វិស័យសំណង់និងអចលនទ្រព្យកម្ពុជា

ក្រុមអ្នកជំនាញរំពឹងវត្តមានទេសចរចិននៅឆ្នាំនេះនឹងជំរុញវិស័យសំណង់និងអចលនទ្រព្យកម្ពុជាឲ្យស្ទុះងើបឡើងវិញ


ធនាគារជាតិនៃកម្ពុជា បានបង្ហាញក្ដីរំពឹងថា វិស័យសំណង់នៅឆ្នាំនេះ នឹងកើនឡើងក្នុងកម្រិតមួយទាប ប៉ុណ្ណោះ ដោយសារតែវិស័យនេះ នៅបន្តរងនូវផលប៉ះពាល់នៅឡើយ ជាពិសេសសំណង់ប្រភេទប្រណីតដែលបម្រើដល់តម្រូវការអនិវេសជន ត្រូវទាមទារពេលវេលាដើម្បីអាចវិលមករកស្ថានភាពដូចដើម នៅមុនពេលដែលកើតមានវិបត្តិកូវីដ-១៩។ ក្រុមអ្នកជំនាញ បានបង្ហាញក្ដីរំពឹងខ្ពស់ថា តាមរយៈការប្រកាសបើកប្រទេសចិនឡើងវិញ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែបង្ហាញភាពវិជ្ជមានតាមរយៈលំហូរនៃ ទេសចរ និងវិនិយោគិនពីប្រទេសចិន។
ក្រុមអ្នកជំនាញរំពឹងវត្តមានទេសចរចិននៅឆ្នាំនេះនឹងជំរុញវិស័យសំណង់និងអចលនទ្រព្យកម្ពុជាឲ្យស្ទុះងើបឡើងវិញ

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា នៅ ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងបន្តកើនក្នុងរង្វង់ ៦% ហើយអត្រាអតិផរណាត្រូវបានព្យាករថា នឹងថយចុះមកកម្រិតទាបវិញ ក្នុងអត្រា ២,៥% ដោយសារថ្លៃប្រេងឥន្ធនៈអាចថមថយក្នុងបរិការណ៍នៃកំណើនយឺតជាងមុននៃសេដ្ឋកិច្ចពិភពលោក និងភាពប្រសើរឡើងនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ក្នុងនោះ វិស័យសំណង់ និងអចលនទ្រព្យ ដែលស្ថិតក្នុងចំណោម​វិស័យជន្ទល់សេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា​នោះ ត្រូវបានរំពឹងថា នឹងកើនឡើងក្នុងកម្រិតទាប ដោយសារតែវិស័យនេះ នៅបន្តរងផលប៉ះពាល់ ជាពិសេសសំណង់ប្រភេទប្រណីត ដែលបម្រើដល់តម្រូវការអនិវេសជន ត្រូវទាមទារពេលវេលា ដើម្បីអាចវិលមករកស្ថានភាពដូចដើម។ បើតាមធនាគារជាតិ សម្រាប់សំណង់លំនៅឋានកាលពីឆ្នាំ២០២២ បានកើនឡើងជិត ១% ដោយសារកំណើនតម្រូវការក្នុងស្រុក ជាពិសេសសំណង់លំនៅឋានដែលមានតម្លៃទាប និងមធ្យម។

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុប បានកត់សម្គាល់ឃើញថា ថ្វីដ្បិត នៅឆ្នាំ២០២២ វិស័យសំណង់និងអចលនទ្រព្យ បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ក៏ពិតមែន តែវិស័យនេះមិនប៉ះពាល់ខ្លាំងពេកនោះទេ ដោយនៅតែមានសកម្មភាព និងបន្តរួមចំណែកយ៉ាងសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា។ លើសពីនោះ អ្នកឧកញ៉ា សៀ ឫទ្ធី ក៏បានបង្ហាញនូវគំនិតសុទិដ្ឋិនិយមផងដែរ ជុំវិញស្ថានភាពវិស័យសំណង់និងអចលនទ្រព្យ នៅឆ្នាំ២០២៣នេះ ថានឹងមានភាពល្អប្រសើរជាងឆ្នាំ២០២២។

ស្រដៀងគ្នានេះ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុ វិស័យសំណង់ និងអចលនទ្រព្យកម្ពុជានៅឆ្នាំឆ្នាំ២០២៣នេះ នឹងមានភាពប្រសើរឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ជាច្រើន​នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រធានសមាគមរូបនេះ ជឿជាក់ថា ការបើកប្រទេសចិនឡើងវិញ មិនត្រឹមតែជំរុញឲ្យប្រទេសកម្ពុជា អាចទាក់ទាញអ្នកទេសចរ នោះទេ តែក៏ធ្វើឲ្យកម្ពុជា កាន់តែមានឱកាសក្នុងការស្រូបទាញអ្នកវិនិយោគចិន ឲ្យចូលមកវិនិយោគនៅកម្ពុជា ផងដែរ។

របាយការណ៍ប្រចាំឆ្នាំ២០២២របស់ធនាគារជាតិ​បង្ហាញថា គម្រោងសំណង់​ដែលទទួលបាន​ការអនុម័ត​បាន​ថយចុះ ២,៦% ខណៈទុនវិនិយោគ បានធ្លាក់ចុះដល់ជាង​៤៥% បើធៀបនឹង​ឆ្នាំ២០២១។ កំណើន​នៃវិស័យសំណង់​ ត្រូវបានធនាគារជាតិអះអាងថា គឺមានការចូលរួម​យ៉ាងសំខាន់​ពីសកម្មភាពលក់លំនៅដ្ឋាន​ដែលមានតម្លៃទាប និងមធ្យម។ ក្នុងនោះ ការលក់​លំនៅដ្ឋានប្រភេទផ្ទះល្វែង វីឡាភ្លោះ និងទោល ត្រូវបានប៉ាន់ស្មានថាកើនឡើងប្រមាណ ៨០% ខណៈការលក់​ខុនដូ ដែលមានទីផ្សារពឹងផ្អែកខ្លាំងលើជនបរទេសនោះ គឺមានការធ្លាក់ចុះរហូតដល់ ជាង​៥៨%ឯណោះ.

ដោយឡែក សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅឆ្នាំ២០២២វិញ មានការកើនឡើង ៤,២% បើធៀបនឹងឆ្នាំ២០២១ ក្នុងនោះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាន​នៅរាជធានីភ្នំពេញ​កើនឡើង ៤% និងតាមបណ្ដាខេត្តបានកើនឡើង ៧%៕




អត្ថបទបន្ទាប់


អេ អឹម ខេ ឈ្នះ “ពានរង្វាន់និយោជកឆ្នើមក្នុងប្រទេសកម្ពុជា” ៣ឆ្នាំជាប់គ្នា

ព័ត៌មាន
ដើម្បីក្លាយជាជម្រើសសម្រាប់អាជីពការងារ គឺពិតជាមិនងាយស្រួលនោះទេ ប៉ុន្ដែ អេ អឹម ខេ នៅតែខិតខំព្យាយាមដើម្បីរក្សានៅកិត្តិនាមនេះ ហើយបានឈ្នះ “ព…

គម្រោងផ្លូវរថភ្លើងល្បឿនលឿនដំបូងគេនៅកម្ពុជា ភ្នំពេញ-ប៉ោយប៉ែត តម្លៃជាង៤ពាន់លានដុល្លារ ត្រូវបានបញ្ចប់ការសិក្សាបឋមហើយ!

ព័ត៌មាន
គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត មានប្រវែងសរុបប្រមាណ ៣៨២ គីឡូម៉ែត្រ ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបំផុតនៅកម្ពុជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ