ការប្រយុទ្ធប្រឆាំងនឹងពាក្យសម្ដី

ការប្រយុទ្ធប្រឆាំងនឹងពាក្យសម្ដីស្អប់ខ្ពើមនៅក្រុមហ៊ុន Facebook


ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១៖ ត្រឹមតែរយៈពេល ១ឆ្នាំ (ត្រីមាសទី១ ឆ្នាំ២០២០ ដល់ត្រីមាសទី១ ឆ្នាំ២០២១) ក្រុមហ៊ុន Facebook បានបង្កើនសមត្ថភាពរបស់ខ្លួនដើម្បីកំណត់និងចាត់វិធានការប្រឆាំងនឹងពាក្យសម្ដីស្អប់ខ្ពើម (hate speech) រហូតដល់ ១៦៥%។ ដោយសារបច្ចេកវិទ្យាទំនើប បណ្តាញទំនាក់ទំនងសង្គមមួយនេះបច្ចុប្បន្នមានលទ្ធភាពចាប់បានរហូតដល់ ៩៦,៨% នៃពាក្យសម្ដីស្អប់ខ្ពើម ដោយមិនពឹងផ្អែកលើអ្នកណាម្នាក់រាយការណ៍ជូន។
ក្រុមហ៊ុន Facebook បានកំណត់និយមន័យពាក្យសម្តីស្អប់ខ្ពើមថាជាការវាយប្រហារផ្ទាល់

អ្នក​នាង Melissa Chin អ្នកគ្រប់គ្រង​ផ្នែក​គោលនយោបាយ​មាតិកា​ទទួល​បន្ទុក​ផ្នែក​ពាក្យ​សម្ដី​ស្អប់​ខ្ពើម​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ បាន​ថ្លែង​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​ក្រុម​អ្នក​កាសែត​កម្ពុជា​ថា៖ “សុវត្ថិភាព​និង​សន្តិសុខ​គឺជា​អាទិភាព​ដ៏​សំខាន់​មួយ​សម្រាប់​យើង​នៅ​​ក្រុមហ៊ុន Facebook ហើយ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពាក្យ​សម្ដី​ស្អប់​ខ្ពើម​គឺ​ជាផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការងារ​របស់​យើង​។ យើង​ជឿ​ថា មនុស្ស​បញ្ចេញ​មតិ​របស់ខ្លួន និង​ភ្ជាប់​ទំនាក់​ទំនង​កាន់​តែ​សេរី​នៅ​ពេល​​​​ពួក​គេ​មិន​មានអារម្មណ៍​​ទទួលរង​ការ​វាយ​ប្រហារ​ដោយ​សារតែ​ថា​តើ​ពួកគេ​គឺជា​អ្នកណា។  ហេតុ​ដូច​នេះ​ហើយ​​​បានជា​យើង​មិន​អនុញ្ញាត​ឱ្យ​មាន​ពាក្យសម្ដី​ស្អប់ខ្ពើម​នៅលើ​បណ្តាញ​ទំនាក់ទំនង​ Facebook។ វា​បង្កើត​ឱ្យ​មាន​បរិស្ថាន​បំផិត​បំភ័យ និង​ការ​ផាត់​ចេញ (exclusion) ហើយ​ក្នុង​ករណី​ខ្លះ វាអាច​ជំរុញ​ឱ្យ​មានអំពើ​ហិង្សា​ខាងក្រៅ​​ផងដែរ”។

ក្រុមហ៊ុន Facebook បាន​កំណត់​និយម​ន័យពាក្យ​សម្តី​ស្អប់​ខ្ពើម​ថាជា​ការ​វាយ​ប្រហារ​ផ្ទាល់​​ ដូចជា​សំដី​​​បែប​​ហិង្សារ ឬ​បន្ថោក​​​ភាព​​ជា​​មនុស្ស សេចក្តី​​ថ្លែងអំពីភាព​អន់ ការ​ជេរ​ប្រមាថ ឬ​ការ​អំពាវ​នាវ​ឱ្យ​មានការ​ផាត់​ចេញ (exclusion) ឬការ​បំបែកក្រុម​មនុស្ស​ដោយ​ផ្អែក​លើ​​លក្ខណៈដែលត្រូវបានការពារ​។ ​លក្ខណៈ​ដែលត្រូវបានការពារទាំង​នេះ​រួម​​មាន​ពូជសាសន៍ ជាតិ​ពន្ធុ ដើម​កំណើន​ជាតិ​សាសន៍​ ពិការភាព សាសនា និន្នាការ​ផ្លូវភេទ ភេទ អត្តសញ្ញាណ​យេនឌ័រ ឬ​ជំងឺ​ធ្ងន់ធ្ងរ។

ក្រុមហ៊ុន Facebook ប៉ាន់ប្រមាណថា ក្នុង​ចំណោម​ការពិនិត្យ​​មើល​មាតិកា ១០.០០០​ដង​នៅលើ​ Facebook មានត្រឹមតែ​ ៥ ទៅ ៦ដង​​ប៉ុណ្ណោះដែល​មាន​រួម​បញ្ចូល​ពាក្យ​សម្ដី​ស្អប់ខ្ពើម។

អ្នក​នាង Chin បាន​បន្ថែម​ថា៖ “នៅពេល​យើង​បាន​ចាប់​ផ្តើម​ការ​រាយការណ៍​ដំបូង​អំពី​ម៉ាទ្រិ​ច​របស់​យើង​សម្រាប់​ពាក្យ​សម្ដី​​ស្អប់ខ្ពើម​នៅ​ចុង​ឆ្នាំ​២០១៧ យើង​បានចាត់​វិធានការ​ប្រឆាំង​នឹង​​ពាក្យ​សម្ដី​ស្អប់​ខ្ពើម​ចំនួន ២៣,៦% មុន​ពេល​​អ្នក​ប្រើប្រាស់​​​រាយការណ៍​អំពី​មាតិកា​ទាំងនោះ​មក​កាន់​យើង។ ចាប់តាំង​ពីពេលនោះមក អត្រា​រកឃើញ​របស់​យើង​​​បាន​កើនឡើង​ដល់ ៩៦,៨​% ដែល​មានន័យថា ត្រឹមតែ​ក្នុង​រយៈពេល ៣​​ឆ្នាំ យើង​បានបង្កើន​ចំនួន​មាតិកា​ពាក់​ព័ន្ធ​នឹង​ពាក្យ​សម្ដី​ស្អប់​ខ្ពើម​​ដែល​យើង​អាច​កំណត់​បាន​​ដោយ​ប្រើប្រាស់​បច្ចេក​វិទ្យា​បាន​ជាង ៣២០%”។

ដើម្បី​បង្កើត​បរិស្ថាន​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​មនុស្ស​មកពីជុំវិញ​ពិភព​លោកឱ្យ​ភ្ជាប់​ទំនាក់​ទំនង​គ្នា​​ ស្តង់ដារ​​សហគមន៍ (Community Standards) របស់​ក្រុមហ៊ុន Facebook មាន​ចែង​នូវ​អ្វី​ដែល​ត្រូវ​បានអនុញ្ញាត និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook។ ស្តង់ដារ​​សហគមន៍របស់​ក្រុមហ៊ុន Facebook គ្រប​ដណ្តប់​​ប្រភេទ​មាតិកា​ដ៏ទូលំទូលាយ ដូច​ជា​ពាក្យ​សម្ដី​ស្អប់​ខ្ពើម ព្រមទាំង​ភេវរកម្ម សុវត្ថិភាពកុមារ និង​ផ្សេងៗ​ទៀត​​។ គិត​ចាប់តាំង​ពី​ឆ្នាំ​មុនមក ស្តង់ដារ​សហគមន៍​របស់​ក្រុមហ៊ុន Facebook អាច​​រក​បាន​​​ជា​ភាសាខ្មែរ។

ក្រុមហ៊ុន Facebook ប្រើប្រាស់​ដំណើរការ​មួយ​ដែលរួម​ផ្សំ​គ្នា​រវាង​ការរាយការណ៍​ពី​សហគមន៍​អ្នកប្រើប្រាស់ ការ​ពិនិត្យ​មើល​ពី​ក្រុម​ការងារ​របស់ក្រុមហ៊ុន និង​បច្ចេកវិទ្យា ដើម្បី​កំណត់​​និង​ពិនិត្យ​មើល​មាតិកា​ប្រឆាំង​នឹង​ស្តង់ដារ​សហគមន៍​របស់ខ្លួន។ មាន​បុគ្គលិក​​​​​ជាង ៣៥.០០០​នាក់​នៅ​ក្រុមហ៊ុន​ ​Facebook ដែល​កំពុង​ធ្វើការងារ​លើ​សុវត្ថិភាពនិង​សន្តិសុខ រួម​ទាំង​មាន​អ្នក​សម្របស​ម្រួល​មាតិកា​ជាង ១៥.០០០​នាក់​ផ្សេង​ទៀតផង។

អ្នក​នាង Chin បាន​បន្តថា៖ “គោល​នយោបាយ​របស់​យើង​កំពុង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ជា​និច្ច ដើម្បី​ឆ្លុះ​បញ្ចាំង​ពីការ​ផ្លាស់​ប្តូរ​នានា​ក្នុង​របៀប​ដែល​ភាសា​ត្រូវបាន​ប្រើប្រាស់​អនឡាញ។ យើង​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ដើម្បី​កំណត់​អាទិភាព​ទៅ​លើ​មាតិកា​ដែល​​ចាំបាច់​ត្រូវ​ពិនិត្យ​មើល បន្ទាប់ពី​ពិចារណា​ទៅ​លើ​សក្ដានុពល​របស់​មាតិកា​ដែល​រី​ក​សាយភាយ​យ៉ាង​ឆាប់​រហ័ស កម្រិត​គ្រោះថ្នាក់​ដែល​វាអាច​បង្ក​ឡើង និង​​កម្រិត​ដែល​មាតិកា​មួយ​ចំនួន​អាច​រំលោភ​គោល​នយោបាយ​របស់​យើង”។

ព័ត៌មានបន្ថែម​អំពី​វីធីសាស្រ្ត​របស់​ក្រុមហ៊ុន Facebook ចំពោះការ​​ដោះស្រាយ​បញ្ហា​ពាក់​ព័ន្ធ​នឹង​ពាក្យ​សម្ដី​ស្អប់ខ្ពើម អាច​រកបាននៅក្នុង​របាយការណ៍​អនុវត្ត​ស្តង់ដារ​សហគមន៍

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរជាតិអប្បរាសម្រេចបិទការចូលទស្សនារមណីយដ្ឋានអង្គរ និងផ្អាកការលក់សំបុត្រ

ព័ត៌មាន
អាជ្ញាធរជាតិអប្បរាបានសម្រេចបិទការចូលមកទស្សនា និងផ្អាកការលក់សំបុត្រចូលទស្សនៅក្នុងតំបន់រមណីយដ្ឋានអង្គររយៈពេល១៤ថ្ងៃ ជាបណ្ដោះអាសន្ន ពោលគឺចាប់…

ហេតុផលនៅពីក្រោយការរាំងស្ទះនៃការផ្ទត់ផ្គង់គ្រាប់កាហ្វេពិភពលោក ខណៈវៀតណាមក៏ជួយមិន

ព័ត៌មាន
តម្រូវការគ្រាប់កាហ្វេក្នុងទីផ្សារពិភពលោកមានការកើនឡើងខ្លាំង ដោយសារតែមិនអាចបំពេញតម្រូវការបានទាន់ពេលវេលា។ នេះដោយសារតែផលិតកម្មគ្រាប់កាហ្វេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ