Facebook-MRC-ទន្លេមេគង្គ

ហ្វេសប៊ុក​សហការ​ជាមួយ​គណៈកម្មការ​ទន្លេ​មេគង្គ ដើម្បី​ផ្ដល់​ព័ត៌មាន​អំពី​ទឹក​ជំនន់​និង​គ្រោះ​រាំងស្ងួត​ក្នុង​តំបន់


បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS) នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ​២០២០នេះ បាន​ប្រកាស​ដាក់​ឲ្យដំណើរការនូវ​គំនិត​ផ្តួចផ្តើម​រួមគ្នា​មួយ ដើម្បី​ផ្តល់​ការជូន​ដំណឹង​ជាមុន​ស្តីពី​គ្រោះទឹកជំនន់ និងព័ត៌មានតាមដានពីគ្រោះរាំងស្ងួត ដល់សហគមន៍ និងប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គក្រោម។
ហ្វេសប៊ុក​សហការ​ជាមួយ​គណៈកម្មការ​ទន្លេ​មេគង្គ ដើម្បី​ផ្ដល់​ព័ត៌មាន​អំពី​ទឹក​ជំនន់​និង​គ្រោះ​រាំងស្ងួត​ក្នុង​តំបន់។

ជាកិច្ចសហប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមក គំនិតផ្តួចផ្តើមរួមគ្នានេះ មានគោលដៅលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជនជាទូទៅ នៅក្នុងប្រទេសជាសមាជិកទាំងបួនរបស់ MRC រួមមាន ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម អំពីប្រព័ន្ធព័ត៌មានទឹកជំនន់ និងគ្រោះរាំងស្ងួតរបស់ MRC និងបណ្តុះបណ្តាលសមត្ថភាពមន្ត្រីពាក់ព័ន្ធ អំពីការប្រើប្រាស់ប្រព័ន្ធឌីជីថលតាមអ៊ីនធឺរណេត។ កិច្ចសហប្រតិបត្តិការនេះ មានរយៈពេលមួយឆ្នាំ ពោលគឺពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១។

លោកស្រី សានទិ អាឡិចហ្សានដឺរ (Shanti Alexander) អ្នកគ្រប់គ្រងកិច្ចការសហគមន៍របស់ Facebook ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា៖ “នៅ Facebook យើងតែងតែស្វែងរកមធ្យោបាយថ្មីៗ ដើម្បីផ្តល់ការគាំទ្រដល់កិច្ចការអភិវឌ្ឍន៍នៅក្នុងតំបន់នេះ។ ជាមួយនឹងឧបករណ៍សម្បូរបែបជាច្រើន ដែលជួយដល់សហគមន៍ឲ្យចេះត្រៀមខ្លួន  ឆ្លើយតប និងស្តារឡើងវិញនូវសមត្ថភាព និងដើម្បីបង្កើតភាពធន់នឹងគ្រោះមហន្តរាយ យើងសប្បាយចិត្តដែលបានរួមគ្នាជាមួយ MRC ដើម្បីផ្តល់ព័ត៌មានពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតដែលអាចកើតមាន ជូនប្រជាពលរដ្ឋរាប់លាននាក់នៅក្នុងតំបន់នេះ ដើម្បីឲ្យពួកគេត្រៀមឲ្យបានកាន់តែប្រសើរសម្រាប់ប្រឈមនឹងវិបត្តិនេះ។”  

បើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីការបាត់បង់ផ្នែកសេដ្ឋកិច្ច ភាពក្រីក្រ និងគ្រោះមហន្តរាយ នៅក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ គេសង្កេតឃើញថា ការបាត់បង់ផ្នែកសេដ្ឋកិច្ចដោយផ្ទាល់ពីគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ បានកើនឡើងរហូតដល់ទៅ ២៥០%។ នៅក្នុងតំបន់មេគង្គក្រោម ចន្លោះពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១៧ ប្រទេសថៃបានរងការវាយប្រហារអាក្រក់បំផុត ដែលធ្វើឲ្យមានការខូចខាតជាទឹកប្រាក់ប្រមាណជា ៥២.៤ ពាន់លានដុល្លារអាមេរិក។ 

បើយោងតាម MRC ខណៈដែលទឹកជំនន់ប្រចាំរដូវ បាននាំមកនូវអត្ថប្រយោជន៍ផ្សេងៗគ្នាដល់តំបន់ ការខាតបង់ប្រចាំឆ្នាំជាមធ្យមកើតចេញពីទឹកជំនន់នៅក្នុងអាងទន្លេមេគង្គក្រោម មានតម្លៃប្រមាណពី ៦០ ទៅ ៧០ លានដុល្លារអាមេរិក នេះបើគិតជារួម។ ប្រទេសកម្ពុជា និងវៀតណាម បានបាត់បង់ប្រមាណ​ពីរភាគបី​នៃការខូតខាតដោយទឹកជំនន់ប្រចាំឆ្នាំសរុបនៅក្នុងតំបន់ទន្លេមេគង្គ នេះបើគិតដោយឡែក ។

ការសិក្សាជាច្រើនរបស់ MRC នាពេលថ្មីៗនេះ ក៏បានបង្ហាញផងដែរថា ព្រឹត្តិការណ៍ទឹកជំនន់ក្នុងតំបន់អាងទន្លេមេគង្គក្រោមបានកើនឡើង ជាញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ នៅក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ហើយនិន្នាការនេះ នឹងបន្តទៅមុខទៀត។ អាងទន្លេនេះ ក៏ងាយនឹងរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុបន្ថែមទៀតផងដែរ ដែលរួមបញ្ចូលទាំងកំណើនសីតុណ្ហភាពនៃមេដ្យានដែលបានព្យាករទុកប្រមាណ ០.៨ ដឺក្រេ នៅឆ្នាំ២០៣០។

“យើងឃើញពីសារៈសំខាន់ខ្លាំងបំផុតនៃការផ្តល់នូវព័ត៌មានដែលគួរឲ្យទុកចិត្ត និងទាន់ពេលវេលា ស្តីពីកម្ពស់ទឹក ដល់ប្រទេសនិងបណ្តាលសហគមន៍នានាតាមដងទន្លេមេគង្គ ដែលប្រឈមនឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ព្រមទាំងការប្រែប្រួលអាកាសធាតុ ដើម្បីឲ្យពួកគាត់អាចចាត់វិធានការទាន់ពេលវេលា ក្នុងការជៀសវៀង ឬកាត់បន្ថយហានិភ័យ និងរៀបចំឆ្លើយតបប្រកបដោយប្រសិទ្ធិភាព។” នេះបើតាមការលើកឡើងរបស់បណ្ឌិត អានុល័ក គិតិឃួន (Anoulak Kittikhoun) ប្រធានមន្ត្រីផ្នែកយុទ្ធសាស្ត្រ និងភាពជាដៃគូរបស់ MRCS។

MRC បានដំឡើង​ស្ថានីយ​ជលសាស្ត្រចំនួន ២២  តាមដងទន្លេមេនៃទន្លេមេគង្គ  ក្នុងអាងទន្លេមេគង្គក្រោម ដើម្បីតាមដាន និងប្រមូលទិន្នន័យពីកម្រិតនិងកម្ពស់ទឹក និងបរិមាណភ្លៀងធ្លាក់នៅក្នុងទន្លេ ដែលទិន្នន័យទាំងនេះ បានបញ្ចូលទៅក្នុងប្រព័ន្ធព្យាករណ៍ទឹកជំនន់ និងគ្រោះរាំងស្ងួតមេគង្គរបស់ MRC។ ប្រព័ន្ធនេះ ផ្តល់ទិន្នន័យពីកម្ពស់ទឹកប្រចាំថ្ងៃ ដល់សាធារណៈជន និងរដ្ឋាភិបាលមេគង្គ រួមទាំងការជូនដំណឹងជាមុនពីគ្រោះទឹកជំនន់ និងការព្យាករពីគ្រោះរាំងស្ងួត ដែលមានរយៈពេលពេញមួយឆ្នាំ។ 

តាមរយៈកិច្ចសហប្រតិបត្តិការនេះ គេនឹងពន្យល់ពីប្រព័ន្ធផ្តល់ព័ត៌មួយនេះ តាមរយៈវីដេអូជីវចលស្រ៊ីឌីមួយ ដែលនឹងត្រូវចែកចាយលើបណ្តាញសង្គម Facebook ដើម្បីឲ្យបានទៅដល់សហគមន៍ អ្នកប្រើប្រាស់ទូទៅ នៅក្នុងតំបន់នេះ។

Facebook ក៏នឹងធ្វើការបំប៉នដល់មន្ត្រីពាក់ព័ន្ធមកពីប្រទេសជាសមាជិកទាំងបួន ពីរបៀបប្រើប្រាស់ឧបករណ៍ឌីជីថលផ្សេងៗ ដើម្បីធ្វើការប្រាស្រ័យទាក់ទងឲ្យមានប្រសិទ្ធិភាព និងរហ័ស ក្នុងអំឡុង និងក្រោយពេលមានគ្រោះមហន្តរាយ។ ការបណ្តុះបណ្តាល នឹងរួមបញ្ចូលនូវផែនទីដង់ស៊ីតេប្រជាជនរបស់ Facebook ដែលជាកម្មវិធីមួយប្រើប្រាស់បច្ចេកទេសរូបភាពដ៏ទំនើប ដើម្បីដាក់សំណុំទិន្នន័យសាធារណៈ និងបែបពាណិជ្ជកម្ម តាមរយៈសមត្ថភាពអេអាយ (Artificial Intelligence)។ ផែនទីទាំងនេះ មានលក្ខណៈលម្អិត​រហូតដល់បីដងលើសពីប្រភពដែលមានស្រាប់ ៕




អត្ថបទបន្ទាប់


កសិដ្ឋានគោទឹកដោះធំមួយ រំពឹងនឹងផលិតទឹកដោះគោឲ្យបានដល់១ម៉ឺនលីត្រក្នុងមួយថ្ងៃ នៅដំណាច់ឆ្នាំនេះ

ព័ត៌មាន
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ដែលមានទីតាំងស្ថិតក្នុងខេត្តតាកែវនោះ រំពឹងថា នៅដំណាច់ឆ្នាំនេះ នឹងផលិតទឹកដោះគោស្រស់បានដល់ទៅ ១ម៉ឺនលី…

សហព័ន្ធស្រូវអង្ករកម្ពុជា៖ គោលដៅនាំចេញអង្ករជាង ៨០ម៉ឺនតោន នៅឆ្នាំនេះ ទំនងជាមិនអាចសម្រេចបានទេ

ព័ត៌មាន
នៅឆ្នាំ ២០២០នេះ តាមគោលដៅនាំចេញអង្កររបស់សហព័ន្ធស្រូវអង្ករ ក៏ដូចជាមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មធ្លាប់បានអះអាងថា នឹងអាចសម្រេចដល់ជាង៨០ម៉ឺនតោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ