ប្រធានាធិបតីថ្មីហ្វីលីពីន

កូនប្រុសអតីតមេដឹកនាំផ្តាច់ការត្រកូល Marcos ឈ្នះឆ្នោតជាប្រធានាធិបតីថ្មីរបស់ហ្វីលីពីន


ប្រទេសហ្វីលីពីនបានបិទបញ្ចប់ហើយនូវការបោះឆ្នោតសកល កាលពីល្ងាចថ្ងៃចន្ទទី០៩ឧសភា ដើម្បីជ្រើសរើសសមាជិកសភា ព្រឹទ្ធិសភា អភិបាលខេត្ត ព្រមទាំងតំណាងមូលដ្ឋាន និងជាពិសេសគឺដើម្បីជ្រើសរើសប្រធានាធិបតីថ្មី មកស្នងដំណែងប្រធានាធិបតីឌុយទែរតេ។ ជាលទ្ធផលក្រោយការរាប់សន្លឹកឆ្នោតនៅក្នុងថ្ងៃដដែល និងដែលត្រូវបានចុះផ្សាយព្រោងព្រៀតលើសារព័ត៌មានធំៗជាច្រើននៅថ្ងៃនេះ លោកហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានជាប់ឆ្នោតក្នុងសម្លេងដ៏ច្រើនលើសលុប ក្លាយជាប្រធានាធិបតីថ្មីរបស់ហ្វីលីពីន។
កូនប្រុសអតីតមេដឹកនាំផ្តាច់ការហ្វីលីពីនឈ្នះឆ្នោត!

តើ​លោក ហ្វឺ​ឌី​ណា​ន់ ម៉ា​កូ​ស ជូ​នៀ​ជា​នរណា?

លោក ហ្វឺ​ឌី​ណា​ន់ ម៉ា​កូ​ស ជូ​នៀ គឺជា​កូនប្រុស​តែ​ម្នាក់​គត់​របស់​អតីត​មេដឹកនាំ​ផ្ដាច់​ការ​ហ្វី​លី​ពី​ន លោក លោក ហ្វឺ​ឌី​ណា​ន់ ម៉ា​កូ​ស​(Ferdinand Marcos) ដែល​បាន​ដឹកនាំ​ប្រទេស​ហ្វី​លី​ពី​ន ដោយ​ប្រើ​កណ្ដាប់ដៃ​ដែក ពី​ឆ្នាំ​១៩៦៥ ដល់​ឆ្នាំ​១៩៨៦​។ ក្រោម​ការ​ដឹកនាំ​របស់​លោក ហ្វឺ​ឌី​ណា​ន់ ម៉ា​កូ​ស​(Ferdinand Marcos) ធ្វើ​ឲ្យ​មនុស្ស ៧​ម៉ឺន​នាក់ ត្រូវ​គេ​សម្លាប់ ត្រូវ​រង​ទារុណកម្ម និង​ត្រូវ​គេ​រំលោភ​ផ្លូវភេទ​។ នេះ​បើ​តាម​អង្គការ Amnesty International​។ លោក​ត្រូវ​ជាប់​ឈ្មោះ​ថា ជា​មេដឹកនាំ​ផ្តាច់​ការ និង​បាន​លួច​លុយ​ជាតិ ១០​ពាន់​លាន​ដុល្លារ​ផង​ដែរ​។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​ទី​០៩​ឧសភា លទ្ធផល​ឆ្នោត​ប្រមាណ​៩៥% នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​ដែល​គេ​បាន​រាប់​រួច បង្ហាញ​ថា លោក​ម៉ា​កូ​ស ជូ​នៀ ដែល​នៅ​ហ្វី​លី​ពី​ន​គេ​និយម​ហៅ​លោក​ថា ប៊ុ​ង​ប៊ុ​ង (BongBong) មាន​សម្លេង​គាំទ្រ​លើស​គូប្រជែង គឺ​លោកស្រី​ឡេ​នី រូ​ប្រ៊ី​តូ​(Leni Robredo) ជិត ៣០%​ឯណោះ​។ ពោល​លោក​ម៉ា​កូ​ស ជូ​នៀ ទទួល​បាន​សម្លេង​ឆ្នោត​ជាង ៣០​លាន​សម្លេង​ស្មើនឹង​ជាង​៥៨% ខណៈ​លោកស្រី​ឡេ​នី ទទួល​បាន​ជាង​១៤​លាន​សម្លេង ស្មើនឹង ២៨%​។

ជាមួយនឹង​ជ័យ​ជំនះ ដ៏​ភ្លូកទឹកភ្លូកដី លោក​ម៉ា​កូ​ស ជូ​នៀ បាន​ក្លាយជា​បេក្ខភាព​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ហ្វី​លី​ពី​ន ដែល​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ក្នុង​សម្លេង​ភាគច្រើន​បែប​នេះ​។ នេះ​ជា​ការ​ត្រលប់​មក​វិញ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​របស់​គ្រួសារ​ត្រកូល​ម៉ា​កូ​ស បន្ទាប់​ពី​ឪពុក​ដែល​ជា​មេដឹកនាំ​ផ្តាច់​ការ​កាន់​អំណាច​អស់​ពេល​២០​ឆ្នាំ ត្រូវ​បាន​ពលរដ្ឋ​ធ្វើ​បដិវត្ត​ទម្លាក់​កាលពី​៣៦​ឆ្នាំ​មុន ពោល​គឺ​នៅ​ឆ្នាំ​១៩៨៦​។

យ៉ាងណាមិញ ជ័យ​ជំនះ​នេះ មិន​ត្រូវ​បាន​សាទរ​ពី​ក្រុម ដែល​ប្រឆាំង​នឹង​លោក​ម៉ា​កូ​ស​នោះ​ឡើយ​។ មាន​មនុស្ស​ប្រហែល ៤០០​នាក់ ដែល​ភាគច្រើន​ជា​និស្សិត បាន​ប្រមូលផ្តុំ​ធ្វើ​បាតុកម្ម​នៅ​ខាងក្រៅ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត ប្រឆាំង​នឹង​លោក Marcos ជូ​នៀ និង​បាន​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ចន្ទ​។

ក្រុម​អង្គការសិទ្ធិមនុស្ស​នៅ​ហ្វី​លី​ពី​ន បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ហ្វី​លី​ពី​ន​ច្រានចោល​លទ្ធផល​ឆ្នោត ដោយ​ចោទប្រកាន់​ថា ត្រូវ​បាន​បន្លំ និង​ភូត​កុហក ជាមួយនឹង​ព័ត៌មាន​មិន​ពិត ដើម្បី​ព្យាយាម​លុបលាង ប្រវត្តិ​មិនល្អ​របស់​ត្រកូល​ម៉ា​កូ​ស​។

គួរ​រំឭក​ថា លោក​ម៉ា​កូ​ស ជូ​នៀ អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត បាន​ផ្តល់​តម្រុយ​តិចតួច​ណាស់​ពី​គោលនយោបាយ​ដឹកនាំ​របស់​គាត់ ក្រៅ​តែ​ពី​បញ្ជូន​សារ​ឲ្យ​ហ្វី​លី​ពី​ន​បង្រួបបង្រួម​គ្នា​។ អ្នក​តាមដាន រំពឹង​ថា លោក​អាច​មាន​គោលនយោបាយ​ស្រ​ដៀង​នឹង​ប្រធានាធិបតី ឌុ​យ​ទែ​រ​តេ ដែល​កំណត់​គោលដៅ លើ​ការងារ​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ បង្កើន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ចិន និង​កំណើនសេដ្ឋកិច្ច​ឲ្យ​រឹង​មាំ​។

ចំណែក ក្រុម​អ្នកប្រឆាំង និង​ក្រុម​អង្គការសិទ្ធិមនុស្ស បារម្ភ​ខ្លាចក្រែង​ថា លោក ម៉ា​កូ​ស​ជូ​នៀ អាច​នឹង​កែប្រែ​រដ្ឋធម្មនុញ លុប​បំបាត់​មាត្រា​ចែង​ពី​ការ​កំណត់​អាណត្តិ​ប្រធានាធិបតី ឲ្យ​កាន់​អំណាច​ត្រឹមតែ​មួយ​អាណត្តិ ៦​ឆ្នាំ​នោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំណើនការនាំចេញរបស់ចិនធ្លាក់ចុះកម្រិតទាប ចំពេលមានការអនុវត្តវិធានការកូវីដ១៩តឹងរ៉ឹង

ព័ត៌មាន
កំណើនការនាំចេញរបស់ប្រទេសចិនបានធ្លាក់ចុះមកនៅកម្រិតទាបបំផុតនៅក្នុងខែមេសាកន្លងទៅនេះ បើធៀបក្នុងរយៈពេលជិត ២ ឆ្នាំចុងក្រោយនេះ ខណៈការនាំចូល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ