកំពុងបង្កជាក្តីព្រួយបារម្ភដល់ប្រទេសជាច្រើនលើពិភពលោក រួមទាំងកម្ពុជា ផងដែរ ដ្បិតបញ្ហានេះបានជំរុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ