តម្លៃស្រូវអង្ករនៅអាស៊ី

ក្រុមអ្នកជំនាញ៖តម្លៃស្រូវអង្ករនៅអាស៊ីនឹងឡើងថ្លៃតាមនិន្នាការស្បៀងអាហារសកល ប៉ុន្តែមិនទាន់ចោទជាបញ្ហាខ្លាំងឡើយ


តម្លៃស្បៀងអាហារសកលបាន និងកំពុងបន្តឡើងថ្លៃឥតឈប់ឈរ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ប្រការនេះត្រូវបានក្រុមអ្នកឃ្លាំមើលទីផ្សារប៉ាន់ប្រមាណថា តម្លៃស្បៀងអាហារសកលនឹងនៅតែបន្តឡើងថ្លៃថែមទៀត ពុំទាន់បង្ហាញពីសញ្ញាធ្លាក់ថ្លៃឆាប់ៗនៅឡើយទេ។ បន្ថែមពីលើនេះ តម្លៃស្រូវអង្ករ ដែលជាប្រភពស្បៀងអាហារដ៏សំខាន់មួយនៅតំបន់អាស៊ី ក៏នឹងចាប់ផ្តើមឡើងថ្លៃផងដែរ។ នេះបើតាមសេចក្តីរាយការណ៍មួយដោយសារព័ត៌មាន CNBC។
រូបតំណាង៖ ស្រូវអង្ករនៅអាស៊ី
ដោយ

តម្លៃ​ស្បៀងអាហារ ពិសេស​ប្រភព​អាហារ​សំខាន់​ៗ​ជា​ច្រើន រាប់​ចាប់ពី​ស្រូវ​សាលី គ្រាប់​ធញ្ញជាតិ សាច់ និង​ប្រេងឆា បាន​និង​កំពុង​ឡើងថ្លៃ​ខ្ពស់​។ កត្តា​ចំបង ដែល​ធ្វើ​ឲ្យ​វា​ឡើងថ្លៃ​នោះ គឺ​ដោយសារ​តែ​កំណើន​តម្លៃ​ជី​កសិកម្ម និង​តម្លៃ​ថាមពល​កើនឡើង​ខ្ពស់ ក្នុង​ឆ្នាំ​កន្លង​មក ស្រប​ពេល​ដែល​សង្គ្រាម​រវាង​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន បាន​ផ្ទុះ​ឡើង​ថែម​ទៀត ក៏​បាន​រុញ​ឲ្យ​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​ខ្វះខាត​ស្បៀងអាហារ​កាន់តែ​ខ្លាំង​ឡើង​។

អ្វី​ដែល​កាន់តែ​ធ្វើ​ឲ្យ តម្លៃ​ស្បៀង​ចេះ​តែ​បន្ត​កើនឡើង​ទៀត​មិន​ថយ​ចុះ​សោះ ក៏​ដោយសារ​តែ​ការ​រួមចំណែក ពី​ការ​ហាមប្រាម​ការ​នាំ​ស្បៀងអាហារ​ចេញពី​ប្រទេស​អ្នក​ផលិត និង​ប្រទេស​អ្នក​នាំ​ចេញ​មួយ​ចំនួន ដូច​ជា​ប្រទេស​ឥណ្ឌា ដែល​ជា​អ្នក​នាំ​ចេញ​ស្រូវ​សាលី​, ម៉ា​ឡេ​ស៊ី​បិទ​ការ​នាំ​ចេញ​មាន់ និង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បិទ​ការ​នាំ​ចេញ​ដូងប្រេង​ជាដើម​។

ស្បៀងអាហារ​សំខាន់​ៗ​ភាគច្រើន សុទ្ធតែ​បាន​ឡើងថ្លៃ​អស់ហើយ នៅឡើយ​តែ​ស្រូវ​អង្ករ​, ស្រូវ​អង្ករ​ដែល​ជា​ប្រភព​អាហារ​ចម្បង​មួយ​យ​ដែរ​របស់​តំបន់​អាស៊ី​។ យ៉ាងណា​ក៏​ដោយ បើ​តាម​ក្រុម​អ្នក​ឃ្លាំមើល​ទីផ្សារ​អះអាង​ថា អង្ករ​អាច​ជា​ស្បៀងអាហារ​បន្ទាប់​ដែល​នឹង​កើន​តម្លៃ​ក្នុង​ពេល​ឆាប់​ៗ​។

ជាក់ស្តែង ស​ន្ទ​ស្សន៍​តម្លៃ​ស្បៀង​របស់​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម នៃ​អង្គការសហប្រជាជាតិ បាន​បង្ហាញ​រួច​ហើយ​ថា តម្លៃ​អង្ករ​អន្តរជាតិ​បាន​និង​កំពុង​ស្ថិត​ក្នុង​ទំនោរ​កើនឡើង​បន្តិច​ម្តង​ៗ​ក្នុង​រយៈពេល​ប្រាំ​ខែ​ជាប់​ៗ​គ្នា និង​កំពុង​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​១២​ខែ​ចុង​ក្រោយ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ចុង​ក្រោយ​បំផុត​កាលពី​ខែឧសភា ដែល​បាន​ចេញផ្សាយ​កាលពី​ស​ប្តា​ហ៍​មុន​។

យ៉ាងណាមិញ អ្នកជំនាញបានអះអាងហើយថា ផលិតកម្មស្រូវនៅតែមានច្រើន ដូច្នេះបើទោះបីជាតម្លៃស្រូវអង្ករឡើងថ្លៃ ក៏វាមិនឡើងថ្លៃខ្លាំងគួរឲ្យព្រួយបារម្ភដែរ។ ម្យ៉ាងវិញទៀត ខុសប្លែកពីស្បៀងផ្សេងៗដូចជាស្រូវសាលី មានប្រទេសជាច្រើននៅតំបន់អាស៊ី ដែលសុទ្ធសឹងតែជាប្រទេសមានការដាំដុះស្រូវ។ ដូច្នេះ គេមិនបារម្ភខ្លាំងអំពីខ្សែចង្វាក់ផ្គត់ផ្គង់ឡើយ។

ទោះបីជាបែនេះក្តី អ្នកជំនាញផ្តល់អនុសាសន៍ថា គេនៅតែត្រូវបន្តតាមដានពីនិន្នាការស្រូវអង្ករនេះឱ្យបានជាប់លាប់ ដោយហេតុថា ការចំណាយថ្លៃដើមលើការធ្វើកសិកម្មជាទូទៅ បានកើនឡើងរួចទៅហើយ។ ហេតុនេះចង់ ឬមិនចង់ តិចក្តីច្រើនក្តី វានឹងជះឥទ្ធិលពលដល់ការដាំដុះ និងតម្លៃរបស់វា។

សូមជម្រាបថា ក្រោយមើលឃើញពីតម្រូវការស្បៀងអាហារសកល និងការកើនតម្លៃស្រូវអង្ករ ប្រទេសថៃ និងវៀតណាម កាលពីពេលថ្មីៗនេះ បានសម្លឹងឃើញលទ្ធភាពធ្វើការរួមគ្នា ក្នុងការដំឡើងតម្លៃអង្ករ ដើម្បីបង្កើនអំណាចចរចារបស់ពួកគេនៅក្នុងទីផ្សារអង្ករពិភពលោក។ ភាគីទាំងពីរក៏បានអះអាងដែរថា ការធ្វើបែបនេះ នឹងជួយបង្កើនចំណូលសម្រាប់ប្រជាកសិកររបស់ខ្លួន។ សូមបញ្ជាក់ថា ប្រទេសដែលនាំចេញអង្ករធំៗនៅអាស៊ីរួមមាន ឥណ្ឌា ថៃ វៀតណាម ប៉ាគីស្ថាន និងកម្ពុជាជាដើម។ ថ្មីៗនេះដែរ ថៃ និងវៀតណាម ក៏មានបំណងធ្វើការរួមគ្នា ដើម្បីដំឡើងថ្លៃអង្ករនាំចេញទៅកាន់ទីផ្សារពិភពលោកផងដែរ ដ្បិតថា តម្លៃថ្លៃដើមដូចជាជីកសិកម្ម ប្រេងឥន្ធនៈ និងកម្លាំងពលកម្មកំពុងបន្ដឡើងថ្លៃខ្ពស់ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់កសិករជាច្រើន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនបដិសេធទទួលការបញ្ជាទិញ ដោយសារតែមានកង្វះកម្លាំងពលកម្មពីកម្មករចំណាកស្រុក

ព័ត៌មាន
ក្រុមហ៊ុនមួយចំនួននៅប្រទេសម៉ាឡេស៊ីចាប់រាប់ចាប់ពីអាជីវកម្មចម្ការដូងប្រេងរហូតដល់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកកំពុងតែបដិសេធការបញ្ជាទិញពី…

ក្រុមអ្នកបើករថយន្តដឹកទំនិញនៅតែបន្តធ្វើកូដកម្មនៅកូរ៉េខាងត្បូង ខណៈដែលសេដ្ឋកិច្ចប្រឈមនឹងហានិភ័យ

ព័ត៌មាន
បញ្ហាប្រេងឥន្ធនៈឡើងថ្លៃ អតិផរណាកើនឡើងខ្ពស់ កំពុងបង្កភាពចលាចលដល់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងកាន់តែខ្លាំងហើយ។ ជាក់ស្ដែង ក្រុមអ្នកបើកបរឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ