២ខែម្រេចនាំចេញបានជាង៩០០តោន

ការនាំចេញម្រេចនៅតែសម្រេចបានកំណើនខ្ពស់ក្នុងអត្រា៣ខ្ទង់ និងតម្លៃទីផ្សារថេរ នៅ២ខែដំបូងឆ្នាំ២០២២


កម្ពុជាបាននាំចេញកសិផលសរុបជាង១លាន៣សែនតោន ទៅកាន់ទីផ្សារអន្តរជាតិ មានកំណើនតិចតួចប៉ុណ្ណោះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្ម។ នៅ ២ខែដំបូងឆ្នាំនេះ ក្នុងចំណោម កសិផលជាច្រើនមុខដែលកម្ពុជាបាននាំចេញ គឺមានស្វាយ និងចេកអំបូងលឿងជាដើម សុទ្ធតែមានការនាំចេញថយចុះ ប៉ុន្ដែមានតែការនាំចេញម្រេចប៉ុណ្ណោះ ដែលនៅរក្សាបានកំណើនខ្ពស់ជាងគេ មាន ជាង ៩០០តោន កើនឡើងជិត ៤០០ភាគរយ ឯណោះ បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
ទិន្នផលម្រេចកំពត រូបភាព៖ សមាគមន៍ម្រេចកំពតកម្ពុជា​

លោក វន សា​វឿ​ន អ្នក​ដាំ​ម្រេច នៅ​ខេត្ត​ត្បូងឃ្មុំ បាន​កត់សម្គាល់​ឃើញ​ថា នៅ​ដើមឆ្នាំ​២០២២ ទីផ្សារ​ម្រេច មាន​តម្លៃ ១​ម៉ឺន​៦​ពាន់​រៀល ក្នុង​១​គីឡូក្រាម ក៏​ប៉ុន្តែ ក្រោយមក​តម្លៃ​ម្រេច​ក៏​បាន​ធ្លាក់​ចុះ​តិចតួច​មក​នៅ​ត្រឹម ១​ម៉ឺន​៥​ពាន់​រៀល ចាប់ពី​មានការ​ផ្ទុះ​ឡើង​នៃ​រវាង​រុ​ស្សី និង​អ៊ុយ​ក្រែ​ន​។ ដ្បិតថា ភាគច្រើន​នៃ​ម្រេច​របស់​កសិករ​ខេត្ត​ត្បូងឃ្មុំ បាន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម តែ​កសិករ​រូប​នេះ បាន​គូសបញ្ជាក់​ថា កាលណា​ប្រទេស​វៀតណាម មាន​បញ្ហា​ក្នុង​ការ​នាំ​ចេញ​ម្រេច នោះ​វា​ក៏​អាច​ប៉ះពាល់​ដល់ទី​ផ្សារ​ម្រេច​កម្ពុជា ខ្លះ​ៗ​ដែរ​។ បើ​តាម​កសិករ​ខេត្ត​ត្បូងឃ្មុំ លោក វន សា​វឿ​ន បញ្ហា​សង្គ្រាម​អ៊ុយ​ក្រែ​ន ហាក់​មិនមែន​ជា​ឧបសគ្គ​ធំ​ឡើយ សម្រាប់​ការ​នាំ​ចេញ​ម្រេច ហើយ​លោក​ក៏​បាន​បង្ហាញ​នូវ​ក្ដី​សង្ឃឹម​ដែរ​ថា ឆ្នាំ​២០២២​នេះ ទីផ្សារ​ម្រេច​នឹង​កាន់តែ​ប្រសើរ ព្រោះ​តម្រូវការ​ទីផ្សារ​កាន់តែ​ទូលាយ​។

ជា​ធម្មតា​ចាប់ពី​ខែមីនា គឺជា​រដូវ​នៃ​ការ​ប្រមូល​ផល​ម្រេច ក៏​ប៉ុន្តែ ដោយសារ​ជួប​បញ្ហា​អាកាសធាតុ ការ​ប្រមូល​ផល​ម្រេច​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ហាក់​មាន​ភាព​យឺតយ៉ាវ​បន្តិច តែ​វា​មិន​បាន​ក្លាយជា​បញ្ហា​ធ្ងន់ធ្ងរ​ឡើយ​។ ប៉ុន្ដែ​អ្វី ដែល​កសិករ​ខេត្ត​ត្បូងឃ្មុំ លោក វន សា​រឿ​ន  មានការ​ព្រួយបារម្ភ​នោះ​គឺ​បញ្ហា​អាកាសធាតុ ពិសេស​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​សម្រាប់​ស្រោចស្រព និង​បញ្ហា​តម្លៃ​ប្រេង​ឡើងថ្លៃ ដែល​ធ្វើ​ឲ្យ​កសិករ​ត្រូវ​ចំណាយ​ថ្លៃដើម​ខ្ពស់​។ មួយវិញទៀត ការ​អូស​បន្លាយ​នៃ​វិបត្តិ​សង្គ្រាម​រវាង​រុ​ស្សី និង​អ៊ុយ​ក្រែ​ន ក៏​អាច​នឹង​ធ្វើ​ឲ្យ​ទីផ្សារ​ម្រេច គ្មាន​ស្ថិរភាព​ផង​ដែរ​។ 

ដោយឡែក លោក ងួ​ន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត បាន​គូសបញ្ជាក់​ថា រយៈពេល​២​ខែ​ដំបូង ឆ្នាំ​នេះ ទាំង​ទីផ្សារ​ម្រេច​កំពត និង​បរិមាណ​នៃ​ការ​នាំ​ចេញ មិន​មាន​ភាព​ខុស​គ្នា​នឹង​ឆ្នាំ​មុន​នោះ​ទេ សមាគម​នៅ​តែ​បាន ចុះ​កុងត្រា ជាមួយនឹង​ក្រុមហ៊ុននាំចេញ​។ បើ​តាម​ប្រធាន​សមាគម​រូប​នេះ រយៈពេល​២​ខែ​នេះ សមាគម​បាន​នាំ​ចេញ​ម្រេច​កំពត ក្នុង​បរិមាណ​៦​តោន ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ដោយ​ក្នុង​នោះ សម្រាប់​ម្រេចខ្មៅ មាន​តម្លៃ ១៥​ដុល្លារ ក្នុង​១​គីឡូក្រាម​។ រីឯ ម្រេច​ក្រហម មាន​តម្លៃ ២៥​ដុល្លារ ក្នុង​១​គីឡូក្រាម​។ ចំណែកឯ ម្រេចស​វិញ មាន​តម្លៃ ២៥​ដុល្លារ ទៅ​២៨​ដុល្លារ ក្នុង​១​គីឡូក្រាម​។ យ៉ាងណា​ក៏​ដោយ សម្រាប់​ស្ថានភាព​នៃ​ការ​ដាំ​ដុះ​ដំណាំ​ម្រេច នា​ខេត្តកំពត​វិញ លោក ងួ​ន ឡាយ បាន​គូសបញ្ជាក់​ថា មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​។

ជាមួយ​គ្នា​នេះ លោក ហែម ត្រូ កសិករ​ដាំ​ម្រេច​មួយ​រូប​ទៀត នៅ​ខេត្តកំពត ក៏​បាន​អះអាង​ដែរ​ថា ទីផ្សារ​ម្រេច នៅ​ដើមឆ្នាំ​២០២២​នេះ ក៏​មិន​ខុស​គ្នា​នោះ​ដែរ​ពី​ឆ្នាំ​មុន​។ ទីផ្សារ​មិន​ខុស​គ្នា​ក៏​ព្រោះតែ​កសិករ​ដាំ​ម្រេច​កំពត បាន​ចងក្រង​ជា​សហគមន៍ និង​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុននាំចេញ​ស្រាប់ ទើប​ធ្វ​ឲ្យ​កសិករ​មិន​បារម្ភ​ពី​ការ​ឡើង​ចុះ​នៃ​តម្លៃ​ម្រេច​។

សូម​បញ្ជាក់​ថា នៅ​ឆ្នាំ​២០២១ កន្លង​ទៅ កម្ពុជា បាន​នាំ​ចេញ​ម្រេច ក្នុង​បរិមាណ ២​ម៉ឺន​៨​ពាន់​តោន ទៅ​កាន់​ទីផ្សារ​សំខាន់​ៗ ដូច​ជា តំបន់​អឺរ៉ុប និង​តំបន់​អាស៊ាន ជាដើម​។ ដោយឡែក នា​រយៈពេល ២​ខែ​ដំបូង ក្នុង​ឆ្នាំ​២០២២​នេះ កម្ពុជា បាន​នាំ​ចេញ​ម្រេច ជាង​៩​រយ​តោន ក្នុង​ចំណោម​កសិផល សរុប​ជាង​១​លាន​៣​សែន​តោន​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សង្គ្រាមនៅអ៊ុយក្រែនជំរុញឲ្យអាជីវកម្មធ្យូងថ្មឥណ្ឌូនេស៊ីកំពុងកាក់កបកាន់តែខ្លាំង

ព័ត៌មាន
ភាគហ៊ុនរបស់ក្រុមហ៊ុនរុករករ៉ែធ្យូងថ្មនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសនាំចេញធ្យូងថ្មក្ដៅដ៏ធំបំផុតរបស់ពិភពលោក សម្រាប់ផលិតជាថាមពលអគ្គិសនី…

អាមេរិកព្រមានចិនចំៗថា ប្រយ័ត្ននាំទុក្ខដាក់ខ្លួន បើហ៊ានជួយរុស្ស៊ីគេចពីទណ្ឌកម្ម

ព័ត៌មាន
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក ជេក ស៊ូលីវ៉ាន(Jake Sullivan) បានព្រមានត្រង់ៗទៅកាន់ប្រទេសចិនថា អាចប្រឈមមុខនឹងផលវិបាកខ្លួនឯង បើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ