យពន្យារពេលអនុវត្តយកពន្ធចំណេញ

អ្នកជំនាញស្នើឲ្យពន្យារពេលអនុវត្តយកពន្ធចំណេញលើមូលធនបន្ដទៀត


បើគ្មានអ្វីប្រែប្រួលទេអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងចាប់ផ្តើមអនុវត្តការយកពន្ធលើប្រាក់ចំណេញមូលធន ចាប់ពីឆ្នាំ២០២២ តទៅ ក្រោយពីបានពន្យារពេលអនុវត្តអស់រយៈពេល១ឆ្នាំកន្លងមកនេះ។
អគ្គនាយកដ្ឋានពន្ធដារ

អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ គាំទ្រ​ចំពោះ​យន្តការ​ប្រមូល​ពន្ធ​នេះ ព្រោះ​វា​ជា​ការ​រួមចំណែក​ជួយ​បង្កើន​ប្រាក់​ចំណូល​ជាតិ​។ ប៉ុន្តែ​អ្នកជំនាញ​យល់​ថា រដ្ឋាភិបាល​គួរតែ​ពន្យារពេល​អនុវត្ត​ការ​យកពន្ធ​នេះ​បន្ដ​ទៀត​សិន ព្រោះ​ការ​អនុវត្ត​ពី​ឆ្នាំ​២០២២ វា​ហាក់​លឿន​ពេក​សម្រាប់​វិស័យ​អចលនទ្រព្យ​កម្ពុជា ដែល​ទើប​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩​។​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ​នឹង​មិន​សប្បាយចិត្ត​នោះ​ទេ ប្រ​សិន​រាជរដ្ឋាភិបាល​អនុវត្ត​ការ​យក​ពន្ធលើប្រាក់ចំណេញ​មូលធន​ចាប់ពី​ឆ្នាំ​ក្រោយ​នេះ​តទៅ​មែន​នោះ​។

បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ​នៅ​សល់​តែ​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ អគ្គនាយកដ្ឋាន​ពន្ធដារ នឹង​ចាប់ផ្ដើម​អនុវត្ត​យក​ពន្ធលើប្រាក់ចំណេញ​មូលធន ក្រោយ​ពី​បាន​ពន្យារពេល​អនុវត្ត​អស់​រយៈពេល​១​ឆ្នាំ​កន្លង​មកនេះ​។

ជុំវិញ​បញ្ហា​នេះ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្ញាក់​ងារ​អចលនវត្ថុ​កម្ពុជា​យល់​ឃើញ​ថា រាជរដ្ឋាភិបាល​មិន​គួរ​អនុវត្ត​ការ​យក​ពន្ធលើប្រាក់ចំណេញ​មូលធន​ភ្លាម​ៗ​នោះ​ទេ ដ្បិត​វា​ហាក់​លឿន​ពេក​សម្រាប់​វិស័យ​អចលនទ្រព្យ​កម្ពុជា ដែល​បាន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ ពីរ​ឆ្នាំ​កន្លង​មកនេះ​។ សម្រាប់​លោក ច្រឹ​ក សុខ​នី​ម រាជរដ្ឋាភិបាល​គួរ​ពន្យារពេល​អនុវត្ត​២​ទៅ​៣​ឆ្នាំ​ទៀត ដើម្បី​ទុក​ពេល​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគ​មាន​លទ្ធភាព​ក្នុង​ការ​ស្តារ​វិស័យ​អចលនទ្រព្យ​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​។

អ្នកជំនាញ​រូប​នេះ ជឿជាក់​ថា ប្រសិនបើ​រាជរដ្ឋាភិបាល​ចាប់​អនុវត្ត​យក​ពន្ធលើប្រាក់ចំណេញ​មូលធន​ពី​ឆ្នាំ​២០២២​តទៅ វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធភាព​ក្នុង​ការ​ស្តារ​វិស័យ​អចលនទ្រព្យ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​កម្ពុជា​អាច​បាត់បង់​ភាព​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ក្នុង​ការ​ស្រូប​ទាញ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​ផង​ដែរ​។ ទោះ​យ៉ាងណា​លោក ច្រឹ​ក សុខ​នី​ម អះអាង​ថា ការ​យក​ពន្ធលើប្រាក់ចំណេញ​មូលធន​នេះ​ត្រូវ​បាន​គេ​អនុវត្ត​នៅ​តាម​ប្រទេស​ក្នុង​តំបន់​អាស៊ាន អាស៊ី និង​ពិភពលោក​រួច​មក​ហើយ​។

ជុំវិញ​បញ្ហា​នេះ​ដែរ ឧកញ៉ា ចេ​ង ខេ​ង អគ្គនាយក​ក្រុមហ៊ុន​អ​ចនទ្រ​ព្យ CPL ជឿជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តល់​ការ​សម្រេចចិត្ត​មួយ​ដ៏​ស័ក្តិសម​ក្នុង​ការ​អនុវត្ត​ការ​ប្រមូល​ពន្ធលើប្រាក់ចំណេញ​មូលធន​នេះ​។ ទន្ទឹម​នឹង​នេះ អ្នកជំនាញ​មានបទពិសោធន៍​ជាង​២០​ឆ្នាំ​ក្នុង​វិស័យ​អចលនទ្រព្យ​រូប​នេះ​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​យន្តការ​ប្រមូល​ពន្ធ​នេះ ដ្បិត​លោក​ឧកញ៉ា​យល់​ឃើញ​ថា វា​ជា​ការ​រួមចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចជាតិ តាម​រយៈ​ការ​ជួយ​បង្កើន​ប្រាក់​ចំណូល​របស់​រដ្ឋ​។

តាម​ការ​ពន្យល់​របស់​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នា​ពេល​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ពន្ធ​លើ​ចំណេញ​មូលធន​នេះ គឺ​មាន​អនុវត្ត​លើ​ការ​លក់​អចលនវត្ថុ ដោយ​អចលនវត្ថុ ដែល​លក់​បាន ត្រូវ​ដក​យក តម្លៃ ២០% នៃ​តម្លៃ​លក់​នោះ មក​គិត​ពន្ធ ២០%​។ ជា​ឧទាហរណ៍ បើ​អ្នកលក់​ផ្ទះ​១​ខ្នង​បាន​ក្នុង​តម្លៃ ១​លាន​ដុល្លារ នោះ នឹង​ត្រូវ​យក​តម្លៃ ២០% នៃ​តម្លៃ​ផ្ទះ​នោះ មក​គិត​ពន្ធ ២០% ដែល​បាន​កំណត់​។ ដូច្នេះ បើ​អ្នកលក់​ផ្ទះ​នោះ បាន​ក្នុង​តម្លៃ​១​លាន​ដុល្លារ នោះ​អ្នក​នឹង​ត្រូវ​បង់ពន្ធ​ចំណេញ​មូលធន​នេះ ៤​ម៉ឺន​ដុល្លារ​។

ប៉ុន្តែ រាជរដ្ឋាភិបាល​នឹង​មានការ​លើកលែង​ផង​ដែរ ចំពោះ​ការ​លក់ ឬ​ផ្ទេរ​ទ្រព្យ​មួយ​ចំនួន​ដូច​ជា​ប្រភេទ​ទ្រព្យ​ដែល​ជា​កម្មសិទ្ធិ​ស្ថាប័នរដ្ឋ ទ្រព្យ​កម្មសិទ្ធិ​បេសកកម្ម​ការទូត​បរទេស ឬ​កុងស៊ុល​បរទេស និង អង្គការ​អន្តរជាតិ ឬ ទីភ្នាក់ងារ​ប្រតិបត្តិការ​បច្ចេកទេស នៃ​រដ្ឋាភិបាល​ដទៃ និង រួម​ជាមួយ​និវាសដ្ឋាន​ដែល​ជា​គោល​ដើម​របស់​អ្នក​ជាប់ពន្ធ​ដែល​បាន​កាន់កាប់ និង​រស់នៅ​រយៈពេល​៥​ឆ្នាំ ក៏​នឹង​ទទួល​បានការ​លើកលែង​ពន្ធ​នេះ​ដែរ ប៉ុន្ដែ លើកលែងតែ​សម្រាប់​ការ​លក់​អចលនវត្ថុ​ទី​មួយ​ប៉ុណ្ណោះ មិន​អាច​អនុវត្ត​ចំពោះ​ការ​លក់​អចលនវត្ថុ​ទី​២ ឬ ទី​៣​នោះ​ទេ​។ ចំពោះ​ការ​ផ្ទេរ​អចលនទ្រព្យ​រវាង​សាច់ញាតិ​ដែល​មានការ​លើកលែង​នៅ​ក្នុង​ពន្ធ​ប្រថាប់ត្រា នោះ​ក៏​នឹង​ទទួល​បានការ​លើកលែង​លើ​ពន្ធ​លើ​ចំណេញ​មូលធន​នេះ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចិត្តប្រកាសបិទបញ្ចប់ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»

ព័ត៌មាន
នៅទីបំផុតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចចិត្តប្រកាសបិទបញ្ចប់«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ត្រឹមថ្ងៃទី២០ ខែធ្នូ ក្រោយព…

រោងចក្រផលិតសម្បកកង់ធំមួយរបស់ចិន គ្រោងបោះទុនវិនិយោគ ៣០០លានដុល្លារ សង់រោងចក្រនៅខេត្តព្រះសីហនុ

ព័ត៌មាន
គម្រោងវិនិយោគរោងចក្រផលិតសម្បកកង់រថយន្ដដ៏ធំមួយរបស់ចិន Celimo Tires ថ្មីនេះ បានសម្រេចបោះទុនវិនិយោគសរុប ៣០០លានដុល្លារអាមេរិក នៅក្នុងតំប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ