ប៉ាគីស្ថាន

ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចផងនិងគ្រោះទឹកជំនន់ផង ប៉ាគីស្ថានត្រូវការ១៦ពាន់លានដុល្លារដើម្បីស្តារប្រទេសឡើងវិញ


ប្រទេសប៉ាគីស្ថានបានរងផលប៉ះពាល់យ៉ាងខ្លាំងពីគ្រោះទឹកជំនន់កាលពីខែកញ្ញាឆ្នាំ២០២២ ហើយបានបន្សល់ទុកនូវមនុស្សស្លាប់ ការបែកបាក់ផ្ទះសម្បែង ផ្លូវថ្នល់ អាគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដែលបង្ខំឲ្យរដ្ឋាភិបាលប្រទេសនេះប្រកាសរកជំនួយ និងមូលនិធិសម្បុរសធម៌ពីបរទេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters។
ប៉ាគីស្ថានត្រូវការ១៦ពាន់លានដុល្លារដើម្បីស្តារប្រទេសឡើងវិញ ក្រោយវិបត្តិសេដ្ឋកិច្ចនិងគ្រោះទឹកជំនន់ផង

ប្រទេសប៉ាគីស្ថាន និងអង្គការសហប្រជាជាតិបានធ្វើសន្និសីទធំមួយនៅទីក្រុងហ្សឺណែវប្រទេសស្វីសកាលពីថ្ងៃចន្ទទី៩ខែមករា ក្នុងគោលបំណងជំរុញការគាំទ្រក្នុងការកសាងប្រទេសឡើងវិញបន្ទាប់ពីត្រូវបានបំផ្លិចបំផ្លាញដោយទឹកជំនន់។ បញ្ហាការប្រែប្រួលអាកាសធាតុ បង្កឲ្យមានភ្លៀងធ្លាក់ ខ្យល់មូសុង និងផ្ទាំងទឹកកករលាយកាលពីខែកញ្ញាឆ្នាំ២០២២ នៅឯប្រទេសប៉ាគីស្ថាន បានធ្វើឱ្យមនុស្សប្រហែល ៨លាននាក់ត្រូវផ្លាស់ទីលំនៅ និងមនុស្សយ៉ាងហោចណាស់ ១,៧០០បានស្លាប់ ហើយមនុស្សរាប់លាននាក់ទៀតអាចនឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រ។ មកដល់ឥឡូវនេះ ទឹកជំនន់បានស្រកទៅវិញច្រើនហើយ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធ សំណង់អាគារ និងផ្លូវថ្នល់ផ្សេងៗមានការខូចខាតខ្លាំង ដែលត្រូវការទឹកប្រាក់ប្រហែលជាង ១៦ពាន់លានដុល្លារ ដើម្បីសាងសង់ឡើងវិញ។

គណៈប្រតិភូដឹកនាំដោយនាយករដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន លោក ហ្សេបាស់ ហ្សារ៉ីវ(Shehbaz Sharif) នឹងធ្វើបទបង្ហាញទាក់ទងទៅនឹងយន្ដការនៃការស្តារប្រទេសឡើងវិញនៅក្នុងសន្និសីទមួយដាច់ដោយឡែកនាទីក្រុង Islamabad ដែលនឹងមានការអញ្ជើញចូលរួមពីសំណាក់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រធានាធិបតីបារាំង លោកEmmanuel Macron។ អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិប្រចាំប្រទេសប៉ាគីស្ថាន បាននិយាយថា នេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ពិភពលោកក្នុងការឈរជាមួយ ប៉ាគីស្ថាន ដើម្បីរួមគ្នាស្ដារប្រទេសឡើងវិញប្រកបដោយភាពធន់។

លើសពីនេះ ប៉ាគីស្ថានក៏កំពុងត្រូវការការមូលនិធិបន្ថែមសម្រាប់ការទូទាត់ការនាំចូលដូចជា អាហារ និង ថាមពល និងដើម្បីតទល់នឹងបំណុលបរទេសផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ គេនៅមិនទាន់ច្បាស់នៅឡើយទេថាតើថវិកាសម្រាប់កសាងប្រទេសឡើងវិញនេះនឹងបានមកពីប្រភពណា ព្រោះការរៃអង្គាសថវិកាមានការលំបាក។

នៅក្នុងកិច្ចប្រជុំសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី២៧ នៅប្រទេសអេហ្ស៊ីបកាលពីខែវិច្ឆិកាកន្លងទៅ ប៉ាគីស្ថាន គឺជាប្រទេស នាំមុខគេនៃកិច្ចខិតខំប្រឹងប្រែងដែលនាំទៅដល់ការបង្កើតមូលនិធិមួយឈ្មោះថា មូលនិធិសម្រាប់ការបាត់បង់ និងការខូចខាត ដើម្បីផ្ដល់ជាជំនួយដល់ប្រទេសណាដែលទទួលរងការបំផ្លិចបំផ្លាញពីគ្រោះមហន្ដរាយធម្មជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងនៅឡើយទេថា តើប្រទេសប៉ាគីស្ថានដែលមានទំហំសេដ្ឋកិច្ចប្រមាណ៣៥០ពាន់លានដុល្លារនេះ នឹងមានសិទ្ធិក្នុងការទាញយកមូលនិធិពីប្រទេសផ្សេងនាពេលអនាគតបានឬអត់នោះ។ ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសប៉ាគីស្ថានមានឆន្ទៈក្នុងការចេញចំណាយលើការសាងសង់ពាក់កណ្តាល ហើយពាក់កណ្ដាលទៀតគឺសង្ឃឹមលើការគាំទ្រពីម្ចាស់ជំនួយ។

សូមជម្រាបថា គណៈប្រតិភូនៃមូលនិធិរូបិយវត្ថុអន្តរជាតិ IMF នឹងជួបជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសប៉ាគីស្ថាននៅក្រៅសន្និសីទនេះ ខណៈដែលប្រទេសប៉ាគីស្ថានកំពុងជួបការលំបាកក្នុងការចាប់ផ្តើមកម្មវិធីជំនួយរបស់ខ្លួនឡើងវិញឡើងវិញ៕




អត្ថបទបន្ទាប់


ថៃដាក់ចេញវិធានការត្រួតពិនិត្យកូវីដ១៩ឡើងវិញលើភ្ញៀវទេសចរ ដោយបារម្ភការឆ្លងកើនឡើងពីលំហូរទេសចរចិន

ព័ត៌មាន
ប្រទេសថៃដែលទើបតែទទួលជោគជ័យក្នុងការស្រូបភ្ញៀវទេសចរបរទេសជាង១០លាននាក់កាលពីឆ្នាំ២០២២នោះ ថ្មីៗនេះបានចាប់ផ្តើមការរឹតបន្តឹងការត្រួតពិនិត្យឯកស…

ការចុះឈ្មោះចូលរួមកម្មវិធីវគ្គបណ្តុះបណ្តាល និងការប្រឡងសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច លើកទី២ ឆ្នាំ២០២៣

ព័ត៌មាន
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានជូនដំណឹងដល់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ចសម្រាប់ក្រុមហ៊ុនបរធនបាល ក្រុមហ៊ុនបរធនបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ