វិស័យ​​សំណង់ថមថយ

វិស័យសំណង់ដើមឆ្នាំ ២០១៩នេះ ជួបវិបត្តិសុខភាពគ្រុនផ្តាសាយយ៉ាងម៉េចដែរ?


បើផ្អែកតាមការព្យាករណ៍របស់ស្ថាប័នជាតិ និង អន្តរជាតិ រូមទាំងក្រុមអ្នកជំនាញអចលនទ្រព្យ អ្នកជំនួញ អ្នកអភិវឌ្ឍន៍លំនៅដ្ឋានធំៗល្បីៗជាច្រើនបានអះអាងថា វិស័យសំណង់នៅក្នុងឆ្នាំ ២០១៩នេះនឹងថមថយកម្លាំងចុះមកវិញ ដោយសារភាពមិនប្រាកដប្រជាសេដ្ឋកិច្ចពិភពលោក ពិសេសការថមថយចុះនៃសេដ្ឋកិច្ចចិន។
សំណង់​អគារ Gold Tower ៤២ជាន់ នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។ អ្នក​ជំនាញ​អចលនទ្រព្យ ឲ្យ​ដឹងថា ជនជាតិ​ចិន​នាំមុខគេ​ក្នុង​ការទិញ​ខុនដូ​ទុក​ចំណេញ​នៅ​កម្ពុជា។ (រូបភាព៖ ហេង ភារម្យ)
ដោយ

អ្វីដែលគួរឲ្យ​កត់សម្គាល់ វិស័យដែល​ជាឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ​មួយ​នេះ បាន​ហក់លោត​ដល់​ចំណុចបន្ទាប់​ពណ៌ក្រហម មានន័យថា បានកើនឡើង​ដល់ចំនុច ដែលគួរប្រុង​ប្រយ័ត្នខ្ពស់​ក្នុងការ​វិនិយោគ។ អ្នកជំនាញ និង អ្នកវិនិយោគ​អចលនទ្រព្យ​បានបញ្ជាក់ថា កំណើន​យ៉ាងគំហុក​ក្នុងឆ្នាំ ២០១៨ វាបានរុញ​ច្រាន និង ជះចំហាយ​មកដល់​ឆ្នាំ​២០១៩នេះ ដែលគម្រោង​ភាគច្រើន​សុទ្ធតែ​បន្តមក​ពីឆ្នាំចាស់ ២០១៨។

លោក ឧកញ៉ា សៀ ឬទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុន​វើលប៊ី្រដគ្រុប បានអះអាងថា សុខភាព​វិស័យសំណង់​ក្នុងឆ្នាំ ២០១៩ បានដើរ​ដល់ចំណុច​មួយ ឆ្អែតហើយ​មានន័យថា​នឹងថមថយកម្លាំងចុះ​មកវិញ​ក្នុងឆ្នាំនេះ។ លោកឧកញ៉ា បានបញ្ជាក់ថា គម្រោងភាគ​ច្រើនដែល​សល់ពី ឆ្នាំ ចាស់ វាបាន​ជះចំហាយ​រហូត​មក​ដល់ឆ្នាំនេះ។ 

សេដ្ឋីអចលនទ្រព្យ និង ឡូជីស្ទីក​ដ៏ល្បីល្បាញ​រូបនេះ បានធ្វើការ​បញ្ជាក់​ទៀតថា នៅក្នុងឆ្នាំនេះ ​លោកកំពុង​តែបន្ត​សកម្មភាព​វិនិយោគ​នៅក្នុង​វិស័យសំណង់​ជាច្រើន​គម្រោង​របស់លោក ដែលសល់​ពីឆ្នាំមុន ។ ដោយឡែក គម្រោងថ្មីៗផ្សេងៗ លោកឧកញ៉ា ដកឃ្លាមក​គិត និង រៀបផែនការ​ឲ្យកាន់តែ​ប្រសើរ​ជាងនេះ។

បើទោះបីជាវិស័យនេះត្រូវបានអ្នក​ជំនាញអះអាងថា វាថមថយ​យ៉ាងណាក្តី ក៏របាយ​ការណ៍​អាណាព្យាបាល​នៅក្នុង​វិស័យនេះ អះអាងថា វិស័យនេះនៅតែ​មានកំណើន​ខ្លាំង​ក្នុងឆ្នាំ២០១៩នេះ។ មន្ត្រីជាន់ខ្ពស់​នៃក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង សំណង់បាន​អះអាងថា ជារួមវិស័យ​សំណង់គិតរហូត​មកពេល​បច្ចុប្បន្ននេះ នៅតែមាន​ភាពវិជ្ជមាន ក្នុងការ​ទាក់ទាញ​ដ៏សំខាន់​សម្រាប់​អ្នកវិនិយោគចាជាតិ និង អន្តរជាតិ។ 

ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ​ក្រសួងរៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់​បានគូសបញ្ជាក់ថា ការកើនឡើង​វិស័យ​សំណង់ក្នុងរយៈពេលកន្លង​មកនេះ ដោយសារតែ​មានការ​ស្នើសុំវិនិយោគពី​គម្រោងធំៗ មានដូចជា អគារណិជ្ជកម្ម សណ្ឋាគារ ផ្សារទំនើប ទីក្រុងរណប បុរីលំនៅដ្ឋាន សំណង់ផ្ទះល្វែង និងភូមិគ្រឹះ រោងចក្រកាត់ដេរ សំលៀកបំពាក់ និងស្បែកជើង រោងចក្រម៉ាស៊ីនកិនស្រូវ និងឡត៍សង្ងួត តំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស។

បើផ្អែកតាម​របាយការណ៍​ក្រសួងរៀប​ចំដែនដី នគរូបនីយកម្ម​និងសំណង់ ក្នុងខែមករា​ឆ្នាំ២០១៩ នេះក្រសួង​បានផ្ដល់​លិខិត​អនុញ្ញាត​សាងសង់ ចំនួន៣២៣ គម្រោង ដែលមានទុន​វិនិយោគ​ជាង ៨២៩ លានដុល្លារ ធៀបនឹងខែ​មករាឆ្នាំ​២០១៨ តម្លៃទុនវិនិយោគ​បានកើន​ឡើង​រហូត ១៧៨ ភាគរយ ខណៈខែកុម្ភៈឆ្នាំនេះដែរ គឺមានគម្រោង​វិនិយោគ​ប្រមាណ ៣៤៧ គម្រោង ដែលមាន​ទុន វិនិយោគជាង ៥៥៤ លានដុល្លារ ធៀប​នឹងខែកុម្ភៈឆ្នាំ២០១៨ តម្លៃទុនវិនិយោគ​លើវិស័យ​សំណង់បានកើនឡើង​រហូតជាង ៧០០ភាគរយ។

ជាមួយគ្នានេះដែរ គិតចាប់តាំងពី​ឆ្នាំ២០០០ មកដល់ខែ​កុម្ភៈឆ្នាំ២០១៩ នេះ ទុនវិនិយោគ​របស់វិស័យ​ឯកជន​មកពីបរទេស គឺមានចំនួន ២១ប្រទេស ដែលមាន​គម្រោង​វិនិយោគ​ប្រមាណ ៣៨២ គម្រោង មានតម្លៃប៉ាន់​ស្មាន​ទុនវិនិយោគ​ជាង ៥.៣៦០ លាន​ដុល្លារ និងបានផ្ដ​ល់ការងារ ជិត៣ម៉ឺននាក់ក្នុង​មួយថ្ងៃ ជាមួយនឹង​តម្លៃពលកម្ម សម្រាប់​កម្មករគ្មាន​ជំនាញ ៣ម៉ឺនរៀល និង មានជំនាញ ៦ម៉ឺនរៀល​ក្នុងមួយថ្ងៃ និង វិស្វករ ស្ថាបត្យករ និង អ្នកជំនាញ​ផ្សេងទៀត ទទួលបាន​ប្រាក់ឈ្នួល​ពី ៤០០​ដុល្លារ ទៅ ២ ៥០០ដុល្លារ ក្នុងមួយខែ​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារធំៗមួយចំនួន ចាប់ផ្ដើមកាត់បន្ថយការពង្រីកសាខាបន្ថែម!

ព័ត៌មាន
ធនាគារធំៗ មួយចំនួន បានចាប់ផ្ដើមកាត់បន្ថយការពង្រីកសាខាបន្ថែម របស់ខ្លួន ដោយងាកទៅរកការធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យាឌីជី…

១០ឆ្នាំ​ទៅមុខ វៀតណាមត្រូវការ ១៥០​ពាន់​លានដុល្លារ ដើម្បី​អភិវឌ្ឍ​វិស័យ​ថាមពល

ព័ត៌មាន
ធនាគារ​ពិភពលោក ​បាន​ព្យាករ​​ថា តម្រូវការ​ប្រើប្រាស់​ថាមពល​ក្នុង​ប្រទេស​វៀតណាម​នឹង​បន្ត​កើន​ឡើង ៨​ភាគរយ​ក្នុង​មួយ​ឆ្នាំ សម្រាប់​រយៈពេល …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ