វៀតណាម​ផ្អាកការនាំចេញអង្ករ

អ្នកជំនាញ៖ កសិករវៀតណាម នឹងរងទុក្ខធំ ប្រសិនបើរដ្ឋាភិបាលបិទលែងឲ្យនាំចេញអង្ករ


វិធានការឈប់នាំចេញអង្ករទៅក្រៅប្រទេសរបស់រដ្ឋាភិបាលវៀតណាម នឹងធ្វើឲ្យតម្លៃអង្ករធ្លាក់ចុះ ដោយសារតែការផ្គត់ផ្គង់មានលើសកម្រិត ហើយវាក៏នឹងធ្វើឲ្យមានការខាតបង់ធ្ងន់ធ្ងរដល់កសិករវៀតណាមផងដែរ។ នេះបើតាមការលើកឡើងរបស់ក្រុមអ្នកជំនាញ នៅក្នុងសារព័ត៌មាន VN Express។
ការនាំ​ចេញ​កសិផល​វៀតណាម​ទៅកាន់​ទីផ្សារ​ចិនធ្លាក់ចុះ​ជាង ៩% ក្នុង​នោះ​ ការនាំចេញ​អង្ករ​ធ្លាក់ចុះ​ខ្លាំង​ជាង​គេ។

លោក ង្វៀន ត្រុងកៀន អនុប្រធាន​សមាគម​ស្បៀងអាហារ​វៀតណាម បាន​និយាយថា មានក្រុមហ៊ុន​ជាច្រើន នៅក្នុង​កិច្ច​ប្រជុំ​កាលពីថ្ងៃព្រហស្បិ៍សប្ដាហ៍មុននេះ ជាមួយនឹង​ក្រសួង​ឧស្សាកម្ម និងពាណិជ្ជកម្ម បាន​រាយការណ៍ថា ស្ដុកអង្ករ​នៅក្នុងប្រទេសវៀតណាម​មាន​ច្រើនណាស់ ទាំង​នៅជាមួយ​ក្រុមហ៊ុន និងកសិករ។

​អ្នកជំនាញ បញ្ជាក់ថា ការព្យួរ​ការនាំចេញអង្ករ នឹង​ធ្វើឲ្យ​ប៉ះពាល់​ទាំង​ក្រុមហ៊ុន​ និង​កសិករ។

សាស្ត្រាចារ្យ​មួយរូប ពីសកលវិទ្យាល័យ Nam Can Tho គឺលោក Vo Thong Xuan បាន​យល់ស្រប​ចំពោះ​ការលើកឡើង​របស់​សមាគម​ស្បៀងអាហារ​វៀតណាម។

ជាមួយនឹង​ដីសណ្ដ​ទន្លេ​មេគង្គ បច្ចុប្បន្ន ផ្ទៃដី​ដាំដុះស្រូវ​របស់​វៀតណាម​មាន​ ១,៥ លាន​ហិកតា ដែល​មានទិន្នផល​ អង្ករប្រមាណ ៥,៥លានតោន។ លោក Xuan បាន​និយាយថា «ដំណោះស្រាយល្អបំផុត គឺ​បម្រុងទុក អង្ករ ​១,៥លានតោនបានហើយ ហើយអនុញ្ញាតឲ្យ​នាំចេញ ៤លានតោន សម្រាប់​កសិករ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើនជាងនេះ»។ 

ដោយសារតែ មានការបញ្ជាទិញ​មានការកើនឡើង​ពីប្រទេសចិន ហ្វីលីពីន ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី តម្លៃអង្ករ ដែលទិញពីកសិករ គឺមានការឡើងថ្លៃខ្ពស់ ដែលបានធ្វើឲ្យកសិករ​អាចរក​ប្រាក់​ចំណេញ​បាន​ខ្ពស់ជាងមុន ដែលមានតម្លៃ​បច្ចុប្បន្ន ២៥៨ ដុល្លារអាមេរិក ក្នុងមួយតោន។

ទោះយ៉ាងណា ការព្យួរការនាំចេញអង្ករ អាចនឹងបណ្ដាលឲ្យ​តម្លៃអង្ករ​ធ្លាក់ចុះ មកនៅ​ប្រហែល ១៧២ ដុល្លារអាមេរិក ក្នុងមួយតោន ដែលវា​ធ្វើឲ្យកសិករ​រងទុក្ខ​ខាតបង់ធ្ងន់ធ្ងរណាស់។

លោក Xuan បានគូសបញ្ជាក់ថា «ដូច្នេះហើយ ខ្ញុំ​សង្ឃឹមថា រដ្ឋាភិបាល​អាចនឹង​ពិចារណា​ដោយប្រុងប្រយ័ត្ន​ បន្ដ​ការនាំចេញ​ឡើងវិញបានទាន់​ពេលវេលា»។ លោកបន្ថែមទៀតថា ផលិតកម្ម​ស្បៀងអាហារ​របស់វៀតណាម គឺដំណើរការល្អ ហើយ​ការបម្រុងទុក​ អង្ករ ១,៥លានតោន គឺនឹងគ្រប់គ្រាន់​សម្រាប់ប្រើប្រាស់​​រហូតដល់​ខែឧសភា មិថុនាឯណោះ។

ក្រសួង​ឧស្សហាកម្ម និងពាណិជ្ជកម្មវៀតណាម និយាយថា ពួកគេ​នឹងរាយការណ៍​ពីមតិយោបល់​របស់អ្នកជំនាញ និងម្ចាស់អាជីវកម្ម​ទាំងអស់ ទៅកាន់​នាយករដ្ឋមន្ត្រី​។

បើតាមរបាយការណ៍​ពីក្រសួងកសិកម្មវៀតណាម ការនាំចេញអង្ករ​របស់វៀតណាម គិតត្រឹមថ្ងៃទី ១៥ ខែមីនា​​កន្លងទៅនេះ គឺសម្រេចបាន ១,៣លានតោន មានតម្លៃជាទឹកប្រាក់ ៦០២ លាន​ដុល្លារអាមេរិក មានបរិមាណ​​កំណើន ២៦,៥% និងតម្លៃកើន ៣៤,៦% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ វៀតណាម ត្រូវបាន​ព្យាករ​ថា នឹង​នាំចេញ​អង្ករ ៦,៥លានតោន ទៅ៦,៧លានតោន នៅឆ្នាំនេះ។

អគ្គនាយកដ្ឋានគយវៀតណាម កាលពី​ថ្ងៃអង្គារទី ២៤ មីនា បានដាក់ចេញ​នូវ​ការសម្រេច​បន្ទាន់មួយ ដើម្បី​ព្យួរការនាំចេញអង្ករ ដើម្បី​ធានាសន្ដិសុខ​ស្បៀងអាហារ ខណៈដែល​មានការរីករាលដាល​នៃមេរោគ Covid-19។

ភ្លាមៗនោះ ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម បាន​ស្នើដល់​រដ្ឋាភិបាល អនុញ្ញាតឲ្យ​បន្ដ​នាំចេញអង្ករ​ឡើងវិញដែរ ប៉ុន្ដែ មិនមានការយល់ព្រមនោះឡើយ។

ប្រទេសវៀតណាម គឺជា​អ្នកនាំចេញអង្ករ​ធំបំផុតទី៣ លើពិភពលោក បន្ទាប់ពីឥណ្ឌា និងថៃ ដោយកាល​ពីឆ្នាំមុន វៀតណាម នាំចេញអង្ករបាន ៦,៣៧ លានតោន មានតម្លៃជាទឹកប្រាក៉ ២,៨១ ពាន់លាន​ដុល្លារអាមេរិក ក្នុងនោះទីផ្សារ​កំពូល​របស់វៀតណាម មានដូចជា ហ្វីលីពីន, កូដឌីវ័រ, ម៉ាឡេស៊ី និងប្រទេសចិន៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បច្ចុប្បន្ន មានការផលិតឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ១៩ ជាង២០០បែប តែមិនទាន់អាចយកជាផ្លូវការបានទេ

ព័ត៌មាន
មកទល់នឹងពេលនេះ មានប្រទេសជាច្រើនផលិតឧបករណ៍ធ្វើតេស្តរហ័ស រកវីរុសកូវីដ១៩ មានប្រមាណជាង ២០០បែបហើយ តែមិនទាន់អាចយកជាផ្លូវការបានទេ ព្រោះអង្…

វៀតណាម​បិទ​"ឆ្នោត" បណ្ដោះអាសន្ន ដើម្បីកាត់បន្ថយ​ហានិភ័យ​ឆ្លង​កូវីដ១៩

ព័ត៌មាន
សារព័ត៌មាន​អនឡាញរបស់វៀតណាម បានផ្សាយថា រដ្ឋាភិបាល​វៀតណាម​នឹង​បិទ​ជាបណ្ដោះអាសន្ន នូវ​អាជីវកម្ម​ឆ្នោត​គ្រប់​ប្រភេទ រយៈពេល ១៥ថ្ងៃ គិតចាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ