វិស័យអចលនទ្រព្យ

អ្នកជំនាញ៖ វិស័យអចលនទ្រព្យរួមចំណែកដ៏សំខាន់ក្នុងការបង់ពន្ធជូនរដ្ឋ


អ្នកជំនាញអះអាងថា វិស័យអចលនទ្រព្យ គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យចម្បងៗដទៃ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍនៅកម្ពុជា។ សម្រាប់បណ្ដាប្រទេសដែលមានការរីកចម្រើនខ្លាំង គឺសុទ្ធតែមានការចូលរួមពីវិស័យអចលនទ្រព្យនិងសំណង់ ហើយការបំពេញកាតព្វកិច្ចពន្ធពីវិស័យផ្សេងៗ វិស័យអចលនទ្រព្យ និងសំណង់ ក៏ជាចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍនៅកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
សំណង់អគារខ្ពស់​នៅ​រាជ​ធានី​ភ្នំពេញ

ក្រុមអ្នកជំនាញបានអះអាងថា បើទោះបីកន្លងមកសេដ្ឋកិច្ចកម្ពុជា បានរងផលប៉ះពាល់ខ្លាំង ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ក៏ពិតមែន តែស្ថានភាពនៃសេដ្ឋកិច្ចកម្ពុជា នៅតែអាចរក្សាបាននូវកំណើនមួយយ៉ាងរឹងមាំ ដោយមានការចូលរួមពីវិស័យសំខាន់ៗ រួមទាំង វិស័យអចលនទ្រព្យ និងសំណង់ ផងដែរ។ នេះបើតាមការលើកឡើងរបស់ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យនិងសំណង់ នៅក្នុងសិក្ខាសាលាចែកបណ្ដុះបណ្ដាលស្ដីពី «ការវាយតម្លៃអចលនទ្រព្យ» រៀបចំឡើងនៅសាលាជាតិពន្ធដារ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងលោកឧកញ៉ា ចេង ខេង អគ្គនាយកប្រតិបត្តិក្រុមហ៊ុនCPL។

ថ្លែងនៅក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី «ការវាយតម្លៃអចលនទ្រព្យ» នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ឧកញ៉ា ចេង ខេង អគ្គនាយកប្រតិបត្តិក្រុមហ៊ុនCPL បានគូសបញ្ជាក់ថា ការរីកចម្រើននៃវិស័យសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន គឺពឹងផ្អែកលើវិស័យសំខាន់ៗមួយចំនួន ដោយក្នុងនោះ ក៏មានវិស័យអចលនទ្រព្យ និងសំណង់ ផងដែរ។ ឧកញ៉ា ចេង ខេង បានគូសបញ្ជាក់ដូច្នេះ ជាពិត ការរីកចម្រើននៃវិស័យអចលនទ្រព្យនិងសំណង់ គឺជាការបង្ហាញពីសក្ដានុពល និងភាពរីកចម្រើន របស់ប្រទេសនោះ ក៏ដូចជា ចូលរួមយ៉ាងសំខាន់ដែលធ្វើឲ្យប្រទេសនោះ មានការរីកចម្រើន។

ជាមួយគ្នានោះ ឧកញ៉ា ចេង ខេង ក៏បានសង្កត់ធ្ងន់ទៀតថា ក្រៅពីភាពរីកចម្រើននៃវិស័យអចលនទ្រព្យនិងសំណង់ កិច្ចការបង់ពន្ធពីវិស័យអចលនទ្រព្យនិងសំណង់ និងវិស័យផ្សេងៗ គឺជា កត្តាចាំបាច់បំផុតដែលចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា និងជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាអ្នកជំនាញលើវិស័យអចលនទ្រព្យនិងសំណង់ ជាច្រើនឆ្នាំមកហើយនោះ លោកឧកញ៉ា ចេង ខេង ក៏បានពន្យល់ពីសារៈសំខាន់និងអត្ថប្រយោជន៍ ក្នុងការបំពេញកតព្វកិច្ចបង់ពន្ធពីវិស័យអចលនទ្រព្យនិងសំណង់ ដោយលោកឧកញ៉ាបានបញ្ជាក់ថា វាគឺជាឱកាសដើម្បីបង្កើននូវទំនុកចិត្តដល់គ្នាទៅវិញទៅមក រវាងអតិថិជន និងក្រុមហ៊ុនផ្ទាល់។

ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចលទ្ធផលយ៉ាងល្អប្រសើរ ដែលបង្ហាញពីភាពរឹងមាំរបស់នៃសេដ្ឋកិច្ចកម្ពុជា។ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដាររូបនេះ ក៏បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ឆ្នាំ២០២២នេះ ការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ នឹងនៅតែបន្តសម្រេចបានលើសផែនការ ដោយសារស្ថានភាពនៃឆ្លងរាលដាលជំងឺកូវីដ១៩ កាន់តែធូរស្បើយ ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច និងសង្គម ក៏ដូចជា ការរើបឡើងវិញនូវសកម្មភាពនៃវិស័យអចលនទ្រព្យនិងសំណង់ បន្ថែមលើការចូលរួមចែករំលែកចំណេះដឹងនានា របស់អគ្គនាយកដ្ឋានពន្ធដារ និងដៃគូពាក់ព័ន្ធជាកត្តារួមចំណែកដល់ការប្រមូលពន្ធ និងការផ្ដល់សេវាពន្ធដារដ៏ល្អជូនដល់ប្រជាពលរដ្ឋកម្ពុជា។

ដោយឡែក ជុំវិញស្ថានភាពនៃវិស័យអចលនទ្រព្យនិងសំណង់ នៅរយៈពេល ៤ខែ ឆ្នាំ២០២២នេះ ត្រូវបានឧកញ៉ា ចេង ខេង គូសបញ្ជាក់ថា មិនទាន់មានអ្វីប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់នោះទេ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី អ្នកជំនាញរូបនេះ នៅតែបង្ហាញនូវគំនិតសុទិដ្ឋនិយមចំពោះវិស័យអចលនទ្រព្យនិងសំណង់ នៅឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ថា នឹងប្រសើរឡើងវិញនិងមានភាពរឹងមាំ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្ចាស់កសិដ្ឋានដាំម្នាស់ទឹកឃ្មុំធំមួយនៅខេត្តស្ទឹងត្រែង គ្រោងពង្រីកការដាំដុះ និងប្រមូលផលម្នាស់ ៦០ម៉ឺនផ្លែនៅឆ្នាំក្រោយ

ព័ត៌មាន
ម្ចាស់កសិដ្ឋានដាំម្នាស់ទឹកឃ្មុំ ស្វីត រ៉ូយ៉ាល់ផាយនេបផល (Sweet Royal Pineapple) ដែលជាកសិដ្ឋានដាំចុះ និងកែច្នៃម្នាស់ទឹកឃ្មុំធំជាងគេមួយន…

ប៉េកាំងរើសយកអតីតមេប៉ូលីសបង្ក្រាបបាតុកម្មកាលឆ្នាំ២០១៩ មកធ្វើជាមេដឹកនាំហុងកុងបន្ទាប់ពីលោកស្រីខារីឡាម

ព័ត៌មាន
ក្នុងនាមជាអតីតមេប៉ូលីសបង្ក្រាបបាតុកម្មរបស់ទីក្រុងហុងកុងកាលពីឆ្នាំ២០១៩ លោក ចន លី ត្រូវបានរដ្ឋអំណាចទីក្រុងប៉េកាំងផ្តល់ទំនុកចិត្ត ឲ្យធ្វើជាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ