វិស័យកសិកម្ម

កសិករនៅតែប្រឈមការលំបាកច្រើនក្នុងការដាំដុះស្វាយឲ្យត្រូវតាមស្ដង់ដារនាំចេញ ហេតុអ្វី?


ក្រុមប្រជាកសិករអះអាងថា ពួកគាត់នៅតែប្រឈមនឹងការលំបាក និងមិនទាន់បានយល់ដឹងច្បាស់នៅឡើយអំពីស្ដង់ដារនៃការដាំដុះស្វាយដើម្បីនាំចេញត្រង់ទៅកាន់ទីផ្សារក្រៅប្រទេស ដូច្នេះហើយពួកគាត់នៅតែបន្ដពឹងផ្អែកលើឈ្មួញកណ្ដាល។ មន្ត្រីជាន់ខ្ពស់ ក្រសួងកសិកម្មអះអាងដែរថា បញ្ហាប្រឈមច្រើនរបស់កសិករដាំស្វាយបច្ចុប្បន្ន គឺដោយសារតែពួកគាត់នៅមិនទាន់បានចងក្រងជាសហគមន៍ និងមិនមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងក្រុមហ៊ុននាំចេញស្វាយ ដូច្នេះហើយទើបពួកគាត់មិនអាចដាំដុះស្វាយបានត្រឹមត្រូវទៅតាមស្ដង់ដារនាំចេញ។
សកម្មភាពកសិករប្រមូលផលផ្លែស្វាយ

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានស្នើឲ្យប្រជាកសិករចងក្រងជាសហគមន៍ ជាបណ្ដុំ និងសហការជាមួយក្រុមហ៊ុននាំចេញឲ្យបានល្អ ទើបអាចធ្វើការដាំដុះស្វាយអាចនាំចេញបាន ខណៈបច្ចុប្បន្ន កម្ពុជាមានទីផ្សារនាំចេញស្វាយស្រស់ដោយត្រង់ទៅកាន់ប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន ជាមួយនឹងតម្លៃទីផ្សារខ្ពស់ផងដែរ។

ឯកឧត្តម ងិន ឆាយ អគ្គនាយកនៃ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មបានគូសបញ្ជាក់ថា បច្ចុប្បន្ន ប្រជាកសិករប្រកបរបរដាំដុះស្វាយមួយចំនួនហាក់មិនទាន់មានការចងក្រងជាបណ្ដុំនៅឡើយ ពិសេសមិនទាន់មានទំនាក់ទំនងល្អជាមួយក្រុមហ៊ុននាំចេញ ដែលធ្វើឱ្យកសិករតែងជួបបញ្ហាទីផ្សារនាពេលកន្លងមក។ បើតាមឯកឧត្តម ងិន ឆាយ ការផ្សាភ្ជាប់ទំនាក់ទំនងរវាងអ្នកដាំស្វាយ និងក្រុមហ៊ុននាំចេញ នឹងបង្កើនឱកាសដល់កសិករទទួលបាននូវការបណ្ដុះបណ្ដាលបច្ចេកទេសសម្រាប់ផលិតកម្មស្វាយនាំចេញ និងធានាបាននូវស្ថិរភាពទីផ្សារ ផងដែរ។

ជុំវិញបញ្ហានេះ ក្រុមកសិករប្រកបរបរដាំស្វាយមួយចំនួន បានគូសបញ្ជាក់ថា បញ្ហាទីផ្សារនៅតែជាឧបសគ្គសម្រាប់ពួកគាត់ ពិសេសអំឡុងវិបត្តិកូវីដ១៩ តែម្ដង ហើយរហូតមកដល់ពេលនេះ បញ្ហាទីផ្សារនៅតែបន្តកើតមានសម្រាប់អ្នកដាំស្វាយ។ ក្រុមកសិករដាំស្វាយកែវរមៀត នៅខេត្តកំពង់ធំ បានគូសបញ្ជាក់ថា ដ្បិតបច្ចុបន្ន ក្រុមកសិករបានចងក្រងជាបណ្ដុំសហគមន៍ និងកែសម្រួលបច្ចេកទេសដាំដុះ ក៏ពិតមែន តែមិនទាន់អាចដោះស្រាយបញ្ហាទីផ្សារបាននៅឡើយ ព្រោះក្រុមកសិករនៅតែពឹងផ្អែកលើឈ្មួញកណ្ដាល ពិសេសមិនមានទំនាក់ទំនងជាមួយក្រុមហ៊ុននាំចេញស្វាយទៅទីផ្សារអន្តរជាតិ នោះទេដែលធ្វើឱ្យក្រុមកសិករ មិនទាន់យល់ច្បាស់ពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញ។

ជាមួយគ្នានេះ ឯកឧត្តម ងិន ឆាយ អគ្គនាយកនៃនាយកដ្ឋានកសិកម្ម ក៏បានបន្តជំរុញឱ្យកសិករដាំស្វាយចងក្រងជាបណ្ដុំ ហើយការដាំដុះស្វាយ គឺត្រូវតែគោរពតាមលក្ខខណ្ឌតម្រូវមួយចំនួនទើបអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ បើតាមឯកឧត្តម ងិន ឆាយ ផ្វែស្វាយដែលអាចនាំចេញទៅទីផ្សារអន្តរជាតិបាន មិនត្រូវមានសំណល់ថ្នាំកសិកម្ម និងសមាសភាពចង្រៃ ដែលនៅក្នុងផ្លែស្វាយនោះ ពិសេសចាប់ពីការដាំដុះរហូតដល់ការធ្វើប្រព្រឹត្តកម្មស្វាយ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅឆ្នាំ២០២១ កម្ពុជា បាននាំចេញផ្លែស្វាយស្រស់ ជាង២៤ម៉ឺនតោន ទៅកាន់ទីផ្សារសំខាន់ៗ ដូចជា វៀតណាម,ថៃ,ចិន,កូរ៉េខាងត្បូង ជាដើម។ ខណៈបច្ចុប្បន្ន កម្ពុជា មានផ្ទៃដីដាំដុះស្វាយសរុបជាង ១០ម៉ឺនហិកតា និងទទួលបានទិន្នផលប្រមាណជិត២លានតោន ក្នុងមួយឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ងិន ឆាយ អគ្គនាយកនៃនាយកដ្ឋានកសិកម្ម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា-សហរដ្ឋអាមេរិកប្តេជ្ញាធ្វើឲ្យទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកកាន់តែល្អប្រសើរ

ព័ត៌មាន
នៅក្នុងលិខិតពីរដាច់ដោយឡែកពីគ្នាពាក់ព័ន្ធការអញ្ជើញ និងឆ្លើយតបក្នុងការចូលរួមកិច្ចប្រជុំអាស៊ាន-សហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន ប្រធានអាស…

ប្រធានWHOជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិនស្វែងរកកិច្ចសហការបន្ថែមទាក់ទងប្រភពដើមកូវីដ១៩

ព័ត៌មាន
ប្រធានអង្គការសុខភាពពិភពលោកបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឃឺឈាំង (Li Keqiang) អំពីតម្រូវការរួមគ្នា សម្រាប់កិច្ចសហប្រតិបត្តិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ